៥
ការព្រមានពួកអ្នកមាន
១ ចំពោះអ្នកមានវិញ ចូរស្រែកទ្រហោយំទៅ ព្រោះទុក្ខលំបាកនឹងកើតមានដល់អ្នករាល់គ្នាជាពុំខាន! ២ ទ្រព្យសម្បត្តិរបស់អ្នករាល់គ្នារលួយអស់ ហើយសម្លៀកបំពាក់របស់អ្នករាល់គ្នាក៏ត្រូវកណ្ដៀរស៊ីដែរ។ ៣ មាសប្រាក់របស់អ្នករាល់គ្នាត្រូវច្រែះស៊ី ហើយច្រែះនេះធ្វើជាបន្ទាល់ទាស់នឹងអ្នករាល់គ្នា ព្រមទាំងស៊ីសាច់អ្នករាល់គ្នា ដូចភ្លើងឆេះសុសដែរ។ គ្រានេះ ជាគ្រាចុងក្រោយបំផុត អ្នករាល់គ្នាបានប្រមូលទ្រព្យសម្បត្តិទុក ៤ ឥតបើកប្រាក់ឈ្នួលអោយពួកកម្មករដែលច្រូតកាត់ ក្នុងស្រែរបស់អ្នករាល់គ្នាឡើយ មើល៍! សំរែកអ្នកច្រូតទាំងនោះបានលាន់ទៅដល់ព្រះអម្ចាស់នៃពិភពទាំងមូល*។ ៥ អ្នករាល់គ្នារស់នៅលើផែនដីនេះយ៉ាងសម្បូណ៌សប្បាយ ថ្កុំថ្កើងរុងរឿង ហើយអ្នករាល់គ្នាបំពេញចំណង់ចិត្តខ្លួនយ៉ាងឆ្អែតស្កប់ស្កល់ ដូចនៅថ្ងៃដែលគេសម្លាប់សត្វ។ ៦ អ្នករាល់គ្នាបានដាក់ទោស និងប្រហារជីវិតមនុស្សសុចរិត តែគេពុំបានប្រឆាំងតបតនឹងអ្នករាល់គ្នាវិញឡើយ។
ការអត់ធ្មត់ និងការព្យាយាមអធិស្ឋាន
៧ ដូច្នេះ បងប្អូនអើយ ត្រូវមានចិត្តអត់ធ្មត់ រហូតដល់ពេលព្រះអម្ចាស់យាងមកយ៉ាងរុងរឿង។ មើលចុះ! អ្នកភ្ជួររាស់ទន្ទឹងរង់ចាំភោគផលដ៏ថ្លៃវិសេសដែលដីផ្ដល់អោយដោយចិត្តអត់ធ្មត់ រហូតដល់បានផលនៅដើមរដូវ និងចុងរដូវ។ ៨ បងប្អូនក៏ដូច្នោះដែរ ចូរមានចិត្តអត់ធ្មត់ តាំងចិត្តអោយរឹងប៉ឹង ដ្បិតព្រះអម្ចាស់ជិតយាងមកដល់ហើយ។
៩ បងប្អូនអើយ មិនត្រូវរអ៊ូរទាំនឹងគ្នាទៅវិញទៅមកឡើយ ដើម្បីកុំអោយមានទោស ដ្បិតព្រះជាម្ចាស់ដែលជាចៅក្រម ទ្រង់ឈរនៅមាត់ទ្វារស្រាប់ហើយ។ ១០ បងប្អូនអើយ ចូរយកតំរាប់តាមពួកព្យាការី*ដែលបានរងទុក្ខលំបាក និងមានចិត្តអត់ធ្មត់ ហើយថ្លែងព្រះបន្ទូលក្នុងព្រះនាមព្រះអម្ចាស់។ ១១ យើងតែងតែសរសើរអស់អ្នកដែលចេះស៊ូទ្រាំថា ជាអ្នកមានសុភមង្គល។ បងប្អូនធ្លាប់ឮគេនិយាយស្រាប់ហើយថា លោកយ៉ូបចេះស៊ូទ្រាំយ៉ាងណាៗនោះ ហើយបងប្អូនក៏ឃើញដែរថា នៅទីបំផុត ព្រះអម្ចាស់អោយគាត់បានទៅជាយ៉ាងណា ដ្បិតព្រះអម្ចាស់មានព្រះហឫទ័យអាណិតអាសូរ និងមេត្តាករុណាយ៉ាងក្រៃលែង។
