១៨
ជ័យជំនះ​របស់​ព្រះបាទ​ដាវីឌ​លើ​ស្រុក​ជិត​ខាង
(២​សាំយូអែល ៨:១-១៤)
១ ក្រោយ​មក​ព្រះបាទ​ដាវីឌ​វាយ​ឈ្នះ​ជន​ជាតិ​ភីលីស្ទីន ហើយ​បង្ក្រាប​ពួក​គេ ព្រម​ទាំង​ដណ្ដើម​យក​ក្រុង​កាថ និង​ស្រុក​ភូមិ​នៅ​ជុំវិញ​ពី​កណ្ដាប់​ដៃ​របស់​ពួក​គេ។ ២ ព្រះបាទ​ដាវីឌ​ក៏​វាយ​ឈ្នះ​ជន​ជាតិ​ម៉ូអាប់​ដែរ។ ជន​ជាតិ​ម៉ូអាប់​ធ្លាក់​ខ្លួន​ចំណុះ​ព្រះបាទ​ដាវីឌ ហើយ​ត្រូវ​ថ្វាយ​សួយសារអាករ​ផង។ ៣ ព្រះបាទ​ដាវីឌ​វាយ​ឈ្នះ​ព្រះបាទ​ហាដារេស៊ើរ ជា​ស្ដេច​ស្រុក​សូបា​នៅ​ក្រុង​ហាម៉ាត់ ក្នុង​ពេល​ដែល​ព្រះបាទ​ហាដារេស៊ើរ​កំពុង​តែ​ទៅ​កាន់​កាប់​តំបន់​ទន្លេ​អឺប្រាត។ ៤ ព្រះបាទ​ដាវីឌ​រឹប​អូស​យក​បាន​រទេះ​ចំបាំង​ចំនួន​១ ០០០​គ្រឿង ពី​ព្រះបាទ​ហាដារេស៊ើរ ព្រម​ទាំង​ទ័ព​សេះ ៧ ០០០ នាក់ និង​ទ័ព​ថ្មើរ​ជើង​ចំនួន​២០ ០០០​នាក់។ ស្ដេច​ទុក​សេះ​ប្រមាណ​មួយ​រយ​ក្បាល ហើយ​កាត់​សរសៃ​កែង​ជើង​សេះ​ទាំង​ប៉ុន្មាន​ទៀត។ ៥ ពេល​នោះ ជន​ជាតិ​ស៊ីរី​នៅ​ក្រុង​ដាម៉ាស់ លើក​គ្នា​មក​ជួយ​ព្រះបាទ​ហាដារេស៊ើរ​ជា​ស្ដេច​ស្រុក​សូបា។ ព្រះបាទ​ដាវីឌ​ក៏​វាយ​ឈ្នះ​ពួក​គេ ហើយ​សម្លាប់​អស់​ចំនួន​២២ ០០០​នាក់។ ៦ ព្រះបាទ​ដាវីឌ​បាន​ដាក់​ទេសាភិបាល អោយ​ត្រួតត្រា​លើ​ស្រុក​ស៊ីរី ហើយ​ជន​ជាតិ​ស៊ីរី​ធ្លាក់​ខ្លួន​ចំណុះ​ព្រះបាទ​ដាវីឌ ហើយ​ត្រូវ​ថ្វាយ​សួយសារអាករ​ផង។ ព្រះអម្ចាស់​ប្រទាន​អោយ​ព្រះបាទ​ដាវីឌ​មាន​ជ័យជំនះ នៅ​គ្រប់​កន្លែង​ដែល​ស្ដេច​យាង​ទៅ។ ៧ ព្រះបាទ​ដាវីឌ​រឹប​អូស​យក​ខែល​មាស ពី​ពួក​មេទ័ព​របស់​ព្រះបាទ​ហាដារេស៊ើរ ហើយ​នាំ​យក​មក​ក្រុង​យេរូសាឡឹម។
៨ ព្រះបាទ​ដាវីឌ​រឹប​អូស​យក​លង្ហិន​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​ពី​ក្រុង​បេថាស និង​ក្រុង​គូន ដែល​ជា​ក្រុង​របស់​ព្រះបាទ​ហាដារេស៊ើរ។ ក្រោយ​មក ព្រះបាទ​សាឡូម៉ូន​បាន​យក​លង្ហិន​ទាំង​នោះ​ទៅ​សិត​ធ្វើ​អាង​ធំ សសរ និង​គ្រឿង​ប្រដាប់​ប្រដា​លង្ហិន​នៅ​ក្នុង​ព្រះវិហារ។
