១០
រាជវង្ស​របស់​ព្រះបាទ​អហាប់​ត្រូវ​រលត់
១ ព្រះបាទ​អហាប់​មាន​បុត្រា​ចិតសិប​អង្គ រស់​នៅ​ក្រុង​សាម៉ារី។ លោក​យេហ៊ូវ​ផ្ញើ​សារ ទៅ​ជូន​អស់​លោក ដែល​ជា​មេ​ដឹក​នាំ​របស់​ទីក្រុង​ព្រឹទ្ធាចារ្យ និង​គ្រូ​បាធ្យាយ​របស់​បុត្រ​ព្រះបាទ​អហាប់ ដែល​នៅ​ក្រុង​សាម៉ារី។ ក្នុង​សារ​នោះ​មាន​សេចក្ដី​ដូច​ត​ទៅ៖ ២ «អស់​លោក​មាន​បុត្រា​របស់​ស្ដេច ព្រម​ទាំង​រទេះ​ចំបាំង​ទ័ព​សេះ ទីក្រុង​ដ៏​រឹងមាំ និង​គ្រឿង​សស្រ្ដាវុធ​ស្រាប់​ហើយ។ ដូច្នេះ ពេល​ណា​អស់​លោក​បាន​ទទួល​សារ​នេះ ៣ ចូរ​ជ្រើស​តាំង​បុត្រ​ណា​មួយ​ដែល​ប្រសើរ​ជាង​គេ អោយ​ឡើង​គ្រង​រាជ្យ​ជំនួស​បិតា ហើយ​ត្រៀម​ខ្លួន​ប្រយុទ្ធ​ការពារ​រាជវង្ស នៃ​ម្ចាស់​របស់​អស់​លោក​ទៅ»។ ៤ ពួក​គេ​ភ័យ​ខ្លាច​ជា​ខ្លាំង ហើយ​និយាយ​គ្នា​ថា៖ «ស្ដេច​ទាំង​ពីរ​អង្គ​នោះ​ពុំ​អាច​តទល់​នឹង​លោក​យេហ៊ូវ​បាន​ផង ចុះ​ទំរាំ​បើ​យើង​វិញ តើ​យើង​អាច​តទល់​នឹង​លោក​ដូច​ម្ដេច​បាន?»។ ៥ អ្នក​ទទួល​ខុស​ត្រូវ​ក្នុង​វាំង ចៅហ្វាយ​ក្រុង ពួក​ព្រឹទ្ធាចារ្យ និង​ពួក​គ្រូ​បាធ្យាយ​ចាត់​គេ អោយ​ទៅ​ជំរាប​លោក​យេហ៊ូវ​ថា៖ «យើង​ខ្ញុំ​ប្របាទ​ជា​អ្នក​បំរើ​របស់​លោក​ម្ចាស់ យើង​ខ្ញុំ​សុខ​ចិត្ត​ធ្វើ​អ្វីៗ​ទាំង​អស់ តាម​តែ​លោក​ម្ចាស់​បង្គាប់។ យើង​ខ្ញុំ​មិន​ជ្រើស​តាំង​នរណា​ម្នាក់​ជា​ស្ដេច​ទេ សូម​លោក​ម្ចាស់​ប្រព្រឹត្ត​តាម​តែ​លោក​ម្ចាស់​យល់​ឃើញ​ថា​ល្អ​ចុះ!»។
៦ លោក​យេហ៊ូវ​ធ្វើ​សារ​មួយ​ទៀត ផ្ញើ​ជូន​អស់​លោក​ទាំង​នោះ មាន​សេចក្ដី​ដូច​ត​ទៅ៖ «ប្រសិន​បើ​អស់​លោក​ចូល​មក​ខាង​ខ្ញុំ និង​ស្ដាប់​តាម​បញ្ជា​របស់​ខ្ញុំ ចូរ​កាត់​ក​បុត្រា​ទាំង​អស់​របស់​ម្ចាស់​អស់​លោក ហើយ​យក​ក្បាល​មក​អោយ​ខ្ញុំ​នៅ​ក្រុង​យេសរាល នា​ថ្ងៃ​ស្អែក ពេល​ថ្មើរ​នេះ!»