១១២
មនុស្សល្អមិនដែលរង្គើទេ
១ ចូរសរសើរដល់ព្រះយេហូវ៉ា
មានពរហើយ អ្នកណាដែលកោតខ្លាច
ដល់ព្រះយេហូវ៉ា ហើយមានសេចក្តីអំណរជាខ្លាំង
ចំពោះសេចក្តីបង្គាប់របស់ទ្រង់
២ ពូជពង្សរបស់អ្នកនោះ នឹងបានពូកែនៅផែនដី
ឯដំណមនុស្សទៀងត្រង់គេនឹងបានពរ
៣ ចំណែកធនធាន និងទ្រព្យសម្បត្តិ រមែងមាននៅក្នុងផ្ទះគេ
ហើយសេចក្តីសុចរិតរបស់អ្នកនោះក៏គង់នៅជាដរាប
៤ មានពន្លឺភ្លឺឡើង ក្នុងទីងងឹត សំរាប់មនុស្សទៀងត្រង់
គេជាអ្នកមានចិត្តប្រកបដោយមេត្តាករុណា
អាណិតអាសូរ ហើយសុចរិត
៥ អ្នកណាដែលមានចិត្តមេត្តា ឲ្យគេខ្ចី
នោះបានសប្បាយហើយ
អ្នកនោះនឹងរក្សាទុកនូវកិច្ចការខ្លួន តាមសេចក្តីយុត្តិធម៌
៦ ដ្បិតគេមិនត្រូវរង្គើឡើយ
នឹងចេះតែមានសេចក្តីនឹកចាំពីមនុស្សសុចរិត
នៅជារៀងរាបដរាប
៧ អ្នកនោះនឹងមិនខ្លាចដំណឹងអាក្រក់ឡើយ
ចិត្តគេបានមាំមួនហើយ ដោយទុកចិត្តនឹងព្រះយេហូវ៉ា
៨ ចិត្តគេបានតាំងខ្ជាប់ខ្ជួន គេនឹងមិនភ័យខ្លាចឡើយ
ដរាបដល់បានឃើញបំណងចិត្តកើតដល់ពួកសត្រូវខ្លួន
៩ គេបានចែកចាយ គឺបានចែកឲ្យដល់មនុស្សកំសត់
សេចក្តីសុចរិតរបស់គេគង់នៅជាដរាប
មនុស្សទាំងឡាយនឹងលើកមុខអ្នកនោះ ឲ្យមានកិត្តិសព្ទ
១០ ពួកមនុស្សអាក្រក់នឹងមើលឃើញ
ហើយនឹងមានចិត្តក្នាញ់
គេនឹងសង្កៀតធ្មេញ ហើយរលាយបាត់ទៅ
បំណងចិត្តនៃមនុស្សអាក្រក់នោះ
នឹងវិនាសសូន្យទៅវិញ។