អំពី​ការ​ប្រាស​ចាក​សីលធម៌
១ មាន​លេច​ឮ​នៅ​គ្រប់​ទី​កន្លែង​ថា ក្នុង​ចំណោម​បង​ប្អូន មាន​កើត​រឿង​កាម​គុណ​ថោក​ទាប​ដ៏​អាក្រក់​ហួស​ហេតុ សូម្បី​តែ​នៅ​ក្នុង​ចំណោម​សាសន៍​ដទៃ ក៏​មិន​ដែល​មាន​រឿង​ដូច្នេះ​ផង គឺ​មាន​ម្នាក់​បាន​រួមរ័ក​ជា​មួយ​ប្រពន្ធ​ចុង​ឪពុក​របស់​ខ្លួន។ ២ ប៉ុណ្ណឹង​ហើយ បង​ប្អូន​នៅ​តែ​អួត​បំប៉ោង​ទៀត! ម្ដេច​ក៏​បង​ប្អូន​មិន​នាំ​គ្នា​កាន់​ទុក្ខ ដក​ជន​ដែល​ប្រព្រឹត្ត​អំពើ​ថោក​ទាប​នោះ ចេញ​ពី​ចំណោម​បង​ប្អូន​ទៅ!។ ៣ ចំពោះ​ខ្ញុំ​ផ្ទាល់ ថ្វីដ្បិត​តែ​រូប​កាយ​ខ្ញុំ​មិន​នៅ​ជា​មួយ​បង​ប្អូន តែ​វិញ្ញាណ​ខ្ញុំ​នៅ​ជា​មួយ​បង​ប្អូន​ជានិច្ច ហើយ​ខ្ញុំ​ក៏​បាន​ដាក់​ទោស​ជន​ដែល​ប្រព្រឹត្ត​អំពើ​បែប​នេះ​រួច​ស្រេច​ទៅ​ហើយ គឺ​ដូច​ជា​ខ្ញុំ​នៅ​ជា​មួយ​បង​ប្អូន​ដែរ។ ៤ ពេល​បង​ប្អូន​រួម​ប្រជុំ​គ្នា​ក្នុង​ព្រះនាម​ព្រះអម្ចាស់យេស៊ូ វិញ្ញាណ​ខ្ញុំ​ក៏​នៅ​ជា​មួយ ហើយ​ឫទ្ធានុភាព​របស់​ព្រះអង្គ​ក៏​ស្ថិត​នៅ​ជា​មួយ​ដែរ ៥ ត្រូវ​តែ​បញ្ជូន​មនុស្ស​បែប​នេះ​ទៅ​មារ*​សាតាំង ដើម្បី​អោយ​រូប​កាយ​របស់​គាត់​វិនាស តែ​វិញ្ញាណ​របស់​គាត់​នឹង​ទទួល​ការ​សង្គ្រោះ​នៅ​ថ្ងៃ​ព្រះអម្ចាស់​យាង​មក។
៦ បង​ប្អូន​មិន​គួរ​អួត​ខ្លួន​សោះ​ឡើយ! បង​ប្អូន​មិន​ជ្រាប​ទេ​ឬ “មេ​តែ​បន្តិច​អាច​ធ្វើ​អោយ​ម្សៅ​ទាំង​មូល​ដោរ​ឡើង​បាន!”។ ៧ សូម​បង​ប្អូន​ជំរះ​ខ្លួន​អោយ​បាន​បរិសុទ្ធ*​ផុត​ពី​មេ​ម្សៅ​ចាស់​នោះ​ទៅ ដើម្បី​អោយ​បង​ប្អូន​បាន​ទៅ​ជា​ម្សៅ​ថ្មី ដែល​គ្មាន​មេ ដ្បិត​គេ​បាន​សម្លាប់​ព្រះគ្រិស្ដ​ធ្វើ​ជា​យញ្ញបូជា​របស់​យើង