៦
១ ពេលនោះ ព្រះបាទសាឡូម៉ូនមានរាជឱង្ការដូចតទៅ៖
«ព្រះអម្ចាស់មានព្រះបន្ទូលថា
ព្រះអង្គសព្វព្រះហឫទ័យគង់ក្នុងទីងងឹត!
២ ទូលបង្គំបានសង់ព្រះវិហារដ៏ថ្កុំថ្កើងនេះ
ទុកជាព្រះដំណាក់ថ្វាយព្រះអង្គគង់
អស់កល្បជានិច្ច!»។
សេចក្ដីថ្លែងការណ៍របស់ព្រះបាទសាឡូម៉ូន
(១ពង្សាវតារក្សត្រ ៨:១៤-២១)
៣ ព្រះរាជាបែរមក ហើយប្រទានពរដល់សហគមន៍អ៊ីស្រាអែលទាំងមូល ដែលកំពុងតែឈរនៅទីនោះ។ ៤ ព្រះរាជាមានរាជឱង្ការថា៖ «សូមលើកតម្កើងព្រះអម្ចាស់ ជាព្រះរបស់ជនជាតិអ៊ីស្រាអែល ព្រះអង្គសំដែងព្រះបារមី ដើម្បីសំរេចតាមព្រះបន្ទូល ដែលព្រះអង្គបានសន្យាចំពោះព្រះបាទដាវីឌ ជាបិតារបស់ខ្ញុំ។ ព្រះអង្គមានព្រះបន្ទូលដូចតទៅ: ៥ “តាំងពីថ្ងៃដែលយើងបាននាំប្រជារាស្ត្ររបស់យើងចាកចេញពីស្រុកអេស៊ីប យើងមិនបានជ្រើសរើសក្រុងណាមួយ ក្នុងចំណោមកុលសម្ព័ន្ធទាំងប៉ុន្មានរបស់អ៊ីស្រាអែល ដើម្បីសង់ដំណាក់មួយទុក ជាកន្លែងសំរាប់សំដែងនាមរបស់យើងឡើយ យើងក៏ពុំបានជ្រើសរើសនរណាម្នាក់ផ្សេង ដើម្បីធ្វើជាមេដឹកនាំរបស់ជនជាតិអ៊ីស្រាអែល ជាប្រជារាស្ត្ររបស់យើងដែរ ៦ គឺយើងបានជ្រើសរើសក្រុងយេរូសាឡឹម ដើម្បីសំដែងនាមរបស់យើង ហើយជ្រើសរើសដាវីឌអោយធ្វើជាមេដឹកនាំអ៊ីស្រាអែល ជាប្រជារាស្ត្ររបស់យើង”។ ៧ ព្រះបាទដាវីឌជាបិតារបស់ខ្ញុំ មានបំណងសង់ព្រះវិហារមួយ សំរាប់ព្រះនាមរបស់ព្រះអម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែល។ ៨ ប៉ុន្តែ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់ព្រះបាទដាវីឌជាបិតារបស់ខ្ញុំថា “អ្នកមានបំណងសង់ព្រះដំណាក់សំរាប់នាមយើងដូច្នេះ ជាការប្រសើរណាស់ ៩ តែមិនមែនអ្នកទេដែលនឹងសង់ព្រះដំណាក់នេះ គឺកូនដែលកើតចេញពីសាច់ឈាមរបស់អ្នកផ្ទាល់ ជាអ្នកសង់ព្រះដំណាក់សំរាប់នាមយើង”។ ១០ ព្រះអម្ចាស់បានសំរេចតាមព្រះបន្ទូលសន្យារបស់ព្រះអង្គ គឺខ្ញុំបានឡើងស្នងរាជ្យរបស់ព្រះបាទដាវីឌ ជាបិតារបស់ខ្ញុំ ខ្ញុំគ្រងរាជ្យលើជនជាតិអ៊ីស្រាអែល ស្របតាមព្រះបន្ទូលរបស់ព្រះអម្ចាស់។ ខ្ញុំក៏បានសង់ព្រះដំណាក់នេះសំរាប់ព្រះនាមព្រះអម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែលដែរ។ ១១ ខ្ញុំបានតម្កល់ហិបដាក់បន្ទះថ្មនៃសម្ពន្ធមេត្រីរបស់ព្រះអម្ចាស់ នៅក្នុងព្រះដំណាក់នេះ គឺសម្ពន្ធមេត្រី ដែលព្រះអង្គបានចងជាមួយជនជាតិអ៊ីស្រាអែល»។
