២១
ព្រះបាទ​ដាវីឌ​ជំរឿន​ប្រជាជន​អ៊ីស្រាអែល
(២​សាំយូអែល ២៤)
១ មារ*​សាតាំង​បាន​ក្រោក​ឡើង​ប្រឆាំង​នឹង​ជន​ជាតិ​អ៊ីស្រាអែល ដោយ​ជំរុញ​ព្រះបាទ​ដាវីឌ​អោយ​ជំរឿន​ប្រជាជន​អ៊ីស្រាអែល។ ២ ព្រះបាទ​ដាវីឌ​មាន​រាជឱង្ការ​ទៅ​កាន់​លោក​យ៉ូអាប់ និង​មន្ត្រី​ឯ​ទៀតៗ​របស់​ប្រជាជន​ថា៖ «ចូរ​ទៅ​រាប់​ចំនួន​ប្រជាជន​អ៊ីស្រាអែល ចាប់​តាំង​ពី​ក្រុង​បៀរសេបា រហូត​ដល់​ក្រុង​ដាន់ រួច​ធ្វើ​របាយការណ៍​អោយ​យើង ដ្បិត​យើង​ចង់​ដឹង​ចំនួន​ប្រជាជន»។ ៣ លោក​យ៉ូអាប់​ទូល​ថា៖ «បពិត្រ​ព្រះករុណា ជា​អម្ចាស់! សូម​ព្រះអម្ចាស់​ប្រោស​ប្រទាន​អោយ​ប្រជារាស្ត្រ​របស់​ព្រះអង្គ កើន​ចំនួន​ឡើង​មួយ​រយ​ដង​ច្រើន​ជាង​នេះ! ពួក​គេ​សុទ្ធ​តែ​ជា​អ្នក​បំរើ​របស់​ព្រះករុណា​ទាំង​អស់​គ្នា​ហើយ ហេតុ​អ្វី​បាន​ជា​ព្រះករុណា​ចង់​ជ្រាប​អំពី​ចំនួន​របស់​ពួក​គេ​ទៀត? ធ្វើ​ដូច្នេះ ក្រែង​លោ​បណ្ដាល​អោយ​ជន​ជាតិ​អ៊ីស្រាអែល​មាន​ទោស»។ ៤ ប៉ុន្តែ ដោយ​ស្ដេច​ចេញ​បញ្ជា​យ៉ាង​ម៉ឺងម៉ាត់​ពេក លោក​យ៉ូអាប់​ត្រូវ​តែ​អនុវត្ត​តាម។ លោក​យ៉ូអាប់​ចាក​ចេញ​ទៅ ហើយ​ធ្វើ​ដំណើរ​គ្រប់​ទិសទី​ក្នុង​ស្រុក​អ៊ីស្រាអែល រួច​វិល​ត្រឡប់​មក​ក្រុង​យេរូសាឡឹម​វិញ។ ៥ លោក​យ៉ូអាប់​ចូល​ទៅ​ទូល​ព្រះបាទ​ដាវីឌ​អំពី​ចំនួន​ប្រជាជន គឺ​ក្នុង​ស្រុក​អ៊ីស្រាអែល​ទាំង​មូល​មាន​ទាហាន​ប្រដាប់​អាវុធ ១ ១០០ ០០០​នាក់ ហើយ​នៅ​ស្រុក​យូដា មាន​៤៧០ ០០០ នាក់។ ៦ លោក​ពុំ​បាន​ជំរឿន​ប្រជាជន​ក្នុង​កុល​សម្ព័ន្ធ​លេវី និង​បេនយ៉ាមីន​ទេ ដ្បិត​លោក​មិន​ពេញ​ចិត្ត​នឹង​បញ្ជា​របស់​ស្ដេច​ទាល់​តែ​សោះ។
៧ ព្រះជាម្ចាស់​មិន​សព្វ​ព្រះហឫទ័យ​នឹង​ហេតុការណ៍​នេះ​ទេ ព្រះអង្គ​ក៏​ប្រហារ​ជន​ជាតិ​អ៊ីស្រាអែល។ ៨ ព្រះបាទ​ដាវីឌ​ទូល​ព្រះជាម្ចាស់​ថា៖ «ទូលបង្គំ​ប្រព្រឹត្ត​អំពើ​បាប​ដ៏​ធ្ងន់! ឥឡូវ​នេះ សូម​ព្រះអង្គ​អត់ទោស​អោយ​ទូលបង្គំ​ផង ដ្បិត​ទូលបង្គំ​ប្រព្រឹត្ត​ដូច​មនុស្ស​វង្វេង​ស្មារតី​ទាំង​ស្រុង!»។
