១៨
ព្យាការី​អេលីយ៉ា​ជួប​ព្រះបាទ​អហាប់
១ ច្រើន​ថ្ងៃ​កន្លង​ផុត​ទៅ គឺ​នៅ​ឆ្នាំ​ទី​បី​នៃ​ការ​រាំង​ស្ងួត ព្រះអម្ចាស់​មាន​ព្រះបន្ទូល​មក​កាន់​ព្យាការី​អេលីយ៉ា​ថា៖ «ចូរ​ទៅ​ជួប​ស្ដេច​អហាប់​ចុះ! យើង​នឹង​បង្អុរ​ភ្លៀង​មក​លើ​ផែនដី»។ ២ លោក​អេលីយ៉ា​ក៏​ចូល​ទៅ​គាល់​ព្រះបាទ​អហាប់។
ពេល​នោះ មាន​កើត​ទុរ្ភិក្ស​យ៉ាង​ខ្លាំង​នៅ​ក្រុង​សាម៉ារី។ ៣ ព្រះបាទ​អហាប់​បាន​អោយ​គេ​ទៅ​អញ្ជើញ​លោក​អូបាឌា ជា​អ្នក​ទទួល​ខុស​ត្រូវ​ក្នុង​វាំង​មក -លោក​អូបាឌា​ជា​មនុស្ស​គោរព​កោត​ខ្លាច​ព្រះអម្ចាស់​ណាស់។ ៤ នៅ​គ្រា​ដែល​ម្ចាស់​ក្សត្រី​យេសិបិល​សម្លាប់​ពួក​ព្យាការី*​របស់​ព្រះអម្ចាស់ លោក​អូបាឌា​នាំ​ព្យាការី​មួយ​រយ​នាក់​ទៅ​ពួន​នៅ​ក្នុង​រអាង​ភ្នំ គាត់​ចែក​ពួក​គេ​ជា​ពីរ​ក្រុម ក្នុង​មួយ​ក្រុម​មាន​ហាសិប​នាក់ ហើយ​គាត់​បាន​ផ្គត់ផ្គង់​ស្បៀង​អាហារ និង​ទឹក​ផង។ ៥ ព្រះបាទ​អហាប់​មាន​រាជឱង្ការ​ទៅ​កាន់​លោក​អូបាឌា​ថា៖ «សូម​លោក​ធ្វើ​ដំណើរ​ទៅ​មើល​តាម​ប្រភព​ទឹក និង​តាម​ស្ទឹង​ទាំង​អស់​នៅ​ក្នុង​ស្រុក ក្រែងលោ​យើង​រក​បាន​ស្មៅ សំរាប់​សេះ និង​លា​ដើម្បី​អោយ​វា​នៅ​រស់ ហើយ​ចៀស​វាង​សម្លាប់​សត្វ​ទាំង​នេះ»។ ៦ ដូច្នេះ ពួក​គេ​ក៏​ចែក​តំបន់​គ្នា ព្រះបាទ​អហាប់​ធ្វើ​ដំណើរ​តាម​ផ្លូវ​មួយ រីឯ​លោក​អូបាឌា​ធ្វើ​ដំណើរ​តាម​ផ្លូវ​មួយ​ទៀត។
៧ ក្នុង​ពេល​ដែល​លោក​អូបាឌា​ធ្វើ​ដំណើរ លោក​អេលីយ៉ា​បាន​ជួប​នឹង​គាត់។ លោក​អូបាឌា​មើល​លោក​អេលីយ៉ា​ស្គាល់ គាត់​ក៏​ក្រាប​ចុះ​អោន​មុខ​ដល់​ដី ហើយ​ពោល​ថា៖ «លោក​ម្ចាស់​ពិត​ជា​លោក​អេលីយ៉ា​ឬ?» ៨ លោក​អេលីយ៉ា​ឆ្លើយ​ថា៖ «គឺ​ខ្ញុំ​នេះ​ហើយ! សូម​ទៅ​ទូល​ព្រះរាជា​ថា អេលីយ៉ា​មក​ដល់​ហើយ!»