៤
សាវ័ករបស់ព្រះគ្រិស្ដ
១ ហេតុនេះ សូមបងប្អូនចាត់ទុកយើងថា ជាអ្នកបំរើរបស់ព្រះគ្រិស្ដ* និងជាអ្នកមើលខុសត្រូវលើគំរោងការដ៏លាក់កំបាំង*របស់ព្រះជាម្ចាស់។ ២ រីឯអ្នកមើលខុសត្រូវគួរតែមានចិត្តស្មោះត្រង់។ ៣ ចំពោះរូបខ្ញុំ ទោះបីបងប្អូនក្ដី ឬមនុស្សលោកក្ដី វាយតម្លៃខ្ញុំថាជាមនុស្សបែបណាក៏ដោយ ខ្ញុំមិនអំពល់អ្វីទេ ហើយរូបខ្ញុំផ្ទាល់ ក៏ខ្ញុំមិនវាយតម្លៃខ្លួនឯងដែរ ៤ ដ្បិតក្នុងចិត្តខ្ញុំ ខ្ញុំយល់ឃើញថា ខ្ញុំគ្មានធ្វើអ្វីខុសឡើយ។ ប៉ុន្តែ មិនមែនការយល់ឃើញរបស់ខ្ញុំនេះទេ ដែលធ្វើអោយខ្ញុំបានសុចរិត មានតែព្រះអម្ចាស់ប៉ុណ្ណោះដែលវិនិច្ឆ័យខ្ញុំ។ ៥ ហេតុនេះ សូមបងប្អូនកុំវិនិច្ឆ័យទោសនរណាមុនពេលកំណត់ឡើយ ត្រូវរង់ចាំព្រះអម្ចាស់យាងមកដល់សិន គឺព្រះអង្គនឹងយកអ្វីៗដែលមនុស្សបង្កប់ទុកក្នុងទីងងឹត មកដាក់នៅទីភ្លឺ ហើយព្រះអង្គនឹងបង្ហាញបំណងដែលលាក់ទុកក្នុងចិត្តមនុស្ស។ នៅពេលនោះ ព្រះជាម្ចាស់នឹងសរសើរមនុស្សម្នាក់ៗទៅតាមការដែលខ្លួនបានប្រព្រឹត្ត។
៦ បងប្អូនអើយ ព្រោះតែបងប្អូនហើយ បានជាខ្ញុំលើកយករឿងលោកអប៉ូឡូស និងខ្លួនខ្ញុំផ្ទាល់មកនិយាយជាឧទាហរណ៍ ដើម្បីអោយបងប្អូនយល់ថា មិនត្រូវធ្វើអ្វីហួសពីសេចក្ដីដែលមានសរសេរក្នុងសំបុត្រនេះឡើយ។ ក្នុងចំណោមបងប្អូន ក៏មិនត្រូវអោយមាននរណាអួតខ្លួនដោយកាន់ជើងម្នាក់ ហើយប្រឆាំងនឹងម្នាក់ទៀតដែរ។ ៧ តើមានអ្វីដែលធ្វើអោយអ្នកប្រសើរជាងអ្នកឯទៀតៗ? អ្វីៗដែលអ្នកមាន គឺសុទ្ធតែបានទទួលពីព្រះជាម្ចាស់ទេតើ!។ បើអ្នកបានទទួលពីព្រះអង្គដូច្នេះ ហេតុដូចម្ដេចបានជាអ្នកអួតខ្លួន ធ្វើហាក់ដូចជាមិនមែនមកពីព្រះអង្គទៅវិញ?
