១១
ស្តេចដាវីឌគ្រងរាជ្យលើស្រុកអ៊ីស្រាអែលទាំងមូល
១ គ្រានោះ សាសន៍អ៊ីស្រាអែលទាំងអស់គ្នា ក៏ប្រមូលគ្នាមកឯដាវីឌ នៅក្រុងហេប្រុន ទូលថា មើលយើងខ្ញុំរាល់គ្នាជាសាច់ឈាមជាមួយនឹងលោក ២ កាលពីដើមដែលសូលធ្វើជាស្តេចនៅឡើយ នោះគឺលោកហើយ ដែលនាំពួកអ៊ីស្រាអែលចេញចូល ហើយព្រះយេហូវ៉ា ជាព្រះនៃលោក ទ្រង់បានមានព្រះបន្ទូលដល់លោកថា គឺឯងហើយ ដែលត្រូវឃ្វាលសាសន៍អ៊ីស្រាអែល ព្រមទាំងធ្វើជាអ្នកនាំមុខនៃរាស្ត្រអញផង ៣ គឺយ៉ាងនោះ ដែលពួកចាស់ទុំនៃសាសន៍អ៊ីស្រាអែល បានមកឯស្តេច នៅក្រុងហេប្រុន ហើយដាវីឌក៏តាំងសញ្ញានឹងគេ នៅចំពោះព្រះយេហូវ៉ា ត្រង់ក្រុងហេប្រុន រួចគេចាក់ប្រេងតាំងដាវីឌឡើង ឲ្យធ្វើជាស្តេចលើពួកអ៊ីស្រាអែល តាមព្រះបន្ទូលនៃព្រះយេហូវ៉ា ដោយសារសាំយូអែល។
ស្តេចដាវីឌលើករាជធានីមកនៅក្រុងយេរូសាឡិម
៤ លំដាប់នោះ ដាវីឌ និងពួកអ៊ីស្រាអែលទាំងអស់ក៏ទៅឯក្រុងយេរូសាឡិម (គឺជាក្រុងយេប៊ូស) ឯពួកសាសន៍យេប៊ូស ជាពួកអ្នករបស់ស្រុកនោះ ក៏នៅទីក្រុងនោះនៅឡើយ ៥ ហើយពួកអ្នកក្រុងយេប៊ូស គេស្តីដល់ដាវីឌថា ឯងនឹងចូលមកក្នុងទីនេះមិនបានឡើយ ប៉ុន្តែ ដាវីឌវាយចាប់យកទីមាំមួនស៊ីយ៉ូនបាន នោះគឺជាក្រុងរបស់ដាវីឌ ៦ រួចទ្រង់មានព្រះបន្ទូលថា អ្នកណាដែលវាយពួកយេប៊ូសមុនគេ អ្នកនោះនឹងបានធ្វើជាអ្នកមុខ ហើយជាមេទ័ពធំ ដូច្នេះ យ៉ូអាប់ ជាកូនសេរូយ៉ា ក៏ឡើងទៅជាមុនគេ ហើយបានតាំងឡើងឲ្យធ្វើជាមេទ័ព ៧ ឯដាវីឌទ្រង់គង់នៅក្នុងទីមាំមួន ហេតុនោះបានជាគេហៅទីនោះថា ក្រុងដាវីឌ ៨ ទ្រង់ក៏សង់ទីក្រុងនោះឡើងនៅជុំវិញ ចាប់តាំងពីប៉មមីឡូរព័ទ្ធជុំវិញ ហើយយ៉ូអាប់លោកក៏ជួសជុលទីក្រុងត្រង់កន្លែងឯទៀត ៩ ចំណែកដាវីឌ បានកាន់តែថ្កុំថ្កើងឡើង ហើយព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់ក៏គង់ជាមួយ។
ពួកអ្នកដ៏ខ្លាំងពូកែរបស់ស្តេចដាវីឌ
១០ រីឯពួកប្រធាន ក្នុងពួកខ្លាំងពូកែរបស់ដាវីឌ ដែលកាន់ខ្ជាប់ខាងទ្រង់ ជាមួយនឹងពួកអ៊ីស្រាអែលទាំងអស់ដើម្បីនឹងតាំងនគរឡើង តាមព្រះបន្ទូលនៃព្រះយេហូវ៉ា ពីដំណើរសាសន៍អ៊ីស្រាអែល ១១ ឯពួកអ្នកខ្លាំងពូកែរបស់ដាវីឌ នោះបានរាប់ដូចជាមានឈ្មោះខាងក្រោមនេះស្រាប់ គឺយ៉ាសុបៀម ជាកូនរបស់ពួកហាក់ម៉ូនីម្នាក់ លោកជាមេលើពួក៣០នាក់ ហើយបានពួយលំពែង សំឡាប់មនុស្ស៣០០នាក់តែ១គ្រា ១២ បន្ទាប់នោះ មានកូនដូដូរឈ្មោះអេលាសារ ជាពួកអ័ហូអា ដែលជាម្នាក់ក្នុងពួកមនុស្សខ្លាំងពូកែទាំង៣នាក់ ១៣ លោកបាននៅជាមួយនឹងដាវីឌនៅត្រង់ផាស់-ដាំមីម ក្នុងកាលដែលពួកភីលីស្ទីនបានមូលគ្នាមកច្បាំង នៅកន្លែងដែលមានស្រែស្រូវឱក ហើយពួកទ័ពបានរត់ ពីមុខពួកភីលីស្ទីនទៅ ១៤ តែពួកនោះ គេឈរនៅកណ្តាលស្រែនោះ ហើយបានការពារ ព្រមទាំងសំឡាប់ពួកភីលីស្ទីនបង់ ព្រះយេហូវ៉ាទ្រង់បានជួយសង្គ្រោះគេ ដោយជ័យជំនះយ៉ាងធំ ១៥ ក៏មាន៣នាក់ក្នុងពួកប្រធានទាំង៣០នាក់នោះ គេបានចុះទៅដាវីឌត្រង់ថ្មដា ក្នុងរអាងអាឌូឡាម នៅគ្រានោះ ពួកភីលីស្ទីនបានបោះទ័ពនៅច្រកភ្នំរេផែម ១៦ ហើយដាវីឌទ្រង់គង់នៅក្នុងទីមាំមួន ឯពួកភីលីស្ទីន គេមានទ័ព១កងរក្សាស្រុក នៅឯក្រុងបេថ្លេហិម ១៧ ចំណែកដាវីឌ ទ្រង់នឹកកន្លេងក្នុងព្រះទ័យ ហើយមានព្រះបន្ទូលថា ឱបើសិនជាមានអ្នកណាយកទឹកពីអណ្តូង ដែលនៅមាត់ទ្វារក្រុងបេថ្លេហិមមក ឲ្យអញផឹកទៅអេះ ១៨ រួចអ្នកទាំង៣នោះក៏បំបែកពួកទ័ពភីលីស្ទីន កាត់ចូលទៅដងទឹកពីអណ្តូងនៅមាត់ទ្វារក្រុងបេថ្លេហិមនោះ នាំយកមកថ្វាយដល់ដាវីឌ តែទ្រង់មិនព្រមសោយទេ គឺទ្រង់ចាក់ច្រួចថ្វាយព្រះយេហូវ៉ាវិញ ១៩ ដោយព្រះបន្ទូលថា សូមឲ្យព្រះនៃទូលបង្គំឃាត់មិនឲ្យទូលបង្គំធ្វើដូច្នោះឡើយ តើទូលបង្គំនឹងផឹកឈាមរបស់មនុស្សទាំងនេះ ដែលបានប្រថុយជីវិតយ៉ាងនេះឬអី ដ្បិតគេបានយកទឹកនេះមក ដោយប្រថុយជីវិតរបស់គេពិត ហេតុនោះបានជាទ្រង់មិនព្រមសោយឡើយ គឺការយ៉ាងនោះឯង ដែលមនុស្សខ្លាំងពូកែទាំង៣នាក់នោះបានធ្វើ ២០ ឯអ័ប៊ីសាយ ប្អូនយ៉ូអាប់ ជាកូនសេរូយ៉ា លោកជាមេលើអ្នកទាំង៣នាក់នោះ ពីព្រោះលោកបានពួយលំពែងសំឡាប់មនុស្ស៣០០នាក់ ហើយមានល្បីឈ្មោះក្នុងពួក៣នាក់នោះ ២១ ក្នុងពួក៣នាក់នោះ គេរាប់អានលោកជាជាង២នាក់ឯទៀត ហើយក៏តាំងឡើងធ្វើជាមេលើគេ ប៉ុន្តែ លោកមិនដល់ពួក៣នាក់ខាងដើមនោះទេ។
២២ ឯបេណាយ៉ា ជាកូនយេហូយ៉ាដា ដែលជាកូនរបស់អ្នកខ្លាំងពូកែម្នាក់ នៅក្រុងកាបសៀល លោកជាអ្នកដែលបានធ្វើការយ៉ាងពូកែ លោកបានសំឡាប់កូនទាំង២របស់អ័រាល ជាសាសន៍ម៉ូអាប់ ហើយក៏ចុះទៅក្នុងរណ្តៅសំឡាប់សត្វសិង្ហ១ នៅថ្ងៃមានហិមៈ ២៣ ក៏សំឡាប់សាសន៍អេស៊ីព្ទម្នាក់ ជាមនុស្សធំសំបើមកំពស់៥ហត្ថ សាសន៍អេស៊ីព្ទនោះកាន់លំពែង១ប៉ុនផ្សំដំបាញ តែលោកចុះទៅឯវា