។ ៩ លោក​អូបាឌា​ពោល​ថា៖ «តើ​ខ្ញុំ​ប្របាទ​ប្រព្រឹត្ត​អ្វី​ខុស បាន​ជា​លោក​ប្រគល់​ខ្ញុំ​ប្របាទ ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ព្រះបាទ​អហាប់ ដើម្បី​អោយ​ស្ដេច​សម្លាប់​ខ្ញុំ​ប្របាទ​ដូច្នេះ? ១០ ខ្ញុំ​ប្របាទ​សូម​ជំរាប​លោក ក្នុង​នាម​ព្រះអម្ចាស់​ដែល​មាន​ព្រះ​ជន្ម​គង់​នៅ​ជា​ព្រះ​របស់​លោក​ថា: ព្រះរាជា​ចាត់​គេ​អោយ​ទៅ​តាម​រក​លោក នៅ​គ្រប់​ប្រជាជាតិ និង​គ្រប់​នគរ។ កាល​មាន​គេ​ឆ្លើយ​ថា លោក​មិន​នៅ​ទី​នោះ​ទេ ស្ដេច​តែងតែ​អោយ​នគរ ឬ​ប្រជាជាតិ​នោះ​ស្បថ​ថា គេ​មិន​បាន​ឃើញ​លោក​មែន។ ១១ ឥឡូវ​នេះ លោក​ប្រើ​ខ្ញុំ​ប្របាទ​អោយ​ទៅ​ទូល​ព្រះរាជា​ថា លោក​អញ្ជើញ​មក​ហើយ! ១២ ប៉ុន្តែ ក្នុង​ពេល​ខ្ញុំ​ប្របាទ​ចេញ​ទៅ​នោះ ប្រសិន​បើ​ព្រះវិញ្ញាណ​របស់​ព្រះអម្ចាស់​មក​លើក​លោក​យក​ទៅ​កន្លែង​មួយ​ដែល​ខ្ញុំ​ប្របាទ​មិន​ដឹង ហើយ​បើ​ព្រះបាទ​អហាប់​រក​លោក​ពុំ​ឃើញ ដូច​ខ្ញុំ​ប្របាទ​រាយការណ៍​ថ្វាយ​ទេ នោះ​ស្ដេច​មុខ​ជា​សម្លាប់​ខ្ញុំ​ប្របាទ​ពុំខាន ថ្វីដ្បិត​តែ​ខ្ញុំ​ប្របាទ​គោរព​កោត​ខ្លាច​ព្រះអម្ចាស់ តាំង​ពី​ក្មេង​មក​ក៏​ដោយ។ ១៣ គ្មាន​នរណា​ជំរាប​លោក​ម្ចាស់​ពី​កិច្ចការ​ទាំង​ប៉ុន្មាន​ដែល​ខ្ញុំ​ប្របាទ​បាន​ធ្វើ​ទេ​ឬ? ពេល​ម្ចាស់​ក្សត្រី​យេសិបិល​សម្លាប់​ពួក​ព្យាការី​របស់​ព្រះអម្ចាស់ ខ្ញុំ​ប្របាទ​បាន​នាំ​ព្យាការី​មួយ​រយ​នាក់​ទៅ​ពួន​ក្នុង​រអាង​ភ្នំ។ ពួក​គេ​មាន​ពីរ​ក្រុម​ក្នុង​មួយ​ក្រុម​មាន​ហាសិប​នាក់ ហើយ​ខ្ញុំ​ប្របាទ​បាន​ផ្គត់ផ្គង់​ស្បៀង​អាហារ និង​ទឹក​ដល់​ពួក​គេ​ផង។ ១៤ ឥឡូវ​នេះ បើ​លោក​ប្រើ​ខ្ញុំ​ប្របាទ​អោយ​ទៅ​ទូល​ព្រះរាជា​ថា លោក​អញ្ជើញ​មក​ហើយ នោះ​ស្ដេច​មុខ​ជា​សម្លាប់​ខ្ញុំ​ប្របាទ​ពុំខាន!»