លិខិត​ទី​មួយ​របស់​លោក​ប៉ូល​ផ្ញើ​ជូន
គ្រិស្ដបរិស័ទ​នៅ​ក្រុង​កូរិនថូស
សេចក្ដី​ផ្ដើម
១ ខ្ញុំ ប៉ូល ជា​អ្នក​ដែល​ព្រះជាម្ចាស់​សព្វ​ព្រះហឫទ័យ​ត្រាស់​ហៅ អោយ​ធ្វើ​ជា​សាវ័ក​របស់​ព្រះគ្រិស្ដ*យេស៊ូ ខ្ញុំ និង​លោក​សូស្តែន ២ សូម​ជំរាប​មក​ក្រុមជំនុំ*​របស់​ព្រះជាម្ចាស់​នៅ​ក្រុង​កូរិនថូស។ ព្រះជាម្ចាស់​បាន​ត្រាស់​ហៅ​បង​ប្អូន​អោយ​ធ្វើ​ជា​ប្រជារាស្ត្រ​ដ៏វិសុទ្ធ* ព្រម​ទាំង​ប្រោស​ប្រទាន​អោយ​បាន​វិសុទ្ធ ក្នុង​អង្គ​ព្រះគ្រិស្ដយេស៊ូ រួម​ជា​មួយ​បង​ប្អូន​ទាំង​អស់​ដែល​អង្វរ​រក​ព្រះនាម​ព្រះយេស៊ូគ្រិស្ដ ជា​ព្រះអម្ចាស់​របស់​យើង​នៅ​គ្រប់​ទី​កន្លែង។ ព្រះអង្គ​ជា​ព្រះអម្ចាស់​របស់​បង​ប្អូន​ទាំង​នោះ ហើយ​ក៏​ជា​ព្រះអម្ចាស់​របស់​យើង​ដែរ។ ៣ សូម​ព្រះជាម្ចាស់ ជា​ព្រះបិតា​របស់​យើង និង​ព្រះអម្ចាស់​យេស៊ូ​គ្រិស្ដ*​ប្រទាន​ព្រះគុណ និង​សេចក្ដី​សុខសាន្ត​ដល់​បង​ប្អូន!។
៤ ខ្ញុំ​តែងតែ​អរ​ព្រះគុណ​ព្រះជាម្ចាស់​ជានិច្ច ព្រោះ​ព្រះអង្គ​បាន​ប្រណីសន្ដោស​ដល់​បង​ប្អូន ដោយ​បង​ប្អូន​រួម​ជា​មួយ​ព្រះគ្រិស្ដយេស៊ូ។ ៥ ដោយ​រួម​ជា​មួយ​ព្រះអង្គ​បង​ប្អូន​បាន​បរិបូណ៌​សព្វ​គ្រប់​ទាំង​អស់ ទាំង​ខាង​ព្រះបន្ទូល ទាំង​ខាង​ការ​ស្គាល់​ព្រះអង្គ។ ៦ សក្ខីភាព​របស់​ព្រះគ្រិស្ដ​បាន​ស្ថិត​នៅ​ក្នុង​បង​ប្អូន​យ៉ាង​ខ្ជាប់ខ្ជួន។ ៧ ហេតុ​នេះ នៅ​ពេល​ដែល​បង​ប្អូន​កំពុង​រង់ចាំ​ព្រះយេស៊ូគ្រិស្ដ ជា​ព្រះអម្ចាស់​របស់​យើង​យាង​មក​យ៉ាង​រុងរឿង​នោះ បង​ប្អូន​មិន​ខ្វះ​ព្រះអំណោយ​ទាន​អ្វី​ឡើយ។ ៨ ព្រះអង្គ​នឹង​ធ្វើ​អោយ​បង​ប្អូន​បាន​ខ្ជាប់ខ្ជួន​រហូត​ដល់​ទី​បំផុត ឥត​មាន​ទោសពៃរ៍​អ្វី នៅ​ថ្ងៃ​ដែល​ព្រះយេស៊ូគ្រិស្ដ ជា​ព្រះអម្ចាស់​នៃ​យើង​យាង​មក​ដល់។ ៩ ព្រះជាម្ចាស់​មាន​ព្រះហឫទ័យ​ស្មោះ​ត្រង់ ព្រះអង្គ​បាន​ត្រាស់​ហៅ​បង​ប្អូន​អោយ​រួម​រស់​ជា​មួយ​ព្រះបុត្រា​របស់​ព្រះអង្គ គឺ​ព្រះយេស៊ូគ្រិស្ដ​ជា​ព្រះអម្ចាស់​នៃ​យើង។
