អំពី​បញ្ហា​គូស្រករ
១ បង​ប្អូន​បាន​សរសេរ​សំបុត្រ​ទៅ​ខ្ញុំ​ថា ប្រសិន​បើ​បុរស​មិន​ប៉ះពាល់​ស្ត្រី​ទេ​នោះ ជា​ការ​ប្រសើរ។ ២ ប៉ុន្តែ ដើម្បី​ចៀស​វាង​កុំ​អោយ​មាន​ការ​ប្រាស​ចាក​សីលធម៌ បុរស​ម្នាក់ៗ​ត្រូវ​មាន​ប្រពន្ធ ហើយ​ស្ត្រី​ម្នាក់ៗ​ក៏​ត្រូវ​មាន​ប្ដី​ដែរ។ ៣ ប្ដី​ត្រូវ​បំពេញ​ករណីយកិច្ច​ជា​ប្ដី ចំពោះ​ប្រពន្ធ​របស់​ខ្លួន រីឯ​ប្រពន្ធ​ក៏​ត្រូវ​ធ្វើ​ដូច្នោះ​ចំពោះ​ប្ដី​វិញ​ដែរ។ ៤ ប្រពន្ធ​គ្មាន​សិទ្ធិ​អ្វី​នឹង​ប្រើ​រូប​កាយ​របស់​ខ្លួន​តាម​អំពើ​ចិត្ត​ទេ ព្រោះ​រូប​កាយ​នោះ​ជា​របស់​ប្ដី រីឯ​ប្ដី​វិញ​ក៏​ដូច្នោះ​ដែរ គេ​គ្មាន​សិទ្ធិ​អ្វី​នឹង​ប្រើ​រូប​កាយ​របស់​ខ្លួន​តាម​អំពើ​ចិត្ត​ទេ ព្រោះ​ជា​របស់​ប្រពន្ធ។ ៥ មិន​ត្រូវ​បង្អត់​គ្នា​ទៅ​វិញ​ទៅ​មក​ឡើយ លើកលែង​តែ​បាន​ព្រម​ព្រៀង​គ្នា ដើម្បី​ទុក​ពេល​មួយ​រយៈ​សំរាប់​អធិស្ឋាន*​ប៉ុណ្ណោះ។ រួច​ហើយ ចូរ​រួម​រស់​ជា​មួយ​គ្នា​ដូច​ធម្មតា​វិញ​ទៅ ក្រែង​លោ​មារ*​សាតាំង​ល្បួង​ចិត្ត​បង​ប្អូន មក​ពី​ទ្រាំ​មិន​បាន។ ៦ ខ្ញុំ​និយាយ​ដូច្នេះ ដើម្បី​បើក​សិទ្ធិ​អោយ​បង​ប្អូន មិន​មែន​ចង់​បង្គាប់​បង​ប្អូន​ទេ។ ៧ ខ្ញុំ​ចង់​អោយ​មនុស្ស​ទាំង​អស់​បាន​ដូច​ខ្ញុំ​ដែរ ក៏​ប៉ុន្តែ ម្នាក់ៗ​បាន​ទទួល​ព្រះអំណោយ​ទាន​មួយ​រៀងៗ​ខ្លួន ពី​ព្រះជាម្ចាស់​ម្នាក់​ទទួល​យ៉ាង​នេះ ម្នាក់​ទៀត​ទទួល​យ៉ាង​នោះ។
៨ ខ្ញុំ​សូម​ប្រាប់​អស់​អ្នក​ដែល​នៅ​លីវ និង​ស្ត្រី​មេម៉ាយ​ថា គួរ​តែ​នៅ​លីវ​ដូច​ខ្ញុំ​ទៅ​ល្អ​ជាង។ ៩ ប៉ុន្តែ បើ​ទ្រាំ​មិន​បាន​ទេ ចូរ​រៀបការ​ចុះ ព្រោះ​បើ​រៀបការ ប្រសើរ​ជាង​ទុក​អោយ​ចិត្ត​នៅ​ពុះ​កញ្ជ្រោល។
