១៦
ពាក្យ​សួរ​សុខ​ទុក្ខ
១ ខ្ញុំ​សូម​ផ្ដែផ្ដាំ​មក​បង​ប្អូន​អំពី​នាង​ភីបេ ដែល​ជា​បង​ប្អូន​របស់​យើង គាត់​បំរើ​ក្រុមជំនុំ​នៅ​ក្រុង​កេងគ្រា ២ សូម​បង​ប្អូន​ទទួល​គាត់ ក្នុង​ព្រះនាម​ព្រះអម្ចាស់​អោយ​បាន​សម​ជា​ប្រជាជន​ដ៏វិសុទ្ធ។ សូម​បង​ប្អូន​ជួយ​គាត់​ក្នុង​ករណី​ណា ដែល​គាត់​ត្រូវ​ការ​អោយ​បង​ប្អូន​ជួយ ដ្បិត​គាត់​បាន​ជួយ​រ៉ាប់​រង​បង​ប្អូន​ជា​ច្រើន​នាក់ ហើយ​ក៏​បាន​ជួយ​ខ្ញុំ​ផង​ដែរ។
៣ សូម​ជំរាប​សួរ​នាង​ព្រីស៊ីល និង​លោក​អគីឡា​អោយ​ខ្ញុំ​ផង។ គាត់​ទាំង​ពីរ​នាក់​បាន​ធ្វើ​ការ​បំរើ​ព្រះគ្រិស្ដ រួម​ជា​មួយ​ខ្ញុំ ៤ គាត់​បាន​ស៊ូ​ប្ដូរ​ជីវិត ដើម្បី​ជួយ​សង្គ្រោះ​ខ្ញុំ ហើយ​មិន​ត្រឹម​តែ​ខ្ញុំ​ម្នាក់​ប៉ុណ្ណោះ​ទេ​ដែល​អរគុណ​គាត់ ក្រុមជំនុំ​ទាំង​មូល​របស់​សាសន៍​ដទៃ ក៏​អរគុណ​គាត់​ដែរ។ ៥ សូម​ជំរាប​សួរ​ក្រុមជំនុំ ដែល​ជួបជុំ​គ្នា​ក្នុង​ផ្ទះ​គាត់​អោយ​ខ្ញុំ​ផង។ សូម​ជំរាប​សួរ​លោក​អេប៉ៃណែត ដ៏​ជា​ទី​ស្រឡាញ់​របស់​ខ្ញុំ ដែល​បាន​ថ្វាយ​ខ្លួន​ចំពោះ​ព្រះគ្រិស្ដ​មុន​គេ​បង្អស់ នៅ​ស្រុក​អាស៊ី។ ៦ សូម​ជំរាប​សួរ​នាង​ម៉ារី​ដែល​បាន​នឿយហត់​យ៉ាង​ច្រើន ដើម្បី​បង​ប្អូន។ ៧ សូម​ជំរាប​សួរ​លោក​អាន់ត្រូនីក និង​នាង​យូនាស​ជា​សាច់ញាតិ​របស់​ខ្ញុំ ដែល​បាន​ជាប់​ឃុំឃាំង​ជា​មួយ​ខ្ញុំ​នោះ​ដែរ អ្នក​ទាំង​ពីរ​ជា​សាវ័ក*​ដែល​គេ​គោរព​រាប់​អាន​ខ្លាំង​ណាស់ ហើយ​គាត់​ក៏​បាន​ជឿ​ព្រះគ្រិស្ដ​មុន​ខ្ញុំ​ផង។
៨ សូម​ជំរាប​សួរ​លោក​អាំភ្លាស ដ៏​ជា​ទី​ស្រឡាញ់​របស់​ខ្ញុំ​ក្នុង​ព្រះអម្ចាស់។ ៩ សូម​ជំរាប​សួរ​លោក​អ៊ើបាន់​ដែល​ធ្វើ​ការ​បំរើ​ព្រះគ្រិស្ដ​រួម​ជា​មួយ​យើង និង​ជំរាប​សួរ​លោក​ស័តាឃីស​ដ៏​ជា​ទី​ស្រឡាញ់​របស់​ខ្ញុំ​ផង។ ១០ សូម​ជំរាប​សួរ​លោក​អពេលេស ដែល​បាន​បង្ហាញ​ជំនឿ​រឹងប៉ឹង​លើ​ព្រះគ្រិស្ដ។ សូម​ជំរាប​សួរ​បង​ប្អូន ដែល​ជា​ក្រុម​ញាតិ​របស់​លោក​អើរិស្ដូប៊ូល។ ១១ សូម​ជំរាប​សួរ​លោក​ហេរ៉ូឌាន​ជា​សាច់ញាតិ​របស់​ខ្ញុំ។ សូម​ជំរាប​សួរ​បង​ប្អូន​ដែល​ជឿ​ព្រះអម្ចាស់ និង​ជា​ក្រុម​ញាតិ​លោក​ណើគីស។ ១២ សូម​ជំរាប​សួរ​នាង​ទ្រីភែន និង​នាង​ទ្រីផូស នាង​ទាំង​ពីរ​បាន​នឿយហត់​បំរើ​ព្រះអម្ចាស់។ សូម​ជំរាប​សួរ​នាង​ពើស៊ីស​ដ៏​ជា​ទី​ស្រឡាញ់ ដែល​បាន​នឿយហត់​បំរើ​ព្រះអម្ចាស់។ ១៣ សូម​ជំរាប​សួរ​លោក​រូភូស ដែល​ព្រះអម្ចាស់​បាន​ជ្រើស​រើស និង​ជំរាប​សួរ​ម្ដាយ​របស់​គាត់​ដែល​ខ្ញុំ​ចាត់​ទុក​ដូច​ជា​ម្ដាយ​របស់​ខ្ញុំ​ដែរ។ ១៤ សូម​ជំរាប​សួរ​លោក​អស៊ីងគ្រីត លោក​ផ្លេគូន លោក​ហ៊ើម៉ាស លោក​ប៉ាត្រូបាស លោក​ហ៊ើមេស និង​បង​ប្អូន​ដែល​នៅ​ជា​មួយ​គេ។ ១៥ សូម​ជំរាប​សួរ​លោក​ភីឡូឡូក នាង​យូលាស លោក​នេរើស និង​ប្អូន​ស្រី​គាត់ ព្រម​ទាំង​ជំរាប​សួរ​លោក​អូលីមប៉ាស និង​ប្រជាជន​ដ៏វិសុទ្ធ​ទាំង​អស់​ដែល​នៅ​ជា​មួយ​គេ​ផង​ដែរ។ ១៦ សូម​បង​ប្អូន​ជំរាប​សួរ​គ្នា​ទៅ​វិញ​ទៅ​មក​ដោយ​ស្និទ្ធស្នាល​ផង​។
ក្រុមជំនុំ​ទាំង​អស់​របស់​ព្រះគ្រិស្ដ សូម​ជំរាប​សួរ​មក​បង​ប្អូន។
ពាក្យ​ដាស់​តឿន​ចុង​បញ្ចប់
១៧ បង​ប្អូន​អើយ ខ្ញុំ​សូម​ដាស់​តឿន​បង​ប្អូន​អោយ​ប្រុង​ប្រយ័ត្ន នឹង​ពួក​អ្នក​ដែល​បង្ក​អោយ​មាន​ការ​បាក់​បែក​គ្នា និង​នាំ​អោយ​បង​ប្អូន​រវាត​ចិត្ត​ចេញ​ពី​ជំនឿ ដោយ​គេ​ប្រព្រឹត្ត​ផ្ទុយ​ពី​សេចក្ដី​បង្រៀន ដែល​បង​ប្អូន​បាន​ទទួល​សូម​បង​ប្អូន​ចៀស​ចេញ​អោយ​ឆ្ងាយ​ពី​អ្នក​ទាំង​នោះ​ទៅ ១៨ ដ្បិត​មនុស្ស​ប្រភេទ​នេះ​មិន​បំរើ​ព្រះគ្រិស្ដជាអម្ចាស់​នៃ​យើង​ទេ គឺ​គេ​បំរើ​ក្រពះ​របស់​គេ​វិញ ហើយ​បញ្ឆោត​អ្នក​ដែល​មាន​ចិត្ត​ស្លូត​ត្រង់ ដោយ​ប្រើ​ពាក្យ​សំដី​ពីរោះៗ និង​ពាក្យ​បញ្ចើចបញ្ចើ។ ១៩ រីឯ​បង​ប្អូន​វិញ មនុស្សម្នា​ដឹង​គ្រប់​គ្នា​ថា បង​ប្អូន​ស្ដាប់​បង្គាប់​ព្រះអម្ចាស់។ ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​មាន​អំណរ ព្រោះ​តែ​បង​ប្អូន ហើយ​ខ្ញុំ​ចង់​អោយ​បង​ប្អូន​មាន​ប្រាជ្ញា​ធ្វើ​ការ​អ្វី​ដែល​ល្អ ឥត​ទាក់​ទាម​នឹង​ការ​អ្វី​ដែល​អាក្រក់។ ២០ ព្រះជាម្ចាស់ ជា​ប្រភព​នៃ​សេចក្ដី​សុខសាន្ត​នឹង​កំទេច​មារ*​សាតាំង អោយ​នៅ​ក្រោម​បាត​ជើង​របស់​បង​ប្អូន​ក្នុង​ពេល​ឆាប់ៗ។ សូម​អោយ​បង​ប្អូន​បាន​ប្រកប​ដោយ​ព្រះគុណ​របស់​ព្រះយេស៊ូ​ជា​អម្ចាស់​នៃ​យើង។
២១ លោក​ធីម៉ូថេ ដែល​ធ្វើ​ការ​រួម​ជា​មួយ​ខ្ញុំ សូម​ជំរាប​សួរ​មក​បង​ប្អូន ហើយ​លោក​លូគាស លោក​យ៉ាសូន និង​លោក​សូសិប៉ាត្រុស ដែល​ជា​សាច់ញាតិ​របស់​ខ្ញុំ ក៏​សូម​ជំរាប​សួរ​មក​បង​ប្អូន​ដែរ។
២២ ខ្ញុំ​ទើទាស ជា​អ្នក​សរសេរ​លិខិត​នេះ សូម​ជំរាប​សួរ​មក​បង​ប្អូន ក្នុង​ព្រះនាម​ព្រះអម្ចាស់​ដែរ។ ២៣ លោក​កៃយុស​ដែល​ទទួល​ខ្ញុំ និង​ទទួល​ក្រុមជំនុំ​ទាំង​មូល អោយ​ជួបជុំ​គ្នា​នៅ​ផ្ទះ​គាត់ សូម​ជំរាប​សួរ​មក​បង​ប្អូន លោក​អេរ៉ាស្ទុស ជា​មេ​ឃ្លាំង​ប្រាក់​របស់​ក្រុង និង​លោក​ក្វើតុស ជា​បង​ប្អូន​យើង ក៏​សូម​ជំរាប​សួរ​មក​បង​ប្អូន​ដែរ។ [ ២៤ សូម​អោយ​បង​ប្អូន​បាន​ប្រកប​ដោយ​ព្រះគុណ​របស់​ព្រះយេស៊ូគ្រិស្ដ​ជា​អម្ចាស់​នៃ​យើង! អាម៉ែន!]។
២៥ ព្រះជាម្ចាស់​មាន​ឫទ្ធានុភាព នឹង​ធ្វើ​អោយ​បង​ប្អូន​មាន​ជំនឿ​ខ្ជាប់ខ្ជួន ស្រប​តាម​ដំណឹងល្អ​របស់​ខ្ញុំ និង​ស្រប​តាម​ពាក្យ​ដែល​ខ្ញុំ​ប្រកាស​អំពី​ព្រះយេស៊ូគ្រិស្ដ តាម​តែ​ព្រះជាម្ចាស់​បាន​សំដែង​អំពី​គំរោងការ​ដ៏​លាក់​កំបាំង​ដែល​ព្រះអង្គ​លាក់​ទុក​តាំង​ពី​ដើម​រៀង​មក ២៦ តែ​ទ្រង់​បាន​សំដែង​អោយ​យើង​ស្គាល់ នៅ​ពេល​នេះ​តាម​រយៈ​គម្ពីរ​ព្យាការី និង​ស្រប​តាម​ព្រះបញ្ជា​របស់​ព្រះជាម្ចាស់ ដែល​គង់​នៅ​អស់កល្ប​ជានិច្ច ដើម្បី​អោយ​ជាតិ​សាសន៍​ទាំង​អស់​បាន​ស្គាល់ ហើយ​អោយ​គេ​ជឿ និង​ស្ដាប់​តាម។ ២៧ មាន​តែ​ព្រះជាម្ចាស់​មួយ​ព្រះអង្គ​គត់ ដែល​ប្រកប​ដោយ​ព្រះប្រាជ្ញាញាណ សូម​លើក​តម្កើង​សិរីរុងរឿង​របស់​ព្រះអង្គ តាម​រយៈ​ព្រះយេស៊ូគ្រិស្ដ​អស់កល្ប​ជា​អង្វែង​ត​រៀង​ទៅ! អាម៉ែន!។