ការ​បាក់​បែក​ក្នុង​ក្រុមជំនុំ
១០ បង​ប្អូន​អើយ ខ្ញុំ​សូម​ទូន្មាន​បង​ប្អូន​ក្នុង​ព្រះនាម​ព្រះយេស៊ូគ្រិស្ដ*​ជា​ព្រះអម្ចាស់​នៃ​យើង​ថា ចូរ​មាន​ចិត្ត​គំនិត​តែ​មួយ កុំ​បាក់​បែក​គ្នា​ឡើយ ត្រូវ​ចុះ​សំរុង​គ្នា​ទាំង​ស្រុង​ដោយ​មាន​គំនិត​តែ​មួយ និង​មាន​យោបល់​តែ​មួយ។ ១១ បង​ប្អូន​អើយ តាម​រយៈ​ក្រុម​គ្រួសារ​របស់​នាង​ក្លូអេ ខ្ញុំ​បាន​ឮ​ដំណឹង​ថា​មាន​កើត​ការ​ទាស់ទែង​គ្នា​ក្នុង​ចំណោម​បង​ប្អូន ១២ គឺ​ម្នាក់​ពោល​ថា «ខ្ញុំ​ជា​កូន​ចៅ​របស់​លោក​ប៉ូល!» ម្នាក់​ថា «ខ្ញុំ​ជា​កូន​ចៅ​របស់​លោក​អប៉ូឡូស!» ម្នាក់​ថា «ខ្ញុំ​ជា​កូន​ចៅ​របស់​លោក​កេផាស!» និង​ម្នាក់​ទៀត​ថា «ខ្ញុំ​ជា​កូន​ចៅ​របស់​ព្រះគ្រិស្ដ!»។ ១៣ តើ​ព្រះគ្រិស្ដ​បែង​ចែក​ជា​ច្រើន​ភាគ​ឬ? តើ​ប៉ូល​ឬ​ដែល​គេ​ឆ្កាង​សំរាប់​បង​ប្អូន? ឬ​មួយ​ក៏​បង​ប្អូន​បាន​ទទួល​ពិធី​ជ្រមុជ​ទឹក*​ក្នុង​នាម​ប៉ូល? ១៤ ខ្ញុំ​សូម​អរ​ព្រះគុណ​ព្រះជាម្ចាស់ ដោយ​ខ្ញុំ​ពុំ​បាន​ធ្វើ​ពិធី​ជ្រមុជ​ទឹក​ជូន​នរណា​ម្នាក់ ក្នុង​ចំណោម​បង​ប្អូន​ឡើយ លើកលែង​តែ​លោក​គ្រីសប៉ុស និង​លោក​កៃយុស​ប៉ុណ្ណោះ។ ១៥ ហេតុ​នេះ​គ្មាន​នរណា​ម្នាក់​អាច​ពោល​ថា ខ្លួន​បាន​ទទួល​ពិធី​ជ្រមុជ​ទឹក​ក្នុង​នាម​ខ្ញុំ​ឡើយ។ ១៦ ខ្ញុំ​ក៏​បាន​ធ្វើ​ពិធី​ជ្រមុជ​ទឹក​ជូន​ក្រុម​គ្រួសារ​របស់​លោក​ស្ទេផាណាស​ដែរ ក្រៅ​ពី​នេះ ខ្ញុំ​មិន​ចាំ​ថា​ខ្ញុំ​បាន​ធ្វើ​ពិធី​ជ្រមុជ​ទឹក​ជូន​អ្នក​ណា​ផ្សេង​ទៀត​ទេ។ ១៧ ព្រះគ្រិស្ដ​ពុំ​បាន​ចាត់​ខ្ញុំ​អោយ​មក​ធ្វើ​ពិធី​ជ្រមុជ​ទឹក​ឡើយ គឺ​ទ្រង់​ចាត់​ខ្ញុំ​អោយ​មក​ផ្សព្វផ្សាយ​ដំណឹងល្អ*​វិញ។ ប៉ុន្តែ ខ្ញុំ​ផ្សព្វផ្សាយ​មិន​មែន​ដោយ​ប្រើ​ពាក្យពេចន៍​តាម​ប្រាជ្ញា​ឡើយ ក្រែង​ធ្វើ​អោយ​ការ​សោយ​ទិវង្គត​របស់​ព្រះគ្រិស្ដ​នៅ​លើ​ឈើ​ឆ្កាង​ទៅ​ជា​អស់​ខ្លឹមសារ។
ព្រះយេស៊ូ​ជា​ឫទ្ធានុភាព និង​ជា​ប្រាជ្ញាញាណ​របស់​ព្រះជាម្ចាស់
១៨ អ្នក​ដែល​ត្រូវ​វិនាស​អន្តរាយ ចាត់​ទុក​ដំណឹង​អំពី​ព្រះគ្រិស្ដ*​សោយ​ទិវង្គត​នៅ​លើ​ឈើ​ឆ្កាង ថា​លេលា រីឯ​យើង​ដែល​កំពុង​តែ​ទទួល​ការ​សង្គ្រោះ​វិញ យើង​ជឿ​ថា ដំណឹង​នេះ​ជា​ឫទ្ធានុភាព​របស់​ព្រះជាម្ចាស់ ១៩ ដ្បិត​មាន​ចែង​ទុក​មក​ថាៈ «យើង​នឹង​រំលាយ​ប្រាជ្ញា​របស់​ពួក​អ្នក​ប្រាជ្ញ ហើយ​ធ្វើ​អោយ​តម្រិះ​របស់​ពួក​អ្នក​ចេះ​ដឹង​រលាយ​សាប​សូន្យ​ទៅ​ដែរ»
២០ ដូច្នេះ អ្នក​ប្រាជ្ញ គ្រូ​បាធ្យាយ និង​អ្នក​ដេញ​ដោល​នា​សម័យ​នេះ​ធ្វើ​អ្វី​កើត បើ​ព្រះជាម្ចាស់​បាន​ធ្វើ​អោយ​ប្រាជ្ញា​របស់​លោកីយ៍​នេះ ទៅ​ជា​លេលា​វិញ​នោះ!។ ២១ ដោយ​ប្រាជ្ញា​របស់​ខ្លួន មនុស្ស​លោក​ពុំ​បាន​ស្គាល់​ព្រះជាម្ចាស់ តាម​អ្វីៗ​ដែល​ព្រះប្រាជ្ញាញាណ​របស់​ព្រះអង្គ​សំដែង​អោយ​គេ​ស្គាល់​នោះ​បាន​ឡើយ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះជាម្ចាស់​សព្វ​ព្រះហឫទ័យ​សង្គ្រោះ​អ្នក​ជឿ ដោយ​ពាក្យ​ប្រកាស​ដែល​មនុស្ស​លោក​ចាត់​ទុក​ថា​លេលា​នោះ។ ២២ សាសន៍​យូដា​សុំ​មើល​ទី​សំគាល់​ដ៏​អស្ចារ្យ សាសន៍​ក្រិក​ចង់​ឃើញ​ភស្ដុតាង​តាម​ប្រាជ្ញា ២៣ រីឯ​យើង​វិញ យើង​ប្រកាស​អំពី​ព្រះគ្រិស្ដ*​ដែល​សោយ​ទិវង្គត​នៅ​លើ​ឈើ​ឆ្កាង។ សាសន៍​យូដា​យល់​ឃើញ​ថា ពាក្យ​ប្រកាស​នេះ​រារាំង​គេ​មិន​អោយ​ជឿ ហើយ​សាសន៍​ដទៃ​យល់​ឃើញ​ថា​ជា​រឿង​លេលា។ ២៤ ប៉ុន្តែ ចំពោះ​អស់​អ្នក​ដែល​ព្រះជាម្ចាស់​បាន​ត្រាស់​ហៅ ទាំង​សាសន៍​យូដា​ទាំង​សាសន៍​ក្រិក គេ​ចាត់​ទុក​ព្រះគ្រិស្ដ​ថា​ជា​ឫទ្ធានុភាព និង​ជា​ព្រះប្រាជ្ញាញាណ​របស់​ព្រះជាម្ចាស់​វិញ។ ២៥ អ្វីៗ​ដែល​មនុស្ស​លោក​យល់​ថា​ជា​គំនិត​លេលា​របស់​ព្រះជាម្ចាស់​នោះ ប្រសើរ​លើស​ប្រាជ្ញា​របស់​មនុស្ស​ទៅ​ទៀត ហើយ​អ្វីៗ​ដែល​មនុស្ស​លោក​យល់​ថា​ជា​ការ​ទន់​ខ្សោយ​របស់​ព្រះជាម្ចាស់ ក៏​ប្រសើរ​លើស​កម្លាំង​របស់​មនុស្ស​ដែរ។
២៦ បង​ប្អូន​អើយ សូម​គិត​មើល​ចុះ តើ​បង​ប្អូន​ជា​មនុស្ស​បែប​ណា​បាន​ជា​ព្រះជាម្ចាស់​ត្រាស់​ហៅ គឺ​ក្នុង​ចំណោម​បង​ប្អូន ពុំ​សូវ​មាន​អ្នក​ប្រាជ្ញ​ខាង​លោកីយ៍​នេះ​ទេ ហើយ​ក៏​ពុំ​សូវ​មាន​អ្នក​ធំ និង​អ្នក​ត្រកូល​ខ្ពស់​ដែរ។ ២៧ ផ្ទុយ​ទៅ​វិញ ព្រះជាម្ចាស់​បាន​ជ្រើស​រើស​អ្វីៗ​ដែល​មនុស្ស​លោក​ចាត់​ទុក​ថា​លេលា​មក​ផ្ចាញ់​ពួក​អ្នក​ប្រាជ្ញ ព្រះអង្គ​បាន​ជ្រើស​រើស​អ្វីៗ​ដែល​មនុស្ស​លោក​ចាត់​ទុក​ថា​ទន់​ខ្សោយ មក​ផ្ចាញ់​ពួក​អ្នក​ខ្លាំង​ពូកែ។ ២៨ ព្រះជាម្ចាស់​បាន​ជ្រើស​រើស​អ្វីៗ ដែល​មនុស្ស​លោក​ចាត់​ទុក​ថា​ទាប​ថោក គួរ​អោយ​មាក់​ងាយ ហើយ​គ្មាន​តម្លៃ​មក​ផ្ចាញ់​អ្វីៗ​ដែល​មនុស្ស​លោក ចាត់​ទុក​ថា​ថ្លៃថ្នូរ​វិញ។ ២៩ ដូច្នេះ គ្មាន​មនុស្ស​ណា​អាច​អួតអាង​នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះជាម្ចាស់​បាន​ឡើយ ៣០ គឺ​ព្រះអង្គ​ហើយ ដែល​បាន​ប្រោស​អោយ​បង​ប្អូន​មាន​តម្លៃ ដោយ​ចូល​រួម​ជា​មួយ​ព្រះគ្រិស្ដយេស៊ូ ដែល​បាន​ទៅ​ជា​ប្រាជ្ញា​មក​ពី​ព្រះជាម្ចាស់ សំរាប់​យើង។ ព្រះអង្គ​ប្រទាន​អោយ​យើង​បាន​សុចរិត* បាន​វិសុទ្ធ* និង​លោះ​យើង​អោយ​មាន​សេរីភាព។ ៣១ ដូច្នេះ អ្នក​ណា​ចង់​អួតអាង ត្រូវ​អួតអាង​អំពី​កិច្ចការ​ដែល​ព្រះអម្ចាស់​បាន​ធ្វើ​ ដូច​មាន​ចែង​ទុក​មក​ស្រាប់។