លិខិតទីមួយរបស់
លោកពេត្រុស
១
សេចក្ដីផ្ដើម
១ ខ្ញុំ ពេត្រុស ជាសាវ័ក*របស់ព្រះយេស៊ូគ្រិស្ដ សូមជំរាបមកបងប្អូនដែលព្រះជាម្ចាស់បានជ្រើសរើស ហើយដែលបែកខ្ញែកគ្នា ទៅរស់ជាអាណិកជន នៅស្រុកប៉ុនតុស ស្រុកកាឡាទី ស្រុកកាប៉ាដូគា ស្រុកអាស៊ី និងស្រុកប៊ីធូនា។ ២ ព្រះជាម្ចាស់ ជាព្រះបិតាបានជ្រើសរើសបងប្អូន តាមគំរោងការដែលព្រះអង្គគ្រោងទុកពីមុនមក ដោយព្រះវិញ្ញាណប្រោសបងប្អូនអោយបានវិសុទ្ធ* ដើម្បីអោយបងប្អូនស្ដាប់បង្គាប់ព្រះយេស៊ូគ្រិស្ដ* និងអោយព្រះអង្គប្រោះព្រះលោហិតរបស់ព្រះអង្គលើបងប្អូន។ សូមអោយបងប្អូនបានប្រកបដោយព្រះគុណ និងសេចក្ដីសុខសាន្តកាន់តែច្រើនឡើងៗ។
សេចក្ដីសង្ឃឹម
៣ សូមសរសើរតម្កើងព្រះជាម្ចាស់ ជាព្រះបិតារបស់ព្រះយេស៊ូគ្រិស្ដ* ជាព្រះអម្ចាស់នៃយើង។ ព្រះជាម្ចាស់បានប្រោសយើងអោយកើតជាថ្មី ដោយប្រោសព្រះយេស៊ូគ្រិស្ដ* អោយមានព្រះជន្មរស់ឡើងវិញ ស្របតាមព្រះហឫទ័យមេត្តាករុណាដ៏លើសលប់របស់ព្រះអង្គ ដូច្នេះ យើងមានសេចក្ដីសង្ឃឹមដែលមិនចេះសាបសូន្យ ៤ ហើយយើងនឹងទទួលមត៌កដែលមិនចេះរលួយ មិនចេះសៅហ្មង មិនចេះស្រពោន។ ព្រះជាម្ចាស់បម្រុងទុកមត៌កនេះអោយបងប្អូននៅស្ថានបរមសុខ* ៥ ហើយឫទ្ធានុភាពរបស់ព្រះអង្គថែរក្សាបងប្អូន ដោយសារជំនឿ ដើម្បីអោយបងប្អូនទទួលការសង្គ្រោះ ដែលព្រះអង្គបានរៀបចំទុកជាស្រេច ហើយដែលទ្រង់នឹងសំដែងនៅគ្រាចុងក្រោយបំផុត។
៦ ហេតុនេះហើយ បានជាបងប្អូនមានចិត្តរីករាយយ៉ាងខ្លាំង ទោះបីពេលនេះ បងប្អូនព្រួយចិត្តដោយជួបនឹងទុក្ខលំបាកផ្សេងៗ ក្នុងមួយរយៈពេលខ្លីក៏ដោយ។ ៧ ទុក្ខលំបាកទាំងនេះនឹងលត់ដំជំនឿរបស់បងប្អូន អោយមានតម្លៃលើសមាស ដែលតែងតែរលាយសូន្យនោះទៅទៀត គឺមាសដែលសំរាំងក្នុងភ្លើង។ នៅថ្ងៃដែលព្រះយេស៊ូគ្រិស្ដសំដែងខ្លួនអោយមនុស្សលោកឃើញ ជំនឿរបស់បងប្អូននឹងទទួលការសរសើរ ទទួលសិរីរុងរឿង និងកិត្តិយសជាមិនខាន។ ៨ បងប្អូនមិនដែលបានឃើញព្រះអង្គទេ តែបងប្អូនស្រឡាញ់ព្រះអង្គ ទោះបីបងប្អូននៅតែពុំទាន់ឃើញព្រះអង្គក្ដី ក៏បងប្អូនជឿលើព្រះអង្គ ហើយមានអំណរសប្បាយដ៏រុងរឿងរកថ្លែងពុំបាន ៩ ព្រោះបងប្អូនបានទទួលការសង្គ្រោះសំរាប់ព្រលឹងខ្លួន ដែលជាទីដៅនៃជំនឿរបស់បងប្អូន។
១០ ព្យាការី*ដែលថ្លែងព្រះបន្ទូល*អំពីព្រះគុណ ដែលបម្រុងសំរាប់បងប្អូន បាននាំគ្នាស្រាវជ្រាវ និងរិះរកចង់ដឹងអំពីការសង្គ្រោះនេះ។ ១១ ព្រះវិញ្ញាណរបស់ព្រះគ្រិស្ដដែលគង់នៅក្នុងព្យាការីទាំងនោះ បានបញ្ជាក់ប្រាប់ជាមុនអំពីទុក្ខលំបាករបស់ព្រះគ្រិស្ដ និងអំពីសិរីរុងរឿងដែលព្រះអង្គនឹងទទួលតាមក្រោយ។ ពួកលោកក៏បានរិះគិតចង់ដឹងថា តើព្រឹត្តិការណ៍នេះនឹងកើតមាននៅជំនាន់ណា ក្នុងកាលៈទេសៈណា។ ១២ ព្រះជាម្ចាស់បានសំដែងអោយព្យាការីទាំងនោះដឹងថា សេចក្ដីដែលពួកលោកថ្លែង មិនមែនសំរាប់ពួកលោកទេ គឺសំរាប់បងប្អូនវិញ។ ឥឡូវនេះ ពួកអ្នកផ្សព្វផ្សាយដំណឹងល្អ* បាននាំដំណឹងមកប្រាប់បងប្អូន អំពីសេចក្ដីទាំងនោះ ក្រោមការណែនាំរបស់ព្រះវិញ្ញាណដ៏វិសុទ្ធ* ដែលព្រះជាម្ចាស់បានចាត់ពីស្ថានបរមសុខមក។ សូម្បីតែពួកទេវតា* ក៏ប្រាថ្នាចង់យល់ជំរៅនៃសេចក្ដីទាំងនោះដែរ។
ការទូន្មានអោយមានជីវិតដ៏វិសុទ្ធ
១៣ ហេតុនេះ សូមបងប្អូនប្រុងប្រៀបចិត្តគំនិតអោយមែនទែន កុំភ្លេចខ្លួនអោយសោះ ត្រូវមានចិត្តសង្ឃឹមទាំងស្រុងទៅលើព្រះគុណ ដែលព្រះជាម្ចាស់ប្រោសប្រទានអោយបងប្អូន នៅថ្ងៃព្រះយេស៊ូគ្រិស្ដ*នឹងសំដែងព្រះអង្គ អោយមនុស្សលោកឃើញ។ ១៤ ចូរធ្វើដូចកូនដែលចេះស្ដាប់បង្គាប់ គឺមិនត្រូវធ្វើតាមចិត្តប៉ងប្រាថ្នា ដែលបងប្អូនធ្លាប់មានកាលមិនទាន់ស្គាល់ព្រះអង្គ នោះឡើយ ១៥ ផ្ទុយទៅវិញ ព្រះអង្គដែលបានត្រាស់ហៅបងប្អូន ទ្រង់វិសុទ្ធ*យ៉ាងណា បងប្អូនក៏ត្រូវតែវិសុទ្ធ* ក្នុងគ្រប់កិច្ចការ ដែលបងប្អូនប្រព្រឹត្តយ៉ាងនោះដែរ ១៦ ដ្បិតក្នុងគម្ពីរមានចែងទុកថា៖ «អ្នករាល់គ្នាត្រូវតែវិសុទ្ធ* ព្រោះយើងវិសុទ្ធ»។