។ ១៥ លោក​អេលីយ៉ា​មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​សូម​ជំរាប​លោក ក្នុង​នាម​ព្រះអម្ចាស់​នៃ​ពិភព​ទាំង​មូល ដែល​មាន​ព្រះជន្ម​គង់​នៅ និង​ជា​ព្រះ​ដែល​ខ្ញុំ​គោរព​បំរើ​ថា ថ្ងៃ​នេះ​ខ្ញុំ​នឹង​ជួប​ព្រះបាទ​អហាប់»។
១៦ លោក​អូបាឌា​ចូល​ទៅ​គាល់​ព្រះបាទ​អហាប់ ហើយ​រាយការណ៍​ថ្វាយ​ស្ដេច។ ព្រះបាទ​អហាប់​ក៏​យាង​ទៅ​ជួប​លោក​អេលីយ៉ា។ ១៧ កាល​ស្ដេច​ឃើញ​លោក​អេលីយ៉ា​ហើយ ទ្រង់​ក៏​មាន​រាជឱង្ការ​ថា៖ «គឺ​លោក​ហ្នឹង​ហើយ​ដែល​នាំ​អោយ​អ៊ីស្រាអែល​រង​គ្រោះ!»។ ១៨ លោក​អេលីយ៉ា​តប​ថា៖ «ទូលបង្គំ​មិន​បាន​នាំ​អោយ​អ៊ីស្រាអែល​រង​គ្រោះ​ឡើយ គឺ​ព្រះករុណា និង​រាជវង្ស​វិញ​ទេ​តើ ដែល​បង្ក​អោយ​មាន​គ្រោះ​កាច​នេះ ព្រោះ​ព្រះករុណា​បោះ​បង់​ចោល​បទ​បញ្ជា​របស់​ព្រះអម្ចាស់​ទៅ​គោរព​បំរើ​ព្រះ​បាល។ ១៩ ឥឡូវ​នេះ សូម​ប្រមូល​ប្រជាជន​អ៊ីស្រាអែល​ទាំង​មូល អោយ​មក​ជួប​ទូលបង្គំ​នៅ​លើ​ភ្នំ​កើមែល ហើយ​អោយ​ព្យាការី​របស់​ព្រះ​បាល ទាំង​បួន​រយ​ហាសិប​នាក់ និង​ព្យាការី​របស់​ព្រះអាសេរ៉ា​ទាំង​បួន​រយ​នាក់ ដែល​បរិភោគ​រួម​តុ​នឹង​ម្ចាស់​ក្សត្រី​យេសិបិល​មក​ជា​មួយ​ដែរ»។
ព្យាការី​អេលីយ៉ា និង​ពួក​ព្យាការី​របស់​ព្រះ​បាល ប្រជែង​គ្នា​នៅ​លើ​ភ្នំ​កើមែល
២០ ព្រះបាទ​អហាប់​បាន​ចាត់​គេ​អោយ​កោះ​ហៅ​ប្រជាជន​អ៊ីស្រាអែល​ទាំង​មូល ព្រម​ទាំង​ប្រមូល​ពួក​ព្យាការី​របស់​ព្រះ​បាល អោយ​មក​ជួបជុំ​គ្នា​នៅ​លើ​ភ្នំ​កើមែល។ ២១ លោក​អេលីយ៉ា​ចូល​ទៅ​ជិត​ប្រជាជន​ទាំង​មូល រួច​មាន​ប្រសាសន៍​ថា៖ «តើ​អ្នក​រាល់​គ្នា​នៅ​ស្ទាក់​ស្ទើរ​ដល់​កាល​ណា​ទៀត? ប្រសិន​បើ​ព្រះអម្ចាស់​ជា​ព្រះ​ពិត​ប្រាកដ​មែន ចូរ​គោរព​បំរើ​ព្រះអង្គ​ចុះ ហើយ​ប្រសិន​បើ​ព្រះ​បាល​ជា​ព្រះ​វិញ ចូរ​គោរព​ព្រះ​បាល​ទៅ!»