៩ ព្រះអម្ចាស់​មាន​ព្រះបន្ទូល​មក​កាន់​លោក​កាដ ជា​គ្រូ​ទាយ​របស់​ព្រះបាទ​ដាវីឌ​ថា៖ ១០ «ចូរ​ទៅ​ប្រាប់​ដាវីឌ​ដូច​ត​ទៅ “ព្រះអម្ចាស់​មាន​ព្រះបន្ទូល​ថា: យើង​មាន​ទណ្ឌកម្ម​បី​យ៉ាង សំរាប់​អ្នក ចូរ​ជ្រើស​រើស​យក​មួយ​ចុះ! យើង​នឹង​ដាក់​ទោស​អ្នក​តាម​នោះ”»។ ១១ លោក​កាដ​ចូល​គាល់​ព្រះបាទ​ដាវីឌ​ទូល​ថា៖ «ព្រះអម្ចាស់​មាន​ព្រះបន្ទូល​ដូច​ត​ទៅ: សូម​ជ្រើស​រើស​ចុះ ១២ តើ​ព្រះករុណា​ចង់​អោយ​ស្រុក​កើត​ទុរ្ភិក្ស​អស់​រយៈ​ពេល​បី​ឆ្នាំ ឬ​ត្រូវ​បាក់​ទ័ព​រត់​នៅ​ចំពោះ​មុខ​ដាវ​របស់​ខ្មាំង​សត្រូវ អស់​រយៈ​ពេល​បី​ខែ ឬ​ចង់​អោយ​ជំងឺ​អាសន្នរោគ​កើត​ឡើង​ក្នុង​ស្រុក គឺ​ទេវតា​របស់​ព្រះអម្ចាស់​បំផ្លាញ​ប្រជាជន​ក្នុង​ស្រុក​អ៊ីស្រាអែល​ទាំង​មូល អស់​រយៈ​ពេល​បី​ថ្ងៃ។ ឥឡូវ​នេះ សូម​ព្រះករុណា​ពិចារណា​ចុះ ទូលបង្គំ​នឹង​នាំ​ចម្លើយ​ទៅ​ថ្វាយ​ព្រះជាម្ចាស់​ដែល​បាន​ចាត់​ទូលបង្គំ​មក»។ ១៣ ព្រះបាទ​ដាវីឌ​មាន​រាជឱង្ការ​ទៅ​កាន់​លោក​កាដ​ថា៖ «យើង​តប់ប្រមល់​ខ្លាំង​ណាស់! សូម​អោយ​យើង​ធ្លាក់​ក្នុង​កណ្ដាប់​ដៃ​របស់​ព្រះអម្ចាស់ ជា​ជាង​ធ្លាក់​ក្នុង​កណ្ដាប់​ដៃ​របស់​មនុស្ស ដ្បិត​ព្រះអម្ចាស់​មាន​ព្រះហឫទ័យ​មេត្តា​ករុណា​ដ៏​ធំធេង»។
១៤ ព្រះអម្ចាស់​ធ្វើ​អោយ​ជំងឺ​អាសន្នរោគ​កើត​នៅ​ស្រុក​អ៊ីស្រាអែល ហើយ​មាន​ប្រជាជន​ស្លាប់​អស់ ៧០ ០០០​នាក់។ ១៥ ព្រះជាម្ចាស់​ចាត់​ទេវតា​អោយ​ទៅ​បំផ្លាញ​ក្រុង​យេរូសាឡឹម​ទៀត ប៉ុន្តែ កាល​ព្រះអម្ចាស់​ទត​ឃើញ​ទេវតា​បំផ្លាញ​ក្រុង​នោះ ព្រះអង្គ​ក៏​ប្រែ​ព្រះហឫទ័យ មិន​ព្រម​ដាក់​ទោស​ក្រុង​នោះ​ទេ។ ព្រះអង្គ​មាន​ព្រះបន្ទូល​ទៅ​កាន់​ទេវតា​ដែល​មក​បំផ្លាញ​ថា៖ «ប៉ុណ្ណឹង​បាន​ហើយ! ឈប់​ប្រហារ​ទៅ!»