១១
ព្រះបាទ​ដាវីឌ​គ្រង​រាជ្យ​លើ​ស្រុក​អ៊ីស្រាអែល​ទាំង​មូល
(២​សាំយូអែល ៥:១-៣)
១ ប្រជាជន​អ៊ីស្រាអែល​ទាំង​មូល​ប្រមូល​គ្នា​មក​គាល់​ព្រះបាទ​ដាវីឌ នៅ​ក្រុង​ហេប្រូន​ទូល​ថា៖ «យើង​ខ្ញុំ​ទាំង​អស់​គ្នា​ជា​សាច់​សា​លោហិត​របស់​ព្រះករុណា​ដែរ។ ២ កាល​ពី​មុន​នៅ​ពេល​ដែល​ព្រះបាទ​សូល​គ្រង​រាជ្យ​លើ​យើង​ខ្ញុំ ព្រះករុណា​ធ្លាប់​ដឹក​នាំ​កងទ័ព​អ៊ីស្រាអែល​ចេញ​ទៅ​ធ្វើ​សឹក ហើយ​ព្រះអម្ចាស់​ជា​ព្រះ​របស់​ព្រះករុណា មាន​ព្រះបន្ទូល​មក​កាន់​ព្រះករុណា​ថា “អ្នក​នឹង​គ្រប់គ្រង​លើ​ជន​ជាតិ​អ៊ីស្រាអែល ជា​ប្រជារាស្ត្រ​របស់​យើង អ្នក​នឹង​ដឹក​នាំ​ពួក​គេ”»។ ៣ ដូច្នេះ ព្រឹទ្ធាចារ្យ​ទាំង​អស់​របស់​ជន​ជាតិ​អ៊ីស្រាអែល​ចូល​មក​គាល់​ព្រះរាជា នៅ​ក្រុង​ហេប្រូន។ ព្រះបាទ​ដាវីឌ​បាន​ចង​សម្ពន្ធមេត្រី​ជា​មួយ​ព្រឹទ្ធាចារ្យ​ទាំង​នោះ នៅ​ក្រុង​ហេប្រូន នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះអម្ចាស់ រួច​ហើយ​ពួក​គេ​បាន​ចាក់​ប្រេង​អភិសេក​ព្រះបាទ​ដាវីឌ ជា​ស្ដេច​របស់​ប្រជារាស្ត្រ​អ៊ីស្រាអែល ស្រប​តាម​ព្រះបន្ទូល​ដែល​ព្រះអម្ចាស់ បាន​ថ្លែង​ទុក​តាម​រយៈ​ព្យាការី​សាំយូអែល។
ព្រះបាទ​ដាវីឌ​លើក​រាជ​ធានី​មក​នៅ​ក្រុង​យេរូសាឡឹម
(២​សាំយូអែល ៥:៦-១០)
៤ ព្រះបាទ​ដាវីឌ និង​កងទ័ព​អ៊ីស្រាអែល​ទាំង​មូល នាំ​គ្នា​ចេញ​ទៅ​វាយ​យក​ក្រុង​យេរូសាឡឹម គឺ​ក្រុង​យេប៊ូស។ ពី​មុន​ជន​ជាតិ​យេប៊ូស ជា​ម្ចាស់​ស្រុក​រស់​នៅ​ក្រុង​នោះ។ ៥ អ្នក​ក្រុង​យេប៊ូស​ពោល​មក​កាន់​ព្រះបាទ​ដាវីឌ​ថា៖ «អ្នក​ឯង​ចូល​ក្នុង​ក្រុង​របស់​យើង​មិន​បាន​ទេ»។ ប៉ុន្តែ ព្រះបាទ​ដាវីឌ​វាយ​យក​បាន​បន្ទាយ​នៅ​ភ្នំ​ស៊ីយ៉ូន ដែល​ក្រោយ​មក​ហៅ​ថា “បុរី​ព្រះបាទ​ដាវីឌ”។ ៦ ព្រះបាទ​ដាវីឌ​មាន​រាជឱង្ការ​ថា៖ «ប្រសិន​បើ​អ្នក​ណា​ម្នាក់​វាយ​ឈ្នះ​ពួក​យេប៊ូស​មុន​គេ អ្នក​នោះ​នឹង​បាន​ធ្វើ​ជា​មេទ័ព និង​មេ​ដឹក​នាំ»។ លោក​យ៉ូអាប់​ជា​កូន​របស់​អ្នក​ស្រី​សេរូយ៉ា​ចេញ​ទៅ​វាយ​មុន​គេ ហើយ​បាន​ទទួល​តំណែង​ជា​មេទ័ព។ ៧ ព្រះបាទ​ដាវីឌ​គង់​នៅ​ក្នុង​បន្ទាយ​នោះ​ហេតុ​នេះ​គេ​ក៏​ហៅ​ថា «បុរី​ព្រះបាទ​ដាវីឌ»។ ៨ បន្ទាប់​មក ស្ដេច​ពង្រីក​ទីក្រុង​ចាប់​តាំង​ពី​មីឡូ រហូត​ដល់​ជាយ​ក្រុង។ លោក​យ៉ូអាប់​បាន​ជួសជុល​កន្លែង​ផ្សេង​ទៀត​នៅ​ក្នុង​ទីក្រុង។ ៩ ព្រះបាទ​ដាវីឌ​មាន​អំណាច​កាន់​តែ​ខ្លាំង​ឡើងៗ ដ្បិត​ព្រះអម្ចាស់​នៃ​ពិភព​ទាំង​មូល​គង់​នៅ​ជា​មួយ។
ទាហាន​ដ៏​ខ្លាំង​ពូកែ​របស់​ព្រះបាទ​ដាវីឌ
(២​សាំយូអែល ២៣:៨-៣៩)
១០ នេះ​ជា​បញ្ជី​រាយ​នាម​នាយ​ទាហាន​ដ៏​អង់អាច​របស់​ព្រះបាទ​ដាវីឌ គឺ​អស់​អ្នក​ដែល​បាន​ជួយ​ជ្រោមជ្រែង​អោយ​ស្ដេច ទទួល​រាជ​សម្បត្តិ​លើ​ស្រុក​អ៊ីស្រាអែល​ទាំង​មូល ហើយ​អោយ​ស្ដេច​បាន​សោយ​រាជ្យ ស្រប​តាម​ព្រះបន្ទូល​របស់​ព្រះអម្ចាស់ ស្ដី​អំពី​ជន​ជាតិ​អ៊ីស្រាអែល។ ១១ ពួក​ទាហាន​ដ៏​អង់អាច​របស់​ព្រះបាទ​ដាវីឌ មាន​រាយ​នាម​តាម​ចំនួន​របស់​ពួក​គេ​ដូច​ត​ទៅ:
លោក​យ៉ាសុបៀម ជា​កូន​របស់​លោក​ហាក់មុនី លោក​ជា​ប្រមុខ​លើ​មេ​បញ្ជា​ការ​សាមសិប​នាក់។ គឺ​លោក​ហើយ​ដែល​បាន​ប្រើ​លំពែង សម្លាប់​ខ្មាំង​អស់​បី​រយ​នាក់​ក្នុង​ពេល​តែ​មួយ។
១២ បន្ទាប់​មក មាន​លោក​អេឡាសារ ជា​កូន​របស់​លោក​ដូដូរ ជា​ពូជពង្ស​របស់​លោក​អហូអា។ លោក​ជា​នាយ​ទាហាន​ម្នាក់​ក្នុង​ចំណោម​នាយ​ទាហាន​ដ៏​អង់អាច​ទាំង​បី។ ១៣ លោក​បាន​នៅ​ជាប់​ជា​មួយ​ព្រះបាទ​ដាវីឌ នៅ​ផាស់ដាំមីម ក្នុង​គ្រា​ដែល​ជន​ជាតិ​ភីលីស្ទីន​លើក​ទ័ព​មក​ច្បាំង។ នៅ​ទី​នោះ​មាន​ដី​ស្រែ​មួយ​កន្លែង ពេញ​ដោយ​ស្រូវ ហើយ​កងទ័ព​អ៊ីស្រាអែល​បាន​បាក់​ទ័ព​រត់​នៅ​មុខ​ជន​ជាតិ​ភីលីស្ទីន។ ១៤ ពេល​នោះ លោក​អេឡាសារ និង​ទាហាន​របស់​លោក ឈរ​នៅ​កណ្ដាល​ចំការ​នោះ ហើយ​វាយ​ប្រហារ​ជន​ជាតិ​ភីលីស្ទីន ដណ្ដើម​យក​បាន​ចំការ​នោះ​មក​វិញ។ ព្រះអម្ចាស់​ប្រោស​ប្រទាន​ជ័យជំនះ​ដ៏​ធំធេង។