ពាក្យអធិស្ឋានរបស់ព្រះបាទសាឡូម៉ូន
(១ពង្សាវតារក្សត្រ ៨:២២-៥៣)
១២ ព្រះរាជាឈរពីមុខអាសនៈរបស់ព្រះអម្ចាស់ នៅចំពោះមុខសហគមន៍អ៊ីស្រាអែលទាំងមូល ស្ដេចលើកព្រះហស្ដឡើងលើ។ ១៣ ព្រះបាទសាឡូម៉ូនបានធ្វើវេទិកាមួយពីលង្ហិន តម្កល់នៅចំកណ្ដាលទីលានព្រះដំណាក់ វេទិកានេះមានបណ្ដោយប្រាំហត្ថ ទទឹងប្រាំហត្ថ និងកំពស់បីហត្ថ។ ព្រះរាជាយាងឡើងគង់លើវេទិកានោះ រួចលុតជង្គង់ នៅចំពោះមុខសហគមន៍អ៊ីស្រាអែលទាំងមូល ហើយលើកព្រះហស្ដឡើងទៅលើមេឃទូលថា៖ ១៤ «បពិត្រព្រះអម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែល! នៅលើមេឃ និងនៅលើផែនដី គ្មានព្រះណាមួយដូចព្រះអង្គឡើយ។ ព្រះអង្គរក្សាសម្ពន្ធមេត្រី ហើយសំដែងព្រះហឫទ័យមេត្តាករុណា ចំពោះអ្នកបំរើរបស់ព្រះអង្គ ដែលដើរនៅចំពោះព្រះភក្ត្រព្រះអង្គ ដោយស្មោះអស់ពីចិត្ត។ ១៥ ព្រះអង្គប្រោសប្រណីដល់ព្រះបាទដាវីឌ ជាអ្នកបំរើរបស់ព្រះអង្គ និងជាបិតារបស់ទូលបង្គំ ស្របតាមព្រះបន្ទូលសន្យារបស់ព្រះអង្គ។ ថ្ងៃនេះព្រះអង្គសំរេចតាមព្រះបន្ទូលសន្យា ដោយសារឫទ្ធិបារមីរបស់ព្រះអង្គ។ ១៦ បពិត្រព្រះអម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែល! ឥឡូវនេះ សូមព្រះអង្គប្រោសប្រណីដល់អ្នកបំរើព្រះអង្គ គឺព្រះបាទដាវីឌ ជាបិតារបស់ទូលបង្គំ ស្របតាមព្រះបន្ទូលដែលព្រះអង្គបានសន្យាថា “ប្រសិនបើពូជពង្សរបស់អ្នកប្រុងប្រយ័ត្នចំពោះមាគ៌ារបស់ខ្លួន ដោយគោរពតាមក្រឹត្យវិន័យ*របស់យើង ដូចអ្នកបានដើរតាមយើងដែរនោះ ក្នុងចំណោមពួកគេ តែងតែមានម្នាក់ ឡើងគ្រងរាជ្យលើអ៊ីស្រាអែល នៅចំពោះមុខយើងជានិច្ច”។ ១៧ បពិត្រព្រះអម្ចាស់ជាព្រះនៃជនជាតិអ៊ីស្រាអែល ឥឡូវនេះសូមសំរេចតាមព្រះបន្ទូលដែលព្រះអង្គសន្យាជាមួយព្រះបាទដាវីឌ ជាអ្នកបំរើរបស់ព្រះអង្គផង។