៨ បងប្អូនបានឆ្អែតស្កប់ស្កល់ហើយ! បងប្អូនមានស្ដុកស្ដម្ភហើយ! បងប្អូនបានឡើងសោយរាជ្យហើយ តែយើងអត់បានទេ!។ ខ្ញុំចង់អោយបងប្អូនបានឡើងសោយរាជ្យពិតប្រាកដមែន ដើម្បីអោយយើងបានឡើងសោយរាជ្យរួមជាមួយបងប្អូនផង។ ៩ បើតាមខ្ញុំយល់ឃើញព្រះជាម្ចាស់ប្រទានអោយយើង ដែលជាសាវ័ក*មានឋានៈទាបជាងគេ គឺទុកដូចជាអ្នកដែលត្រូវគេកាត់ទោសប្រហារជីវិតនៅទីសាធារណៈអោយគ្រប់ៗគ្នាឃើញ ទាំងទេវតា* ទាំងមនុស្សលោក។ ១០ យើងជាមនុស្សលេលា ព្រោះតែព្រះគ្រិស្ដ រីឯបងប្អូនវិញ បងប្អូនជាអ្នកចេះដឹងរួមជាមួយព្រះគ្រិស្ដ យើងជាមនុស្សទន់ខ្សោយ តែបងប្អូនជាមនុស្សខ្លាំងពូកែ បងប្អូនមានសិរីរុងរឿង តែយើងត្រូវគេមើលងាយ។ ១១ សូម្បីតែនៅពេលនេះក្ដី យើងនៅតែឃ្លាននៅតែស្រេក ខ្វះសម្លៀកបំពាក់ មានគេវាយ ហើយរស់នៅអនាថាដដែល។ ១២ យើងធ្វើការចិញ្ចឹមជីវិតយ៉ាងនឿយហត់ដោយកម្លាំងខ្លួនឯងផ្ទាល់។ ពេលគេជេរយើង យើងអោយពរគេវិញ ពេលគេបៀតបៀន យើងស៊ូទ្រាំ ១៣ ពេលគេនិយាយមួលបង្កាច់យើង យើងនិយាយទៅគេវិញដោយរាក់ទាក់។ មកទល់ពេលនេះយើងប្រៀបបីដូចជាសំរាមរបស់លោកីយ៍ និងជាមនុស្សគ្មានគេរាប់រក។
១៤ ខ្ញុំសរសេរសេចក្ដីនេះមកជូនបងប្អូន មិនមែនក្នុងគោលបំណងចង់អោយបងប្អូនអៀនខ្មាសទេ គឺចង់ទូន្មានបងប្អូន ដូចទូន្មានកូនជាទីស្រឡាញ់របស់ខ្ញុំដែរ។ ១៥ ទោះបីបងប្អូនមានគ្រូអាចារ្យមួយម៉ឺននាក់ណែនាំតាមមាគ៌ាព្រះគ្រិស្ដក៏ដោយ ក៏បងប្អូនគ្មានឪពុកច្រើនដែរ គឺមានតែខ្ញុំហ្នឹងហើយដែលបានបង្កើតបងប្អូនមកអោយរួមរស់ជាមួយព្រះយេស៊ូគ្រិស្ដ* ដោយបាននាំដំណឹងល្អ*មកជូនបងប្អូន។ ១៦ ដូច្នេះ ខ្ញុំសុំទូន្មានបងប្អូនថា សូមយកតំរាប់តាមខ្ញុំ។ ១៧ ក្នុងករណីនេះ ខ្ញុំបានចាត់លោកធីម៉ូថេ ជាកូនដ៏ជាទីស្រឡាញ់របស់ខ្ញុំ ដែលស្មោះត្រង់នឹងព្រះអម្ចាស់អោយមករកបងប្អូន។ គាត់នឹងរំលឹកបងប្អូន អំពីរបៀបរស់នៅស្របតាមមាគ៌ារបស់ព្រះគ្រិស្ដ ដូចខ្ញុំតែងប្រៀនប្រដៅក្រុមជំនុំទាំងអស់នៅគ្រប់ទីកន្លែងស្រាប់។
១៨ អ្នកខ្លះនឹកស្មានថា ខ្ញុំនឹងមិនមករកបងប្អូនទេ គេក៏នាំគ្នាអួតបំប៉ាង។ ១៩ ប្រសិនបើព្រះអម្ចាស់សព្វព្រះហឫទ័យ ខ្ញុំនឹងមករកបងប្អូនក្នុងពេលឆាប់ៗ។ ពេលនោះ ខ្ញុំមុខជាឃើញកិច្ចការដែលអ្នកអួតទាំងនោះប្រព្រឹត្តផ្ទាល់នឹងភ្នែកតែម្ដង គឺមិនត្រឹមតែឮពាក្យសំដីរបស់គេប៉ុណ្ណោះទេ ២០ ដ្បិតព្រះរាជ្យ*របស់ព្រះជាម្ចាស់មិនមែនស្ថិតនៅលើពាក្យសំដីទេ គឺស្ថិតនៅលើការប្រព្រឹត្តវិញ។ ២១ តើបងប្អូនចង់អោយខ្ញុំធ្វើអ្វី? អោយខ្ញុំមករកបងប្អូន ដោយយករំពាត់មកជាមួយ ឬក៏ចង់អោយយកសេចក្ដីស្រឡាញ់ និងចិត្តស្លូតបូតមកជាមួយ?