១៤
ស្តេច​ដាវីឌ​គង់​នៅ​ក្រុង​យេរូសាឡិម
១ រីឯ​ហ៊ីរ៉ាម ជា​ស្តេច​ក្រុង​ទីរ៉ុស ទ្រង់​ចាត់​សារ​មក​ឯ​ដាវីឌ ព្រម​ទាំង​ផ្ញើ​ឈើ​តាត្រៅ និង​ជាង​រៀប​ថ្ម ហើយ​ជាង​ឈើ ដើម្បី​នឹង​សង់​ដំណាក់​ថ្វាយ​ទ្រង់ ២ ដាវីឌ​ក៏​យល់​ឃើញ​ថា ព្រះយេហូវ៉ា​បាន​តាំង​ទ្រង់​ឡើង​ជា​ស្តេច​លើ​សាសន៍​អ៊ីស្រាអែល​ពិត ពី​ព្រោះ​រាជ្យ​ទ្រង់​បាន​ថ្កុំថ្កើង​ឡើង​យ៉ាង​ខ្ពស់ ដោយ​ព្រះអង្គ​យល់​ដល់​អ៊ីស្រាអែល​ជា​រាស្ត្រ​របស់​ទ្រង់។
៣ នៅ​ក្រុង​យេរូសាឡិម ដាវីឌ​ទ្រង់​បាន​យក​ភរិយា​ថែម ហើយ​ក៏​បង្កើត​បាន​បុត្រា​បុត្រី​ទៀត ៤ នេះ​ជា​នាម​នៃ​បុត្រ​ទាំង​ប៉ុន្មាន ដែល​ទ្រង់​បង្កើត​នៅ​ក្រុង​យេរូសាឡិម គឺ​សាំមួរ សូបាប់ ណាថាន់ សាឡូម៉ូន ៥ យីបហារ អេលីសួរ អែលផាលេត ៦ ណូកា នេផេក យ៉ាភា ៧ អេលីសាម៉ា ប្អេលីយ៉ាដា និង​អេលីផាលេត។
ស្តេច​ដាវីឌ​ទទួល​ជ័យជំនះ​លើ​ពួក​ភីលីស្ទីន
៨ កាល​ពួក​ភីលីស្ទីន​ឮ​ថា គេ​បាន​ចាក់​ប្រេង តាំង​ដាវីឌ​ឡើង​ឲ្យ​ធ្វើ​ជា​ស្តេច លើ​សាសន៍​អ៊ីស្រាអែល​ទាំង​មូល​ហើយ នោះ​ពួក​ភីលីស្ទីន​ទាំង​អស់​ក៏​លើក​គ្នា​ឡើង​ទៅ​រក​ដាវីឌ ដាវីឌ​ទ្រង់​ក៏​ជ្រាប រួច​ទ្រង់​ចេញ​ទៅ​ទាស់​នឹង​គេ ៩ ឯ​គេ​បាន​ទន្ទ្រាន​ចូល​មក​ក្នុង​ច្រក​ភ្នំ​រេផែម​ហើយ ១០ ដូច្នេះ ដាវីឌ​ទ្រង់​ទូល​សួរ​ដល់​ព្រះ​ថា តើ​ត្រូវ​ឲ្យ​ទូលបង្គំ​ឡើង​ទៅ​ច្បាំង​នឹង​ពួក​ភីលីស្ទីន​នេះ​ឬ​ទេ តើ​ទ្រង់​នឹង​ប្រគល់​គេ​មក​ក្នុង​កណ្តាប់​ដៃ​ទូលបង្គំ​ឬ ព្រះយេហូវ៉ា​ទ្រង់​ឆ្លើយ​ថា ចូរ​ឡើង​ទៅ​ចុះ ដ្បិត​អញ​នឹង​ប្រគល់​គេ​មក​ក្នុង​កណ្តាប់​ដៃ​ឯង​ពិត ១១ គេ​ក៏​ឡើង​មក​ដល់​បាល-ពេរ៉ាស៊ីម ហើយ​ដាវីឌ​ទ្រង់​ប្រហារ​គេ​នៅ​ទី​នោះ រួច​ទ្រង់​មាន​ព្រះបន្ទូល​ថា ព្រះ​ទ្រង់​បាន​ទំលាយ​មក​លើ​ពួក​ខ្មាំងសត្រូវ​របស់​យើង ដោយសារ​ដៃ​យើង ដូច​ជា​ទឹក​ធ្លាយ​ទំនប់ ហេតុ​នោះ​បាន​ជា​គេ​ហៅ​ទី​នោះ​ឈ្មោះ​ថា បាល-ពេរ៉ាស៊ីម ១២ គេ​ក៏​លះ​ចោល​អស់​ទាំង​រូប​ព្រះ​របស់​គេ​នៅ​ទី​នោះ រួច​ដាវីឌ​ចេញ​បង្គាប់​ឲ្យ​ដុត​រូប​ព្រះ​ទាំង​នោះ​ចោល។
១៣ ពួក​ភីលីស្ទីន​ក៏​ទន្ទ្រាន​ចូល​មក ក្នុង​ច្រក​ភ្នំ​នោះ​ម្តង​ទៀត ១៤ ហើយ​ដាវីឌ​ទ្រង់​ទូល​សួរ​ដល់​ព្រះ​ដូច​មុន តែ​ព្រះ​ទ្រង់​មាន​ព្រះបន្ទូល​ថា កុំ​ឲ្យ​ឡើង​ទៅ​តាម​គេ​ឡើយ គឺ​ត្រូវ​បែរ​ចេញ​ពី​គេ ឡើង​ទៅ​ទាស់​នឹង​គេ ទល់​មុខ​នឹង​ចំការ​មន​វិញ ១៥ រួច​កាល​ណា​ឯង​ឮ​សូរ​សន្ធឹក​នៅ​លើ​ចុង​ដើម​មន ដូច​ជា​ពួក​ពល​ដើរ នោះ​ត្រូវ​ឲ្យ​ឯង​ចេញ​ទៅ​ចុះ ដ្បិត​ទ្រង់​នឹង​ចេញ​ទៅ​នៅ​មុខ​ឯង ដើម្បី និង​វាយ​ពួក​ពល​ភីលីស្ទីន​ហើយ ១៦ ដាវីឌ​ទ្រង់​ក៏​ធ្វើ​ដូច​ជា​ព្រះ​បាន​បង្គាប់ ហើយ​ប្រហារ​ពួក​ពលទ័ព​ភីលីស្ទីន ចាប់​តាំង​ពី​ក្រុង​គីបៀន​រហូត​ដល់​ក្រុង​កេស៊ើរ ១៧ ដូច្នេះ កិត្តិនាម​របស់​ដាវីឌ ក៏​ល្បី​សុសសាយ​ទួទៅ​គ្រប់​ស្រុក ហើយ​ព្រះយេហូវ៉ា​ទ្រង់​បណ្តាល ឲ្យ​គ្រប់​ទាំង​សាសន៍​ខ្លាច​ដល់​ទ្រង់។