១៨ តើព្រះជាម្ចាស់គង់នៅលើផែនដី ជាមួយមនុស្សលោកកើតឬ? សូម្បីតែផ្ទៃមេឃ និងលំហដ៏ធំធេង ក៏ពុំល្មមថ្វាយព្រះអង្គគង់ផង ចុះទំរាំបើព្រះដំណាក់ដែលទូលបង្គំសង់ថ្វាយនេះ តើរឹងរឹតតែចង្អៀតយ៉ាងណាទៅ! ១៩ បពិត្រព្រះអម្ចាស់ ជាព្រះនៃទូលបង្គំ សូមផ្ទៀងព្រះកាណ៌ស្ដាប់ពាក្យអធិស្ឋាន និងពាក្យទូលអង្វររបស់ទូលបង្គំជាអ្នកបំរើរបស់ព្រះអង្គ ហើយសូមទ្រង់ព្រះសណ្ដាប់សំរែក និងពាក្យអធិស្ឋានរបស់ទូលបង្គំនៅថ្ងៃនេះផង! ២០ សូមទតមើលមកព្រះដំណាក់នេះ ទាំងថ្ងៃ ទាំងយប់ គឺកន្លែងដែលព្រះអង្គមានព្រះបន្ទូលថា ជាកន្លែងសំរាប់ព្រះនាមរបស់ព្រះអង្គ។ សូមទ្រង់ព្រះសណ្ដាប់ទូលបង្គំ ជាអ្នកបំរើរបស់ព្រះអង្គអធិស្ឋាននៅទីនេះផង! ២១ កាលទូលបង្គំជាអ្នកបំរើរបស់ព្រះអង្គ និងអ៊ីស្រាអែលជាប្រជារាស្ត្ររបស់ព្រះអង្គ អធិស្ឋានឆ្ពោះមកទីនេះ សូមទ្រង់ព្រះសណ្ដាប់ពាក្យទូលអង្វរទាំងប៉ុន្មានរបស់យើងខ្ញុំផង។ បពិត្រព្រះអម្ចាស់ដែលគង់នៅស្ថានបរមសុខ* សូមមេត្តាព្រះសណ្ដាប់ពាក្យទូលអង្វររបស់យើងខ្ញុំ និងអត់ទោសអោយយើងខ្ញុំផង!។
២២ កាលណាមនុស្សម្នាក់ប្រព្រឹត្តខុសចំពោះអ្នកដទៃ គេបង្ខំអោយអ្នកនោះស្បថ ហើយអ្នកនោះមកស្បថនៅមុខអាសនៈ ក្នុងព្រះដំណាក់របស់ព្រះអង្គ ២៣ សូមព្រះអង្គដែលគង់នៅស្ថានបរមសុខ*ទ្រង់ព្រះសណ្ដាប់ ហើយរកយុត្តិធម៌អោយអ្នកបំរើរបស់ព្រះអង្គ។ សូមធ្វើទោសអ្នកដែលប្រព្រឹត្តខុស សមនឹងកំហុសដែលគេបានធ្វើ ហើយផ្ដល់យុត្តិធម៌ដល់មនុស្សសុចរិត តាមព្រះហឫទ័យសុចរិតរបស់ព្រះអង្គ។
២៤ កាលណាអ៊ីស្រាអែល ជាប្រជារាស្ត្ររបស់ព្រះអង្គ ប្រព្រឹត្តអំពើបាប ទាស់នឹងព្រះហឫទ័យរបស់ព្រះអង្គ ហើយបរាជ័យនៅចំពោះមុខខ្មាំងសត្រូវ ប្រសិនបើពួកគេវិលមករកព្រះអង្គ និងសរសើរតម្កើងព្រះនាមព្រះអង្គ ព្រមទាំងអធិស្ឋាន និងទូលអង្វរព្រះអង្គក្នុងព្រះដំណាក់នេះ ២៥ សូមព្រះអង្គដែលគង់នៅស្ថានបរមសុខ ទ្រង់ព្រះសណ្ដាប់ ហើយលើកលែងទោសអ៊ីស្រាអែល ជាប្រជារាស្ត្ររបស់ព្រះអង្គ អោយបានរួចពីបាប ព្រមទាំងនាំពួកគេមករស់នៅលើទឹកដី ដែលព្រះអង្គប្រទានដល់ដូនតារបស់គេវិញ។