១៥ ថ្ងៃ​មួយ នាយ​ទាហាន​បី​រូប ក្នុង​ចំណោម​នាយ​ទាហាន​ទាំង​សាមសិប​នាក់ បាន​នាំ​គ្នា​ចូល​គាល់​ព្រះបាទ​ដាវីឌ ក្នុង​ល្អាង​ភ្នំ​អាឌូឡាម នៅ​ពេល​ដែល​ទាហាន​ភីលីស្ទីន​បោះ​ទ័ព​នៅ​ជ្រលង​ភ្នំ​រេផែម។ ១៦ ពេល​នោះ ព្រះបាទ​ដាវីឌ​គង់​នៅ​ក្នុង​ជំរក​ដ៏​រឹងមាំ​មួយ។ កងទ័ព​ភីលីស្ទីន​មួយ​ក្រុម​ក៏​ឈរ​ជើង​នៅ​ភូមិ​បេថ្លេហិម​ដែរ។ ១៧ ព្រះបាទ​ដាវីឌ​ស្រេក​ទឹក ស្ដេច​ក៏​មាន​រាជឱង្ការ​ថា៖ «តើ​នរណា​អាច​ដង​ទឹក​ពី​អណ្ដូង​នៅ​មាត់​ទ្វារ​ភូមិ​បេថ្លេហិម យក​មក​អោយ​យើង​បាន?»។ ១៨ នាយ​ទាហាន​ទាំង​បី​រូប​នាំ​គ្នា​សំរុក​ចូល​ទៅ​ក្នុង​ទី​តាំង​ទ័ព​ពួក​ភីលីស្ទីន ហើយ​ដង​ទឹក​ពី​អណ្ដូង​នៅ​មាត់​ទ្វារ​ភូមិ​បេថ្លេហិម យក​មក​ថ្វាយ​ព្រះបាទ​ដាវីឌ ប៉ុន្តែ ព្រះបាទ​ដាវីឌ​មិន​ព្រម​សោយ​ទេ ស្ដេច​យក​ទឹក​នោះ​ទៅ​ច្រួច​លើ​ដី​ថ្វាយ​ព្រះអម្ចាស់១៩ ស្ដេច​មាន​រាជឱង្ការ​ថា៖ «ព្រះជាម្ចាស់​អើយ​ទូលបង្គំ​គ្មាន​សិទ្ធិ​ទទួល​ទាន​ទឹក​នេះ​ទេ ព្រោះ​ទឹក​នេះ​ដូច​ជា​ឈាម​របស់​ទាហាន ដែល​បាន​ប្រថុយ​ជីវិត​ទៅ​ដង​យក​មក​ដែរ!»។ ដូច្នេះ​ស្ដេច​បដិសេធ​មិន​ព្រម​សោយ​ទឹក​នោះ​ទេ ព្រោះ​ពួក​ទាហាន​បាន​ប្រថុយ​ជីវិត​ទៅ​ដង​យក​មក។ នេះ​ហើយ​ជា​ស្នាដៃ​ដែល​ទាហាន​ដ៏​ខ្លាំង​ពូកែ​ទាំង​បី​រូប​បាន​ប្រព្រឹត្ត។
២០ លោក​អប៊ីសាយ ជា​ប្អូន​របស់​លោក​យ៉ូអាប់ និង​ជា​ប្រមុខ​លើ​មេទ័ព​បី​រូប។ លោក​បាន​ប្រើ​លំពែង​សម្លាប់​ខ្មាំង​សត្រូវ​អស់​បី​រយ​នាក់។ លោក​មាន​ឈ្មោះ​ល្បី​ជាង​គេ ក្នុង​ចំណោម​មេទ័ព​ទាំង​បី​រូប។ ២១ លោក​ទទួល​កិត្តិយស​ច្រើន​ជាង​គេ ក្នុង​ចំណោម​មេទ័ព​ទាំង​បី។ លោក​មាន​នាទី​ជា​ប្រមុខ​លើ​ក្រុម​មេទ័ព​ទាំង​បី ប៉ុន្តែ លោក​ពុំ​អាច​ប្រៀប​ស្មើ​នឹង​ក្រុម​មេទ័ព​បី​រូប​ទៀត​ឡើយ។