ក្នុង​ឱកាស​បុណ្យ​ចម្លង*​ រួច​ស្រេច​ទៅ​ហើយ។ ៨ ហេតុ​នេះ យើង​ត្រូវ​ធ្វើ​ពិធី​បុណ្យ​ចម្លង ដោយ​មិន​ប្រើ​នំបុ័ង​ដែល​មាន​មេ​ម្សៅ​ចាស់ ឬ​មេ​នៃ​អំពើ​អាក្រក់ និង​អំពើ​ថោក​ទាប​នោះ​ឡើយ គឺ​យើង​ប្រើ​នំបុ័ង​ឥត​មេ​ជា​សញ្ញា​នៃ​ចិត្ត​បរិសុទ្ធ និង​ចិត្ត​ស្មោះ​ត្រង់​របស់​យើង។
៩ ក្នុង​សំបុត្រ​របស់​ខ្ញុំ​ ខ្ញុំ​បាន​សរសេរ​មក​ជំរាប​បង​ប្អូន​ថា កុំ​ទាក់ទង​នឹង​អ្នក​ដែល​ប្រព្រឹត្ត​កាម​គុណ​ថោក​ទាប​ អោយ​សោះ។ ១០ ខ្ញុំ​និយាយ​ដូច្នេះ​មិន​មែន​សំដៅ​ទៅ​លើ​អ្នក​ដែល​ប្រព្រឹត្ត​កាម​គុណ​ថោក​ទាប​ទួទៅ​ក្នុង​លោក​នេះ ឬ​សំដៅ​ទៅ​លើ​អ្នក​លោភលន់​ចង់​បាន​ទ្រព្យ​គេ អ្នក​ប្លន់​យក​ទ្រព្យ​គេ ឬ​អ្នក​ថ្វាយបង្គំ​ព្រះ​ក្លែងក្លាយ​នោះ​ឡើយ បើ​ដូច្នេះ​មាន​តែ​ចាក​ចេញ​ពី​លោក​នេះ! ១១ ខ្ញុំ​សរសេរ​មក​បង​ប្អូន ដើម្បី​កុំ​អោយ​បង​ប្អូន​ទាក់ទង​នឹង​អស់​អ្នក​ដែល​មាន​ឈ្មោះ​ថា​ជា​គ្រិស្ដបរិស័ទ ហើយ​បែរ​ជា​ប្រព្រឹត្ត​កាម​គុណ​ថោក​ទាប មាន​ចិត្ត​លោភលន់​ចង់​បាន​ទ្រព្យ​គេ​ថ្វាយបង្គំ​ព្រះ​ក្លែងក្លាយ​ជេរ​ប្រមាថ​គេ ប្រមឹក ឬ​ប្លន់​យក​ទ្រព្យ​គេ។ មួយ​វិញ​ទៀត សូម​កុំ​បរិភោគ​រួម ជា​មួយ​ជន​ប្រភេទ​នេះ​ឡើយ។ ១២ ខ្ញុំ​មិន​វិនិច្ឆ័យ​ទោស​អស់​អ្នក​ដែល​នៅ​ខាង​ក្រៅ​ក្រុមជំនុំ​ទេ ព្រោះ​មិន​មែន​ជា​នាទី​របស់​ខ្ញុំ។ ម្ដេច​ក៏​បង​ប្អូន​មិន​វិនិច្ឆ័យ​ទោស​អស់​អ្នក​ដែល​នៅ​ខាង​ក្នុង! ១៣ ចំពោះ​អ្នក​ដែល​នៅ​ខាង​ក្រៅ ព្រះជាម្ចាស់​នឹង​វិនិច្ឆ័យ​ទោស​គេ រីឯ​បង​ប្អូន​វិញ «ត្រូវ​ដក​មនុស្ស​អាក្រក់​ចេញ​ពី​ចំណោម​អ្នក​រាល់​គ្នា​ទៅ» ​។