២៦ កាលណាមេឃរាំងស្ងួត គ្មានភ្លៀង ព្រោះតែប្រជាជនប្រព្រឹត្តអំពើបាប ទាស់នឹងព្រះហឫទ័យរបស់ព្រះអង្គ ហើយព្រះអង្គធ្វើទារុណកម្មពួកគេ ប្រសិនបើពួកគេទូលអង្វរឆ្ពោះមកទីនេះ រួចសរសើរតម្កើងព្រះនាមព្រះអង្គ និងលះបង់អំពើបាប ២៧ សូមព្រះអង្គដែលគង់នៅស្ថានបរមសុខទ្រង់ព្រះសណ្ដាប់ ហើយលើកលែងទោសពួកអ្នកបំរើរបស់ព្រះអង្គ គឺអ៊ីស្រាអែលជាប្រជារាស្ត្ររបស់ព្រះអង្គ អោយបានរួចពីបាបផង។ សូមបង្រៀនពួកគេអោយដើរតាមមាគ៌ាដ៏សុចរិត និងប្រទានទឹកភ្លៀងមកលើស្រុករបស់ព្រះអង្គ គឺស្រុកដែលព្រះអង្គប្រទានអោយប្រជារាស្ត្ររបស់ព្រះអង្គ ទុកជាកេរមត៌ក។
២៨ កាលណាស្រុកកើតទុរ្ភិក្ស ជំងឺរាតត្បាត ស្រូវស្កក មានក្រា កណ្ដូប និងចង្រិត ស៊ីបង្ហិនស្រូវ ឬមានខ្មាំងសត្រូវមកឡោមព័ទ្ធប្រជារាស្ត្រនៅក្នុងស្រុក និងតាមក្រុងដ៏រឹងមាំរបស់គេ ហើយកាលណាមានគ្រោះកាច និងជំងឺផ្សេងៗ ២៩ ប្រសិនបើមាននរណាម្នាក់ ឬប្រជាជនអ៊ីស្រាអែលទាំងមូល ដែលជាប្រជារាស្ត្ររបស់ព្រះអង្គមានទុក្ខខ្លោចផ្សា និងឈឺចុកចាប់ រួចអធិស្ឋាន និងទូលអង្វរ ទាំងលើកដៃប្រណម្យឆ្ពោះមកព្រះដំណាក់ ៣០ សូមព្រះអង្គដែលគង់នៅព្រះហឫទ័យ ទ្រង់ព្រះសណ្ដាប់ និងលើកលែងទោសអោយពួកគេ ហើយប្រព្រឹត្តចំពោះពួកគេ តាមអំពើដែលម្នាក់ៗបានធ្វើ ដ្បិតមានតែព្រះអង្គទេ ដែលស្គាល់ចិត្តរបស់មនុស្សលោកយ៉ាងច្បាស់។ ៣១ ធ្វើដូច្នេះ ពួកគេនឹងគោរពកោតខ្លាចព្រះអង្គ ព្រមទាំងដើរក្នុងមាគ៌ារបស់ព្រះអង្គរហូតតទៅ ហើយពួកគេនឹងរស់នៅលើទឹកដី ដែលព្រះអង្គប្រទានអោយដូនតារបស់ពួកគេ។
៣២ សូម្បីតែជនបរទេស ដែលមិនមែនជាជនជាតិអ៊ីស្រាអែល ជាប្រជារាស្ត្ររបស់ព្រះអង្គ មកពីស្រុកឆ្ងាយ ព្រោះតែព្រះនាមដ៏ឧត្ដុង្គឧត្ដម ព្រមទាំងឫទ្ធិបារមី និងតេជានុភាពរបស់ព្រះអង្គ ប្រសិនបើគេមកអង្វរព្រះអង្គក្នុងព្រះដំណាក់នេះ ៣៣ សូមព្រះអង្គដែលគង់នៅស្ថានបរមសុខទ្រង់ព្រះសណ្ដាប់ និងប្រោសប្រទាន តាមសំណូមពរទាំងប៉ុន្មាន ដែលជនបរទេសនោះទូលសូមពីព្រះអង្គ ដើម្បីអោយជាតិសាសន៍ទាំងអស់នៅលើផែនដីស្គាល់ព្រះនាមរបស់ព្រះអង្គ ហើយគោរពកោតខ្លាចព្រះអង្គ ដូចជនជាតិអ៊ីស្រាអែល ជាប្រជារាស្ត្ររបស់ព្រះអង្គដែរ។ ពួកគេនឹងទទួលស្គាល់ថា ព្រះដំណាក់ដែលទូលបង្គំសង់នេះ ពិតជាកន្លែងដែលព្រះអង្គគង់នៅមែន។
