១១៣
ព្រះអង្គ​លើក​មនុស្ស​ទន់​ខ្សោយ​ឡើង
១ ចូរ​សរសើរ​ដល់​ព្រះយេហូវ៉ា
ឱ​ពួក​អ្នក​បំរើ​នៃ​ព្រះយេហូវ៉ា​អើយ
ចូរ​សរសើរ​ចុះ ចូរ​សរសើរ​ដល់​ព្រះនាម​ព្រះយេហូវ៉ា
២ សូម​ឲ្យ​ព្រះនាម​ព្រះយេហូវ៉ា​បាន​ព្រះពរ
ចាប់​តាំង​ពី​ឥឡូវ​នេះ ដរាប​ដល់​អស់កល្ប​ត​ទៅ
៣ ចាប់​តាំង​ពី​ទី​ថ្ងៃ​រះ​រហូត​ដល់​ទី​ថ្ងៃ​លិច
នោះ​ព្រះនាម​ព្រះយេហូវ៉ា​គួរ​សរសើរ
៤ ព្រះយេហូវ៉ា​ទ្រង់​ស្ថិត​នៅ​ទី​ខ្ពស់​លើ​គ្រប់​ទាំង​សាសន៍
ហើយ​សិរីល្អ​នៃ​ទ្រង់​ក៏​ខ្ពស់​ជាង​ផ្ទៃ​មេឃ
៥ តើ​មាន​អ្នក​ឯ​ណា​ឲ្យ​ដូច​ជា​ព្រះយេហូវ៉ា ជា​ព្រះ​នៃ​យើង​ខ្ញុំ
ជា​ព្រះ​ដែល​គង់​នៅ​ស្ថាន​ដ៏​ខ្ពស់​នោះ
៦ ទ្រង់​ឱន​ព្រះនេត្រ ដើម្បី​ទត​មើល​ផ្ទៃ​មេឃ និង​ផែនដី
៧ ទ្រង់​លើក​មនុស្ស​ក្រីក្រ​ឡើង​ចេញ​ពី​ធូលី​ដី
ហើយ​មនុស្ស​កំសត់​ទុគ៌ត​ចេញ​ពី​គំនរ​សំរាម
៨ ដើម្បី​នឹង​តាំង​ឲ្យ​គេ​អង្គុយ​ជា​មួយ​នឹង​ពួក​អ្នក​ធំ
គឺ​ជា​មួយ​នឹង​ពួក​អ្នក​ធំ​នៃ​រាស្ត្រ​ទ្រង់
៩ ទ្រង់​ក៏​ប្រោស​ឲ្យ​ស្រី​អារ​បាន​ផ្ទះសំបែង
ហើយ​ឲ្យ​មាន​កូន​ដោយ​រីករាយ​វិញ
ចូរ​សរសើរ​ដល់​ព្រះយេហូវ៉ា​ចុះ។