។ ពេល​នោះ បុត្រា​ទាំង​ចិតសិប​អង្គ​រស់​នៅ​តាម​ផ្ទះ​របស់​នាម៉ឺន​ធំៗ ក្នុង​ក្រុង​សាម៉ារី ហើយ​លោក​ទាំង​នោះ​ចិញ្ចឹម​ពួក​គេ។ ៧ ពេល​ពួក​មេ​ដឹក​នាំ​នៃ​ក្រុង​សាម៉ារី​ទទួល​សារ​របស់​លោក​យេហ៊ូវ គេ​នាំ​គ្នា​ចាប់​បុត្រា​របស់​ស្ដេច​ទាំង​ចិតសិប​អង្គ​នោះ មក​កាត់​ក​យក​ក្បាល​ដាក់​ក្នុង​កព្ឆោ នាំ​ទៅ​ជូន​លោក​យេហ៊ូវ​នៅ​ក្រុង​យេសរាល។ ៨ អ្នក​នាំ​សារ​ម្នាក់​រត់​ទៅ​ជំរាប​លោក​យេហ៊ូវ​ថា គេ​នាំ​ក្បាល​របស់​កូន​ស្ដេច​មក​ហើយ។ លោក​យេហ៊ូវ​បញ្ជា​ថា៖ «ចូរ​យក​ក្បាល​ទាំង​នោះ​ទៅ​ដាក់​ជា​ពីរ​គំនរ នៅ​ត្រង់​មាត់​ទ្វារ​ក្រុង រហូត​ដល់​ព្រឹក​ស្អែក»។ ៩ លុះ​ព្រឹក​ឡើង លោក​យេហ៊ូវ​ចេញ​ទៅ​ឈរ​នៅ​មាត់​ទ្វារ​ក្រុង ហើយ​ប្រកាស​ប្រាប់​ប្រជាជន​ទាំង​មូល​ថា៖ «អ្នក​រាល់​គ្នា​គ្មាន​ទោស​អ្វី​ទេ! គឺ​ខ្ញុំ​ទេ​តើ​ដែល​បាន​បះបោរ​ប្រឆាំង​នឹង​ស្ដេច ព្រម​ទាំង​ធ្វើ​គុត​ស្ដេច​ទៀត​ផង។ រីឯ​អ្នក​ទាំង​នេះ​វិញ តើ​នរណា​ជា​អ្នក​សម្លាប់? ១០ ដូច្នេះ សូម​អ្នក​រាល់​គ្នា​ជ្រាប​ថា ព្រះបន្ទូល​ទាំង​ប៉ុន្មាន ដែល​ព្រះអម្ចាស់​ថ្លែង​ប្រឆាំង​នឹង​រាជវង្ស​របស់​ស្ដេច​អហាប់ សុទ្ធ​តែ​បាន​សំរេច​ឥត​ខ្វះ​ត្រង់​ណា​ឡើយ! ព្រះអម្ចាស់​បាន​សំរេច​តាម​សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​ព្រះអង្គ​មាន​ព្រះបន្ទូល​តាម​រយៈ​លោក​អេលីយ៉ា ជា​អ្នក​បំរើ​របស់​ព្រះអង្គ»។
១១ លោក​យេហ៊ូវ​ប្រហារ​ជីវិត​ញាតិវង្ស​របស់​ព្រះបាទ​អហាប់ ដែល​នៅ​សេសសល់​ក្នុង​ក្រុង​យេសរាល ព្រម​ទាំង​ពួក​នាម៉ឺន​ធំៗ អស់​អ្នក​ដែល​ជិត​ស្និទ្ធ​នឹង​ស្ដេច ពួក​បូជាចារ្យ​របស់​ស្ដេច ដោយ​ពុំ​ទុក​នរណា​ម្នាក់​អោយ​រួច​ជីវិត​ឡើយ។
លោក​យេហ៊ូវ​ប្រហារ​ជីវិត​រាជវង្ស​របស់​ស្ដេច​យូដា
(២របាក្សត្រ ២២:៨)
