ប្រវត្តិ​សាស្ត្រ​នៃ​រាជាណាចក្រ​យូដា ចាប់​ពី​គ្រា​បែង​ចែក​ស្រុក រហូត​ដល់​គ្រា​ស្ដេច​ស្រុក​បាប៊ីឡូន​កៀរ​ប្រជាជន​ទៅ​ជា​ឈ្លើយ
១០
ប្រជាជន​ជួបជុំ​គ្នា​នៅ​ស៊ីគែម
(១​ពង្សាវតារក្សត្រ ១២:១-១៥)
១ សម្ដេច​រេហូបោម​យាង​ទៅ​ស៊ីគែម ដ្បិត​ប្រជាជន​អ៊ីស្រាអែល​ទាំង​មូល​បាន​ជួបជុំ​គ្នា​នៅ​ទី​នោះ ដើម្បី​អភិសេក​សម្ដេច​ជា​ព្រះមហាក្សត្រ។ ២ កាល​លោក​យេរ៉ូបោម ជា​កូន​របស់​លោក​នេបាត​ឮ​ដំណឹង​នេះ លោក​ស្ថិត​នៅ​ស្រុក​អេស៊ីប ព្រោះ​លោក​បាន​គេច​ខ្លួន​ពី​ព្រះបាទ​សាឡូម៉ូន។ លោក​ក៏​វិល​ត្រឡប់​ពី​ស្រុក​អេស៊ីប​មក​វិញ។ ៣ ពេល​នោះ គេ​បាន​ចាត់​មនុស្ស​អោយ​ទៅ​ហៅ​លោក​យេរ៉ូបោម​មក​ដែរ។ លោក​យេរ៉ូបោម និង​ជន​ជាតិ​អ៊ីស្រាអែល​ទាំង​មូល​មក​ជួបជុំ​គ្នា ពួក​គេ​ទូល​ព្រះបាទ​រេហូបោម​ថា៖ ៤ «បិតា​របស់​ព្រះករុណា​បាន​ដាក់​នឹម​យ៉ាង​ធ្ងន់​លើ​យើង​ខ្ញុំ។ ឥឡូវ​នេះ សូម​ព្រះករុណា​មេត្តា​សំរាល​នឹម​ដ៏​ធ្ងន់ ដែល​បិតា​របស់​ព្រះករុណា បាន​ដាក់​លើ​យើង​ខ្ញុំ​ផង នោះ​យើង​ខ្ញុំ​នឹង​បំរើ​ព្រះករុណា»។ ៥ ព្រះរាជា​មាន​រាជឱង្ការ​ថា៖ «ចូរ​ត្រឡប់​ទៅ​សិន​ចុះ ចាំ​បី​ថ្ងៃ​ទៀត សឹម​វិល​មក​ជួប​យើង​វិញ»។ ប្រជាជន​ក៏​នាំ​គ្នា​ចាក​ចេញ​ទៅ។
៦ ព្រះបាទ​រេហូបោម​បាន​ពិភាក្សា​ជា​មួយ​ក្រុម​ព្រឹទ្ធាចារ្យ ដែល​ជា​ទី​ប្រឹក្សា​របស់​ព្រះបាទ​សាឡូម៉ូន​ជា​បិតា​ក្នុង​គ្រា​ដែល​ស្ដេច​នៅ​មាន​ព្រះជន្ម​នៅ​ឡើយ​ដោយ​សួរ​ថា៖ «តាម​យោបល់​របស់​អស់​លោក តើ​យើង​ត្រូវ​ឆ្លើយ​យ៉ាង​ដូច​ម្ដេច​ចំពោះ​ប្រជាជន​នេះ?»