១០ ខ្ញុំ​សូម​បង្គាប់​អស់​អ្នក​ដែល​មាន​គូស្រករ​ហើយ​ថា ភរិយា​មិន​ត្រូវ​ចាក​ចោល​ស្វាមី​របស់​ខ្លួន​ឡើយ (មិន​មែន​ខ្ញុំ​ទេ​ជា​អ្នក​បង្គាប់ គឺ​ព្រះអម្ចាស់​ទេ​តើ​ដែល​បង្គាប់)។ ១១ ប្រសិន​បើ​នាង​បាន​ជា​ចាក​ចោល​ប្ដី​ហើយ មិន​ត្រូវ​យក​ប្ដី​ទៀត​ទេ ឬ​មួយ​ត្រូវ​តែ​ទៅ​ជា​នា​នឹង​ប្ដី​នាង​វិញ។ រីឯ​ប្ដី ក៏​មិន​ត្រូវ​លែង​ប្រពន្ធ​របស់​ខ្លួន​ដែរ។
១២ ចំពោះ​អ្នក​ឯ​ទៀតៗ (សេចក្ដី​នេះ​មិន​មែន​មក​ពី​ព្រះអម្ចាស់​ទេ គឺ​មក​ពី​ខ្ញុំ​ផ្ទាល់) ខ្ញុំ​សូម​ជំរាប​ថា ប្រសិន​បើ​បង​ប្អូន​ណា​មាន​ភរិយា​ជា​អ្នក​មិន​ជឿ ហើយ​បើ​នាង​យល់​ព្រម​រស់​នៅ​ជា​មួយ កុំ​លែង​នាង​ឡើយ។ ១៣ រីឯ​ស្ត្រី​មាន​ប្ដី​ជា​អ្នក​មិន​ជឿ​វិញ បើ​ប្ដី​យល់​ព្រម​រស់​នៅ​ជា​មួយ​នាង នោះ​ក៏​មិន​ត្រូវ​លែង​គេ​ដែរ ១៤ ដ្បិត​ព្រះជាម្ចាស់​ប្រោស​ប្ដី​ដែល​មិន​ជឿ អោយ​ចូល​រួម​ក្នុង​ប្រជាជន​របស់​ព្រះអង្គ​តាម​រយៈ​ភរិយា ហើយ​ព្រះអង្គ​ក៏​ប្រោស​ភរិយា​ដែល​មិន​ជឿ អោយ​ចូល​រួម​ក្នុង​ប្រជាជន​របស់​ព្រះអង្គ តាម​រយៈ​ប្ដី​ដែល​ជា​អ្នក​ជឿ​នោះ​ដែរ។ បើ​សេចក្ដី​ខាង​លើ​នេះ​មិន​ពិត កូន​ចៅ​របស់​បង​ប្អូន​មិន​បរិសុទ្ធ*​ទេ!។ ក៏​ប៉ុន្តែ តាម​ពិត ព្រះជាម្ចាស់​បាន​ប្រោស​ក្មេង​ទាំង​នោះ អោយ​ចូល​រួម​ក្នុង​ប្រជាជន​របស់​ព្រះអង្គ​រួច​ស្រេច​ទៅ​ហើយ។ ១៥ បើ​គូស្រករ​ដែល​មិន​ជឿ ចាក​ចោល​បង​ប្អូន​ដែល​ជា​អ្នក​ជឿ អោយ​គេ​ទៅ​ចុះ បង​ប្អូន​ប្រុស ឬ​ស្រី​នោះ​គ្មាន​កំហុស​អ្វី​ក្នុង​រឿង​នេះ​ទេ។ ព្រះជាម្ចាស់​បាន​ត្រាស់​ហៅ​យើង​អោយ​មក​រស់​ក្នុង​សេចក្ដី​សុខសាន្ត។ ១៦ បង​ប្អូន​ជា​ស្ត្រី​ដែល​មាន​ប្ដី​ហើយ តើ​នាង​អាច​ដឹង​ដូច​ម្ដេច​បាន​ថា នាង​នឹង​សង្គ្រោះ​ប្ដី​របស់​នាង? រីឯ​បង​ប្អូន​ដែល​មាន​ភរិយា តើ​អ្នក​អាច​ដឹង​ដូច​ម្ដេច​បាន​ថា អ្នក​នឹង​សង្គ្រោះ​ភរិយា​របស់​អ្នក?