១២ ជាពិសេស បងប្អូនអើយ កុំស្បថអោយសោះ គឺកុំយកមេឃ យកផែនដី ឬយកអ្វីផ្សេងទៀតមកធ្វើជាប្រធានសម្បថឡើយ បើថា«មែន» អោយប្រាកដជា«មែន» «ទេ» អោយប្រាកដជា«ទេ» ដើម្បីកុំអោយមានទោស។
១៣ ក្នុងចំណោមបងប្អូន បើមាននរណាម្នាក់កើតទុក្ខលំបាក ត្រូវអោយគាត់អធិស្ឋាន* បើមាននរណាអរសប្បាយ ត្រូវច្រៀងបទលើកតម្កើងព្រះជាម្ចាស់។ ១៤ ក្នុងចំណោមបងប្អូន បើនរណាមានជំងឺ ត្រូវអញ្ជើញព្រឹទ្ធាចារ្យរបស់ក្រុមជំនុំមក ដើម្បីអោយលោកទាំងនោះអធិស្ឋានអោយគាត់ និងលាបប្រេង*អោយក្នុងព្រះនាមព្រះអម្ចាស់។ ១៥ ពាក្យអធិស្ឋានដែលផុសចេញមកពីជំនឿ នឹងសង្គ្រោះអ្នកជំងឺនោះ ហើយព្រះអម្ចាស់នឹងប្រោសគាត់អោយក្រោកឡើងវិញ ប្រសិនបើគាត់បានប្រព្រឹត្តអំពើបាប ព្រះអង្គនឹងលើកលែងទោសអោយ។ ១៦ ដូច្នេះ សូមបងប្អូនលន់តួបាបដល់គ្នាទៅវិញទៅមក ព្រមទាំងអធិស្ឋានអោយគ្នាទៅវិញទៅមកផង ដើម្បីអោយបានជាសះស្បើយ។ ពាក្យទូលអង្វររបស់មនុស្សសុចរិត*មានប្រសិទ្ធភាពខ្លាំងណាស់។ ១៧ ព្យាការីអេលីយ៉ាជាមនុស្សដូចយើងដែរ លោកបានអធិស្ឋានអស់ពីចិត្ត សុំកុំអោយមានភ្លៀងធ្លាក់ នោះក៏គ្មានភ្លៀងធ្លាក់លើផែនដី អស់រយៈពេលបីឆ្នាំប្រាំមួយខែ។ ១៨ បន្ទាប់មក លោកអធិស្ឋានសាជាថ្មី មេឃក៏បង្អុរភ្លៀងមក ហើយដីក៏បង្កើតភោគផលដែរ។
១៩ បងប្អូនអើយ ក្នុងចំណោមបងប្អូន ប្រសិនបើមាននរណាម្នាក់បានវង្វេងចេញឆ្ងាយពីសេចក្ដីពិត ហើយបើមានម្នាក់ទៀតនាំគាត់អោយវិលត្រឡប់មកវិញ ២០ តោងដឹងថា អ្នកដែលនាំមនុស្សបាបអោយងាកចេញពីមាគ៌ាដែលគេវង្វេងនោះ បានសង្គ្រោះជីវិតគេអោយរួចពីស្លាប់ ព្រមទាំងគ្របបាំងអំពើបាបដ៏ច្រើនលើសលប់ផង។