១២ បន្ទាប់​មក លោក​យេហ៊ូវ​ក្រោក​ឡើង ធ្វើ​ដំណើរ​ទៅ​កាន់​ក្រុង​សាម៉ារី។ ពេល​ធ្វើ​ដំណើរ​ទៅ​ដល់​សាលា​សំណាក់​របស់​ពួក​គង្វាល ១៣ លោក​បាន​ជួប​នឹង​បង​ប្អូន​របស់​ព្រះបាទ​អហាស៊ីយ៉ា ជា​ស្ដេច​ស្រុក​យូដា។ លោក​សួរ​ពួក​គេ​ថា៖ «តើ​អស់​លោក​ជា​នរណា​ដែរ?»។ ពួក​គេ​ឆ្លើយ​ថា៖ «ពួក​យើង​ជា​បង​ប្អូន​របស់​ព្រះបាទ​អហាស៊ីយ៉ា ពួក​យើង​នាំ​គ្នា​ចុះ​មក​ធ្វើ​គារវកិច្ច ចំពោះ​បុត្រ​របស់​ព្រះមហាក្សត្រ និង​បុត្រ​របស់​ព្រះមហាក្សត្រិយានី»។ ១៤ លោក​យេហ៊ូវ​បញ្ជា​ថា៖ «ចូរ​ចាប់​ពួក​គេ​ទាំង​រស់!»។ គេ​ក៏​ចាប់​អ្នក​ទាំង​នោះ​ទាំង​រស់​នាំ​យក​ទៅ​សម្លាប់ ហើយ​បោះ​សាកសព​ទៅ​ក្នុង​អណ្ដូង​ទឹក​នៃ​សាលា​សំណាក់​នោះ។ អ្នក​ទាំង​នោះ​មាន​គ្នា​ចំនួន​សែសិប​ពីរ​នាក់ លោក​យេហ៊ូវ​ឥត​ទុក​នរណា​ម្នាក់ អោយ​រត់​រួច​ឡើយ។
លោក​យេហ៊ូវ​ជួប​នឹង​លោក​យ៉ូណាដាប់
១៥ កាល​លោក​យេហ៊ូវ​ចេញ​ដំណើរ​ពី​ទី​នោះ​ទៅ លោក​បាន​ជួប​នឹង​លោក​យ៉ូណាដាប់ ជា​កូន​របស់​លោក​រេកាប​ដែល​ដើរ​តម្រង់​មក​រក​លោក។ លោក​យេហ៊ូវ​ជំរាប​សួរ​គាត់​ហើយ​សួរ​ថា៖ «តើ​លោក​មាន​ចិត្ត​ស្មោះ​ចំពោះ​ខ្ញុំ ដូច​ខ្ញុំ​មាន​ចិត្ត​ស្មោះ​ចំពោះ​លោក​ដែរ​ឬ​ទេ?»។ លោក​យ៉ូណាដាប់​ឆ្លើយ​ថា៖ «ខ្ញុំ​មាន​ចិត្ត​ស្មោះ​មែន»។ លោក​យេហ៊ូវ​មាន​ប្រសាសន៍​ទៀត​ថា៖ «បើ​ដូច្នោះ​មែន សូម​ហុច​ដៃ​មក៍!»។ លោក​យ៉ូណាដាប់​ក៏​ហុច​ដៃ ហើយ​លោក​យេហ៊ូវ​ចាប់​ដៃ​គាត់ ទាញ​ឡើង​ជិះ​រទេះ​ជា​មួយ​លោក។ ១៦ លោក​យេហ៊ូវ​មាន​ប្រសាសន៍​ថា៖ «សូម​មក​ជា​មួយ​ខ្ញុំ នោះ​លោក​នឹង​ឃើញ​ចិត្ត​ស្រឡាញ់​មោះមុត​របស់​ខ្ញុំ​ចំពោះ​ព្រះអម្ចាស់!»។ លោក​យេហ៊ូវ​ក៏​នាំ​លោក​យ៉ូណាដាប់ ឡើង​ជិះ​រទេះ​ទៅ​ជា​មួយ​លោក។