ជីវិត​រស់​នៅ​ស្រប​តាម​ការ​ត្រាស់​ហៅ​របស់​ព្រះជាម្ចាស់
១៧ ក្រៅ​ពី​នេះ ម្នាក់ៗ​ត្រូវ​តែ​រស់​នៅ​អោយ​បាន​ស្រប​តាម​ព្រះអំណោយ​ទាន​ដែល​ព្រះអម្ចាស់​ប្រទាន​អោយ។ នៅ​ពេល​ព្រះជាម្ចាស់​ត្រាស់​ហៅ បើ​ម្នាក់ៗ​មាន​ភាព​យ៉ាង​ណា ត្រូវ​តែ​រស់​អោយ​ស្រប​តាម​ភាព​នោះ​ត​ទៅ​មុខ​ទៀត​ទៅ។ ខ្ញុំ​តែង​បង្គាប់​អោយ​ក្រុមជំនុំ*​ទាំង​អស់​ធ្វើ​តាម​សេចក្ដី​នេះ។ ១៨ នៅ​ពេល​ព្រះជាម្ចាស់​ត្រាស់​ហៅ បើ​អ្នក​ណា​ម្នាក់​កាត់​ស្បែក*​រួច​ហើយ មិន​ត្រូវ​លុប​បំបាត់​ការ​កាត់​ស្បែក​នោះ​ឡើយ បើ​មិន​កាត់​ស្បែក​នៅ​ពេល​ព្រះអង្គ​ត្រាស់​ហៅ ក៏​មិន​បាច់​កាត់​ស្បែក​ដែរ។ ១៩ ការ​កាត់​ស្បែក ឬ​មិន​កាត់​ស្បែក​នោះ គ្មាន​សារៈ​សំខាន់​អ្វី​សោះ មាន​តែ​ការ​ប្រតិបត្តិ​តាម​បទ​បញ្ជា*​របស់​ព្រះជាម្ចាស់​វិញ​ទេ​ដែល​សំខាន់។ ២០ នៅ​ពេល​ព្រះអង្គ​ត្រាស់​ហៅ បើ​ម្នាក់ៗ​មាន​ភាព​យ៉ាង​ណា ត្រូវ​តែ​រស់​អោយ​ស្រប​តាម​ភាព​នោះ ត​ទៅ​មុខ​ទៀត​ទៅ។ ២១ ពេល​ព្រះអង្គ​ត្រាស់​ហៅ បើ​បង​ប្អូន​ជា​ខ្ញុំ​បំរើ​គេ​កុំ​ខ្វល់​ខ្វាយ​អ្វី។ ប៉ុន្តែ បើ​បង​ប្អូន​អាច​រួច​ខ្លួន ត្រូវ​ឆ្លៀត​ឱកាស​អោយ​បាន​ទៅ​ជា​អ្នក​ជា​ចុះ​ ២២ ដ្បិត​ខ្ញុំ​បំរើ​ណា​ដែល​ព្រះអម្ចាស់​ត្រាស់​ហៅ ខ្ញុំ​បំរើ​នោះ​បាន​រួច​ខ្លួន ហើយ​មាន​ឋានៈ​ជា​អ្នក​ជា​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​ព្រះអង្គ ចំពោះ​អ្នក​ជា​ណា​ដែល​ព្រះអង្គ​ត្រាស់​ហៅ អ្នក​នោះ​ទៅ​ជា​ខ្ញុំ​បំរើ​ព្រះគ្រិស្ដ។ ២៣ ព្រះអង្គ​បាន​លោះ​បង​ប្អូន ដោយ​បង់​ថ្លៃ​យ៉ាង​ច្រើន ហេតុ​នេះ​សូម​កុំ​បណ្ដោយ​ខ្លួន​អោយ​ធ្លាក់​ទៅ​ជា​ខ្ញុំ​បំរើ​របស់​មនុស្ស​ទៀត​ឡើយ។ ២៤ បង​ប្អូន​អើយ កាល​ព្រះជាម្ចាស់​ត្រាស់​ហៅ​បង​ប្អូន បើ​បង​ប្អូន​មាន​ភាព​យ៉ាង​ណា ចូរ​ម្នាក់ៗ​ស្ថិត​ក្នុង​ភាព​នោះ នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះអង្គ​ត​ទៅ​មុខ​ទៀត​ទៅ។
