១៧
ព្យាការី​អេលីយ៉ា​ប្រកាស​ការ​រាំង​ស្ងួត
១ លោក​អេលីយ៉ា ជា​អ្នក​ភូមិ​ធេសប៊ី​ក្នុង​ស្រុក​កាឡាដ ទូល​ព្រះបាទ​អហាប់​ថា៖ «ទូលបង្គំ​សូម​ទូល​ព្រះករុណា ក្នុង​នាម​ព្រះអម្ចាស់​ដ៏​មាន​ព្រះជន្ម​គង់​នៅ ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល ដែល​ទូលបង្គំ​គោរព​បំរើ​ថា: ប៉ុន្មាន​ឆ្នាំ​ត​ទៅ​មុខ​ទៀត នឹង​គ្មាន​សន្សើម គ្មាន​ភ្លៀង​ទេ លើកលែង​តែ​ទូលបង្គំ​ទូល​សូម»។
លោក​អេលីយ៉ា​នៅ​មាត់​ជ្រោះ​កេរីត
២  ព្រះអម្ចាស់​មាន​ព្រះបន្ទូល​មក​កាន់​លោក​អេលីយ៉ា​ថា៖ ៣ «ចូរ​ចាក​ចេញ​ពី​ទី​នេះ ធ្វើ​ដំណើរ​ទៅ​ទិស​ខាង​កើត ហើយ​ពួន​សំងំ​នៅ​ក្បែរ​ជ្រោះ​កេរីត ដែល​ស្ថិត​នៅ​ខាង​កើត​ទន្លេ​យ័រដាន់។ ៤ អ្នក​អាច​ផឹក​ទឹក​ជ្រោះ ហើយ​យើង​នឹង​ប្រើ​ក្អែក​ពាំ​អាហារ យក​ទៅ​អោយ​អ្នក​នៅ​ទី​នោះ»។ ៥ លោក​ក៏​ចាក​ចេញ​ទៅ ហើយ​ធ្វើ​តាម​ព្រះបន្ទូល​ព្រះអម្ចាស់ គឺ​លោក​ទៅ​ស្នាក់​អាស្រ័យ​ក្បែរ​ស្ទឹង​កេរីត ដែល​ស្ថិត​នៅ​ខាង​កើត​ទន្លេ​យ័រដាន់។ ៦ ក្អែក​តែង​ពាំ​នំបុ័ង និង​សាច់​យក​មក​អោយ​លោក ទាំង​ព្រឹក​ទាំង​ល្ងាច ហើយ​លោក​បរិភោគ​ទឹក​ជ្រោះ​នោះ។
លោក​អេលីយ៉ា​ស្នាក់​នៅ​ផ្ទះ​ស្ត្រី​មេម៉ាយ​ម្នាក់​នៅ​ក្រុង​សារិបតា
៧ បន្តិច​ក្រោយ​មក ទឹក​ជ្រោះ​ក៏​រីង ព្រោះ​គ្មាន​ភ្លៀង​ធ្លាក់​នៅ​ស្រុក​នោះ​ទេ។ ៨ ពេល​នោះ ព្រះអម្ចាស់​មាន​ព្រះបន្ទូល​មក​កាន់​លោក​អេលីយ៉ា​ថា៖ ៩ «ចូរ​ក្រោក​ឡើង​ធ្វើ​ដំណើរ​ទៅ​សារិបតា ជា​ក្រុង​របស់​ជន​ជាតិ​ស៊ីដូន ហើយ​ស្នាក់​អាស្រ័យ​នៅ​ទី​នោះ​ចុះ យើង​នឹង​បង្គាប់​អោយ​ស្ត្រី​មេម៉ាយ​ម្នាក់​ផ្គត់ផ្គង់​អ្នក»។ ១០ លោក​ក្រោក​ឡើង ធ្វើ​ដំណើរ​ទៅ​កាន់​ក្រុង​សារិបតា។ លុះ​ដល់​មាត់​ទ្វារ​ក្រុង លោក​ឃើញ​ស្ត្រី​មេម៉ាយ​ម្នាក់ កំពុង​តែ​រើស​អុស។ លោក​ហៅ​ស្ត្រី​នោះ​មក ហើយ​និយាយ​ទៅ​កាន់​នាង​ថា៖ «សូម​ទៅ​យក​ទឹក​អោយ​ខ្ញុំ​ទទួល​ទាន​បន្តិច!»