១៧ មួយវិញទៀត ប្រសិនបើបងប្អូនអង្វររកព្រះជាម្ចាស់ក្នុងឋានៈព្រះអង្គជាព្រះបិតា ចូររស់នៅដោយគោរពកោតខ្លាចព្រះអង្គ ក្នុងពេលដែលបងប្អូនស្នាក់នៅលើផែនដីនេះ ដ្បិតព្រះអង្គនឹងវិនិច្ឆ័យមនុស្សតាមអំពើដែលម្នាក់ៗបានប្រព្រឹត្ត ឥតរើសមុខនរណាឡើយ។ ១៨ បងប្អូនជ្រាបស្រាប់ហើយថា ព្រះជាម្ចាស់បានលោះបងប្អូនអោយរួចពីរបៀបរស់នៅដ៏ឥតន័យ ដែលជាដំណែលតពីបុព្វបុរស*របស់បងប្អូន មិនមែនដោយសារអ្វីៗដែលតែងតែរលាយសាបសូន្យទៅ ដូចជាមាស ឬប្រាក់ទេ ១៩ គឺដោយសារព្រះលោហិតដ៏ថ្លៃវិសេសរបស់ព្រះគ្រិស្ដ* ដែលប្រៀបបាននឹងកូនចៀមដ៏ល្អឥតខ្ចោះ ឥតស្លាកស្នាម។ ២០ ព្រះជាម្ចាស់បានជ្រើសតាំងព្រះគ្រិស្ដ មុនកំណើតពិភពលោកទៅទៀត ហើយបានបង្ហាញព្រះអង្គអោយមនុស្សលោកឃើញនៅគ្រាចុងក្រោយនេះ ព្រោះតែបងប្អូន។ ២១ តាមរយៈព្រះគ្រិស្ដ បងប្អូនជឿលើព្រះជាម្ចាស់ដែលបានប្រោសព្រះអង្គអោយមានព្រះជន្មរស់ឡើងវិញ ហើយប្រទានសិរីរុងរឿងមកព្រះអង្គ ដើម្បីអោយបងប្អូនមានជំនឿ និងមានសង្ឃឹមលើព្រះជាម្ចាស់។
២២ បងប្អូនបានជំរះព្រលឹងអោយបានបរិសុទ្ធ*ដោយស្ដាប់តាមសេចក្ដីពិត ដើម្បីអោយបងប្អូនចេះស្រឡាញ់គ្នាយ៉ាងស្មោះស្ម័គ្រ ដូចបងប្អូនបង្កើត។ ចូរស្រឡាញ់គ្នាទៅវិញទៅមកអោយអស់ពីចិត្តទៅ។ ២៣ ព្រះជាម្ចាស់បានប្រោសបងប្អូនអោយកើតជាថ្មី មិនមែនដោយពូជដែលតែងតែរលួយទេ គឺដោយពូជមិនចេះរលួយដែលជាព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ព្រះបន្ទូលនេះផ្ដល់ជីវិត ហើយនៅស្ថិតស្ថេរជាដរាប
២៤ ដ្បិតមនុស្សគ្រប់ៗរូបប្រៀបបាននឹងស្មៅ
រីឯសិរីរុងរឿងទាំងប៉ុន្មានរបស់គេ ប្រៀបបាននឹងផ្កា
ស្មៅតែងតែក្រៀម ហើយផ្កាក៏រុះរោយដែរ
២៥ ប៉ុន្តែ ព្រះបន្ទូលរបស់ព្រះអម្ចាស់នៅស្ថិតស្ថេរ
អស់កល្បជានិច្ច។
ព្រះបន្ទូលនេះ គឺជាដំណឹងល្អ* ដែលគេបាននាំយកមកជូនបងប្អូន។