។ ពេល​នោះ ទេវតា​របស់​ព្រះអម្ចាស់​ស្ថិត​នៅ​ជិត​លាន​បោក​ស្រូវ​របស់​លោក​អរ៉ៅណា ជា​ជន​ជាតិ​យេប៊ូស។ ១៦ ព្រះបាទ​ដាវីឌ​ងើប​ព្រះភក្ត្រ​ឡើង ទត​ឃើញ​ទេវតា​របស់​ព្រះអម្ចាស់​ឈរ​នៅ​ចន្លោះ​មេឃ និង​ផែនដី ដោយ​កាន់​ដាវ​ដែល​ហូត​ចេញ​ពី​ស្រោម​ជា​ស្រេច ហើយ​បែរ​មុខ​តម្រង់​ទៅ​ក្រុង​យេរូសាឡឹម។ ព្រះបាទ​ដាវីឌ និង​អស់​លោក​ព្រឹទ្ធាចារ្យ​ដែល​ស្លៀក​បាវ​កាន់​ទុក្ខ ក៏​ក្រាប​ចុះ​អោន​មុខ​ដល់​ដី។ ១៧ ព្រះបាទ​ដាវីឌ​ទូល​ព្រះជាម្ចាស់​ថា៖ «ទូលបង្គំ​ទេ​តើ​ដែល​បញ្ជា​អោយ​ជំរឿន​ប្រជាជន ទូលបង្គំ​បាន​ប្រព្រឹត្ត​អំពើ​បាប និង​អំពើ​អាក្រក់។ ប្រជាជន​ទាំង​នេះ​ពុំ​បាន​ប្រព្រឹត្ត​អ្វី​ខុស​ទេ។ ឱ​ព្រះអម្ចាស់​ជា​ព្រះ​នៃ​ទូលបង្គំ​អើយ សូម​ដាក់​ទោស​តែ​ទូលបង្គំ និង​ក្រុម​គ្រួសារ​របស់​ទូលបង្គំ​ប៉ុណ្ណោះ​បាន​ហើយ! សូម​កុំ​អោយ​គ្រោះ​កាច​នេះ​កើត​មាន​ដល់​ប្រជារាស្ត្រ​របស់​ព្រះអង្គ​ឡើយ!»។
១៨ ទេវតា​របស់​ព្រះអម្ចាស់​បាន​ប្រាប់​លោក​កាដ​អោយ​ទូល​ព្រះបាទ​ដាវីឌ ដើម្បី​សូម​ស្ដេច​យាង​ឡើង​ទៅ​សង់​អាសនៈ​មួយ​ថ្វាយ​ព្រះអម្ចាស់ នៅ​លាន​បោក​ស្រូវ​របស់​លោក​អរ៉ៅណា ជា​ជន​ជាតិ​យេប៊ូស។ ១៩ ព្រះបាទ​ដាវីឌ​ក៏​យាង​ទៅ តាម​ពាក្យ​ដែល​លោក​កាដ​ថ្លែង ក្នុង​នាម​ព្រះអម្ចាស់២០ ពេល​នោះ លោក​អរ៉ៅណា​កំពុង​តែ​បោក​ស្រូវ។ គាត់​ងាក​មក ឃើញ​ទេវតា កូន​ប្រុស​របស់​គាត់​ទាំង​បួន​នាក់ ដែល​នៅ​ជា​មួយ​គាត់​នាំ​គ្នា​រត់​ពួន។ ២១ កាល​ព្រះបាទ​ដាវីឌ​យាង​ទៅ​ជិត​លោក​អរ៉ៅណា គាត់​ក្រឡេក​ឃើញ​ព្រះរាជា គាត់​ក៏​ចេញ​ពី​លាន​បោក​ស្រូវ​មក​ទទួល ក្រាប​ថ្វាយបង្គំ​អោន​មុខ​ដល់​ដី។ ២២ ព្រះបាទ​ដាវីឌ​មាន​រាជឱង្ការ​ទៅ​គាត់​ថា៖ «ចូរ​លក់​លាន​បោក​ស្រូវ​នេះ​អោយ​យើង​មក យើង​នឹង​សង់​អាសនៈ​មួយ​ថ្វាយ​ព្រះអម្ចាស់ ដើម្បី​អោយ​ប្រជាជន​រួច​ពី​គ្រោះ​កាច។ ចូរ​លក់​លាន​បោក​ស្រូវ​នេះ​អោយ​យើង