១៧ លុះ​ទៅ​ដល់​ក្រុង​សាម៉ារី លោក​យេហ៊ូវ​បាន​សម្លាប់​ញាតិវង្ស​របស់​ព្រះបាទ​អហាប់ ដែល​នៅ​សេសសល់​ក្នុង​ក្រុង​នោះ។ លោក​សម្លាប់​ពួក​គេ​អោយ​ផុត​ពូជ ស្រប​តាម​ព្រះបន្ទូល​ដែល​ព្រះអម្ចាស់​បាន​ថ្លែង តាម​រយៈ​លោក​អេលីយ៉ា។
លោក​យេហ៊ូវ​លុប​បំបាត់​ការ​ថ្វាយបង្គំ​ព្រះ​បាល
១៨ លោក​យេហ៊ូវ​ប្រមូល​ប្រជាជន​ទាំង​មូល នៅ​ក្រុង​សាម៉ារី ហើយ​ប្រកាស​ថា៖ «ព្រះបាទ​អហាប់​ធ្លាប់​គោរព​ព្រះ​បាល​តែ​បន្តិចបន្តួច​ទេ រីឯ​ខ្ញុំ​វិញ ខ្ញុំ​នឹង​គោរព​ព្រះ​បាល​យ៉ាង​ម៉ត់ចត់​បំផុត។ ១៩ ឥឡូវ​នេះ ចូរ​ប្រមូល​ពួក​ព្យាការី ពួក​អ្នក​គោរព​បំរើ និង​ពួក​បូជាចារ្យ​ទាំង​អស់​របស់​ព្រះ​បាល​អោយ​មក​ជួបជុំ​ជា​មួយ​យើង។ សូម​កុំ​អោយ​នរណា​ម្នាក់​អវត្តមាន​ឡើយ ដ្បិត​ខ្ញុំ​ចង់​ថ្វាយ​យញ្ញបូជា​មួយ​យ៉ាង​ធំ​ចំពោះ​ព្រះ​បាល។ បើ​នរណា​ម្នាក់​អាក់ខាន​នឹង​ត្រូវ​ប្រហារ​ជីវិត»។ លោក​យេហ៊ូវ​ប្រើ​ឧបាយកល​ដូច្នេះ ដើម្បី​លុប​បំបាត់​ពួក​អ្នក​គោរព​បំរើ​ព្រះ​បាល​អោយ​អស់។ ២០ លោក​យេហ៊ូវ​បញ្ជា​អោយ​គេ​រៀបចំ​អង្គ​ប្រជុំ​ដ៏​សក្ការៈ​មួយ ថ្វាយ​ព្រះ​បាល។ គេ​ក៏​ប្រកាស​ដំណឹង​នេះ ២១ ដោយ​ចាត់​អ្នក​នាំ​សារ​ទៅ​គ្រប់​ទិសទី ក្នុង​ស្រុក​អ៊ីស្រាអែល​ទាំង​មូល។ អស់​អ្នក​គោរព​បំរើ​ព្រះ​បាល​មក​ចូល​រួម​ទាំង​អស់​គ្នា ឥត​មាន​នរណា​ម្នាក់​អវត្តមាន​ឡើយ។ ពួក​គេ​ចូល​ទៅ​ក្នុង​វិហារ​របស់​ព្រះ​បាល​ពេញ​ណែន​តាន់តាប់​ទាំង​អស់។ ២២ លោក​យេហ៊ូវ​បញ្ជា​ដល់​អ្នក​គ្រប់គ្រង​ផ្នែក​សម្លៀកបំពាក់​សំរាប់​ថ្វាយបង្គំ​ព្រះ​បាល​ថា៖ «ចូរ​ចែក​សម្លៀកបំពាក់​ជូន​អស់​អ្នក​ដែល​បំពេញ​មុខងារ​បំរើ​ព្រះ​បាល​ចុះ!»