កាន់តែដំបងទេ ក៏កន្ត្រាក់យកលំពែងពីដៃរបស់មនុស្សសាសន៍អេស៊ីព្ទនោះ រួចចាក់សំឡាប់ដោយលំពែងរបស់វាទៅ ២៤ គឺការយ៉ាងនោះដែលបេណាយ៉ាជាកូនយេហូយ៉ាដាបានធ្វើ ហើយមានល្បីឈ្មោះនៅក្នុងពួកខ្លាំងពូកែទាំង៣នាក់នោះ ២៥ គេបានរាប់អានលោកជាជាងពួក៣០នាក់នោះ តែលោកមិនដល់ពួក៣នាក់ខាងដើមទេ ដាវីឌទ្រង់ក៏តាំងលោកឲ្យត្រួតលើពួកទាហានរក្សាអង្គ។
២៦ ឯមនុស្សខ្លាំងពូកែ ក្នុងពួកពលទ័ពទាំងប៉ុន្មាន គឺអេសាអែល ជាប្អូនយ៉ូអាប់ អែលហាណាន ជាកូនដូដូរ ដែលនៅក្រុងបេថ្លេហិម ២៧ សាំម៉ូត ជាអ្នកស្រុកហារ៉ូ ហេលែស ជាអ្នកស្រុកពេឡូន ២៨ អ៊ីរ៉ា ជាកូនអ៊ីកកែសជាអ្នកក្រុងត្កូអា អ័បៀស៊ើរ ជាអ្នកនៅក្រុងអាន៉ាថោត ២៩ ស៊ីបាកាយ ជាអ្នកស្រុកហ៊ូសាយ អ៊ីឡាយ ជាអ្នកស្រុកអ័ហូអា ៣០ ម៉ាហារ៉ាយ ជាអ្នកក្រុងនថូផា ហេលែបកូនប្អាណា ជាអ្នកក្រុងនថូផា ៣១ អ៊ីតតាយ កូនរីបាយ ជាអ្នកក្រុងគីបៀន ក្នុងពួកកូនចៅបេនយ៉ាមីន បេណាយ៉ាជាអ្នកស្រុកពីរ៉ាថូន ៣២ ហ៊ូរ៉ាយ ជាអ្នកស្រុកណាហាលេ-កាអាស អ័បៀល ជាអ្នកស្រុកអើរ៉ាបា ៣៣ អាសម៉ាវែតជាអ្នកស្រុកបាហ៊ូរីម អេលីយ៉ាបា ជាអ្នកស្រុកស្អាឡាប៊ីន ៣៤ និងពួកកូនហាសេម ជាអ្នកស្រុកគីសូន យ៉ូណាថាន កូនសាកេ ជាអ្នកស្រុកហារ៉ារី ៣៥ អ័ហ៊ីយ៉ាម កូនសាកើរជាអ្នកស្រុកហារ៉ារី អេលីផាល ជាកូនអ៊ើរ ៣៦ ហេភើរ ជាអ្នកស្រុកមេកេរ៉ា អ័ហ៊ីយ៉ា ជាអ្នកស្រុកពេឡូន ៣៧ ហែស្រូជាអ្នកស្រុកកើមែល ណ្អារ៉ាយ ជាកូនអែសបាយ ៣៨ យ៉ូអែល ជាប្អូនណាថាន់ មីបហា ជាកូនហាគ្រី ៣៩ សេលេកជាសាសន៍អាំម៉ូន ណាហារ៉ាយ ជាអ្នកស្រុកបេរ៉ូត ដែលកាន់គ្រឿងសស្ត្រាវុធឲ្យយ៉ូអាប់ ជាកូនសេរូយ៉ា ៤០ អ៊ីរ៉ាជាអ្នកស្រុកយេធើ ការេប ជាអ្នកស្រុកយេធើ ៤១ អ៊ូរី ជាសាសន៍ហេត សាបាឌ ជាកូនអ័ឡាយ ៤២ អ័ឌីណា ជាកូនស៊ីសា ក្នុងពួករូបេន ជាអ្នកប្រធានក្នុងពួករូបេន ព្រមទាំង៣០នាក់នៅជាមួយផង ៤៣ ហាណាន ជាកូនម្អាកា យេហូសាផាត ជាអ្នកស្រុកមីតនី ៤៤ អ៊ូស៊ីយ៉ា ជាអ្នកស្រុកអាសថារ៉ូត សាម៉ា និងយេហ៊ីអែល កូនហូថាម ជាអ្នកស្រុកអារ៉ូអ៊ើរ ៤៥ យេឌីអែល ជាកូនស៊ីមរី និងយ៉ូហាជាប្អូនគាត់ ជាអ្នកស្រុកធីសា ៤៦ អេលាល ជាអ្នកស្រុកម៉ាហាវីម យេរីបាយ និងយ៉ូសាវា ជាកូនអែលណ្អាម យីតម៉ា ជាសាសន៍ម៉ូអាប់ ៤៧ អេលាល អូបិឌ និងយ្អាសៀល ជាពួកអ្នកស្រុកមេសូបាយ៉ា។