យើង​នឹង​បង់​ប្រាក់​ពេញ​ថ្លៃ»។ ២៣ លោក​អរ៉ៅណា​ទូល​ព្រះបាទ​ដាវីឌ​ថា៖ «សូម​ព្រះករុណា​ជា​អម្ចាស់​យក​លាន​បោក​ស្រូវ​នេះ ធ្វើ​អ្វី​តាម​តែ​ព្រះករុណា​សព្វ​ព្រះហឫទ័យ​ចុះ។ ទូលបង្គំ​ក៏​សូម​ថ្វាយ​គោ សំរាប់​ធ្វើ​ជា​តង្វាយ​ដុត​ទាំង​មូល និង​រនាស់​ធ្វើ​ជា​អុស ព្រម​ទាំង​ស្រូវ​ធ្វើ​ជា​តង្វាយ​ម្សៅ ទូលបង្គំ​សូម​ថ្វាយ​ទាំង​អស់!»។ ២៤ ប៉ុន្តែ ព្រះបាទ​ដាវីឌ​មាន​រាជឱង្ការ​ទៅ​កាន់​លោក​អរ៉ៅណា​ថា៖ «ទេ យើង​ចង់​ទិញ​របស់​ទាំង​នោះ​ពី​លោក​ពេញ​ថ្លៃ ដ្បិត​យើង​មិន​អាច​យក​អ្វីៗ​ដែល​ជា​របស់​លោក ទៅ​ថ្វាយ​ព្រះអម្ចាស់​ជា​តង្វាយ​ដុត​ទាំង​មូល ដោយ​មិន​បង់​ប្រាក់​ឡើយ!»។ ២៥ ព្រះបាទ​ដាវីឌ​ប្រគល់​មាស​សុទ្ធ​ប្រាំ​មួយ​រយ​ស្លឹង​ជូន​លោក​អរ៉ៅណា ដើម្បី​ទិញ​លាន​បោក​ស្រូវ។ ២៦ ព្រះបាទ​ដាវីឌ​សង់​អាសនៈ​ថ្វាយ​ព្រះអម្ចាស់​នៅ​កន្លែង​នោះ ហើយ​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល និង​យញ្ញបូជា​មេត្រីភាព។ ស្ដេច​អង្វរ​រក​ព្រះអម្ចាស់​ព្រះអង្គ​តប​មក​វិញ ដោយ​ប្រទាន​ភ្លើង​ពី​លើ​មេឃ បញ្ឆេះ​តង្វាយ​ដុត​នៅ​លើ​អាសនៈ​នោះ។ ២៧ បន្ទាប់​មក ព្រះអម្ចាស់​បញ្ជា​អោយ​ទេវតា​ស៊ក​ដាវ​ទៅ​ក្នុង​ស្រោម​វិញ។
២៨ នៅ​គ្រា​នោះ​ដោយ​ព្រះបាទ​ដាវីឌ​ឃើញ​ថា ព្រះអម្ចាស់​ឆ្លើយ​តប​នឹង​ពាក្យ​ទូលអង្វរ​របស់​ស្ដេច នៅ​លើ​ទីលាន​បោក​ស្រូវ​របស់​លោក​អរ៉ៅណា ជា​ជន​ជាតិ​យេប៊ូស ស្ដេច​តែងតែ​ថ្វាយ​យញ្ញបូជា​នៅ​ទី​នោះ។ ២៩ រីឯ​ព្រះពន្លា​របស់​ព្រះអម្ចាស់ ដែល​លោក​ម៉ូសេ​បាន​សង់​នៅ​វាល​រហោស្ថាន ព្រម​ទាំង​អាសនៈ​ថ្វាយ​តង្វាយ​ដុត ស្ថិត​នៅ​ទីសក្ការៈ​ទួល​ខ្ពស់* នៅ​ក្រុង​គីបៀន។ ៣០ ប៉ុន្តែ ព្រះបាទ​ដាវីឌ​ពុំ​អាច​យាង​ទៅ​កន្លែង​នោះ​ទេ ដើម្បី​ទូល​សួរ​ព្រះជាម្ចាស់ ដ្បិត​ស្ដេច​ភ័យ​ខ្លាច​ទេវតា*​របស់​ព្រះអម្ចាស់​ប្រហារ​ដោយ​មុខ​ដាវ។