។ ពេល​នោះ ប្រជាជន​ពុំ​បាន​ឆ្លើយ​តប​អ្វី​ឡើយ។ ២២ លោក​អេលីយ៉ា​មាន​ប្រសាសន៍​ទៅ​កាន់​ប្រជាជន​ទៀត​ថា៖ «ក្នុង​ចំណោម​ព្យាការី​របស់​ព្រះអម្ចាស់ នៅ​សល់​តែ​ខ្ញុំ​ម្នាក់​គត់ រីឯ​ព្យាការី​របស់​ព្រះ​បាល​វិញ មាន​ដល់​ទៅ​បួនរយ​ហាសិប​នាក់។ ២៣ ចូរ​យក​គោ​បា​ពីរ​ក្បាល​មក ហើយ​សូម​អស់​លោក​ព្យាការី​ជ្រើស​រើស​យក​គោ​មួយ​ក្បាល​រួច​កាប់​ជា​ដុំៗ ដាក់​លើ​គំនរ​អុស តែ​មិន​បង្កាត់​ភ្លើង​ទេ។ រីឯ​ខ្ញុំ​វិញ ខ្ញុំ​នឹង​រៀបចំ​គោ​មួយ​ក្បាល​ទៀត ដាក់​លើ​គំនរ​អុស​តែ​មិន​បង្កាត់​ភ្លើង​ទេ។ ២៤ បន្ទាប់​មក ចូរ​អង្វរ​រក​ព្រះនាម​នៃ​ព្រះ​របស់​អ្នក​រាល់​គ្នា រីឯ​ខ្ញុំ​វិញ ខ្ញុំ​អង្វរ​រក​ព្រះនាម​ព្រះអម្ចាស់​ដែរ។ ព្រះ​ណា​ឆ្លើយ​តប​ដោយ​ធ្វើ​អោយ​មាន​ភ្លើង​ឆេះ គឺ​ព្រះ​នោះ​ហើយ​ដែល​ជា​ព្រះ​ដ៏​ពិត​ប្រាកដ»។ ប្រជាជន​ទាំង​មូល​ឆ្លើយ​ថា៖ «យល់​ព្រម»។
២៥ លោក​អេលីយ៉ា​មាន​ប្រសាសន៍​ទៅ​កាន់​ពួក​ព្យាការី​របស់​ព្រះ​បាល​ថា៖ «ចូរ​ជ្រើស​រើស​យក​គោ​បា​មួយ​ក្បាល​សំរាប់​អស់​លោក ហើយ​ចាប់​ផ្ដើម​មុន​ចុះ ដ្បិត​អស់​លោក​មាន​គ្នា​ច្រើន។ ចូរ​អង្វរ​រក​ព្រះនាម​នៃ​ព្រះ​របស់​អស់​លោក ប៉ុន្តែ កុំ​បង្កាត់​ភ្លើង​ឡើយ»។ ២៦ ពួក​គេ​យក​គោ​បា​មួយ​ក្បាល​មក​រៀបចំ រួច​ចាប់​ផ្ដើម​អង្វរ​រក​ព្រះនាម​របស់​ព្រះ​បាល តាំង​ពី​ព្រលឹម រហូត​ដល់​ថ្ងៃ​ត្រង់​ដោយ​ពោល​ថា៖ «ឱ​ព្រះ​បាល​អើយ សូម​មេត្តា​ឆ្លើយ​តប​មក​យើង​ខ្ញុំ​ផង!»