អំពី​ការ​ប្ដឹង​ផ្ដល់​គ្នា​ក្នុង​ចំណោម​ពួក​បង​ប្អូន
១ ក្នុង​ចំណោម​បង​ប្អូន កាល​ណា​ម្នាក់​ទាស់​នឹង​ម្នាក់​ទៀត ម្ដេច​ក៏​ហ៊ាន​ទៅ​រក​ចៅក្រម​ដែល​មិន​ស្គាល់​ព្រះជាម្ចាស់​អោយ​កាត់​ក្ដី មិន​ទុក​អោយ​ប្រជាជន​ដ៏វិសុទ្ធ​កាត់​ក្ដី​វិញ! ២ បង​ប្អូន​មិន​ជ្រាប​ទេ​ឬ​ថា ប្រជាជន​ដ៏វិសុទ្ធ*​នឹង​វិនិច្ឆ័យ​ទោស​ពិភព​លោក​នេះ! ប្រសិន​បើ​បង​ប្អូន​វិនិច្ឆ័យ​ទោស​ពិភព​លោក​ដូច្នេះ ហេតុ​ដូច​ម្ដេច​បាន​ជា​បង​ប្អូន​ថា ខ្លួន​មិន​សម​នឹង​អារ​កាត់​រឿងរ៉ាវ​ដ៏​តូច​បំផុត​នេះ? ៣ បង​ប្អូន​មិន​ជ្រាប​ទេ​ឬ សូម្បី​តែ​ពួក​ទេវតា* ក៏​យើង​វិនិច្ឆ័យ​ទោស​ទៅ​ហើយ ចុះ​ទំរាំ​បើ​រឿងរ៉ាវ​ក្នុង​ជីវិត​នេះ​វិញ ម្ដេច​ក៏​យើង​អារ​កាត់​មិន​កើត! ៤ ពេល​បង​ប្អូន​មាន​រឿង​ប្ដឹង​ផ្ដល់​គ្នា​អំពី​បញ្ហា​ក្នុង​ជីវិត​នេះ ម្ដេច​ក៏​បង​ប្អូន​ទៅ​រក​ពួក​អ្នក​ដែល​ក្រុមជំនុំ​មិន​រាប់​រក អោយ​មក​កាត់​ក្ដី​ដូច្នេះ។ ៥ ខ្ញុំ​និយាយ​នេះ ដើម្បី​អោយ​បង​ប្អូន​អៀន​ខ្លួន។ ក្នុង​ចំណោម​បង​ប្អូន តើ​គ្មាន​នរណា​មាន​ប្រាជ្ញា​អាច​នឹង​អារ​កាត់​រឿងរ៉ាវ​ដែល​កើត​ឡើង​រវាង​បង​ប្អូន សូម្បី​តែ​ម្នាក់​ក៏​គ្មាន​ផង​ដែរ​ឬ? ៦ បង​ប្អូន​បែរ​ជា​ប្ដឹង​ផ្ដល់​គ្នា​ឯង ហើយ​នៅ​មុខ​អ្នក​មិន​ជឿ​ថែម​ទៀត​ផង! ៧ គ្រាន់​តែ​បង​ប្អូន​ប្ដឹង​ផ្ដល់​គ្នា​ឯង​នោះ ខុស​ទាំង​ស្រុង​ទៅ​ហើយ។ ហេតុ​អ្វី​បាន​ជា​បង​ប្អូន​មិន​ស៊ូ​ទ្រាំ​នឹង​អំពើ​អយុត្ដិធម៌? ហេតុ​អ្វី​បាន​ជា​មិន​ព្រម​អោយ​គេ​រឹប​យក​ទ្រព្យ​របស់​បង​ប្អូន? ៨ ផ្ទុយ​ទៅ​វិញ គឺ​បង​ប្អូន​ទេ​តើ​ដែល​ជា​អ្នក​ប្រព្រឹត្ត​អំពើ​អយុត្ដិធម៌ ហើយ​រឹប​យក​ទ្រព្យ​ពី​គេ ដែល​សុទ្ធ​តែ​ជា​បង​ប្អូន​របស់​ខ្លួន​ថែម​ទៀត។ ៩ បង​ប្អូន​មិន​ជ្រាប​ទេ​ឬ​ថា អ្នក​ប្រព្រឹត្ត​អំពើ​ទុច្ចរិត ពុំ​អាច​ទទួល​ព្រះរាជ្យ*​ព្រះជាម្ចាស់​ទុក​ជា​មត៌ក​បាន​ឡើយ! សូម​បង​ប្អូន​កុំ​យល់​ច្រឡំ​អោយ​សោះ អស់​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ប្រាស​ចាក​សីលធម៌ ពួក​ថ្វាយបង្គំ​ព្រះក្លែងក្លាយ ពួក​មាន​សហាយស្មន់ ពួក​ជន​ពាល​ពួក​អ្នក​រួម​សង្វាស​នឹង​ភេទ​ដូច​គ្នា ១០ ពួក​ចោរ​ប្លន់ ពួក​លោភលន់​ចង់​បាន​ទ្រព្យ​គេ ពួក​ប្រមឹក ពួក​ជេរ​ប្រមាថ ពួក​ប្លន់​យក​ទ្រព្យ​គេ ពុំ​អាច​ទទួល​ព្រះរាជ្យ​របស់​ព្រះជាម្ចាស់​ទុក​ជា​មត៌ក​បាន​ឡើយ។ ១១ កាល​ពី​ដើម បង​ប្អូន​ខ្លះ​ក៏​ជា​មនុស្ស​ប្រភេទ​នោះ​ដែរ។ ប៉ុន្តែ ព្រះជាម្ចាស់​លាង​សំអាត​បង​ប្អូន ប្រោស​ប្រទាន​អោយ​បង​ប្អូន​បាន​វិសុទ្ធ ព្រម​ទាំង​អោយ​បង​ប្អូន​បាន​សុចរិត* ក្នុង​ព្រះនាម​ព្រះអម្ចាស់​យេស៊ូ​គ្រិស្ដ* តាម​រយៈ​ព្រះវិញ្ញាណ​នៃ​ព្រះជាម្ចាស់​របស់​យើង​រួច​ស្រេច​ហើយ។
សិទ្ធិ​សេរីភាព​របស់​គ្រិស្ដបរិស័ទ
១២ ខ្ញុំ​មាន​សិទ្ធិ​នឹង​ធ្វើ​អ្វីៗ​ទាំង​អស់​បាន ក៏​ប៉ុន្តែ ការ​ទាំង​នោះ​មិន​មែន​សុទ្ធ​តែ​មាន​ប្រយោជន៍​ដល់​ខ្ញុំ​ទេ។ ខ្ញុំ​មាន​សិទ្ធិ​នឹង​ធ្វើ​អ្វីៗ​ទាំង​អស់​បាន តែ​ខ្ញុំ​មិន​បណ្ដោយ​អោយ​អ្វី​មួយ​ធ្វើ​ជា​ចៅហ្វាយ​លើ​ខ្ញុំ​បាន​ឡើយ។ ១៣ អ្នក​ខ្លះ​ពោល​ថា «ចំណី​អាហារ​សំរាប់​ចំអែត​ក្រពះ ហើយ​ក្រពះ​សំរាប់​ទទួល​ចំណី​អាហារ»។ ក៏​ប៉ុន្តែ ព្រះជាម្ចាស់​នឹង​រំលាយ ទាំង​ចំណី​អាហារ ទាំង​ក្រពះ​ចោល។ រីឯ​រូប​កាយ​វិញ ពុំ​មែន​សំរាប់​ប្រព្រឹត្ត​អំពើ​ប្រាស​ចាក​សីលធម៌​ទេ គឺ​សំរាប់​ថ្វាយ​ទៅ​ព្រះអម្ចាស់ ហើយ​ព្រះអង្គ​ក៏​ជា​ម្ចាស់​លើ​រូប​កាយ​ដែរ។ ១៤ ព្រះជាម្ចាស់​ដែល​បាន​ប្រោស​ព្រះយេស៊ូជាអម្ចាស់ អោយ​មាន​ព្រះជន្ម​រស់​ឡើង​វិញ ទ្រង់​ក៏​នឹង​ប្រោស​យើង​អោយ​មាន​ជីវិត​រស់​ឡើង​វិញ ដោយសារ​ឫទ្ធានុភាព​របស់​ព្រះអង្គ​ដែរ។ ១៥ បង​ប្អូន​មិន​ជ្រាប​ទេ​ឬ​ថា រូប​កាយ​របស់​បង​ប្អូន​ជា​សរីរាង្គ​នៃ​ព្រះកាយ​ព្រះគ្រិស្ដ? ដូច្នេះ តើ​គប្បី​អោយ​ខ្ញុំ​យក​សរីរាង្គ​ព្រះគ្រិស្ដ ទៅ​ធ្វើ​ជា​សរីរាង្គ​របស់​ស្ត្រី​ពេស្យា​ឬ? ១៦ ទេ មិន​បាន​ជា​ដាច់​ខាត! តើ​បង​ប្អូន​មិន​ជ្រាប​ទេ​ឬ​ថា អ្នក​ណា​រួមរ័ក​ជា​មួយ​ស្ត្រី​ពេស្យា អ្នក​នោះ​ក៏​រួម​ជា​រូប​កាយ​តែ​មួយ​របស់​នាង​ដែរ ដ្បិត​មាន​សេចក្ដី​ថ្លែង​ទុក​ក្នុង​គម្ពីរ​ថា «អ្នក​ទាំង​ពីរ​នឹង​ទៅ​ជា​រូប​កាយ​តែ​មួយ»១៧ រីឯ​អ្នក​ដែល​រួម​រស់​ជា​មួយ​ព្រះអម្ចាស់ ក៏​មាន​វិញ្ញាណ​តែ​មួយ​រួម​ជា​មួយ​ព្រះអង្គ​ដែរ។ ១៨ ចូរ​គេច​អោយ​ផុត​ពី​អំពើ​ប្រាស​ចាក​សីលធម៌។ អំពើ​បាប​ឯ​ទៀតៗ​ដែល​មនុស្ស​ប្រព្រឹត្ត ជា​អំពើ​បាប​មិន​ធ្វើ​អោយ​រូប​កាយ​សៅហ្មង​ទេ។ ប៉ុន្តែ អ្នក​ណា​ប្រព្រឹត្ត​អំពើ​ប្រាស​ចាក​សីលធម៌ អ្នក​នោះ​ប្រព្រឹត្ត​អំពើ​បាប ដែល​នាំ​អោយ​សៅហ្មង​ដល់​រូប​កាយ​របស់​ខ្លួន។ ១៩ បង​ប្អូន​មិន​ជ្រាប​ទេ​ឬ​ថា រូប​កាយ​របស់​បង​ប្អូន ជា​ព្រះវិហារ​របស់​ព្រះវិញ្ញាណ​ដ៏វិសុទ្ធ​ដែល​គង់​នៅ​ក្នុង​បង​ប្អូន ជា​ព្រះវិញ្ញាណ​ដែល​បង​ប្អូន​បាន​ទទួល​ពី​ព្រះជាម្ចាស់។ បង​ប្អូន​មិន​មែន​ជា​ម្ចាស់​លើ​ខ្លួន​ឯង​ទៀត​ទេ ២០ ដ្បិត​ព្រះអង្គ​បាន​បង់​ថ្លៃ​យ៉ាង​ច្រើន​លើសលប់ ដើម្បី​លោះ​បង​ប្អូន។ ហេតុ​នេះ​ចូរ​ប្រើ​រូប​កាយ​របស់​បង​ប្អូន ដើម្បី​លើក​តម្កើង​សិរីរុងរឿង​របស់​ព្រះជាម្ចាស់​។