២៤
ក្រុមបូជាចារ្យ
១ កូនចៅរបស់លោកអើរ៉ុន ចែកជាក្រុមៗដូចតទៅ: កូនប្រុសរបស់លោកអើរ៉ុនមាន ណាដាប់ អប៊ីហ៊ូវ អេឡាសារ និងអ៊ីថាម៉ារ។ ២ លោកណាដាប់ និងអប៊ីហ៊ូវបានស្លាប់មុនឪពុក ហើយគ្មានកូនទេ។ ដូច្នេះ មានតែលោកអេឡាសារ និងលោកអ៊ីថាម៉ារប៉ុណ្ណោះ ដែលបំពេញមុខងារជាបូជាចារ្យ។ ៣ ព្រះបាទដាវីឌព្រមទាំងលោកសាដុក ជាពូជពង្សរបស់លោកអេឡាសារ និងលោកអហ៊ីម៉ាឡេក ជាពូជពង្សរបស់លោកអ៊ីថាម៉ារបានបែងចែកបូជាចារ្យជាក្រុមៗ តាមមុខងាររបស់ពួកគេ។ ៤ ប៉ុន្តែ ក្នុងចំណោមកូនចៅរបស់លោកអេឡាសារ មានមេក្រុមគ្រួសារច្រើនជាងមេក្រុមគ្រួសារកូនចៅរបស់លោកអ៊ីថាម៉ារ។ ហេតុនេះគេបែងចែកកូនចៅរបស់លោកអេឡាសារ ជាដប់ប្រាំមួយក្រុមគ្រួសារ ហើយកូនចៅលោកអ៊ីថាម៉ារជាប្រាំបីក្រុមគ្រួសារ ព្រមទាំងមានមេដឹកនាំតាមក្រុមគ្រួសារនីមួយៗផង។ ៥ ការបែងចែកនេះធ្វើឡើង ដោយចាប់ឆ្នោត ហើយមានចំនួនស្មើៗគ្នា ដ្បិតអ្នកគ្រប់គ្រងការងារនៅក្នុងទីសក្ការៈ និងអ្នកគ្រប់គ្រងការងាររបស់ព្រះជាម្ចាស់ សុទ្ធតែមកពីចំណោមកូនចៅរបស់លោកអេឡាសារ ក៏ដូចជាពីចំណោមកូនចៅរបស់លោកអ៊ីថាម៉ារដែរ។ ៦ លោកលេខាធិការសេម៉ាយ៉ា ជាកូនរបស់លោកនេថានេល ពីកុលសម្ព័ន្ធលេវី បានចុះឈ្មោះពួកគេនៅចំពោះព្រះភក្ត្រស្ដេច នៅចំពោះមុខពួកមន្ត្រី លោកបូជាចារ្យសាដុក លោកអហ៊ីម៉ាឡេក ជាកូនរបស់លោកអបៀថើរ ព្រមទាំងមេក្រុមគ្រួសារបូជាចារ្យ និងពួកលេវី។ គេចាប់ឆ្នោតឆ្លាស់គ្នារវាងក្រុមគ្រួសាររបស់លោកអេឡាសារ និងក្រុមគ្រួសាររបស់លោកអ៊ីថាម៉ារ។ ៧ ឆ្នោតទីមួយត្រូវលើលោកយេហូយ៉ារីប ឆ្នោតទីពីរត្រូវលើលោកយេដាយ៉ា ៨ ឆ្នោតទីបីត្រូវលើលោកហារីម ឆ្នោតទីបួនត្រូវលើលោកសេអូរីម ៩ ឆ្នោតទីប្រាំត្រូវលើលោកម៉ាល់គា ឆ្នោតទីប្រាំមួយត្រូវលើលោកមីយ៉ាមីន ១០ ឆ្នោតទីប្រាំពីរត្រូវលើលោកហាកូស ឆ្នោតទីប្រាំបីត្រូវលើលោកអប៊ីយ៉ា ១១ ឆ្នោតទីប្រាំបួនត្រូវលើលោកយេសួរ ឆ្នោតទីដប់ត្រូវលើលោកសេកានា ១២ ឆ្នោតទីដប់មួយត្រូវលើលោកអេលីយ៉ាស៊ីប ឆ្នោតទីដប់ពីរត្រូវលើលោកយ៉ាគីម ១៣ ឆ្នោតទីដប់បីត្រូវលើលោកហ៊ូផា ឆ្នោតទីដប់បួនត្រូវលើលោកយេសេបៀប ១៤ ឆ្នោតទីដប់ប្រាំត្រូវលើលោកប៊ីលកា ឆ្នោតទីដប់ប្រាំមួយត្រូវលើលោកអ៊ីមមើរ ១៥ ឆ្នោតទីដប់ប្រាំពីរត្រូវលើលោកហេសៀរ ឆ្នោតទីដប់ប្រាំបីត្រូវលើលោកហាភីសេស ១៦ ឆ្នោតទីដប់ប្រាំបួនត្រូវលើលោកពេថាហ៊ីយ៉ា ឆ្នោតទីម្ភៃត្រូវលើលោកហេសិគាល ១៧ ឆ្នោតទីម្ភៃមួយត្រូវលើលោកយ៉ាគីន ឆ្នោតទីម្ភៃពីរត្រូវលើលោកកាមូល ១៨ ឆ្នោតទីម្ភៃបីត្រូវលើលោកដេឡាយ៉ា ឆ្នោតទីម្ភៃបួនត្រូវលើលោកមាស៊ា។
១៩ អ្នកទាំងនេះបានទទួលភារកិច្ច តាមមុខងាររបស់ខ្លួន ចូលទៅបំរើការងារក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ ស្របតាមក្បួនច្បាប់ ដែលលោកអើរ៉ុន ជាបុព្វបុរសរបស់ពួកគេបានចែងទុក ដូចព្រះអម្ចាស់ជាព្រះរបស់ជនជាតិអ៊ីស្រាអែលបានបង្គាប់មកលោក។
បញ្ជីរាយនាមក្រុមលេវីមួយចំនួនទៀត
២០ រីឯកូនចៅលេវីឯទៀតៗមានដូចតទៅ: ក្នុងចំណោមកូនចៅរបស់លោកអាំរ៉ាមមាន លោកសេបួល និងក្នុងចំណោមកូនចៅរបស់លោកសេបួលមាន លោកយេដេយ៉ា។ ២១ ក្នុងចំណោមកូនចៅរបស់លោករេហាបយ៉ាមាន លោកយីសយ៉ា ជាមេលើក្រុមគ្រួសារ។ ២២ ក្នុងចំណោមកូនចៅរបស់លោកយីតសារមាន លោកសឡូមិត ក្នុងចំណោមកូនចៅរបស់លោកសឡូមិតមាន លោកយ៉ាហាត់។ ២៣ រីឯកូនចៅរបស់លោកហេប្រូនមាន លោកយេរីយ៉ាជាកូនទីមួយ លោកអម៉ារាជាកូនទីពីរ លោកយ៉ាហាសៀលជាកូនទីបី និងលោកយេកាមាមជាកូនទីបួន។ ២៤ កូនចៅរបស់លោកអ៊ូស៊ាលមាន លោកមីកា។ ក្នុងចំណោមកូនចៅរបស់លោកមីកា មានលោកសាមៀរ។ ២៥ ក្នុងចំណោមកូនចៅរបស់លោកយីសយ៉ា ជាប្អូនរបស់លោកមីកា មានលោកសាការី។ ២៦ កូនចៅរបស់លោកម៉្រារីមាន លោកម៉ាសលី លោកមូស៊ី និងលោកយ៉ាស៊ា។ ២៧ កូនចៅរបស់លោកយ៉ាស៊ា ដែលត្រូវជាកូនរបស់លោកម៉្រារីមាន លោកសូហាំ លោកសាគើរ និងលោកអ៊ីបរី។ ២៨ លោកអេឡាសារជាកូនរបស់លោកម៉ាស់លីគ្មានកូនប្រុសទេ។ ២៩ កូនចៅរបស់លោកគីសមាន លោកយេរ៉ាមែល។ ៣០ កូនចៅរបស់លោកមូស៊ី មានលោកម៉ាស់លី អេឌើរ និងយេរេម៉ូត។ អ្នកទាំងនេះសុទ្ធតែជាកូនចៅលេវី តាមក្រុមគ្រួសាររបស់ខ្លួន។ ៣១ អ្នកទាំងនោះក៏ដូចកូនចៅរបស់លោកអើរ៉ុន ជាបងប្អូនរបស់ខ្លួនដែរ គេត្រូវចាប់ឆ្នោតនៅចំពោះព្រះភក្ត្រព្រះបាទដាវីឌ នៅចំពោះមុខលោកសាដុក និងលោកអហ៊ីម៉ាឡេក ព្រមទាំងមេក្រុមគ្រួសាររបស់ក្រុមបូជាចារ្យ និងក្រុមលេវី ដើម្បីបំពេញមុខងាររបស់ខ្លួន គឺមេដឹកនាំរបស់ក្រុមគ្រួសារបងគេ ក៏ដូចជាមេក្រុមគ្រួសារដែលក្មេងជាងគេដែរ។