។ គេ​យក​សម្លៀកបំពាក់​មក​ចែក​អោយ​អ្នក​ទាំង​នោះ​គ្រប់ៗ​គ្នា។ ២៣ លោក​យេហ៊ូវ​អញ្ជើញ​មក​ដល់​វិហារ​របស់​ព្រះ​បាល​ជា​មួយ​នឹង​លោក​យ៉ូណាដាប់ ជា​កូន​របស់​លោក​រេកាប ហើយ​លោក​មាន​ប្រសាសន៍​ទៅ​កាន់​អស់​អ្នក​ដែល​គោរព​បំរើ​ព្រះ​បាល​ថា៖ «ចូរ​ពិនិត្យ​មើល កុំ​អោយ​មាន​អ្នក​បំរើ​ព្រះអម្ចាស់​ស្ថិត​នៅ​ទី​នេះ​ឡើយ គឺ​អោយ​មាន​តែ​អស់​អ្នក​ដែល​គោរព​បំរើ​ព្រះ​បាល​ប៉ុណ្ណោះ»។ ២៤ ពេល​នោះ លោក​យេហ៊ូវ និង​លោក​យ៉ូណាដាប់​ក៏​ចូល​ទៅ​ក្នុង​វិហារ ដើម្បី​ថ្វាយ​យញ្ញបូជា និង​តង្វាយ​ដុត​ទាំង​មូល​ដែរ។
លោក​យេហ៊ូវ​បាន​ដាក់​ទាហាន​ប៉ែតសិប​នាក់ អោយ​ចាំ​នៅ​ខាង​ក្រៅ​ដោយ​បញ្ជា​ថា៖ «ខ្ញុំ​ប្រគល់​អ្នក​ទាំង​នេះ​មក​ក្នុង​កណ្ដាប់​ដៃ​របស់​អ្នក​រាល់​គ្នា​ហើយ អ្នក​ណា​បណ្ដោយ​អោយ​មនុស្ស​ម្នាក់​រត់​រួច​អ្នក​នោះ​នឹង​ត្រូវ​ស្លាប់​ជំនួស»។
២៥ ពេល​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល​រួច​ស្រេច​ហើយ លោក​យេហ៊ូវ​បញ្ជា​ទៅ​ពល​ទាហាន និង​នាយ​ទាហាន​ទ័ព​សេះ​ថា៖ «ចូរ​ចូល​ទៅ​ប្រហារ​ពួក​គេ​ទាំង​អស់​គ្នា កុំ​អោយ​នរណា​ម្នាក់​រត់​រួច​ឡើយ!»។ ទាហាន​ទាំង​នោះ​ក៏​ប្រហារ​ពួក​គេ​ដោយ​មុខ​ដាវ ហើយ​បោះ​សាកសព​ចេញ​មក​ក្រៅ រួច​ចូល​ទៅ​ខាង​ក្នុង​ទីសក្ការៈ​នៃ​វិហារ​របស់​ព្រះ​បាល។ ២៦ ពួក​គេ​យក​ស្ដូប​នៅ​ក្នុង​វិហារ​របស់​ព្រះ​បាល​ចេញ​មក​ដុត​នៅ​ខាង​ក្រៅ។ ២៧ ក្រោយ​ពី​បាន​ដុត​បំផ្លាញ​ស្ដូប​របស់​ព្រះ​បាល​ចោល ហើយ​ពួក​គេ​រំលំ​វិហារ​របស់​ព្រះ​បាល រួច​យក​ទី​នោះ​ធ្វើ​ជា​កន្លែង​បន្ទោរបង់​រហូត​ដល់​សព្វ​ថ្ងៃ។
ព្រះបាទ​យេហ៊ូវ​សោយរាជ្យ​នៅ​ស្រុក​អ៊ីស្រាអែល
២៨ ព្រះបាទ​យេហ៊ូវ​លុប​បំបាត់​ការ​គោរព​ព្រះ​បាល​ចេញ​ពី​ស្រុក​អ៊ីស្រាអែល ២៩ ប៉ុន្តែ ទ្រង់​ពុំ​បាន​ងាក​ចេញ​ពី​អំពើ​បាប ដែល​ព្រះបាទ​យេរ៉ូបោម ជា​កូន​របស់​លោក​នេបាត​បាន​នាំ​ប្រជាជន​អ៊ីស្រាអែល អោយ​ប្រព្រឹត្ត​ដោយ​គោរព​រូប​គោ​មាស​នៅ​បេតអែល និង​ក្រុង​ដាន់​ឡើយ។
