១២
ពួក​អ្នក​ខ្លាំង​ពូកែ​របស់​ស្តេច​ដាវីឌ​នៅ​ក្រុង​ស៊ីកឡាក់
១ រីឯ​ពួក​អ្នក ដែល​បាន​មក​ឯ​ដាវីឌ នៅ​ត្រង់​ក្រុង​ស៊ីកឡាក់ ក្នុង​គ្រា​ដែល​ទ្រង់​កំពុង​តែ​ពួន​នឹង​សូល ជា​បុត្រ​គីស​នៅ​ឡើយ ជា​ពួក​អ្នក​ខ្លាំង​ពូកែ ដែល​បាន​ជួយ​ទ្រង់​ក្នុង​ចំបាំង ២ សុទ្ធ​តែ​មាន​ធ្នូ ហើយ​ក៏​ស្ទាត់​បាញ់​គ្រួស​នឹង​ព្រួញ ដោយ​ដៃ​ឆ្វេង​ដៃ​ស្តាំ​បាន​ផង ជា​ជំនួរ​វង្ស​របស់​បង​ប្អូន​សូល ក្នុង​ពូជ​អំបូរ​បេនយ៉ាមីន ៣ នោះ​អ្នក​ដែល​ជា​មេ​លើ​គេ គឺ​អ័ហ៊ីយេស៊ើរ បន្ទាប់​មក​មាន​យ៉ូអាស ជា​កូន​សេម៉ាអា ជា​អ្នក​ក្រុង​គីបៀរ យេស៊ាល និង​ពេលេត ជា​កូន​អាសម៉ាវែត បេរ៉ាកា យេហ៊ូ ជា​អ្នក​ក្រុង​អាន៉ាថោត ៤ យីសម៉ាយ៉ា ជា​អ្នក​ក្រុង​គីបៀន ដែល​ជា​មនុស្ស​ខ្លាំង​ពូកែ​ក្នុង​ពួក​៣០​នាក់​នោះ ហើយ​ជា​មេ​លើ​គេ និង​យេរេមី យ៉ាហាសៀល យ៉ូហាណាន យ៉ូសាបាឌ ជា​អ្នក​ស្រុក​កេដេរ៉ា ៥ អេលូសាយ យេរេម៉ូត ប្អាលា សេម៉ារីយ៉ា សេផាធា ជា​អ្នក​ស្រុក​ហារ៉ូប ៦ អែលកាណា យីសយ៉ា អ័សារាល យ៉ូអេស៊ើរ យ៉ាសុបៀម ជា​ពួក​កូរេ ៧ ហើយ​យ៉ូអេឡា និង​សេបាឌា ជា​កូន​យេរ៉ូហាំ ជា​អ្នក​ស្រុក​កេដោរ។
៨ ក៏​មាន​មនុស្ស​ក្នុង​ពួក​កាឌ់ បាន​ញែក​ខ្លួន​ទៅ​ខាង​ដាវីឌ ក្នុង​ទី​ពំនួន​នៅ​ទី​រហោស្ថាន គេ​សុទ្ធ​តែ​ជា​មនុស្ស​ខ្លាំង​ពូកែ មាន​ចិត្ត​ក្លាហាន ហើយ​ស្ទាត់​ក្នុង​ចំបាំង ក៏​ចេះ​ប្រើ​ទាំង​ខែល និង​លំពែង គេ​មាន​មុខ​ដូច​ជា​មុខ​សិង្ហ ហើយ​ក៏​រហ័ស ដូច​ជា​ឈ្លូស​នៅ​លើ​ភ្នំ ៩ នោះ​គឺ​អេស៊ើរ ជា​មេ អូបាឌា ជា​ទី​២ អេលាប ជា​ទី​៣ ១០ មីសម៉ាណា​ជា​ទី​៤ យេរេមី ជា​ទី​៥ ១១ អ័ថាយ ជា​ទី​៦ អេលាល ជា​ទី​៧ ១២ យ៉ូហាណាន ជា​ទី​៨ អែលសាបាឌ ជា​ទី​៩ ១៣ យេរេមី ជា​ទី​១០ ម៉ាបាណាយ ជា​ទី​១១ ១៤ ពួក​កូន​ចៅ​កាឌ់​ទាំង​នោះ សុទ្ធ​តែ​ជា​មេ​លើ​ពលទ័ព ឯ​អ្នក​ដែល​ខ្សោយ​ជាង​គេ នោះ​ក៏​ស្មើ​នឹង​១០០​នាក់ ហើយ​អ្នក​ដែល​ខ្លាំង​ជាង​ក៏​ស្មើ​នឹង​១​ពាន់​នាក់ ១៥ នេះ​ជា​ពួក​អ្នក ដែល​បាន​ឆ្លង​ទន្លេ​យ័រដាន់​នៅ​ខែ​ចេត្រ ក្នុង​វេលា​ដែល​ទន្លេ​បាន​ឡើង​លិច​ច្រាំង​ទាំង​អស់ រួច​គេ​ច្បាំង​នឹង​ពួក​មនុស្ស​នៅ​ច្រក​ភ្នំ​ទាំង​អស់ នៅ​ខាង​កើត និង​ខាង​លិច​ផង ក៏​បំបាក់​ទ័ព​ឲ្យ​គេ​រត់​ទៅ។
១៦ ក៏​មាន​ពួក​កូន​ចៅ​បេនយ៉ាមីន និង​យូដា មក​ឯ​ដាវីឌ នៅ​ទី​ពំនួន​នោះ​ដែរ ១៧ ឯ​ដាវីឌ​ទ្រង់​ចេញ​ទៅ​ទទួល​គេ ដោយ​ព្រះបន្ទូល​ថា បើ​អ្នក​រាល់​គ្នា​បាន​មក​ដោយ​មេត្រី ដើម្បី​នឹង​ជួយ​ខ្ញុំ​ពិត នោះ​ចិត្ត​ខ្ញុំ​នឹង​មូល​ជាប់​នឹង​អ្នក​រាល់​គ្នា តែ​បើ​សិន​ជា​មក ដើម្បី​ក្បត់​បញ្ជូន​ខ្ញុំ​ដល់​ពួក​ខ្មាំងសត្រូវ ដែល​ខ្ញុំ​គ្មាន​ធ្វើ​ខុស​អ្វី​ឡើយ នោះ​សូម​ឲ្យ​ព្រះ​នៃ​ពួក​ឰយុកោ​យើង​រាល់​គ្នា​ទត​មើល​ផង ហើយ​កាត់​សំរេច​ចុះ ១៨ ព្រះវិញ្ញាណ​ក៏​មក​សណ្ឋិត​នៅ​លើ​អ័ម៉ាសាយ ជា​មេ​លើ​ពួក​៣០​នាក់ ហើយ​លោក​ទូល​ថា ឱ​ដាវីឌ​អើយ យើង​ខ្ញុំ​រាល់​គ្នា​ជា​របស់​ផង​លោក ឱ​កូន​អ៊ីសាយ​អើយ យើង​ខ្ញុំ​កាន់​ខាង​លោក​ហើយ សូម​ឲ្យ​លោក​បាន​ប្រកប​ដោយ​សេចក្តី​សុខ​ចំរើន ព្រម​ទាំង​ពួក​អ្នក​ដែល​ជួយ​ខាង​លោក​ផង ដ្បិត​ព្រះ​នៃ​លោក​ទ្រង់​ជួយ​ដល់​លោក ដូច្នេះ ដាវីឌ​ក៏​ទទួល​គេ ហើយ​តាំង​គេ​ឡើង​ឲ្យ​ធ្វើ​ជា​មេ​លើ​កង​ទាហាន។
១៩ ក្នុង​ពួក​ម៉ាន៉ាសេ ក៏​មាន​អ្នក​ខ្លះ​រវាត​មក ចូល​ខាង​ដាវីឌ​ដែរ គឺ​ក្នុង​វេលា​ដែល​ទ្រង់​ចេញ​ទៅ ដើម្បី​ច្បាំង​នឹង​សូល ជា​មួយ​នឹង​ពួក​ភីលីស្ទីន តែ​មិន​បាន​ជួយ​គេ​ទេ ពី​ព្រោះ​ពួក​មេ​របស់​សាសន៍​ភីលីស្ទីន គេ​បាន​ពិគ្រោះ​គ្នា រួច​បង្គាប់​ឲ្យ​ទ្រង់​ទៅ​វិញ ដោយ​ថា ក្រែង​វា​រវាត​ចេញ​ទៅ​ខាង​សូល ជា​ចៅហ្វាយ​វា ហើយ​នាំ​ឲ្យ​អន្តរាយ​ដល់​ក្បាល​យើង​វិញ ២០ ដូច្នេះ កំពុង​ដែល​ទ្រង់​វិល​ទៅ​ឯ​ក្រុង​ស៊ីកឡាក់​វិញ នោះ​មាន​ពួក​ម៉ាន៉ាសេ​ខ្លះ​ចូល​ខាង​ទ្រង់ គឺ​អ័ឌណា យ៉ូសាបាឌ យេឌីអែល មីកែល យ៉ូសាបាឌ អេលីហ៊ូវ និង​ស៊ីលថាយ ដែល​សុទ្ធ​តែ​ជា​មេ​លើ​ទ័ព​នៃ​ពួក​ម៉ាន៉ាសេ​១​ពាន់​នាក់ ២១ អ្នក​ទាំង​នោះ​ក៏​ជួយ​ដាវីឌ​ទាស់​នឹង​ពួក​ចោរ ដ្បិត​សុទ្ធ​តែ​ជា​មនុស្ស​ខ្លាំង​ពូកែ មាន​ចិត្ត​ក្លាហាន ហើយ​ជា​មេ​ទ័ព​ផង ២២ ហើយ​សឹង​តែ​រាល់​ថ្ងៃ ក៏​មាន​មនុស្ស​មក​ឯ​ដាវីឌ ដើម្បី​ជួយ​ទ្រង់ ដរាប​ដល់​មាន​ពួក​ទ័ព​យ៉ាង​សន្ធឹក គឺ​ដូច​ជា​ពួក​ពល​នៃ​ព្រះ។
ពួក​អ្នក​ខ្លាំង​ពូកែ​របស់​ស្តេច​ដាវីឌ មក​ពី​ក្រុង​ហេប្រុន
២៣ ឯ​ពួក​មេ​ទាំង​ប៉ុន្មាន ជា​អ្នក​កាន់​គ្រឿង​សស្ត្រាវុធ​ដែល​មក​ឯ​ដាវីឌ នៅ​ក្រុង​ហេប្រុន ដើម្បី​នឹង​បង្វែរ​រាជ្យ​របស់​សូល​មក​ឯ​ដាវីឌ​វិញ តាម​ព្រះបន្ទូល​នៃ​ព្រះយេហូវ៉ា នោះ​មាន​ចំនួន ដូច​កត់​ទុក​ខាង​ក្រោម​នេះ ២៤ គឺ​ពួក​កូន​ចៅ​យូដា ដែល​កាន់​ខែល និង​លំពែង ប្រុង​នឹង​ទៅ​ច្បាំង​ហើយ នោះ​មាន​៦​ពាន់​៨​រយ​នាក់ ២៥ ខាង​ពួក​កូន​ចៅ​ស៊ីម្មាន នោះ​មាន​ពួក​មនុស្ស​ខ្លាំង​ពូកែ សំរាប់​ចេញ​ទៅ​ច្បាំង​៧​ពាន់​១​រយ​នាក់ ២៦ ខាង​ពួក​កូន​ចៅ​លេវី​មាន​៤​ពាន់​៦​រយ​នាក់ ២៧ ហើយ​យេហូយ៉ាដា ជា​មេ​ពួក​វង្ស​អើរ៉ុន ក៏​មាន​៣​ពាន់​៧​រយ​នាក់​មក​ជា​មួយ​នឹង​លោក​ដែរ ២៨ ហើយ​មាន​សាដុក​ជា​មនុស្ស​កំឡោះ​ខ្លាំង​ពូកែ មាន​ចិត្ត​ក្លាហាន ព្រម​ទាំង​មេទ័ព​២២​នាក់ មក​ពី​ជំនួរ​វង្ស​របស់​ឪពុក​លោក​ផង ២៩ ខាង​ឯ​ពួក​កូន​ចៅ​បេនយ៉ាមីន ជា​បង​ប្អូន​សូល នោះ​មាន​៣​ពាន់​នាក់ ដ្បិត​ដរាប​ដល់​គ្រា​នោះ ចំណែក​ពួក​បេនយ៉ាមីន​ជា​ច្រើន​គ្នា គេ​បាន​នៅ​តែ​ស្មោះត្រង់​នឹង​ពួក​វង្ស​របស់​សូល ៣០ ខាង​ពួក​កូន​ចៅ​អេប្រាអិម មាន​២​ម៉ឺន​៨​រយ​នាក់ សុទ្ធ​តែ​ជា​មនុស្ស​ខ្លាំង​ពូកែ មាន​ចិត្ត​ក្លាហាន ដែល​មាន​ល្បី​ឈ្មោះ នៅ​ក្នុង​ជំនួរ​វង្ស​របស់​ឪពុក​គេ ៣១ ខាង​ឯ​ពូជ​អំបូរ​ម៉ាន៉ាសេ​១​ចំហៀង​នោះ មាន​១​ម៉ឺន​៨​ពាន់​នាក់ ដែល​បាន​តម្រូវ​ដោយ​ឈ្មោះ ឲ្យ​មក​តាំង​ដាវីឌ​ឡើង​ជា​ស្តេច ៣២ ខាង​ពួក​កូន​ចៅ​អ៊ីសាខារ នោះ​មាន​មនុស្ស​ដែល​ស្គាល់​សម័យ​អាច​នឹង​ដឹង​ជា​សាសន៍​អ៊ីស្រាអែល​ត្រូវ​ធ្វើ​យ៉ាង​ណា ឯ​អ្នក​ដែល​ជា​ប្រធាន​ក្នុង​ពួក​គេ នោះ​មាន​២០០​នាក់ ហើយ​ពួក​បង​ប្អូន​គេ​ក៏​ទទួល​តាម​បង្គាប់​គេ​ទាំង​អស់ ៣៣ ខាង​ពួក​សាប់យូល៉ូន មាន​៥​ម៉ឺន​នាក់ ដែល​អាច​នឹង​ចេញ​ទៅ​ច្បាំង សុទ្ធ​តែ​មាន​គ្រឿង​សស្ត្រាវុធ​គ្រប់​មុខ ហើយ​គេ​ប្រុងប្រៀប​ទៅ​ច្បាំង​ដោយ​ចិត្ត​ស្មោះ ៣៤ ខាង​ពួក​ណែបថាលី​មាន​មេទ័ព​១​ពាន់​នាក់ ហើយ​មាន​៣​ម៉ឺន​៧​ពាន់​នាក់​ដែល​កាន់​ខែល និង​លំពែង​មក​ជា​មួយ​នឹង​គេ​ដែរ ៣៥ ខាង​ពួក​ដាន់ មាន​២​ម៉ឺន​៨​ពាន់​៦០០​នាក់ ដែល​ថ្នឹក​ច្បាំង​ហើយ ៣៦ ខាង​ឯ​ពួក​អេស៊ើ នោះ​មាន​២​ម៉ឺន​នាក់​ដែល​អាច​នឹង​ចេញ​ទៅ​ជា​មួយ​នឹង​ពលទ័ព ជា​មនុស្ស​ថ្នឹក​ច្បាំង​ដែរ ៣៧ ឯ​ខាង​នាយ​ទន្លេ​យ័រដាន់ ក្នុង​ពួក​រូបេន ពួក​កាឌ់ និង​ពូជ​អំបូរ​ម៉ាន៉ាសេ​១​ចំហៀង នោះ​មាន​ចំនួន​១​សែន​២​ម៉ឺន​នាក់​ដែល​មាន​គ្រឿង​ចំបាំង​គ្រប់​មុខ។
៣៨ ពួក​អ្នក​ទាំង​នោះ ដែល​សុទ្ធ​តែ​ជា​មនុស្ស​ថ្នឹក​ច្បាំង​ក៏​មក​ឯ​ដាវីឌ នៅ​ត្រង់​ក្រុង​ហេប្រុន ដោយ​ចិត្ត​ស្មោះត្រង់ ដើម្បី​នឹង​តាំង​ទ្រង់​ឡើង ឲ្យ​ធ្វើ​ជា​ស្តេច​លើ​សាសន៍​អ៊ីស្រាអែល​ទាំង​មូល ហើយ​ពួក​អ៊ីស្រាអែល​ឯ​ទៀត​ទាំង​ប៉ុន្មាន​ក៏​ស្រុះ​ចិត្ត​គ្នា​នឹង​តាំង​ដាវីឌ​ឡើង​ជា​ស្តេច​ដែរ ៣៩ គេ​នៅ​ទី​នោះ​ជា​មួយ​នឹង​ដាវីឌ ដោយ​ការ​លៀងលោម​គ្នា​អស់​៣​ថ្ងៃ ដ្បិត​ពួក​បង​ប្អូន​គេ​បាន​រៀបចំ​ឲ្យ ៤០ មួយ​ទៀត ពួក​ណា​ដែល​នៅ​ជិត​ល្មម​ត្រឹម​ពួក​អ៊ីសាខារ ពួក​សាប់យូល៉ូន និង​ពួក​ណែបថាលី គេ​ក៏​យក​ស្បៀង​អាហារ​ផ្ទុក​លើ​សត្វ​លា អូដ្ឋ លាកាត់ និង​គោ​មក​ដែរ គឺ​ជា​នំបុ័ង ផែន​ល្វា​ក្រៀម ចង្កោម​ទំពាំងបាយជូរ ស្រា​ទំពាំងបាយជូរ ប្រេង គោ ហើយ​នឹង​ចៀម​យ៉ាង​សន្ធឹក ដ្បិត​មាន​សេចក្តី​អំណរ​អរ​នៅ​ក្នុង​ពួក​អ៊ីស្រាអែល។