អ្នក​មិន​ទាន់​រៀបការ និង​ស្ត្រី​មេម៉ាយ
២៥ រីឯ​អ្នក​ដែល​មិន​ទាន់​មាន​គូស្រករ​ ខ្ញុំ​ពុំ​បាន​ទទួល​បញ្ជា​អ្វី​ពី​ព្រះអម្ចាស់​ទេ ក៏​ប៉ុន្តែ ខ្ញុំ​សូម​ជូន​យោបល់ ក្នុង​នាម​ខ្ញុំ​ជា​មនុស្ស​គួរ​អោយ​ទុក​ចិត្ត ព្រោះ​ព្រះអង្គ​មាន​ព្រះហឫទ័យ​មេត្តាករុណា​ចំពោះ​រូប​ខ្ញុំ។ ២៦ ខ្ញុំ​យល់​ឃើញ​ថា បើ​គ្មាន​គូស្រករ​ដូច្នេះ​ប្រសើរ​ហើយ គឺ​យោង​តាម​សភាពការណ៍​ដ៏​តឹងតែង​សព្វ​ថ្ងៃ​នេះ បើ​មនុស្ស​មាន​ភាព​ដូច្នេះ​ប្រសើរ​មែន។ ២៧ បើ​បង​ប្អូន​មាន​ប្រពន្ធ​ហើយ កុំ​លែង​នាង​អោយ​សោះ! បើ​បង​ប្អូន​មិន​ទាន់​មាន​ប្រពន្ធ​មិន​បាច់​រក​ប្រពន្ធ​ទេ។ ២៨ បើ​បង​ប្អូន​រៀបការ មិន​មែន​មាន​ន័យ​ថា បង​ប្អូន​ប្រព្រឹត្ត​អំពើ​បាប​ឡើយ ហើយ​បើ​ស្ត្រី​ក្រមុំ​ម្នាក់​រៀបការ នោះ​នាង​ក៏​គ្មាន​បាប​អ្វី​ដែរ ប៉ុន្តែ អ្នក​ដែល​មាន​គូស្រករ​ទាំង​នោះ នឹង​ជួប​ប្រទះ​ការ​លំបាក​ផ្សេងៗ​ក្នុង​ជីវិត​មិន​ខាន។ ខ្ញុំ​ចង់​អោយ​បង​ប្អូន​ចៀស​ផុត​ពី​ការ​លំបាក​ទាំង​នោះ។
២៩ បង​ប្អូន​អើយ ខ្ញុំ​សូម​ជំរាប​បង​ប្អូន​ថា ពេល​វេលា​កាន់​តែ​កៀក​ណាស់​ហើយ។ ពី​ពេល​នេះ​ទៅ​មុខ អស់​អ្នក​ដែល​មាន​ប្រពន្ធ​ហើយ ត្រូវ​កាន់​ចិត្ត​ដូច​ជា​គ្មាន​ប្រពន្ធ ៣០ អស់​អ្នក​ដែល​យំ​សោក ដូច​ជា​មិន​យំ​សោក អស់​អ្នក​ដែល​អរ​សប្បាយ ដូច​ជា​មិន​អរ​សប្បាយ អស់​អ្នក​ដែល​ទិញ ដូច​ជា​មិន​មែន​ម្ចាស់​ទ្រព្យ ៣១ ហើយ​អស់​អ្នក​ដែល​ប្រើប្រាស់​សម្បត្តិ​លោកីយ៍ ក៏​ត្រូវ​កាន់​ចិត្ត​ដូច​ជា​មិន​បាន​ប្រើប្រាស់​ដែរ ដ្បិត​ពិភព​លោក​នេះ​នឹង​ត្រូវ​ប្រែប្រួល​ជា​មិន​ខាន។