។ ប៉ុន្តែ គ្មាន​ឮ​សូរ​សំឡេង ឬ​ចម្លើយ​អ្វី​សោះ។ ពួក​គេ​រាំ​ជុំវិញ​អាសនៈ​ដែល​ពួក​គេ​បាន​សង់។ ២៧ លុះ​ដល់​ថ្ងៃ​ត្រង់ លោក​អេលីយ៉ា​ក៏​ចំអក​ទៅ​ពួក​គេ​ថា៖ «ចូរ​ខំ​ប្រឹង​ស្រែក​អោយ​ខ្លាំង​ឡើង ដ្បិត​ព្រះ​បាល​ជា​ព្រះ ហេតុ​នេះ​ហើយ​បាន​ជា​ទ្រង់​កំពុង​ជាប់​រវល់ ឬ​មាន​កិច្ចការ​អ្វី​ហើយ ឬ​កំពុង​តែ​ធ្វើ​ដំណើរ ឬ​ប្រហែល​ជា​ផ្ទំ​លក់។ ដូច្នេះ ត្រូវ​ដាស់​ព្រះអង្គ​អោយ​តើន​ឡើង!»។ ២៨ ពួក​គេ​ស្រែក​អង្វរ​កាន់​តែ​ខ្លាំង​ឡើងៗ ហើយ​យក​ចុង​ដាវ និង​ចុង​លំពែង​ឆូត​លើ​សាច់ តាម​ទម្លាប់​របស់​គេ ទាល់​តែ​ឈាម​ហូរ​ពេញ​ខ្លួន។ ២៩ លុះ​ដល់​ថ្ងៃ​ជ្រេ​បន្តិច ពួក​គេ​នាំ​គ្នា​ទាយ​រហូត​ដល់​ពេល​ថ្វាយ​សក្ការៈបូជា​វេលា​ល្ងាច។ ប៉ុន្តែ គ្មាន​ឮ​សំឡេង គ្មាន​ចម្លើយ ឬ​ទី​សំគាល់​អ្វី​ឡើយ។
៣០ លោក​អេលីយ៉ា​មាន​ប្រសាសន៍​ទៅ​កាន់​ប្រជាជន​ទាំង​មូល​ថា៖ «ចូរ​នាំ​គ្នា​ចូល​មក​ជិត​ខ្ញុំ!»។ ប្រជាជន​ទាំង​មូល​ក៏​ចូល​ទៅ​ជិត​លោក។ លោក​អេលីយ៉ា​សង់​អាសនៈ​របស់​ព្រះអម្ចាស់ ដែល​គេ​រំលំ​ចោល​ឡើង​វិញ។ ៣១ លោក​យក​ថ្ម​ដប់ពីរ​ដុំ តាម​ចំនួន​កុលសម្ព័ន្ធ​កូន​ចៅ​របស់​លោក​យ៉ាកុប។ គឺ​លោក​យ៉ាកុប​នេះ​ហើយ ដែល​ព្រះអម្ចាស់​មាន​ព្រះបន្ទូល​ថា «អ្នក​នឹង​មាន​ឈ្មោះ​ថា​អ៊ីស្រាអែល»​។ ៣២ លោក​អេលីយ៉ា​យក​ថ្ម​ទាំង​ដប់ពីរ​ដុំ​សង់​អាសនៈ​មួយ​ថ្វាយ​ព្រះនាម​ព្រះអម្ចាស់ រួច​លោក​ក៏​ជីក​ចង្អូរ​ជុំវិញ​អាសនៈ​នោះ ដែល​មាន​ចំណុះ​អាច​ដាក់​ទឹក​បាន​ពីរ​ប៉ោត។ ៣៣ លោក​រៀប​អុស​ដាក់​លើ​អាសនៈ រួច​កាប់​គោ​ជា​ដុំៗ​ដាក់​ពី​លើ​អុស​នោះ។ ៣៤ លោក​មាន​ប្រសាសន៍​ថា៖ «ចូរ​ដង​ទឹក​បួន​ក្អម ចាក់​លើ​តង្វាយ​ដុត​ទាំង​មូល និង​លើ​អុស​នេះ»។ គេ​ក៏​ធ្វើ​តាម​បង្គាប់​របស់​លោក។ បន្ទាប់​មក លោក​មាន​ប្រសាសន៍​ថា៖ «ចូរ​ដង​ទឹក​មក​ចាក់​ម្ដង​ទៀត»។ គេ​ក៏​ធ្វើ​តាម​បង្គាប់​របស់​លោក។ រួច​ហើយ​លោក​មាន​ប្រសាសន៍​ជា​លើក​ទី​បី​ថា៖ «ចូរ​ដង​ទឹក​មក​ចាក់​ម្ដង​ទៀត»។ គេ​ធ្វើ​តាម​បង្គាប់​របស់​លោក​ជា​លើក​ទី​បី។ ៣៥ ទឹក​ហូរ​ជុំវិញ​អាសនៈ ហើយ​ចង្អូរ​ក៏​មាន​ទឹក​ពេញ​ដែរ។
៣៦ លុះ​ដល់​ពេល​ថ្វាយ​សក្ការៈបូជា​វេលា​ល្ងាច លោក​អេលីយ៉ា​ចូល​មក​ជិត​អាសនៈ ហើយ​ទូល​ថា៖ «បពិត្រ​ព្រះអម្ចាស់ ជា​ព្រះ​របស់​លោក​អប្រាហាំ លោក​អ៊ីសាក និង​លោក​អ៊ីស្រាអែល នៅ​ថ្ងៃ​នេះ សូម​បង្ហាញ​អោយ​ប្រជាជន​ដឹង​ថា ព្រះអង្គ​ពិត​ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល ហើយ​ទូលបង្គំ​ជា​អ្នក​បំរើ​របស់​ព្រះអង្គ។ សូម​អោយ​ពួក​គេ​ឃើញ​ថា ទូលបង្គំ​ធ្វើ​ការ​ទាំង​នេះ តាម​បញ្ជា​របស់​ព្រះអង្គ។ ៣៧  ព្រះអម្ចាស់​អើយ សូម​មេត្តា​ឆ្លើយ​តប​មក​ទូលបង្គំ​ផង ដើម្បី​អោយ​ប្រជាជន​នេះ​ទទួល​ស្គាល់​ថា ព្រះអង្គ​ពិត​ជា​ព្រះអម្ចាស់ ជា​ព្រះ​ដ៏​ពិត​ប្រាកដ មាន​តែ​ព្រះអង្គ​ទេ ដែល​អាច​នាំ​ចិត្ត​ពួក​គេ អោយ​វិល​មក​រក​ព្រះអង្គ​វិញ​បាន»។
៣៨ ខណៈ​នោះ ស្រាប់​តែ​ភ្លើង​របស់​ព្រះអម្ចាស់​ធ្លាក់​ចុះ​មក ឆេះ​តង្វាយ​ដុត​ទាំង​មូល ព្រម​ទាំង​អុស ថ្ម ដី និង​ធ្វើ​អោយ​ទឹក​នៅ​ក្នុង​ចង្អូរ​រីង​ស្ងួត​ផង។ ៣៩ កាល​ប្រជាជន​ទាំង​មូល​ឃើញ​ដូច្នេះ ក៏​នាំ​គ្នា​ក្រាប​ថ្វាយបង្គំ អោន​មុខ​ដល់​ដី​ហើយ​ពោល​ថា៖ «គឺ​ព្រះអម្ចាស់​ហើយ​ជា​ព្រះ​ដ៏​ពិត​ប្រាកដ!»។ ៤០ លោក​អេលីយ៉ា​មាន​ប្រសាសន៍​ទៅ​ពួក​គេ​ថា៖ «ចូរ​នាំ​គ្នា​ចាប់​ព្យាការី​របស់​ព្រះ​បាល កុំ​អោយ​នរណា​ម្នាក់​រត់​រួច​ឡើយ!»។ ប្រជាជន​ក៏​ចាប់​ព្យាការី​របស់​ព្រះ​បាល ហើយ​លោក​អេលីយ៉ា​បញ្ជា​អោយ​នាំ​ពួក​គេ​ទៅ​កាន់​ជ្រោះ​គីសូន រួច​លោក​ក៏​អារក​ព្យាការី​ទាំង​អស់​នៅ​ទី​នោះ​ទៅ។