៣០ ព្រះអម្ចាស់​មាន​ព្រះបន្ទូល​មក​កាន់​ព្រះបាទ​យេហ៊ូវ​ថា៖ «ដោយ​អ្នក​បាន​បំពេញ​តាម​បញ្ជា​របស់​យើង​យ៉ាង​ល្អ​ត្រឹម​ត្រូវ ហើយ​អ្នក​បាន​ប្រព្រឹត្ត​ចំពោះ​កូន​ចៅ​របស់​អហាប់ ស្រប​តាម​បំណង​របស់​យើង​ទាំង​ស្រុង​ដូច្នេះ កូន​ចៅ​របស់​អ្នក​នឹង​គ្រង​រាជ្យ​លើ​ស្រុក​អ៊ីស្រាអែល រហូត​ដល់​បួន​តំណ»។ ៣១ ប៉ុន្តែ ព្រះបាទ​យេហ៊ូវ​ពុំ​ព្យាយាម​កាន់​តាម​ក្រឹត្យវិន័យ​របស់​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ៊ីស្រាអែល​ដោយ​ស្មោះ​អស់​ពី​ចិត្ត​ទេ គឺ​ទ្រង់​ពុំ​បាន​ងាក​ចេញ​ពី​អំពើ​បាប ដែល​ព្រះបាទ​យេរ៉ូបោម ជា​កូន​របស់​លោក​នេបាត បាន​នាំ​ប្រជាជន​អ៊ីស្រាអែល អោយ​ប្រព្រឹត្ត​នោះ​ឡើយ។
៣២ តាំង​ពី​ពេល​នោះ​មក ព្រះអម្ចាស់​ចាប់​ផ្ដើម​កាត់​បន្ថយ​ទឹក​ដី​អ៊ីស្រាអែល។ ព្រះបាទ​ហាសែល​ជា​ស្ដេច​ស្រុក​ស៊ីរី វាយ​តាម​ព្រំប្រទល់​ទាំង​ប៉ុន្មាន​ដែល​ជាប់​នឹង​ស្រុក​អ៊ីស្រាអែល ៣៣ គឺ​ចាប់​តាំង​ពី​ត្រើយ​ខាង​កើត​ទន្លេ​យ័រដាន់ ស្រុក​កាឡាដ​ទាំង​មូល ស្រុក​កាដ រូបេន និង​ម៉ាណាសេ ហើយ​ចាប់​តាំង​ពី​អារ៉ូអ៊ើរ ដែល​ស្ថិត​នៅ​មាត់​ស្ទឹង​អើណូន ព្រម​ទាំង​ស្រុក​កាឡាដ និង​បាសាន​ផង។
៣៤ រីឯ​រាជ​កិច្ច​ផ្សេង​ទៀត​របស់​ព្រះបាទ​យេហ៊ូវ និង​អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​ស្ដេច​បាន​ធ្វើ ព្រម​ទាំង​វីរភាព​ដ៏​អង់អាច​គ្រប់​យ៉ាង​របស់​ស្ដេច សុទ្ធ​តែ​មាន​កត់ត្រា​ទុក​ក្នុង​សៀវភៅ​ប្រវត្តិសាស្ត្រ​របស់​ស្ដេច​ស្រុក​អ៊ីស្រាអែល។ ៣៥ ព្រះបាទ​យេហ៊ូវ​សោយទិវង្គត គេ​បាន​យក​សព​ទៅ​បញ្ចុះ​នៅ​ក្រុង​សាម៉ារី ហើយ​ព្រះបាទ​យ៉ូអាហាស ជា​បុត្រ​ឡើង​ស្នង​រាជ្យ។ ៣៦ ព្រះបាទ​យេហ៊ូវ​សោយរាជ្យ​បាន​ម្ភៃ​ប្រាំ​បី​ឆ្នាំ នៅ​ក្រុង​សាម៉ារី។