២៦
ក្រុម​ឆ្មាំ​ទ្វារ
១ ពួក​ឆ្មាំ​ទ្វារ ចែក​ជា​ក្រុមៗ​ដូច​ត​ទៅ:
ក្នុង​ចៅ​លោក​កូរេ មាន​លោក​មសេលេមា​ជា​កូន​របស់​លោក​កូរេ និង​ជា​ចៅ​របស់​លោក​អេសាភ។ ២ កូន​របស់​លោក​មសេលេមា គឺ​លោក​សាការី​ជា​កូន​ច្បង លោក​យេឌីអែល​ជា​កូន​បន្ទាប់ លោក​សេបាឌា​ជា​កូន​ទី​បី លោក​យ៉ាតនាល​ជា​កូន​ទី​បួន ៣ លោក​អេឡាំ​ជា​កូន​ទី​ប្រាំ លោក​យ៉ូហាណាន​ជា​កូន​ទី​ប្រាំ​មួយ និង​លោក​អេលីយ៉ូណៃ​ជា​កូន​ទី​ប្រាំពីរ។
៤ កូន​របស់​លោក​អូបេឌអេដុម មាន​លោក​សេម៉ាយ៉ា​ជា​កូន​ច្បង លោក​យ៉ូសាបាឌ​ជា​កូន​បន្ទាប់ លោក​យ៉ូអា​ជា​កូន​ទី​បី លោក​សាកើរ​ជា​កូន​ទី​បួន លោក​នេថានេល​ជា​កូន​ទី​ប្រាំ ៥ លោក​អាំមាល​ជា​កូន​ទី​ប្រាំ​មួយ លោក​អ៊ីសាខារ​ជា​កូន​ទី​ប្រាំពីរ លោក​ពេអ៊ូលថាយ​ជា​កូន​ទី​ប្រាំ​បី ដ្បិត​ព្រះជាម្ចាស់​ប្រទាន​ពរ​ដល់​លោក។
៦ លោក​សេម៉ាយ៉ា​ជា​កូន​របស់​លោក​អូបេដអេដុម បង្កើត​បាន​កូន​ប្រុសៗ ដែល​មាន​សិទ្ធិ​គ្រប់គ្រង​លើ​ក្រុម​គ្រួសារ​របស់​ពួក​គេ ដ្បិត​ពួក​គេ​ជា​វីរបុរស​ដ៏​អង់អាច។ ៧ កូន​របស់​លោក​សេម៉ាយ៉ា​មាន លោក​អូតនី លោក​រេផែល លោក​អូបេដ លោក​អែល សាបាដ ព្រម​ទាំង​បង​ប្អូន​របស់​គាត់ គឺ លោក​អេលីហ៊ូវ និង​លោក​សេម៉ាគា ដែល​ជា​មនុស្ស​ដ៏​អង់អាច។ ៨ អ្នក​ទាំង​នេះ​ជា​កូន​ចៅ​របស់​លោក​អូបេដអេដុម។ ខ្លួន​គេ​ផ្ទាល់ និង​កូន​ចៅ ព្រម​ទាំង​បង​ប្អូន​របស់​គេ ជា​មនុស្ស​អង់អាច ព្រោះ​ពួក​គេ​សុទ្ធ​តែ​យក​ចិត្ត​ទុក​ដាក់​បំពេញ​មុខងារ។ កូន​ចៅ​របស់​លោក​អូបេដអេដុម មាន​ចំនួន​ទាំង​អស់ ៦២​នាក់។
៩ លោក​មសេលេមា ព្រម​ទាំង​កូន និង​បង​ប្អូន​របស់​គាត់​មាន​ចំនួន ១៨​នាក់ សុទ្ធ​តែ​ជា​មនុស្ស​អង់អាច។
១០ រីឯ​កូន​របស់​លោក​ហូសា ដែល​ជា​ពូជពង្ស​របស់​លោក​ម៉្រារី មាន: លោក​ស៊ីមរី ជា​មេ​ក្រុម​គ្រួសារ គាត់​មិន​មែន​ជា​កូន​ច្បង​ទេ តែ​ឪពុក​គាត់​បាន​លើក​គាត់ អោយ​ធ្វើ​ជា​មេ​ក្រុម​គ្រួសារ ១១ លោក​ហ៊ីលគីយ៉ា​ជា​កូន​បន្ទាប់ លោក​ថេបាលយ៉ា​ជា​កូន​ទី​បី លោក​សាការី​ជា​កូន​ទី​បួន។ កូន​ចៅ និង​បង​ប្អូន​របស់​លោក​ហូសា មាន​ចំនួន​ទាំង​អស់ ១៣ នាក់។