។ ១១ នាង​ក៏​ទៅ​យក​ទឹក ប៉ុន្តែ លោក​ស្រែក​ប្រាប់​នាង​ទៀត​ថា៖ «សូម​យក​នំបុ័ង​អោយ​ខ្ញុំ​មួយ​ដុំ​ផង!»។ ១២ នាង​តប​ថា៖ «នាង​ខ្ញុំ​សូម​ជំរាប​លោក ក្នុង​នាម​ព្រះអម្ចាស់​ដែល​មាន​ព្រះជន្ម​គង់​នៅ ជា​ព្រះ​របស់​លោក​ថា នាង​ខ្ញុំ​គ្មាន​នំបុ័ង​ទេ នាង​ខ្ញុំ​នៅ​សល់​តែ​ម្សៅ​មួយ​ក្ដាប់​ក្នុង​ខាប់ និង​ប្រេង​បន្តិច​នៅ​ក្នុង​ដប​ប៉ុណ្ណោះ។ នាង​ខ្ញុំ​កំពុង​តែ​រើស​អុស​ពីរ​អង្កត់​នេះ​យក​ទៅ​ដុត​នំបុ័ង​សំរាប់​នាង​ខ្ញុំ និង​កូន​ទទួល​ទាន។ ពេល​ទទួល​ទាន​រួច​ហើយ យើង​ខ្ញុំ​ទាំង​ពីរ​នាក់​ម្ដាយ​កូន​នឹង​ស្លាប់​ទាំង​អស់​គ្នា»។ ១៣ លោក​អេលីយ៉ា​មាន​ប្រសាសន៍​ទៅ​កាន់​នាង​ថា៖ «កុំ​ខ្លាច​អ្វី​ឡើយ! សូម​ចូល​ទៅ​ធ្វើ​តាម​ពាក្យ​នាង​ចុះ! តែ​សូម​ដុត​នំបុ័ង​មួយ​ដុំ​តូច យក​មក​អោយ​ខ្ញុំ​ជា​មុន​សិន រួច​សឹម​ដុត​សំរាប់​នាង និង​កូន​របស់​នាង ១៤ ដ្បិត​ព្រះអម្ចាស់ ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល​មាន​ព្រះបន្ទូល​ថា ម្សៅ​ក្នុង​ខាប់​នឹង​មិន​ចេះ​អស់​ទេ ហើយ​ប្រេង​នៅ​ក្នុង​ដប ក៏​មិន​ចេះ​អស់​ដែរ រហូត​ដល់​ថ្ងៃ​ព្រះអម្ចាស់​បង្អុរ​ភ្លៀង​មក​លើ​ផែនដី»។
១៥ នាង​ក៏​ចេញ​ទៅ ធ្វើ​តាម​ពាក្យ​ដែល​លោក​អេលីយ៉ា​បាន​ប្រាប់។ ពួក​គេ​មាន​អាហារ​បរិភោគ ជា​យូរ​ថ្ងៃ​ទាំង​នាង​ទាំង​កូន​នាង និង​លោក​អេលីយ៉ា ១៦ គឺ​ម្សៅ​មិន​ចេះ​រលស់​ពី​ខាប់ ប្រេង​ក៏​មិន​ចេះ​រលស់​ពី​ដប ស្រប​តាម​ព្រះបន្ទូល​ដែល​ព្រះអម្ចាស់​បាន​ថ្លែង​តាម​រយៈ​លោក​អេលីយ៉ា។
ព្យាការី​អេលីយ៉ា​ប្រោស​កូន​របស់​ស្ត្រី​មេម៉ាយ​អោយ​រស់​ឡើង​វិញ
១៧ ក្រោយ​ហេតុការណ៍​នោះ​មក កូន​ប្រុស​របស់​ស្ត្រី​មេម៉ាយ ជា​ម្ចាស់​ផ្ទះ​ធ្លាក់​ខ្លួន​ឈឺ ហើយ​ជំងឺ​កាន់​តែ​ធ្ងន់​ទៅៗ​រហូត​ដល់​ផុត​ដង្ហើម។ ១៨ ស្ត្រី​ជា​ម្ដាយ​ពោល​ទៅ​កាន់​លោក​អេលីយ៉ា​ថា៖ «អ្នក​ជំនិត​របស់​ព្រះជាម្ចាស់​អើយ! តើ​នាង​ខ្ញុំ និង​លោក​មាន​រឿង​អ្វី​ជា​មួយ​គ្នា បាន​ជា​លោក​អញ្ជើញ​មក​ស្នាក់​នៅ​ផ្ទះ​នាង​ខ្ញុំ ដើម្បី​រំលឹក​ពី​កំហុស​របស់​នាង​ខ្ញុំ ហើយ​ធ្វើ​អោយ​កូន​នាង​ខ្ញុំ​ស្លាប់​ដូច្នេះ!»។ ១៩ លោក​ឆ្លើយ​ទៅ​នាង​វិញ​ថា៖ «សូម​ប្រគល់​កូន​នាង​មក​អោយ​ខ្ញុំ»។ លោក​ទទួល​យក​កូន​នោះ​ពី​ដៃ​របស់​នាង ហើយ​បី​ឡើង​ទៅ​បន្ទប់​ខាង​លើ​ជា​បន្ទប់​ដែល​លោក​ស្នាក់​នៅ រួច​ផ្ដេក​វា​លើ​គ្រែ​របស់​លោក។ ២០ បន្ទាប់​មក លោក​ទូលអង្វរ​ព្រះអម្ចាស់​ថា៖ «បពិត្រ​ព្រះអម្ចាស់​ជា​ព្រះ​នៃ​ទូលបង្គំ! ស្ត្រី​មេម៉ាយ​នេះ បាន​ទទួល​ទូលបង្គំ​អោយ​ស្នាក់​នៅ​ផ្ទះ​របស់​នាង តើ​ព្រះអង្គ​ពិត​ជា​ចង់​អោយ​នាង​កើត​ទុក្ខ​ព្រួយ​ឬ បាន​ជា​បណ្ដោយ​អោយ​កូន​របស់​នាង​ស្លាប់​ដូច្នេះ?»។ ២១ លោក​ទ្រោប​លើ​ក្មេង​នោះ​បី​ដង ទាំង​អង្វរ​ព្រះអម្ចាស់​ថា៖ «បពិត្រ​ព្រះអម្ចាស់​ជា​ព្រះ​នៃ​ទូលបង្គំ! សូម​ប្រោស​ប្រទាន​អោយ​ក្មេង​នេះ​មាន​ដង្ហើម​ឡើង​វិញ​ផង!»។ ២២  ព្រះអម្ចាស់​ទ្រង់​ព្រះសណ្ដាប់​ពាក្យ​អង្វរ​របស់​លោក​អេលីយ៉ា។ ក្មេង​នោះ​ក៏​មាន​ដង្ហើម​ឡើង​វិញ ហើយ​ដឹង​ខ្លួន។ ២៣ លោក​អេលីយ៉ា​បី​ក្មេង​នោះ​ចុះ​ពី​បន្ទប់​ខាង​លើ មក​ប្រគល់​អោយ​ម្ដាយ​វិញ ទាំង​ពោល​ថា៖ «មើល៍! កូន​របស់​នាង​មាន​ជីវិត​ហើយ»។ ២៤ ស្ត្រី​នោះ​ពោល​ទៅ​កាន់​លោក​អេលីយ៉ា​ថា៖ «ឥឡូវ​នេះ​នាង​ខ្ញុំ​ដឹង​ថា លោក​ជា​អ្នក​ជំនិត​របស់​ព្រះជាម្ចាស់​មែន ហើយ​សេចក្ដី​ដែល​លោក​ថ្លែង ពិត​ជា​ព្រះបន្ទូល​របស់​ព្រះអម្ចាស់»។