១៣
ការ​ដង្ហែ​ហិប​នៃ​សេចក្តី​សញ្ញា​ចូល​ក្រុង​យេរូសាឡិម
១ ដាវីឌ​ទ្រង់​បាន​ពិគ្រោះ​ជា​មួយ​នឹង​ពួក​មេទ័ព​ធំ​តូច គឺ​ជា​អ្នក​នាំ​មុខ​ទាំង​អស់ ២ ហើយ​ទ្រង់​មាន​ព្រះបន្ទូល​នឹង​ពួក​ជំនុំ​អ៊ីស្រាអែល​ទាំង​អស់​ថា បើ​ការ​នេះ​ពេញ​ចិត្ត​ដល់​អ្នក​រាល់​គ្នា ហើយ​ក៏​កើត​អំពី​ព្រះយេហូវ៉ា ជា​ព្រះ​នៃ​យើង​រាល់​គ្នា​ដែរ នោះ​ចូរ​យើង​ចាត់​គេ​ឲ្យ​ទៅ​ពេញ​ក្នុង​ស្រុក ដល់​ពួក​បង​ប្អូន​យើង ដែល​នៅ​សល់​ក្នុង​ពួក​អ៊ីស្រាអែល ហើយ​ដល់​ពួក​សង្ឃ និង​ពួក​លេវី ដែល​នៅ​អស់​ទាំង​ទី​ក្រុង និង​ភូមិ​គេ​ទាំង​ប៉ុន្មាន ដើម្បី​ឲ្យ​គេ​មូល​គ្នា មក​ឯ​យើង​ផង​ចុះ ៣ ហើយ​ចូរ​យើង​នាំ​ហិប​របស់​ព្រះ​នៃ​យើង មក​ឯ​យើង​ដែរ ដ្បិត​យើង​រាល់​គ្នា​មិន​បាន​នឹក​ដល់​ហិប​នោះ ក្នុង​គ្រា​សូល​ឡើយ ៤ ពួក​ជំនុំ​ទាំង​អស់​គ្នា ក៏​យល់​ព្រម​នឹង​ធ្វើ​ដូច្នោះ ដ្បិត​ការ​នោះ​ជា​ទី​ពេញ​ចិត្ត​ដល់​ពួក​ជន​ទាំងឡាយ ៥ ដូច្នេះ ដាវីឌ​ក៏​ប្រមូល​ពួក​អ៊ីស្រាអែល​ទាំង​អស់​មក ចាប់​តាំង​ពី​ស្ទឹង​ស៊ីហោរ​របស់​ស្រុក​អេស៊ីព្ទ រហូត​ដល់​ទ្វារ​ចូល​ស្រុក​ហាម៉ាត ដើម្បី​នឹង​យក​ហិប​នៃ​ព្រះ ពី​ក្រុង​គារយ៉ាត់-យារីម​មក ៦ ដាវីឌ និង​ពួក​អ៊ីស្រាអែល​ទាំង​អស់ ក៏​ឡើង​ទៅ​ឯ​ក្រុង​បាឡា គឺ​ជា​គារយ៉ាត់-យារីម​របស់​ពួក​យូដា ដើម្បី និង​យក​ហិប​នៃ​ព្រះយេហូវ៉ា​ដ៏​ជា​ព្រះ​មក ដែល​ទ្រង់​គង់​នៅ​កណ្តាល​ចេរូប៊ីន​ទាំង​២ ដែល​ហិប​នោះ​បាន​ហៅ​តាម​ព្រះនាម​ទ្រង់ ៧ គេ​ក៏​យក​ហិប​នៃ​ព្រះ​ដាក់​លើ​រទះ​ថ្មី នាំ​ចេញ​ពី​ផ្ទះ​អ័ប៊ីន៉ាដាប់​មក មាន​អ៊ុសា និង​អ័ហ៊ីយ៉ូរ​ជា​អ្នក​បរ ៨ ឯ​ដាវីឌ និង​ពួក​អ៊ីស្រាអែល​ទាំង​អស់​គ្នា គេ​ក៏​ប្រគំ​ភ្លេង​នៅ​ចំពោះ​ព្រះ អស់​ពី​កំឡាំង ព្រម​ទាំង​ច្រៀង​ចំរៀង​ផង ដោយ​ស៊ុង ពិណ ក្រាប់ ឈឹង និង​ត្រែ។
៩ តែ​កាល​គេ​ទៅ​ដល់​លាន​ស្រូវ​របស់​គីដូន នោះ​អ៊ុសា​លូក​ដៃ​ទៅ​ចាប់​ទប់​ហិប ពី​ព្រោះ​គោ​កញ្ជ្រោល​ឡើង ១០ ដូច្នេះ ព្រះយេហូវ៉ា​ទ្រង់​មាន​សេចក្តី​ក្រោធ​នឹង​អ៊ុសា ក៏​ប្រហារ​គាត់​បង់ ដោយ​ព្រោះ​គាត់​បាន​លូក​ដៃ​ទៅ​ពាល់​ហិប គាត់​ក៏​ស្លាប់​នៅ​ទី​នោះ​ចំពោះ​ព្រះ​ទៅ ១១ ឯ​ដាវីឌ​ទ្រង់​មាន​ព្រះទ័យ​ទោមនស្ស ដោយ​ព្រោះ​ព្រះយេហូវ៉ា​ទ្រង់​បាន​ប្រហារ​ជីវិត​អ៊ុសា រួច​ទ្រង់​ហៅ​កន្លែង​នោះ ឈ្មោះ​ថា ពេរេស-អ៊ុសា ដរាប​ដល់​សព្វ​ថ្ងៃ​នេះ ១២ នៅ​ថ្ងៃ​នោះ​ដាវីឌ​ក៏​មាន​សេចក្តី​កោតខ្លាច​ដល់​ព្រះ ហើយ​មាន​ព្រះបន្ទូល​ថា ធ្វើ​ដូច​ម្តេច​ឲ្យ​យើង​នាំ​យក​ហិប​នៃ​ព្រះ​មក​ឯ​យើង​បាន ១៣ ដូច្នេះ ដាវីឌ​ទ្រង់​មិន​បាន​នាំ​យក​ហិប​មក​ឯ​ទ្រង់​ក្នុង​ក្រុង​របស់​ទ្រង់​ទេ គឺ​បាន​យក​ទៅ​ដាក់​ក្នុង​ផ្ទះ​អូបិឌ-អេដំម ជា​អ្នក​ក្រុង​កាថ​វិញ ១៤ ហើយ​ហិប​នៃ​ព្រះ ក៏​នៅ​ជា​មួយ​នឹង​គ្រួ​អូបិឌ-អេដំម ក្នុង​ផ្ទះ​គាត់​អស់​៣​ខែ ព្រះយេហូវ៉ា​ទ្រង់​ក៏​ប្រទាន​ពរ ដល់​គ្រួ​របស់​អូបិឌ-អេដំម ព្រម​ទាំង​បណ្តា​របស់​ទ្រព្យ​គាត់​ទាំង​អស់​ផង។