២២
១ ព្រះបាទដាវីឌមានរាជឱង្ការថា៖ «ទីនេះជាព្រះដំណាក់របស់ព្រះជាអម្ចាស់ ហើយទីនេះក៏ជាអាសនៈថ្វាយតង្វាយដុតសំរាប់ជនជាតិអ៊ីស្រាអែលដែរ!»។
ព្រះបាទដាវីឌរៀបចំសង់ព្រះវិហារ
២ ព្រះបាទដាវីឌចេញបញ្ជាអោយប្រមូលជនបរទេសដែលរស់នៅក្នុងស្រុកអ៊ីស្រាអែល ហើយស្ដេចក៏ចាត់ពួកគេអោយធ្វើជាអ្នកដាប់ថ្ម សំរាប់សង់ព្រះដំណាក់ថ្វាយព្រះជាម្ចាស់។ ៣ ស្ដេចបានត្រៀមដែកយ៉ាងសន្ធឹកសន្ធាប់ ដើម្បីធ្វើដែកគោលសំរាប់សន្លឹកទ្វារ និងធ្វើទំពក់។ ស្ដេចក៏បានត្រៀមលង្ហិនយ៉ាងច្រើន ដែលពុំអាចថ្លឹងបាន ៤ ព្រមទាំងឈើតាត្រៅច្រើនឥតគណនា ដ្បិតអ្នកក្រុងស៊ីដូន និងអ្នកក្រុងទីរ៉ុស បាននាំឈើតាត្រៅយ៉ាងច្រើនសន្ធឹកសន្ធាប់មកថ្វាយស្ដេច។ ៥ ព្រះបាទដាវីឌទ្រង់ព្រះតម្រិះថា៖ «សាឡូម៉ូនជាបុត្ររបស់យើងនៅក្មេងខ្ចី ហើយខ្វះបទពិសោធផង រីឯព្រះដំណាក់ដែលសង់ថ្វាយព្រះអម្ចាស់ ត្រូវតែថ្កុំថ្កើងរុងរឿង ហើយល្បីល្បាញជាងគេទាំងអស់ ក្នុងចំណោមស្រុកនានា។ ហេតុនេះ យើងត្រូវតែត្រៀមសម្ភារៈសាងសង់សំរាប់បុត្ររបស់យើង»។ ព្រះបាទដាវីឌបានត្រៀមសម្ភារៈសាងសង់ជាច្រើន មុនពេលស្ដេចសោយទិវង្គត។
៦ ព្រះបាទដាវីឌត្រាស់ហៅសម្ដេចសាឡូម៉ូន ជាបុត្រមកផ្ដែផ្ដាំអោយសង់ព្រះដំណាក់ថ្វាយព្រះអម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែល។ ៧ ស្ដេចមានរាជឱង្ការទៅកាន់សម្ដេចសាឡូម៉ូនថា៖ «បុត្រអើយ! បិតាមានបំណងសង់ព្រះដំណាក់សំរាប់លើកតម្កើងព្រះនាមព្រះអម្ចាស់ ជាព្រះរបស់បិតា។ ៨ ប៉ុន្តែ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់បិតាថា “អ្នកបានបង្ហូរឈាមច្រើនណាស់ ហើយអ្នកក៏បានធ្វើសង្គ្រាមដ៏ធំៗផង។ ដូច្នេះ អ្នកមិនត្រូវសង់ដំណាក់សំរាប់នាមរបស់យើងទេ ដ្បិតអ្នកបានបង្ហូរឈាមយ៉ាងច្រើនលើផែនដី នៅចំពោះមុខយើង។ ៩ អ្នកនឹងបង្កើតបុត្រមួយអង្គ ជាមនុស្សដែលនិយមសុខសន្តិភាព ហើយយើងនឹងផ្ដល់សុខសន្តិភាពដល់គេ ដោយមិនអោយខ្មាំងសត្រូវនៅជុំវិញមកយាយីឡើយ។ បុត្រនោះនឹងមានឈ្មោះថា សាឡូម៉ូន ដ្បិតក្រោមរាជ្យរបស់គេយើងនឹងផ្ដល់អោយអ៊ីស្រាអែលមានសន្តិភាព និងសុខសាន្តត្រាណ។ ១០ គឺបុត្រនោះហើយ ដែលនឹងសង់ដំណាក់មួយសំរាប់នាមយើង។ គេនឹងធ្វើជាកូនរបស់យើង ហើយយើងធ្វើជាឪពុករបស់គេដែរ។ យើងនឹងពង្រឹងរាជបល្ល័ង្ករបស់គេអោយនៅស្ថិតស្ថេរលើស្រុកអ៊ីស្រាអែលរហូតតទៅ!”