។ ៧ អស់​លោក​ព្រឹទ្ធាចារ្យ​ទូល​វិញ​ថា៖ «ប្រសិន​បើ​ព្រះករុណា​មាន​ព្រះហឫទ័យ​សប្បុរស​ចំពោះ​ប្រជាជន​នេះ ប្រសិន​បើ​ព្រះករុណា​សន្ដោស​មេត្តា​ដល់​ពួក​គេ ហើយ​មាន​ព្រះបន្ទូល​ទៅ​ពួក​គេ​ដោយ​ទន់ភ្លន់ នោះ​ពួក​គេ​នឹង​បំរើ​ព្រះករុណា​រហូត​ត​ទៅ»។ ៨ ប៉ុន្តែ ព្រះបាទ​រេហូបោម​មិន​រវីរវល់​នឹង​យោបល់​របស់​អស់​លោក​ព្រឹទ្ធាចារ្យ​ទេ ទ្រង់​បែរ​ជា​សួរ​យោបល់​ពី​ពួក​មន្ត្រី​ជំនិត ដែល​ធ្លាប់​នៅ​ជា​មួយ​ស្ដេច​តាំង​ពី​កុមារ​មក។ ៩ ស្ដេច​មាន​រាជឱង្ការ​ទៅ​ពួក​គេ​ថា៖ «ប្រជាជន​សុំ​អោយ​យើង​សំរាល​នឹម ដែល​បិតា​របស់​យើង​បាន​ដាក់​លើ​ពួក​គេ។ តើ​អស់​លោក​មាន​យោបល់​ណា? តាម​យោបល់​អស់​លោក តើ​យើង​ត្រូវ​ឆ្លើយ​នឹង​ប្រជាជន​នេះ​យ៉ាង​ដូច​ម្ដេច?»។ ១០ មន្ត្រី​ជំនិត​ដែល​ធ្លាប់​នៅ​ជា​មួយ​ស្ដេច​តាំង​ពី​កុមារ​មក​ទូល​ស្ដេច​ថា៖ «សូម​ព្រះករុណា​ប្រាប់​ប្រជាជន​ដែល​មក​សុំ​អោយ​ព្រះករុណា​សំរាល​នឹម​បិតា​របស់​ព្រះករុណា​នោះ​វិញ​ថា “កូន​ដៃ​របស់​យើង​មាន​កម្លាំង​ជាង​ដៃ​​របស់​បិតា​យើង​ទៅ​ទៀត។ ១១ បិតា​របស់​យើង​បាន​ដាក់​នឹម​យ៉ាង​ធ្ងន់​លើ​អ្នក​រាល់​គ្នា រីឯ​យើង​វិញ យើង​នឹង​ធ្វើ​អោយ​នឹម​នេះ​រឹត​តែ​ធ្ងន់​ថែម​ទៀត។ បិតា​យើង​ប្រដៅ​អ្នក​រាល់​គ្នា​ដោយ​ប្រើ​រំពាត់ រីឯ​យើង​យើង​នឹង​ប្រដៅ​អ្នក​រាល់​គ្នា​ដោយ​ប្រើ​ខ្យាដំរី”»។
១២ លុះ​ដល់​ថ្ងៃ​ទី​បី​លោក​យេរ៉ូបោម និង​ប្រជាជន​ទាំង​មូល​ចូល​មក​គាល់​ព្រះបាទ​រេហូបោម តាម​ពេល​ដែល​ស្ដេច​បាន​កំណត់​ថា៖ «ចាំ​បី​ថ្ងៃ​ទៀត សឹម​វិល​ត្រឡប់​មក​ជួប​យើង​វិញ»។ ១៣ ព្រះបាទ​រេហូបោម​មាន​រាជឱង្ការ​ទៅ​កាន់​ពួក​គេ​យ៉ាង​តឹងរ៉ឹង គឺ​ស្ដេច​មិន​រវីរវល់​នឹង​យោបល់​របស់​ក្រុម​ព្រឹទ្ធាចារ្យ​ទេ។ ១៤ ស្ដេច​មាន​រាជឱង្ការ​ទៅ​កាន់​ប្រជាជន តាម​យោបល់​របស់​មន្ត្រី​ក្មេងៗ​ថា៖ «បិតា​យើង​បាន​ផ្ទុក​នឹម​យ៉ាង​ធ្ងន់​លើ​អ្នក​រាល់​គ្នា រីឯ​យើង​វិញ យើង​នឹង​ធ្វើ​អោយ​នឹម​នេះ រឹត​តែ​ធ្ងន់​ថែម​ទៀត។ បិតា​របស់​យើង​ប្រដៅ​អ្នក​រាល់​គ្នា ដោយ​ប្រើ​រំពាត់ រីឯ​យើង យើង​នឹង​ប្រដៅ​អ្នក​រាល់​គ្នា ដោយ​ប្រើ​ខ្យាដំរី»។ ១៥ ស្ដេច​មិន​ព្រម​ស្ដាប់​តាម​សំណូម​ពរ​របស់​ប្រជាជន​ទេ ដ្បិត​ព្រះអម្ចាស់​បណ្ដោយ​អោយ​មាន​សភាពការណ៍​ប្រែប្រួល​ដូច្នេះ ស្រប​តាម​ព្រះបន្ទូល​ដែល​ព្រះអង្គ​ថ្លែង​មក​កាន់​លោក​យេរ៉ូបោម ជា​កូន​របស់​លោក​នេបាត តាម​រយៈ​ព្យាការី​អហ៊ីយ៉ា​នៅ​ស៊ីឡូ​។
អាណាចក្រ​អ៊ីស្រាអែល​បែក​ជា​ពីរ ព្រះបាទ​រេហូបោម​សោយ​រាជ្យ​លើ​ស្រុក​យូដា
(១​ពង្សាវតារក្សត្រ ១២:១៦-២៥)
១៦ ពេល​ប្រជាជន​អ៊ីស្រាអែល​ទាំង​មូល​ឃើញ​ថា ស្ដេច​ពុំ​ព្រម​ស្ដាប់​តាម​សំណូម​ពរ​របស់​ខ្លួន​ទេ ពួក​គេ​ក៏​ទូល​ស្ដេច​ថា៖
«ពួក​យើង​គ្មាន​ជាប់​ជំពាក់​អ្វី
នឹង​ព្រះបាទ​ដាវីឌ​ទៀត​ទេ
ពួក​យើង​ក៏​គ្មាន​ចំណែក​មត៌ក​អ្វី​រួម​ជា​មួយ
កូន​របស់​លោក​អ៊ីសាយ​ដែរ!
ប្រជាជន​អ៊ីស្រាអែល​អើយ
ចូរ​វិល​ត្រឡប់​ទៅ​ទី​លំនៅ​រៀង​ខ្លួនៗ​វិញ​ចុះ។
រាជវង្ស​របស់​ព្រះបាទ​ដាវីឌ​អើយ
ឥឡូវ​នេះ សូម​បី​បាច់​ថែរក្សា​ខ្លួន​ឯង​ទៅ!»។
ប្រជាជន​អ៊ីស្រាអែល​នាំ​គ្នា​វិល​ត្រឡប់​ទៅ​កាន់​ទី​លំនៅ​របស់​ខ្លួន​វិញ។
១៧ ព្រះបាទ​រេហូបោម​គ្រង​រាជ្យ​លើ​ជន​ជាតិ​អ៊ីស្រាអែល ដែល​រស់​នៅ​តាម​ក្រុង​ទាំងឡាយ​ក្នុង​ស្រុក​យូដា។ ១៨ ព្រះបាទ​រេហូបោម​ចាត់​លោក​អដូរ៉ាម ជា​អ្នក​ទទួល​ខុស​ត្រូវ​លើ​កំណែន អោយ​ទៅ​ជួប​កុលសម្ព័ន្ធ​អ៊ីស្រាអែល​ឯ​ទៀតៗ តែ​ពួក​គេ​បាន​គប់​ដុំ​ថ្ម​សម្លាប់​លោក។ ព្រះបាទ​រេហូបោម​ឡើង​រាជរថ​ស្ទើរ​តែ​មិន​រួច ហើយ​ទ្រង់​ភៀស​ខ្លួន​ចូល​ក្រុង​យេរូសាឡឹម​វិញ។ ១៩ គឺ​យ៉ាង​នេះ​ហើយ​ដែល​ប្រជាជន​អ៊ីស្រាអែល បះបោរ​ប្រឆាំង​នឹង​រាជវង្ស​ព្រះបាទ​ដាវីឌ​រហូត​ដល់​សព្វ​ថ្ងៃ។