៤
១ ស្ដេចអោយគេធ្វើអាសនៈមួយពីលង្ហិន មានបណ្ដោយប្រាំហត្ថ ទទឹងម្ភៃហត្ថ និងកំពស់ដប់ហត្ថ។
អាងធំពីលង្ហិន
(១ពង្សាវតារក្សត្រ ៧:២៣-២៦)
២ ស្ដេចអោយគេធ្វើអាងមួយយ៉ាងធំពីលង្ហិន ដែលមានរាងមូល មានអង្កត់ផ្ចិតដប់ហត្ថ មានកំពស់ប្រាំហត្ថ និងរង្វង់ជុំវិញសាមសិបហត្ថ។ ៣ នៅក្រោមគែមមាត់អាង មានសិតរូបគោពីរជួរ គឺក្នុងប្រវែងមួយហត្ថ មានសិតរូបគោដប់ព័ទ្ធជុំវិញអាង។ រូបគោទាំងពីរជួរនោះសិតជាប់ជាមួយអាង។ ៤ អាងនោះទ្រដោយរូបគោលង្ហិនចំនួនដប់ពីរ គោបីបែរទៅខាងជើង គោបីបែរទៅខាងលិច គោបីបែរទៅខាងត្បូង និងគោបីទៀតបែរទៅខាងកើត។ រីឯខ្លួនវាបែរចូលក្នុងដើម្បីទ្រអាង។ ៥ អាងនេះមានកំរាស់មួយទះ មាត់របស់វារីក ដូចមាត់ពែង និងមានរាងដូចផ្កាម្លិះ ហើយមានចំណុះ ប្រមាណ ៣ ០០០ អំរែក។
៦ ស្ដេចអោយគេធ្វើអាងពីលង្ហិន ចំនួនដប់ទៀត ហើយដាក់ប្រាំនៅខាងស្ដាំ និងប្រាំនៅខាងឆ្វេងសំរាប់ធ្វើពិធីជំរះ និងលាងសត្វទាំងប៉ុន្មានដែលត្រូវថ្វាយជាតង្វាយដុតទាំងមូល រីឯពួកបូជាចារ្យត្រូវធ្វើពិធីជំរះកាយក្នុងអាងធំធ្វើពីលង្ហិនវិញ។
បញ្ជីរបស់របរដែលលោកហ៊ីរ៉ាមបានធ្វើ
(១ពង្សាវតារក្សត្រ ៧:៤០-៥១)
៧ ស្ដេចអោយគេធ្វើជើងចង្កៀងអំពីមាស ចំនួនដប់តាមក្បួនតម្រាស្ដីអំពីជើងចង្កៀងនេះ រួចយកទៅដាក់នៅក្នុងព្រះវិហារ ជើងចង្កៀងប្រាំនៅខាងស្ដាំ និងប្រាំទៀតនៅខាងឆ្វេង។ ៨ ស្ដេចអោយគេធ្វើតុចំនួនដប់ សំរាប់ដាក់ក្នុងព្រះវិហារ គឺតុប្រាំនៅខាងស្ដាំ និងប្រាំនៅខាងឆ្វេង។ ស្ដេចក៏អោយគេធ្វើផើងដាក់ឈាមពីមាស ចំនួនមួយរយដែរ។ ៩ ស្ដេចអោយគេធ្វើទីលានមួយសំរាប់ពួកបូជាចារ្យ និងទីធ្លាយ៉ាងធំមួយទៀត ព្រមទាំងមានទ្វារផង ហើយសន្លឹកទ្វារទាំងនោះមានស្រោបលង្ហិន។ ១០ រីឯអាងធំ ស្ដេចបានអោយគេតម្កល់នៅខាងស្ដាំព្រះដំណាក់ ត្រង់ទិសអាគ្នេយ៍។
១១ កាលលោកហ៊ីរ៉ាមធ្វើអាង ប្រដាប់ចូកផេះ និងផើងដាក់ឈាមរួចរាល់ហើយ កិច្ចការទាំងអស់ដែលលោកធ្វើថ្វាយព្រះបាទសាឡូម៉ូន នៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ ក៏បានចប់សព្វគ្រប់ ១២ គឺមានសសរពីរ ក្បាលសសររាងមូលទាំងពីរ ដែលស្ថិតនៅខាងចុងសសរ ព្រមទាំងក្បាច់ក្រឡាសំណាញ់ពីរ សំរាប់គ្របពីលើក្បាលសសរនៅខាងលើសសរ ១៣ ក្បាច់ផ្លែទទឹមចំនួនបួនរយចងភ្ជាប់នឹងក្រឡាសំណាញ់ទាំងពីរ គឺផ្លែទទឹមពីរជួរ សំរាប់ភ្ជាប់នឹងក្រឡាសំណាញ់នីមួយៗ ដែលគ្របពីលើក្បាលសសរនៅខាងលើសសរ។ ១៤ លោកហ៊ីរ៉ាមក៏បានធ្វើរទេះ និងអាងដាក់លើរទេះទាំងនោះ ១៥ អាងធំ និងរូបគោចំនួនដប់ពីរសំរាប់ទ្រអាង ១៦ ធុងសំរាប់ដាក់ផេះ ប្រដាប់ចូកផេះ និងសមសំរាប់ចាក់សាច់។ គ្រឿងប្រដាប់ទាំងអស់ដែលលោកហ៊ីរ៉ាមធ្វើថ្វាយព្រះបាទសាឡូម៉ូន សំរាប់ដាក់ក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ សុទ្ធតែធ្វើអំពីលង្ហិន ដែលខាត់យ៉ាងរលោង។ ១៧ ស្ដេចអោយគេសិតគ្រឿងប្រដាប់ទាំងនោះ ក្នុងពុម្ពដីឥដ្ឋ នៅវាលទំនាបទន្លេយ័រដាន់ ត្រង់ចន្លោះសិកូត និងសារថាន។ ១៨ ព្រះបាទសាឡូម៉ូនបានអោយគេធ្វើគ្រឿងប្រដាប់យ៉ាងច្រើនសន្ធឹកសន្ធាប់ ហេតុនេះ គេពុំអាចគិតពីទម្ងន់លង្ហិនបានទេ។
១៩ ព្រះបាទសាឡូម៉ូនបានអោយគេធ្វើគ្រឿងប្រដាប់ផ្សេងទៀតអំពីមាស សំរាប់ព្រះដំណាក់របស់ព្រះអម្ចាស់ គឺមាន អាសនៈមាស តុសំរាប់តម្កល់នំបុ័ងថ្វាយព្រះអម្ចាស់ ២០ ជើងចង្កៀង និងចង្កៀងធ្វើអំពីមាសសុទ្ធ ដែលត្រូវដុតតាមក្បួនតម្រានៅមុខទីសក្ការៈ។ ២១ ផ្នែកដាក់ប្រេង តួចង្កៀង និងឃ្នាបប្រឆេះ ក៏ធ្វើអំពីមាសដ៏សុទ្ធបំផុតដែរ។ ២២ កាំបិត ផើងដាក់ឈាម ពែង និងភាជន៍ធ្វើអំពីមាសសុទ្ធទាំងអស់។ រីឯសន្លឹកទ្វារប៉ែកខាងក្នុងរបស់ព្រះដំណាក់ សំរាប់ចូលទៅក្នុងទីសក្ការៈបំផុត និងសន្លឹកទ្វារចូលព្រះដំណាក់សុទ្ធតែធ្វើពីមាស។