។ ១១ ឥឡូវនេះ សូមព្រះអម្ចាស់គង់ជាមួយបុត្រ ដើម្បីអោយបុត្រសង់ព្រះដំណាក់របស់ព្រះអង្គ បានសំរេចដោយជោគជ័យ ស្របតាមព្រះបន្ទូលដែលព្រះអង្គបានថ្លែងទុកពីបុត្រ។ ១២ សូមព្រះអម្ចាស់ប្រោសប្រទានអោយបុត្រចេះគិតពិចារណា និងមានប្រាជ្ញាឈ្លាសវៃ នៅពេលដែលព្រះអង្គប្រទានអោយបុត្រគ្រប់គ្រងលើស្រុកអ៊ីស្រាអែល ដោយកាន់តាមក្រឹត្យវិន័យរបស់ព្រះអម្ចាស់ ជាព្រះរបស់បុត្រ។ ១៣ ប្រសិនបើបុត្រកាន់ ហើយប្រតិបត្តិតាមច្បាប់ វិន័យ និងបទបញ្ជា ដែលព្រះអម្ចាស់បានបង្គាប់មកលោកម៉ូសេ សំរាប់ជនជាតិអ៊ីស្រាអែល នោះបុត្រនឹងបានចំរុងចំរើនមិនខាន។ ចូរមានកម្លាំង និងចិត្តក្លាហានឡើង កុំភ័យខ្លាចអ្វីឡើយ! ១៤ បិតាខ្នះខ្នែងត្រៀមមាសមួយសែនហាប និងប្រាក់មួយលានហាបសំរាប់ព្រះដំណាក់របស់ព្រះអម្ចាស់។ រីឯលង្ហិន និងដែកមានច្រើនសន្ធឹកសន្ធាប់ពុំអាចថ្លឹងបានទេ។ បិតាបានត្រៀមឈើ និងថ្មដែរ បើបុត្រចង់បន្ថែមទៀតក៏បាន។ ១៥ មានពួកជាងជាច្រើនដែលអាចចូលរួមក្នុងការសាងសង់ជាមួយបុត្រ គឺជាងឈើ ជាងដាប់ថ្ម ជាងចម្លាក់ថ្ម និងឈើ ព្រមទាំងជាងដ៏ចំណានដែលប៉ិនប្រសប់ក្នុងកិច្ចការគ្រប់ប្រភេទ។ ១៦ រីឯមាស ប្រាក់ លង្ហិន និងដែកមានចំនួនច្រើនឥតគណនា។ ចូរបុត្រក្រោកឡើងបំពេញកិច្ចការនេះចុះ! សូមព្រះអម្ចាស់គង់ជាមួយបុត្រ!»។
១៧ ព្រះបាទដាវីឌបានផ្ដាំមន្ត្រីអ៊ីស្រាអែលទាំងអស់ អោយជួយជ្រោមជ្រែងសម្ដេចសាឡូម៉ូនជាបុត្រ ដោយមានរាជឱង្ការថា៖ ១៨ «ព្រះអម្ចាស់ ជាព្រះរបស់អស់លោក គង់នៅជាមួយអស់លោកហើយ។ ព្រះអង្គប្រទានអោយអស់លោកបានសំរាកគ្រប់ទិសទី ដ្បិតព្រះអង្គបានប្រគល់អ្នកស្រុកនេះអោយស្ថិតនៅក្រោមការគ្រប់គ្រងរបស់យើង ហើយស្រុកនេះស្ថិតនៅក្រោមអំណាចរបស់ព្រះអម្ចាស់ និងប្រជារាស្ត្ររបស់ព្រះអង្គដែរ។ ១៩ ឥឡូវនេះ សូមតាំងចិត្ត តាំងគំនិតស្វែងរកព្រះអម្ចាស់ ជាព្រះរបស់អស់លោក។ សូមក្រោកឡើងនាំគ្នាសង់ទីសក្ការៈរបស់ព្រះជាអម្ចាស់ ដើម្បីដង្ហែហិបនៃសម្ពន្ធមេត្រីរបស់ព្រះអម្ចាស់ និងគ្រឿងបរិក្ខារដ៏សក្ការៈរបស់ព្រះជាម្ចាស់ ទៅតម្កល់ទុកក្នុងព្រះដំណាក់ដែលនឹងសង់ឡើង សំរាប់ព្រះនាមរបស់ព្រះអម្ចាស់»។