២២ លោក​បេណាយ៉ា​ជា​អ្នក​ស្រុក​កាបសៀល ជា​កូន​របស់​លោក​យេហូយ៉ាដា និង​ជា​ចៅ​របស់​ទាហាន​ដ៏​អង់អាច​មួយ​រូប។ លោក​បាន​បញ្ចេញ​ស្នាដៃ​ថ្មី​យ៉ាង​ច្រើន។ គឺ​លោក​ហើយ​ដែល​បាន​វាយ​ពួក​អរាល​ពីរ​នាក់​នៅ​ស្រុក​ម៉ូអាប់ ព្រម​ទាំង​ចុះ​ទៅ​ក្នុង​រណ្ដៅ ដើម្បី​សម្លាប់​សត្វ​សិង្ហ​មួយ នៅ​ថ្ងៃ​ដែល​មាន​ទឹក​កក​ធ្លាក់។ ២៣ លោក​ក៏​បាន​សម្លាប់​ជន​ជាតិ​អេស៊ីប​ម្នាក់ ដែល​មាន​កំពស់​ប្រាំ​ហត្ថ និង​ប្រដាប់​ដោយ​លំពែង​មួយ​យ៉ាង​ធំ ដូច​ជា​ឈើ​កីតម្បាញ។ លោក​ទៅ​ប្រយុទ្ធ​នឹង​គេ ដោយ​មាន​តែ​ដំបង​មួយ​ប៉ុណ្ណោះ លោក​ដណ្ដើម​យក​លំពែង​ពី​ដៃ​អ្នក​នេះ​បាន ហើយ​ចាក់​សម្លាប់​នឹង​លំពែង​នោះ​ទៅ។ ២៤ នេះ​ហើយ​ជា​ស្នាដៃ​របស់​លោក​បេណាយ៉ា ជា​កូន​របស់​លោក​យេហូយ៉ាដា​ដែល​ធ្វើ​អោយ​លោក​មាន​កេរ្តិ៍​ឈ្មោះ​ល្បី ក្នុង​ក្រុម​មេទ័ព​ទាំង​បី​រូប។ ២៥ ក្នុង​ចំណោម​មេ​បញ្ជា​ការ​ទាំង​សាមសិប​នាក់ លោក​ទទួល​កិត្តិយស​ច្រើន​ជាង​គេ ប៉ុន្តែ លោក​ពុំ​អាច​ប្រៀប​ស្មើ​នឹង​ក្រុម​មេទ័ព​បី​រូប​ឡើយ។ ព្រះបាទ​ដាវីឌ​បាន​តែងតាំង​លោក​ជា​មេ​បញ្ជា​ការ​កង​អង្គ​រក្ស។
២៦ វីរបុរស​ដ៏​អង់អាច​ឯ​ទៀតៗ​មាន: លោក​អេសាអែល​ជា​ប្អូន​របស់​លោក​យ៉ូអាប់ លោក​អែលហាណាន​ជា​កូន​របស់​លោក​ដូដូរ អ្នក​ភូមិ​បេថ្លេហិម ២៧ លោក​សាំម៉ូត​អ្នក​ស្រុក​ហារ៉ូ លោក​ហេលេស​អ្នក​ស្រុក​ពេឡូន ២៨ លោក​អ៊ីរ៉ា​ជា​កូន​របស់​លោក​អ៊ីកកែស អ្នក​ក្រុង​ត្កូអា លោក​អបៀស៊ើរ​អ្នក​ស្រុក​អានាថោត ២៩ លោក​ស៊ីបាកាយ​អ្នក​ស្រុក​ហ៊ូសាយ លោក​អ៊ីឡាយ​អ្នក​ស្រុក​អហូអា ៣០ លោក​ម៉ាហារាយ​អ្នក​ស្រុក​នេថូផា លោក​ហេលែប​ជា​កូន​របស់​លោក​បាណា អ្នក​ស្រុក​នេថូផា ៣១ លោក​អ៊ីតាយ​ជា​កូន​របស់​លោក​រីបាយ អ្នក​ក្រុង​គីបៀន ក្នុង​កុលសម្ព័ន្ធ​បេនយ៉ាមីន លោក​បេណាយ៉ា​អ្នក​ស្រុក​ពីរ៉ាថូន ៣២ លោក​ហ៊ូរ៉ាយ​អ្នក​ស្រុក​ណាហាលេ-កាអាស លោក​អបៀល អ្នក​ស្រុក​អើរ៉ាបា ៣៣ លោក​អាសម៉ាវែត​អ្នក​ស្រុក​បាហ៊ូរីម លោក​អេលីយ៉ាបា អ្នក​ស្រុក​ស្អាឡាប៊ីន ៣៤ លោក​ហាសេម​អ្នក​ស្រុក​គីសូន លោក​យ៉ូណាថាន ជា​កូន​របស់​លោក​សាកេ​អ្នក​ស្រុក​ហារ៉ារី ៣៥ លោក​អហ៊ីយ៉ាម​ជា​កូន​របស់​លោក​សាកើរ​អ្នក​ស្រុក​ហារ៉ារី លោក​អេលីផាល​ជា​កូន​របស់​លោក​អើរ ៣៦ លោក​ហេភើរ អ្នក​ស្រុក​មេកេរ៉ា លោក​អហ៊ីយ៉ា​អ្នក​ស្រុក​ពេឡូន ៣៧ លោក​ហែស្រូ​អ្នក​ស្រុក​កើមែល លោក​ណារ៉ាយ​ជា​កូន​របស់​លោក​អែសបាយ ៣៨ លោក​យ៉ូអែល​ជា​ប្អូន​របស់​លោក​ណាថាន លោក​មីបហា​ជា​កូន​របស់​លោក​ហាគ្រី ៣៩ លោក​សេលេក​ជា​ជន​ជាតិ​អាំម៉ូន លោក​ណាហារ៉ាយ​អ្នក​ក្រុង​បេរ៉ូត ជា​អ្នក​កាន់​គ្រឿង​សស្រ្ដាវុធ​របស់​លោក​យ៉ូអាប់ ជា​កូន​របស់​អ្នក​ស្រី​សេរូយ៉ា ៤០ លោក​អ៊ីរ៉ា​អ្នក​ស្រុក​យេធើរ លោក​ការេប​អ្នក​ស្រុក​យេធើរ ៤១ លោក​អ៊ូរី​ជា​ជន​ជាតិ​ហេត លោក​សាបាដ ជា​កូន​របស់​លោក​អឡាយ ៤២ លោក​អឌីណា​ជា​កូន​របស់​លោក​ស៊ីសា ជា​មេ​ដឹក​នាំ​ម្នាក់​ក្នុង​កុលសម្ព័ន្ធ​រូបេន ដែល​មាន​ទាហាន​សាមសិប​នាក់​នៅ​ជា​មួយ ៤៣ លោក​ហាណាន ជា​កូន​របស់​លោក​ម៉ាកា លោក​យ៉ូសាផាត​អ្នក​ស្រុក​មីតនី ៤៤ លោក​អ៊ូស៊ីយ៉ា​អ្នក​ស្រុក​អាសថារ៉ូត លោក​សាម៉ា និង​លោក​យេហ៊ីអែល​អ្នក​ស្រុក​អារ៉ូអ៊ើរ ៤៥ លោក​យេឌីអែល​ជា​កូន​របស់​លោក​ស៊ីមរី ព្រម​ទាំង​លោក​យ៉ូហា​ជា​ប្អូន ដែល​ជា​អ្នក​ស្រុក​ធីសា ៤៦ លោក​អេលាស​អ្នក​ស្រុក​ម៉ាហាវីម លោក​យេរីបាយ និង​លោក​យ៉ូសាវា ជា​កូន​របស់​លោក​អែលណាម លោក​យីតម៉ា​ជា​ជន​ជាតិ​ម៉ូអាប់ ៤៧ លោក​អេលាល លោក​អូបេដ និង​លោក​យ៉ាសៀស អ្នក​ស្រុក​មេសូបាយ៉ា។