៩ កាល​ព្រះបាទ​ថូអ៊ី ជា​ស្ដេច​ក្រុង​ហាម៉ាត់​ជ្រាប​ថា ព្រះបាទ​ដាវីឌ​បាន​វាយ​ឈ្នះ​កងទ័ព​ទាំង​មូល របស់​ព្រះបាទ​ហាដារេស៊ើរ​ជា​ស្ដេច​ក្រុង​សូបា ១០ ស្ដេច​ក៏​ចាត់​សម្ដេច​យ៉ូរ៉ាម​ជា​បុត្រ អោយ​ចូល​មក​គាល់​ព្រះបាទ​ដាវីឌ ទាំង​នាំ​យក​វត្ថុ​អំពី​មាស​ប្រាក់ និង​លង្ហិន​មក​ជា​មួយ​ផង ដើម្បី​អបអរសាទរ​ចំពោះ​ជ័យជំនះ លើ​ព្រះបាទ​ហាដារេស៊ើរ ព្រោះ​ព្រះបាទ​ថូអ៊ី​ធ្វើ​សឹក​សង្គ្រាម​ទល់​នឹង​ព្រះបាទ​ហាដារេស៊ើរ​ដែរ។ ១១ ព្រះបាទ​ដាវីឌ​យក​វត្ថុ​ទាំង​នោះ​ទៅ​ថ្វាយ​ព្រះអម្ចាស់ ដូច​មាស​ប្រាក់​ដែល​ស្ដេច​យក​បាន​ពី​ប្រជាជាតិ​ទាំង​ប៉ុន្មាន​ដែរ គឺ​មាន​ជន​ជាតិ​អេដុម ជន​ជាតិ​ម៉ូអាប់ ជន​ជាតិ​អាំម៉ូន ជន​ជាតិ​ភីលីស្ទីន និង​ជន​ជាតិ​អាម៉ាឡេក។
១២ លោក​អប៊ីសាយ ជា​កូន​របស់​អ្នក​ស្រី​សេរូយ៉ា​បាន​ប្រហារ​ជន​ជាតិ​អេដុម​អស់ ១៨ ០០០​នាក់ នៅ​ជ្រលង​ភ្នំ​អំបិល។ ១៣ លោក​ដាក់​ទេសាភិបាល​អោយ​ត្រួតត្រា​លើ​ស្រុក​អេដុម​ទាំង​មូល ហើយ​ជន​ជាតិ​អេដុម​ធ្លាក់​ខ្លួន​ចំណុះ​ព្រះបាទ​ដាវីឌ។ ព្រះអម្ចាស់​ប្រទាន​អោយ​ព្រះបាទ​ដាវីឌ​មាន​ជ័យជំនះ នៅ​គ្រប់​កន្លែង​ដែល​ស្ដេច​យាង​ទៅ។
បញ្ជី​រាយ​នាម​មន្ត្រី​របស់​ព្រះបាទ​ដាវីឌ
(២​សាំយូអែល ៨:១៥-១៨)
១៤ ព្រះបាទ​ដាវីឌ​សោយ​រាជ្យ​លើ​ស្រុក​អ៊ីស្រាអែល​ទាំង​មូល ហើយ​គ្រប់គ្រង​ប្រជារាស្ត្រ​ដោយ​សុចរិត និង​យុត្តិធម៌។ ១៥ លោក​យ៉ូអាប់​កូន​របស់​អ្នក​ស្រី​សេរូយ៉ា ជា​មេ​បញ្ជា​ការ​កងទ័ព។ លោក​យេហូសាផាត​កូន​របស់​លោក​អហ៊ីលូដ ជា​អ្នក​នាំ​ពាក្យ​របស់​ស្ដេច។ ១៦ លោក​សាដុក​កូន​របស់​លោក​អហ៊ីតូប និង​លោក​អហ៊ីម៉ាឡេក​កូន​របស់​លោក​អបៀថើរ ជា​បូជាចារ្យ។ លោក​សេរ៉ាយ៉ា​ជា​លេខាធិការ​របស់​ស្ដេច។ ១៧ លោក​បេណាយ៉ា​កូន​របស់​លោក​យេហូយ៉ាដា ជា​មេ​បញ្ជា​ការ​លើ​ពួក​កេរេធីម និង​ពួក​ពេលេធីម។ រីឯ​បុត្រ​ទាំង​ប៉ុន្មាន​របស់​ព្រះបាទ​ដាវីឌ មាន​នាទី​ជា​ជំនួយ​ការ​ពិសេស​របស់​ស្ដេច។