៣៤ កាលណាប្រជារាស្ត្ររបស់ព្រះអង្គចេញទៅច្បាំងនឹងខ្មាំងសត្រូវតាមបញ្ជារបស់ព្រះអង្គ រួចទូលអង្វរព្រះអង្គឆ្ពោះមកក្រុងដែលព្រះអង្គបានជ្រើសរើស និងឆ្ពោះមកព្រះដំណាក់ ដែលទូលបង្គំបានសង់ថ្វាយព្រះនាមរបស់ព្រះអង្គ ៣៥ សូមព្រះអង្គដែលគង់នៅស្ថានបរមសុខ ស្ដាប់ពាក្យអធិស្ឋាន និងពាក្យទូលអង្វររបស់ពួកគេ ហើយរកយុត្តិធម៌អោយពួកគេផង។
៣៦ កាលណាជនជាតិអ៊ីស្រាអែលប្រព្រឹត្តអំពើបាបទាស់នឹងព្រះហឫទ័យរបស់ព្រះអង្គ ដ្បិតគ្មាននរណាម្នាក់មិនប្រព្រឹត្តអំពើបាបឡើយ ពេលនោះ ព្រះអង្គទ្រង់ព្រះពិរោធនឹងពួកគេ ហើយប្រគល់ពួកគេទៅក្នុងកណ្ដាប់ដៃរបស់ខ្មាំងសត្រូវ។ ពេលខ្មាំងកៀរពួកគេទៅជាឈ្លើយនៅស្រុកមួយ ទោះបីឆ្ងាយ ឬជិតក្ដី ៣៧ ប្រសិនបើនៅក្នុងស្រុកដែលពួកគេជាប់ជាឈ្លើយ ពួកគេភ្ញាក់រលឹក រួចវិលមករកព្រះអង្គវិញ ហើយទូលអង្វរថា “យើងខ្ញុំបានប្រព្រឹត្តអំពើបាប យើងខ្ញុំបានប្រព្រឹត្តខុស យើងខ្ញុំបានប្រព្រឹត្តអំពើអាក្រក់!”។ ៣៨ នៅក្នុងស្រុកដែលខ្មាំងចាប់ពួកគេយកទៅជាឈ្លើយ នោះប្រសិនបើពួកគេវិលមករកព្រះអង្គយ៉ាងអស់ពីចិត្ត អស់ពីគំនិត រួចទូលអង្វរព្រះអង្គ ឆ្ពោះមកស្រុកដែលព្រះអង្គប្រទានអោយដូនតារបស់គេ ឆ្ពោះមកក្រុងដែលព្រះអង្គបានជ្រើសរើស និងឆ្ពោះមកព្រះដំណាក់ដែលទូលបង្គំបានសង់សំរាប់ព្រះនាមរបស់ព្រះអង្គ ៣៩ សូមព្រះអង្គដែលគង់នៅស្ថានបរមសុខ ទ្រង់ព្រះសណ្ដាប់ពាក្យអធិស្ឋាន និងពាក្យទូលអង្វររបស់ពួកគេ ហើយរកយុត្តិធម៌អោយពួកគេផង។ សូមលើកលែងទោសអោយប្រជារាស្ត្ររបស់ព្រះអង្គ ដែលបានប្រព្រឹត្តអំពើបាបទាស់នឹងព្រះហឫទ័យព្រះអង្គ។ ៤០ បពិត្រព្រះនៃទូលបង្គំ ឥឡូវនេះសូមព្រះអង្គទតមើលមកទូលបង្គំ! សូមព្រះអង្គផ្ទៀងព្រះកាណ៌ស្ដាប់ពាក្យដែលយើងខ្ញុំអធិស្ឋាន នៅទីនេះផង។
៤១ ព្រះជាអម្ចាស់អើយ ឥឡូវនេះសូមក្រោកឡើង
សូមយាងមកជាមួយហិបនៃឫទ្ធានុភាព
របស់ព្រះអង្គ
ហើយគង់នៅក្នុងទីសំរាករបស់ព្រះអង្គ
រហូតតទៅ។
ព្រះជាអម្ចាស់អើយ
សូមអោយការសង្គ្រោះស្ថិតនៅជាប់ជាមួយ
ពួកបូជាចារ្យរបស់ព្រះអង្គ ដូចសម្លៀកបំពាក់
ហើយសូមអោយប្រជារាស្ត្ររបស់ព្រះអង្គ
ជួបប្រទះតែនឹងសុភមង្គល!
៤២ ឱព្រះជាអម្ចាស់អើយ!
សូមកុំបោះបង់ចោលស្ដេចដែលព្រះអង្គបាន
ចាក់ប្រេងអភិសេកនេះឡើយ
សូមនឹកដល់ភក្ដីភាពរបស់ព្រះបាទដាវីឌ
ជាអ្នកបំរើរបស់ព្រះអង្គ!»។