១២ ពួក​ឆ្មាំ​ទ្វារ​បែង​ចែក​ជា​ក្រុមៗ ហើយ​ទាំង​មេ​ដឹក​នាំ ទាំង​ឆ្មាំ​ទ្វារ​ឯ​ទៀតៗ ជា​បង​ប្អូន​របស់​គេ មាន​មុខងារ​យាម​ព្រះដំណាក់​របស់​ព្រះអម្ចាស់១៣ ពួក​គេ​ចាប់​ឆ្នោត​ដើម្បី​ចែក​គ្នា​យាម​ទ្វារ តាម​ក្រុម​គ្រួសារ​របស់​ខ្លួន ទាំង​ក្មេង​ទាំង​ចាស់។ ១៤ ការ​ចាប់​ឆ្នោត​ត្រូវ​លើ​លោក​សេលេមា ជា​អ្នក​យាម​ទ្វារ​ប៉ែក​ខាង​កើត។ បន្ទាប់​មក គេ​ចាប់​ឆ្នោត​ត្រូវ​លើ​លោក​សាការី ជា​កូន​របស់​គាត់​ដែល​ជា​ទី​ប្រឹក្សា​មួយ​រូប​ដ៏​ចំណាន។ លោក​សាការី​ត្រូវ​យាម​ទ្វារ​ប៉ែក​ខាង​ជើង។ ១៥ លោក​អូបេដអេដុម ត្រូវ​យាម​ទ្វារ​ប៉ែក​ខាង​ត្បូង ហើយ​កូនៗ​របស់​គាត់​ត្រូវ​យាម​ឃ្លាំង។ ១៦ រីឯ​លោក​ស៊ូភីម និង​ហូសា ត្រូវ​យាម​ទ្វារ​ប៉ែក​ខាង​លិច និង​ទ្វារ​សាលេគែត នៅ​ត្រង់​ផ្លូវ​ឡើង​ទៅ​លើ។ ក្រុម​អ្នក​យាម​ចែក​វេន​គ្នា​ដូច​ត​ទៅ: ១៧ នៅ​ទ្វារ​ប៉ែក​ខាង​កើត មាន​ពួក​លេវី​ប្រចាំ​ការ​ប្រាំ​មួយ​នាក់​ក្នុង​មួយ​ថ្ងៃ ទ្វារ​ទិស​ខាង​ជើង​មាន​ពួក​លេវី​បួន​នាក់​ក្នុង​មួយ​ថ្ងៃ ទ្វារ​ទិស​ខាង​ត្បូង​មាន​ពួក​លេវី​បួន​នាក់​ក្នុង​មួយ​ថ្ងៃ ហើយ​បួន​នាក់​ទៀត​យាម​ឃ្លាំង ដោយ​ចែក​គ្នា​ជា​ពីរ​ក្រុម។ ១៨ រីឯ​ប៉ែក​ខាង​បន្ទប់​អម​ដែល​ស្ថិត​នៅ​ទិស​ខាង​លិច មាន​បួន​នាក់​យាម​នៅ​តាម​ផ្លូវ និង​ពីរ​នាក់​ទៀត​យាម នៅ​មាត់​ទ្វារ​បន្ទប់​អម​នោះ។ ១៩ អ្នក​ទាំង​នេះ​ជា​ក្រុម​ឆ្មាំ​ទ្វារ ដែល​ជ្រើស​រើស​ពី​ចំណោម​កូន​ចៅ​លោក​កូរេ និង​កូន​ចៅ​លោក​ម៉្រារី។
មុខងារ​របស់​ពួក​លេវី​មួយ​ចំនួន​ទៀត
២០ ពួក​លេវី​មួយ​ចំនួន​ទៀត មាន​ភារកិច្ច​មើល​ខុស​ត្រូវ​លើ​ទ្រព្យ​សម្បត្តិ​នៃ​ព្រះដំណាក់​របស់​ព្រះជាម្ចាស់ និង​លើ​វត្ថុ​ដ៏​សក្ការៈ​ទាំង​ប៉ុន្មាន ដែល​គេ​យក​មក​ថ្វាយ​ព្រះអង្គ។ ២១ ក្នុង​ចំណោម​កូន​ចៅ​លោក​ឡាអាដាន​នៃ​អំបូរ​គើរសុន មេ​ក្រុម​គ្រួសារ​របស់​គេ​មាន​រាយ​នាម ដូច​ត​ទៅ: លោក​យីអែលី ២២ ព្រម​ទាំង​កូន​របស់​គាត់ គឺ​លោក​សេថាម និង​លោក​យ៉ូអែល​ជា​ប្អូន។ ពួក​គេ​មាន​ភារកិច្ច​មើល​ខុស​ត្រូវ​លើ​ទ្រព្យ​សម្បត្តិ​នៃ​ព្រះដំណាក់​របស់​ព្រះអម្ចាស់២៣ រីឯ​ក្នុង​ចំណោម​កូន​ចៅ​លោក​អាំរ៉ាម កូន​ចៅ​លោក​យីតសារ កូន​ចៅ​លោក​ហេប្រូន និង​កូន​ចៅ​លោក​អ៊ូស៊ាល ២៤ មាន​លោក​សេបួល​ជា​ពូជពង្ស​របស់​លោក​គើរសុន កូន​របស់​លោក​ម៉ូសេ​ជា​អភិរក្ស​លើ​ទ្រព្យ​សម្បត្តិ​ទាំង​នោះ។ ២៥ រីឯ​ក្រុម​ញាតិ​របស់​គាត់ ដែល​ជា​កូន​ចៅ​របស់​លោក​អេលាស៊ើរ មាន​លោក​រេហាបយ៉ា ដែល​ជា​ឪពុក​របស់​លោក​យេសាយ៉ា ជា​ឪពុក​របស់​លោក​យ៉ូរ៉ាម ជា​ឪពុក​របស់​លោក​ស៊ីកគ្រី ជា​ឪពុក​របស់​លោក​សឡូមីត។ ២៦ លោក​សឡូមិត និង​បង​ប្អូន​របស់​គាត់ មាន​ភារកិច្ច​មើល​ខុស​ត្រូវ​លើ​វត្ថុ​សក្ការៈ​ទាំង​ប៉ុន្មាន ដែល​ព្រះបាទ​ដាវីឌ ព្រម​ទាំង​មេ​ក្រុម​គ្រួសារ មេ​កង មេ​ក្រុម និង​មេទ័ព​យក​មក​ថ្វាយ​ព្រះជាម្ចាស់។ ២៧ វត្ថុ​ទាំង​នោះ​សុទ្ធសឹង​ជា​ជយភ័ណ្ឌ ហើយ​គេ​ញែក​ថ្វាយ​ព្រះអម្ចាស់ សំរាប់​ជួសជុល​ព្រះដំណាក់​របស់​ព្រះអង្គ។ ២៨ វត្ថុ​ទាំង​ប៉ុន្មាន​ដែល​លោក​សាំយូអែល ជា​គ្រូ​ទាយ​របស់​ព្រះបាទ​សូល​ជា​បុត្រ​របស់​លោក​គីស លោក​អប៊ីនើរ​ជា​កូន​របស់​លោក​នើរ លោក​យ៉ូអាប់​ជា​កូន​របស់​អ្នក​ស្រី​សេរូយ៉ា ព្រម​ទាំង​អ្នក​ឯ​ទៀតៗ​បាន​ថ្វាយ​ព្រះអម្ចាស់ សុទ្ធ​តែ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​លោក​សឡូមីត និង​បង​ប្អូន​របស់​គាត់។
២៩ ក្នុង​ចំណោម​កូន​ចៅ​លោក​យីតសារ លោក​កេណានា និង​កូនៗ​របស់​គាត់​ទទួល​បន្ទុក​ផ្នែក​រដ្ឋបាល​នៃ​ស្រុក​អ៊ីស្រាអែល គឺ​ជា​អ្នក​គ្រប់គ្រង និង​ជា​ចៅក្រម។ ៣០ ក្នុង​ចំណោម​កូន​ចៅ​លោក​ហេប្រូន លោក​ហាសាបយ៉ា និង​បង​ប្អូន​របស់​គាត់ ដែល​សុទ្ធ​តែ​ជា​មនុស្ស​អង់អាច ចំនួន​១ ៧០០ នាក់ មាន​ភារកិច្ច​ត្រួត​ពិនិត្យ​ដែន​ដី​អ៊ីស្រាអែល នៅ​ខាង​លិច​ទន្លេ​យ័រដាន់ ហើយ​បំពេញ​កិច្ចការ​ទាំង​ប៉ុន្មាន​ថ្វាយ​ព្រះអម្ចាស់ និង​ថ្វាយ​ស្ដេច។ ៣១ នៅ​ឆ្នាំ​ទី​សែសិប នៃ​រជ្ជកាល​ព្រះបាទ​ដាវីឌ គេ​ស្រាវជ្រាវ​ឃើញ​ថា ក្នុង​អំបូរ​ហេប្រូន​មាន​វីរបុរស​ដ៏​អង់អាច​នៅ​ក្រុង​យ៉ាស៊ើរ ក្នុង​ស្រុក​កាឡាដ។ លោក​យេរីយ៉ា ជា​មេ​ដឹក​នាំ​របស់​អំបូរ​ហេប្រូន។ ៣២ ព្រះបាទ​ដាវីឌ​បាន​តែងតាំង​លោក​យេរីយ៉ា ព្រម​ទាំង​បង​ប្អូន​របស់​គាត់ ២ ៧០០ នាក់ សុទ្ធ​តែ​ជា​មនុស្ស​អង់អាច និង​ជា​មេ​ក្រុម​គ្រួសារ​អោយ​គ្រប់គ្រង​លើ​កុលសម្ព័ន្ធ​រូបេន កុលសម្ព័ន្ធ​កាដ និង​កុលសម្ព័ន្ធ​ម៉ាណាសេ​ចំនួន​ពាក់​កណ្ដាល ដើម្បី​បំពេញ​កិច្ចការ​ទាំង​ប៉ុន្មាន​របស់​ព្រះអម្ចាស់ និង​កិច្ចការ​របស់​ស្ដេច។