១៥
ហិបនៃសេចក្តីសញ្ញាមកដល់ក្រុងយេរូសាឡិម
១ ដាវីឌទ្រង់ក៏សង់ដំណាក់ សំរាប់ទ្រង់នៅក្នុងក្រុងដាវីឌ ហើយក៏រៀបចំកន្លែង សំរាប់ហិបនៃព្រះ គឺបានដំឡើងត្រសាល សំរាប់ហិបនោះ ២ រួចដាវីឌទ្រង់មានព្រះបន្ទូលថា មិនត្រូវឲ្យអ្នកណាសែងហិបនៃព្រះឡើយ លើកតែពួកលេវីប៉ុណ្ណោះ ដ្បិតព្រះយេហូវ៉ាទ្រង់បានរើសគេ ទុកជាអ្នកសែងហិបនៃព្រះ ហើយឲ្យធ្វើការងារ ថ្វាយទ្រង់ជាដរាប ៣ ដូច្នេះ ដាវីឌទ្រង់ប្រមូលពួកអ៊ីស្រាអែលទាំងអស់មកឯក្រុងយេរូសាឡិម ដើម្បីនឹងនាំយកហិបនៃព្រះយេហូវ៉ា មកឯកន្លែងដែលទ្រង់បានរៀបសំរាប់ ៤ ទ្រង់ក៏ប្រមូលពួកកូនចៅអើរ៉ុន និងពួកលេវី ៥ គឺក្នុងពួកកូនចៅកេហាត់ មានអ៊ូរាលជាមេ និងបងប្អូនលោក១២០នាក់ ៦ ក្នុងពួកកូនចៅម្រ៉ារី មានអ័សាយ៉ាជាមេ និងបងប្អូនលោក២២០នាក់ ៧ ក្នុងពួកកូនចៅគើសុន មានយ៉ូអែលជាមេ និងបងប្អូនលោក១៣០នាក់ ៨ ក្នុងពួកកូនចៅអេលីសាផាន មានសេម៉ាយ៉ាជាមេ និងបងប្អូនលោក២០០នាក់ ៩ ក្នុងពួកកូនចៅហេប្រុន មានអេលាលជាមេ និងបងប្អូនលោក៨០នាក់ ១០ ក្នុងពួកកូនចៅអ៊ូស៊ាលមានអ័មីន៉ាដាប់ជាមេ និងបងប្អូនលោក១១២នាក់ ១១ ដាវីឌទ្រង់ក៏ហៅសាដុក និងអ័បៀថើរ ដ៏ជាសង្ឃមក ព្រមទាំងពួកលេវី គឺអ៊ូរាល អ័សាយ៉ា យ៉ូអែល សេម៉ាយ៉ា អេលាល និងអ័មីន៉ាដាប់ផង ១២ ទ្រង់មានព្រះបន្ទូលទៅគេថា អ្នករាល់គ្នាជាប្រធានលើវង្សានុវង្សរបស់ឪពុកនៃពួកលេវីទាំងប៉ុន្មាន ដូច្នេះ ចូរញែកខ្លួនចេញជាបរិសុទ្ធចុះ ព្រមទាំងបងប្អូនអ្នករាល់គ្នាផង ដើម្បីនឹងនាំយកហិបនៃព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល មកឯកន្លែងដែលយើងបានរៀបចំ ១៣ ដ្បិតដោយព្រោះកាលពីជាន់មុនអ្នករាល់គ្នាមិនបានសែងទេ បានជាព្រះយេហូវ៉ា ជាព្រះនៃយើងរាល់គ្នា ទ្រង់បានប្រហារពួកយើងទៅ គឺពីព្រោះយើងរាល់គ្នាមិនបានរកទ្រង់ ឲ្យត្រូវតាមច្បាប់ ១៤ ដូច្នេះ ពួកសង្ឃ និងពួកលេវី ក៏ញែកខ្លួនជាបរិសុទ្ធ ដើម្បីនឹងនាំយកហិបនៃព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែលឡើងមក ១៥ ពួកកូនចៅលេវីបានសែងហិបនៃព្រះទៅដោយឈើស្នែង ដូចជាលោកម៉ូសេបានបង្គាប់មក តាមព្រះបន្ទូលនៃព្រះយេហូវ៉ា។