ភ្លៀង​បង្អុរ​ចុះ​មក​សា​ជា​ថ្មី
៤១ លោក​អេលីយ៉ា​ទូល​ព្រះបាទ​អហាប់​ថា៖ «សូម​ព្រះករុណា​យាង​សោយ​ព្រះស្ងោយ ដ្បិត​ទូលបង្គំ ឮ​សូរ​សន្ធឹក​ភ្លៀង​ជិត​មក​ដល់​ហើយ»។ ៤២ ព្រះបាទ​អហាប់​ក៏​យាង​ទៅ​សោយ​ព្រះស្ងោយ។ រីឯ​លោក​អេលីយ៉ា​វិញ លោក​ឡើង​ទៅ​លើ​កំពូល​ភ្នំ​កើមែល ហើយ​ថ្វាយបង្គំ​ព្រះអម្ចាស់​ដោយ​អោន​ក្បាល​នៅ​ចន្លោះ​ជង្គង់​ទាំង​ពីរ។ ៤៣ លោក​ប្រាប់​អ្នក​បំរើ​របស់​លោក​ថា៖ «ចូរ​ឡើង​ទៅ ហើយ​សម្លឹង​ឆ្ពោះ​ទៅ​សមុទ្រ!»។ អ្នក​បំរើ​នោះ​ក៏​ឡើង​ទៅ​ហើយ​សម្លឹង​មើល រួច​ឆ្លើយ​ថា៖ «ខ្ញុំ​ប្របាទ​មិន​ឃើញ​អ្វី​ទេ!»។ លោក​អេលីយ៉ា​ប្រាប់​អ្នក​បំរើ អោយ​ឡើង​ទៅ​មើល​ដូច្នេះ​ចំនួន​ប្រាំពីរ​ដង។ ៤៤ នៅ​លើក​ទី​ប្រាំពីរ អ្នក​បំរើ​ជំរាប​លោក​អេលីយ៉ា​ថា៖ «ខ្ញុំ​ប្របាទ​ឃើញ​មាន​ពពក​មួយ​ដុំ​តូច​ប៉ុន​បាត​ដៃ ឡើង​ពី​សមុទ្រ​មក»។ លោក​អេលីយ៉ា​មាន​ប្រសាសន៍​ថា៖ «ចូរ​ទៅ​ទូល​ព្រះបាទ​អហាប់​អោយ​ទឹម​រាជរថ ហើយ​យាង​ចុះ​ពី​ភ្នំ​ទៅ ដើម្បី​កុំ​អោយ​ភ្លៀង​ធ្លាក់​ទាន់»។ ៤៥ ពេល​នោះ មាន​ពពក​កាន់​តែ​ខ្លាំង​ក្រាស់ៗ ហើយ​ខ្យល់​ក៏​បក់​មក រួច​ភ្លៀង​បង្អុរ​មក​យ៉ាង​ខ្លាំង​ដែរ។ ព្រះបាទ​អហាប់​យាង​ឡើង​រាជរថ ចូល​ទៅ​ក្រុង​យេសរាល។​ ៤៦ លោក​អេលីយ៉ា​យក​ក្រណាត់​ក្រវាត់​ចង្កេះ ស្រាប់​តែ​លោក​ពោរពេញ​ដោយ​ឫទ្ធិបារមី​របស់​ព្រះអម្ចាស់ ហើយ​លោក​ក៏​រត់​ពី​មុខ​រាជរថ​ព្រះបាទ​អហាប់ រហូត​ដល់​ច្រក​ចូល​ក្រុង​យេសរាល។