១៧
ព្រះបាទដាវីឌមានបំណងសង់ព្រះវិហារ
(២សាំយូអែល ៧:១-១៧)
១ នៅពេលដែលព្រះបាទដាវីឌមានរាជវាំងគង់នៅស្រួលបួលហើយ ស្ដេចមានរាជឱង្ការទៅកាន់ព្យាការីណាថានថា៖ «មើល៍ ខ្ញុំរស់នៅក្នុងដំណាក់ពីឈើតាត្រៅ រីឯហិបនៃសម្ពន្ធមេត្រីរបស់ព្រះអម្ចាស់ ស្ថិតនៅក្នុងពន្លាធ្វើអំពីក្រណាត់សំពត់!»។ ២ លោកណាថានទូលព្រះបាទដាវីឌថា៖ «ការអ្វីដែលព្រះករុណាសព្វព្រះហឫទ័យធ្វើ សូមព្រះករុណាធ្វើចុះ ដ្បិតព្រះជាម្ចាស់គង់ជាមួយព្រះករុណាហើយ»។
៣ ប៉ុន្តែ នៅយប់នោះព្រះជាម្ចាស់មានព្រះបន្ទូលមកកាន់លោកណាថានដូចតទៅ៖ ៤ «ចូរទៅប្រាប់ដាវីឌ ជាអ្នកបំរើរបស់យើងថា ព្រះអម្ចាស់មានព្រះបន្ទូលដូចតទៅ មិនមែនអ្នកទេដែលនឹងសង់ដំណាក់អោយយើងនៅ។ ៥ តាំងពីថ្ងៃដែលយើងបាននាំជនជាតិអ៊ីស្រាអែលចាកចេញពីស្រុកអេស៊ីប រហូតមកដល់ថ្ងៃនេះ យើងមិនដែលនៅក្នុងដំណាក់ទេ គឺយើងនៅតែក្នុងជំរំ និងព្រះពន្លា ពីកន្លែងមួយទៅកន្លែងមួយ។ ៦ គ្រប់ទីកន្លែងដែលយើងធ្វើដំណើរជាមួយជនជាតិអ៊ីស្រាអែល យើងបានតែងតាំងអោយមានពួកចៅហ្វាយ គ្រប់គ្រងលើប្រជារាស្ត្ររបស់យើង តែយើងមិនបានបង្គាប់ពួកចៅហ្វាយណាម្នាក់ អោយសង់ដំណាក់ពីឈើតាត្រៅសំរាប់យើងទេ! ៧ ឥឡូវនេះ ចូរប្រាប់ដាវីឌ ជាអ្នកបំរើរបស់យើងថា ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលដូចតទៅ: កាលអ្នកនៅជាគង្វាលចៀមនៅឡើយ យើងបានយកអ្នកពីវាលស្មៅមក ដើម្បីអោយអ្នកធ្វើជាមេដឹកនាំរបស់ជនជាតិអ៊ីស្រាអែល ជាប្រជារាស្ត្ររបស់យើង។ ៨ យើងស្ថិតនៅជាមួយអ្នកគ្រប់ទីកន្លែង ដែលអ្នកទៅ យើងបានកំចាត់ខ្មាំងសត្រូវទាំងប៉ុន្មានរបស់អ្នកចេញពីមុខអ្នក ហើយយើងក៏នឹងធ្វើអោយកេរ្តិ៍ឈ្មោះរបស់អ្នកល្បីល្បាញ ដូចវរជនទាំងឡាយនៅលើផែនដីដែរ។ ៩ យើងបានប្រគល់ស្រុកមួយអោយអ៊ីស្រាអែល ជាប្រជារាស្ត្ររបស់យើង យើងអោយគេតាំងទីលំនៅជាប់លាប់រហូត ឥតមាននរណាមកយាយីពួកគេទៀតឡើយ។ គ្មានជាតិសាសន៍ដ៏ទុច្ចរិតណាមកឈ្លានពានលើពួកគេ ១០ ដូចកាលពីមុន នៅគ្រាដែលយើងតែងតាំងពួកចៅហ្វាយអោយគ្រប់គ្រងលើអ៊ីស្រាអែល