១៦ ដាវីឌក៏ប្រាប់ ឲ្យមេពួកលេវីដំរូវ ឲ្យពួកចំរៀង ជាបងប្អូនគេ កាន់ប្រដាប់ភ្លេង គឺពិណ ស៊ុង និងឈឹង លេងឲ្យឮសូរក្រលួច ហើយឡើងសំឡេងច្រៀងដោយអំណរ ១៧ ពួកលេវីក៏តម្រូវឲ្យមានពួកអ្នកនេះ គឺហេម៉ាន ជាកូនយ៉ូអែល ហើយក្នុងពួកបងប្អូនរបស់លោក គឺអេសាភ ជាកូនរេបេគា ឯក្នុងពួកម្រ៉ារី ជាបងប្អូនលោក គឺអេថាន ជាកូនគូសាយ៉ា ១៨ ហើយពួកបងប្អូនគេ ដែលជាថ្នាក់ទី២ឲ្យបាននៅជាមួយដែរ គឺសាការី បេន យ្អាស៊ាល សេមីរ៉ាម៉ូត យេហ៊ីអែល អ៊ូនី អេលាប បេណាយ៉ា ម្អាសេយ៉ា ម៉ាធិធា អេលីផាលេ មីកនេយ៉ា អូបិឌ-អេដំម និងយីអែល ដែលសុទ្ធតែជាពួកអ្នកឆ្មាំទ្វារ ១៩ ដូច្នេះ ពួកអ្នកចំរៀង គឺហេម៉ាន អេសាភ និងអេថាន ក៏កាន់ឈឹងលង្ហិន សំរាប់វាយឲ្យឮរងំ ២០ ហើយសាការី យ្អាស៊ាល សេមីរ៉ាម៉ូត យីអែល អ៊ូនី អេលាប ម្អាសេយ៉ា និងបេណាយ៉ា ក៏កាន់ពិណ សំរាប់ដេញ តាមសំឡេងស្រួច ២១ ហើយម៉ាធិធា អេលីផាលេ មីកនេយ៉ា អូបិឌ-អេដំម យីអែល និងអ័សាស៊ា ក៏កាន់ស៊ុងខ្សែ៨ សំរាប់នឹងចាប់នាំមុខពួកចំរៀង ២២ ហើយកេណានា ជាមេពួកលេវី លោកត្រួតលើការចំរៀង គឺលោកដែលបង្ហាត់ការនោះ ពីព្រោះលោកជាអ្នកប្រសប់ ២៣ ឯបេរេគា និងអែលកាណា គេជាអ្នកឆ្មាំទ្វារ សំរាប់បើកឲ្យហិបចូល ២៤ សេបានា យេហូសាផាត នេថានេល អ័ម៉ាសាយ សាការី បេណាយ៉ា អេលាស៊ើរ ដ៏ជាពួកសង្ឃ គេក៏ផ្លុំត្រែនៅចំពោះហិបនៃព្រះ ឯអូបិឌ-អេដំម និងយេហ៊ីយ៉ា គេជាអ្នកឆ្មាំទ្វារ សំរាប់បើកឲ្យហិបចេញ។
២៥ ដូច្នេះ ដាវីឌ ពួកចាស់ទុំនៃសាសន៍អ៊ីស្រាអែល និងពួកមេទ័ព ក៏ទៅនាំយកហិបនៃសេចក្តីសញ្ញាផងព្រះយេហូវ៉ាពីផ្ទះអូបិឌ-អេដំម មកដោយអរសប្បាយ ២៦ រួចដោយព្រោះព្រះទ្រង់ប្រោសមេត្តាដល់ពួកលេវី ដែលសែងហិបនៃសេចក្តីសញ្ញាផងព្រះយេហូវ៉ា បានជាគេថ្វាយកូនគោ៧ និងពពែ៧ ទុកជាយញ្ញបូជា ២៧ ឯដាវីឌទ្រង់ព្រះពស្ត្រសំពត់ខ្លូតទេសយ៉ាងម៉ដ្ត ព្រមទាំងពួកលេវីដែលសែងហិប ពួកចំរៀង និងកេណានា ជាមេលើពួកចំរៀងផង ហើយដាវីឌក៏ពាក់អេផូឌ ធ្វើពីសំពត់ខ្លូតទេសដែរ ២៨ គឺយ៉ាងនោះ ដែលពួកអ៊ីស្រាអែលទាំងអស់ បាននាំយកហិបនៃសេចក្តីសញ្ញាផងព្រះយេហូវ៉ាឡើងមក ដោយសំរែកអរសប្បាយ និងសូរស្នែង ត្រែ ហើយនឹងឈឹង ព្រមទាំងដេញពិណ ហើយចាប់ស៊ុងផង។
២៩ កាលហិបនៃសេចក្តីសញ្ញាផងព្រះយេហូវ៉ា បានចូលមកក្នុងទីក្រុងដាវីឌហើយ នោះមីកាល ជាបុត្រីសូល នាងទតទៅតាមបង្អួច ឃើញស្តេចដាវីឌកំពុងតែលោតកញ្ឆេង ហើយលេងភ្លេង រួចនាងមានព្រះទ័យប្រមាថមើលងាយដល់ទ្រង់។