៣២ ខ្ញុំ​មិន​ចង់​អោយ​បង​ប្អូន​ខ្វល់​ខ្វាយ​អ្វី​ឡើយ។ អ្នក​ណា​គ្មាន​ប្រពន្ធ អ្នក​នោះ​ខ្វល់​ខ្វាយ​នឹង​ព្រះអម្ចាស់ ធ្វើ​យ៉ាង​ណា​អោយ​បាន​គាប់​ព្រះហឫទ័យ​ព្រះអង្គ។ ៣៣ រីឯ​អ្នក​មាន​ប្រពន្ធ​វិញ គេ​ខ្វល់​ខ្វាយ​នឹង​រឿង​ក្នុង​លោក​នេះ ធ្វើ​យ៉ាង​ណា​អោយ​បាន​គាប់​ចិត្ត​ប្រពន្ធ ៣៤ ហើយ​ចិត្ត​អ្នក​នោះ​ត្រូវ​ប្រទាញប្រទង់។ ចំពោះ​ស្ត្រី​ដែល​គ្មាន​ប្ដី និង​ស្ត្រី​ក្រមុំ នាង​ខ្វល់​ខ្វាយ​នឹង​រឿង​ព្រះអម្ចាស់ ដើម្បី​ថ្វាយ​ទាំង​រូប​កាយ ទាំង​វិញ្ញាណ​ទៅ​ព្រះអង្គ។ រីឯ​ស្ត្រី​ដែល​មាន​ប្ដី​វិញ នាង​ខ្វល់​ខ្វាយ​នឹង​រឿង​ក្នុង​លោក​នេះ​ធ្វើ​យ៉ាង​ណា​អោយ​បាន​គាប់​ចិត្ត​ប្ដី។
៣៥ ខ្ញុំ​និយាយ​ដូច្នេះ ដើម្បី​ជា​ប្រយោជន៍​ដល់​បង​ប្អូន មិន​មែន​ចង់​បំបាត់​សេរីភាព​របស់​បង​ប្អូន​ទេ​ គឺ​ខ្ញុំ​ចង់​អោយ​បង​ប្អូន​រស់​នៅ​បាន​ល្អ​ប្រសើរ ជាប់​ចិត្ត​នឹង​ព្រះអម្ចាស់​ដោយ​ឥត​រារែក​ឡើយ។
៣៦ ប្រសិន​បើ​មាន​អ្នក​ណា​ម្នាក់​យល់​ឃើញ​ថា បើ​មិន​រៀបការ​ជា​មួយ​គូ​ដណ្ដឹង​របស់​ខ្លួន​ទេ នឹង​នាំ​អោយ​បាក់​មុខ ហើយ​បើ​ចិត្ត​របស់​គេ​ឆាបឆួល​ចង់​យក​នាង ត្រូវ​ធ្វើ​តាម​ចិត្ត​ខ្លួន​នឹក​ឃើញ​ទៅ​ចុះ គឺ​រៀបការ​ជា​មួយ​នាង​ទៅ គ្មាន​បាប​អ្វី​ទេ។ ៣៧ រីឯ​អ្នក​ដែល​ប្ដេជ្ញា​ចិត្ត​យ៉ាង​ម៉ឺង​ម៉ាត់ ដោយ​គ្មាន​នរណា​បង្ខំ គឺ​យល់​ឃើញ​ថា អាច​ទប់​ចិត្ត​បាន ហើយ​សំរេច​ចិត្ត​ថា​នឹង​មិន​ប៉ះពាល់​គូ​ដណ្ដឹង​របស់​ខ្លួន​ទេ​នោះ គាត់​ធ្វើ​ត្រឹម​ត្រូវ​ហើយ។ ៣៨ ដូច្នេះ អ្នក​ណា​រៀបការ​ជា​មួយ​គូ​ដណ្ដឹង​របស់​ខ្លួន ប្រសើរ​ហើយ រីឯ​អ្នក​ដែល​មិន​រៀបការ​វិញ ក៏​រឹត​តែ​ប្រសើរ​ថែម​ទៀត​។
៣៩ ភរិយា​ត្រូវ​នៅ​ជាប់​នឹង​ប្ដី​ជានិច្ច ដរាប​ណា​ប្ដី​នៅ​រស់ តែ​បើ​ប្ដី​ស្លាប់ នាង​មាន​សេរីភាព​នឹង​រៀបការ​ជា​មួយ​នរណា​ក៏​បាន ស្រេច​តែ​ចិត្ត​នាង​អោយ​តែ​រៀបការ​ជា​មួយ​អ្នក​ជឿ​ព្រះអម្ចាស់​ដូច​គ្នា។ ៤០ ក៏​ប៉ុន្តែ តាម​យោបល់​ខ្ញុំ ប្រសិន​បើ​នាង​មិន​យក​ប្ដី​ទៀត​ទេ​នោះ នាង​នឹង​បាន​សប្បាយ​ជាង។ ខ្ញុំ​និយាយ​ដូច្នេះ ព្រោះ​ខ្ញុំ​យល់​ថា ខ្ញុំ​ក៏​មាន​ព្រះវិញ្ញាណ​របស់​ព្រះជាម្ចាស់​គង់​ជា​មួយ​ដែរ។