ជាប្រជារាស្ត្ររបស់យើង។ យើងបង្ក្រាបខ្មាំងសត្រូវទាំងប៉ុន្មាន អោយស្ថិតនៅក្រោមអំណាចរបស់អ្នក។ យើងប្រកាសអោយអ្នកដឹងថា យើងនឹងប្រទានអោយអ្នកមានសន្តតិវង្សមួយផង។ ១១ ពេលណាអ្នកលាចាកលោកនេះ ទៅជួបជុំនឹងបុព្វបុរសរបស់អ្នក យើងនឹងអោយពូជពង្សរបស់អ្នកមួយរូបឡើងស្នងរាជ្យ ហើយយើងនឹងពង្រឹងរាជ្យរបស់គេអោយរឹងមាំ។ ១២ គឺបុត្រនោះហើយដែលនឹងសង់ដំណាក់មួយសំរាប់យើង។ យើងនឹងពង្រឹងរាជសម្បត្តិរបស់គេអោយនៅស្ថិតស្ថេររហូតតទៅ។ ១៣ យើងនឹងធ្វើជាឪពុករបស់គេ ហើយគេធ្វើជាកូនរបស់យើង។ យើងមិនដកសេចក្ដីមេត្តាករុណាចេញពីគេ ដូចយើងបានដកចេញពីស្ដេចដែលគ្រងរាជមុនអ្នកឡើយ។ ១៤ យើងនឹងអោយគេគ្រប់គ្រងលើដំណាក់របស់យើង និងនគររបស់យើងរហូតតទៅ ហើយរាជសម្បត្តិរបស់គេក៏នឹងបានរឹងមាំរហូតតទៅដែរ»។
១៥ លោកណាថានទូលថ្វាយព្រះបាទដាវីឌ នូវសេចក្ដីទាំងប៉ុន្មានដែលព្រះជាម្ចាស់មានព្រះបន្ទូលប្រាប់លោកក្នុងសុបិននិមិត្តនោះ។
ការអធិស្ឋានរបស់ព្រះបាទដាវីឌ
(២សាំយូអែល ៧:១៨-២៩)
១៦ ព្រះបាទដាវីឌក៏យាងទៅគាល់ព្រះអម្ចាស់ ហើយទូលថា៖ «បពិត្រព្រះជាអម្ចាស់ តើទូលបង្គំ និងគ្រួសាររបស់ទូលបង្គំជាអ្វី បានជាព្រះអង្គប្រោសប្រទានអោយទូលបង្គំទទួលឋានៈខ្ពង់ខ្ពស់បែបនេះ? ១៧ ឱព្រះជាម្ចាស់អើយចំពោះព្រះអង្គ នេះគឺជាការតិចតួចទេ បានជាព្រះអង្គសន្យាដល់កូនចៅទូលបង្គំ ដែលនៅជំនាន់ក្រោយៗដែរ។ បពិត្រព្រះជាអម្ចាស់ ព្រះអង្គយកព្រះហឫទ័យទុកដាក់នឹងទូលបង្គំ ហាក់បីដូចទូលបង្គំ ជាមនុស្សម្នាក់ដ៏សំខាន់។ ១៨ តើទូលបង្គំមានអ្វីទូលថ្វាយព្រះអង្គចំពោះកិត្តិយស ដែលព្រះអង្គប្រទានមកទូលបង្គំ បើព្រះអង្គជ្រាបអំពីទូលបង្គំ ជាអ្នកបំរើរបស់ព្រះអង្គយ៉ាងច្បាស់ហើយនោះ? ១៩ ព្រះអម្ចាស់អើយព្រះអង្គសំដែងស្នាព្រះហស្ដដ៏ឧត្ដុង្គឧត្ដមទាំងនេះ អោយទូលបង្គំឃើញ ស្របតាមព្រះហឫទ័យសប្បុរស ដោយយល់ដល់អ្នកបំរើរបស់ព្រះអង្គ។ ២០ ព្រះអម្ចាស់អើយ គ្មាននរណាប្រៀបផ្ទឹមស្មើនឹងព្រះអង្គបានទេ។ តាមដែលយើងខ្ញុំធ្លាប់ឮគេតំណាលប្រាប់ ក្រៅពីព្រះអង្គ ក៏គ្មានព្រះឯណាទៀតដែរ។ ២១ នៅលើផែនដីនេះ គ្មានប្រជារាស្ត្រណាមួយដូចអ៊ីស្រាអែល ជាប្រជារាស្ត្ររបស់ព្រះអង្គ ដែលព្រះរបស់ពួកគេបានទៅរំដោះពួកគេ យកមកធ្វើជាប្រជារាស្ត្ររបស់ខ្លួនឡើយ។ ព្រះអង្គធ្វើអោយកិត្តិនាមរបស់ព្រះអង្គល្បីល្បាញ ដោយសំដែងការអស្ចារ្យដ៏ឧត្ដមគួរស្ញែងខ្លាច ព្រះអង្គបណ្ដេញប្រជាជាតិទាំងឡាយចេញពីមុខប្រជារាស្ត្ររបស់ព្រះអង្គ គឺប្រជារាស្ត្រដែលព្រះអង្គបានលោះមកពីស្រុកអេស៊ីប។ ២២ ព្រះអម្ចាស់អើយ! ព្រះអង្គបានជ្រើសរើសជនជាតិអ៊ីស្រាអែល អោយធ្វើជាប្រជារាស្ត្ររបស់ព្រះអង្គរហូតតទៅ ហើយព្រះអង្គក៏បានទៅជាព្រះរបស់ពួកគេ។ ២៣ ឱព្រះអម្ចាស់អើយឥឡូវនេះ សូមសំរេចតាមព្រះបន្ទូល ដែលព្រះអង្គបានសន្យាចំពោះទូលបង្គំ និងកូនចៅទូលបង្គំរហូតតទៅ សូមអោយព្រះបន្ទូលនេះ សំរេចជារូបរាងឡើង! ២៤ សូមសំរេចតាមព្រះបន្ទូលរបស់ព្រះអង្គ ដើម្បីអោយព្រះនាមរបស់ព្រះអង្គបានឧត្ដុង្គឧត្ដមជានិច្ច ហើយសូមអោយគេនៅតែពោលថា “ព្រះអម្ចាស់នៃពិភពទាំងមូល ជាព្រះនៃជនជាតិអ៊ីស្រាអែល ទ្រង់ពិតជាព្រះរបស់ជនជាតិអ៊ីស្រាអែលមែន!”។ សូមប្រោសប្រទានអោយពូជពង្សរបស់ដាវីឌ ជាអ្នកបំរើរបស់ព្រះអង្គបានស្ថិតស្ថេរនៅចំពោះព្រះភក្ត្រព្រះអង្គផង។ ២៥ ឱព្រះនៃទូលបង្គំអើយ ព្រះអង្គប្រោសអោយទូលបង្គំដឹងថា ព្រះអង្គសព្វព្រះហឫទ័យតែងតាំងពូជពង្សរបស់ទូលបង្គំអោយឡើងស្នងរាជ្យទូលបង្គំ។ ហេតុនេះហើយបានជាទូលបង្គំមានចិត្តក្លាហាន ទូលពាក្យអធិស្ឋាននេះថ្វាយព្រះអង្គ។ ២៦ បពិត្រព្រះអម្ចាស់! មានតែព្រះអង្គទេដែលជាព្រះជាម្ចាស់។ ឥឡូវនេះ ព្រះអង្គមានព្រះបន្ទូលសន្យាប្រទានសុភមង្គលនេះមកទូលបង្គំ។ ២៧ ឱព្រះអម្ចាស់អើយ ឥឡូវនេះ ព្រះអង្គសព្វព្រះហឫទ័យប្រទានពរ ដល់ពូជពង្សរបស់ទូលបង្គំ ដើម្បីអោយគេបានស្ថិតស្ថេរនៅចំពោះព្រះភក្ត្ររបស់ព្រះអង្គតរៀងទៅ ដ្បិតព្រះអង្គប្រទានពរដល់នរណា អ្នកនោះនឹងទទួលព្រះពរអស់កល្បជានិច្ច»។