១១
ព្រះនាងអថាលាដណ្ដើមអំណាចនៅក្រុងយេរូសាឡឹម
(២របាក្សត្រ ២២:១០-១២)
១ កាលព្រះនាងអថាលា ជាមាតារបស់ព្រះបាទអហាស៊ីយ៉ាជ្រាបថា ព្រះរាជបុត្រសោយទិវង្គតហើយ ព្រះនាងចេញបញ្ជាអោយគេសម្លាប់រាជវង្សានុវង្សទាំងអស់។ ២ ពេលនោះ ព្រះនាងយ៉ូសេបា ជាបុត្រីរបស់ព្រះបាទយ៉ូរ៉ាម និងជាអនុជរបស់ព្រះបាទអហាស៊ីយ៉ា បានយកព្រះអង្គម្ចាស់យ៉ូអាស ជាបុត្រារបស់ព្រះបាទអហាស៊ីយ៉ា ពីក្នុងចំណោមបុត្រារបស់ស្ដេច ដែលត្រូវគេសម្លាប់នោះទៅលាក់ទុក។ ព្រះនាងនាំបុត្រនោះទៅលាក់នៅបន្ទប់ដេកមួយក្នុងព្រះវិហារ ព្រមទាំងអោយមេដោះនៅជាមួយផង។ គេបានលាក់រាជកុមារមិនអោយព្រះនាងអថាលាឃើញ ដូច្នេះ រាជកុមារក៏រួចពីស្លាប់។ ៣ ក្នុងពេលដែលព្រះនាងអថាលាគ្រងរាជ្យ រាជកុមារបានលាក់ខ្លួនជាមួយមេដោះក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ អស់រយៈពេលប្រាំមួយឆ្នាំ។
ព្រះបាទយ៉ូអាសឡើងគ្រងរាជ្យ
(២របាក្សត្រ ២៣:១-២១)
៤ លុះដល់ឆ្នាំទីប្រាំពីរ លោកបូជាចារ្យយេហូយ៉ាដាចាត់គេទៅអញ្ជើញពួកនាយទាហានហ្លួង ដែលជាជនជាតិការី និងពលទាហានមកជួបនឹងលោកនៅព្រះដំណាក់របស់ព្រះអម្ចាស់។ លោកបានចុះកិច្ចសន្យាជាមួយពួកគេ ព្រមទាំងសុំអោយពួកគេស្បថក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ រួចលោកនាំបុត្រារបស់ស្ដេចមកបង្ហាញអោយពួកគេឃើញ។ ៥ បន្ទាប់មក លោកបញ្ជាពួកគេថា៖ «អ្នករាល់គ្នាត្រូវធ្វើដូចតទៅ: ក្នុងចំណោមអ្នករាល់គ្នាដែលត្រូវវេនយាមនៅថ្ងៃសប្ប័ទ* មួយភាគបីត្រូវយាមដំណាក់ស្ដេច ៦ មួយភាគបីត្រូវយាមនៅត្រង់មាត់ទ្វារស៊ើរ និងមួយភាគបីទៀត ត្រូវយាមនៅទ្វារខាងក្រោយកន្លែងប្រចាំការ។ ក្រុមទាំងបីនេះត្រូវប្ដូរវេនគ្នាយាមព្រះដំណាក់។ ៧ រីឯអ្នករាល់គ្នាពីរក្រុមទៀត ដែលមិនត្រូវវេនយាមនៅថ្ងៃសប្ប័ទត្រូវយាមព្រះដំណាក់របស់ព្រះអម្ចាស់ ដើម្បីការពារព្រះមហាក្សត្រ។ ៨ អ្នករាល់គ្នាត្រូវប្រដាប់អាវុធគ្រប់ដៃ នៅការពារជុំវិញមហាក្សត្រ។ បើនរណាម្នាក់ហ៊ានចូលមកជិតជួរទ័ពរបស់អ្នករាល់គ្នា ត្រូវសម្លាប់ចោល។ ចូរនៅជាប់ជាមួយព្រះមហាក្សត្រជានិច្ច ទោះបីទ្រង់យាងចេញ ឬចូលក៏ដោយ»។
៩ ពួកមេទ័ពនាំគ្នាធ្វើតាមបញ្ជាទាំងប៉ុន្មានរបស់លោកបូជាចារ្យយេហូយ៉ាដា ម្នាក់ៗនាំកូនទាហានរបស់ខ្លួន ទាំងអ្នកត្រូវវេនយាមនៅថ្ងៃសប្ប័ទ ទាំងអ្នកមិនត្រូវវេនយាម ហើយទៅជួបលោកបូជាចារ្យយេហូយ៉ាដា។ ១០ លោកបូជាចារ្យចែកលំពែង ព្រមទាំងខែលរបស់ព្រះបាទដាវីឌ ដែលតម្កល់ទុកក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ជូនពួកមេទ័ពទាំងនោះ។ ១១ ពលទាហានប្រដាប់អាវុធគ្រប់ៗដៃ ឈរយាមនៅមុខព្រះដំណាក់ និងនៅជិតអាសនៈចាប់ពីប៉ែកខាងស្ដាំរហូតដល់ប៉ែកខាងឆ្វេងព្រះដំណាក់ ដើម្បីការពារព្រះមហាក្សត្រ។ ១២ ពេលនោះ លោកបូជាចារ្យយាងព្រះរាជបុត្ររបស់ស្ដេចចេញមក ហើយយកមកុដរាជ្យមកបំពាក់ ព្រមទាំងថ្វាយឯកសារនៃសម្ពន្ធមេត្រីផង រួចគេចាក់ប្រេងអភិសេករាជកុមារតែងតាំងជាស្ដេច។ គេនាំគ្នាទះដៃស្រែកជយឃោសថា៖ «ជយោ! ព្រះមហាក្សត្រ!»។
១៣ កាលព្រះនាងអថាលាឮសំរែកពលទាហាន និងប្រជាជន ព្រះនាងក៏យាងទៅមើលពួកគេនៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់។ ១៤ ព្រះនាងទតឃើញព្រះមហាក្សត្រថ្មី ឈរនៅលើវេទិកា តាមទំនៀមទម្លាប់ដោយមានមេទ័ព និងអ្នកផ្លុំត្រែឈរអមផង។ ប្រជាជនទាំងមូលនៅក្នុងស្រុកនាំគ្នាអបអរសាទរ ហើយគេក៏ផ្លុំត្រែឡើង។ ព្រះនាងអថាលាហែកព្រះភូសាស្រែកថា៖ «នេះជាអំពើក្បត់! នេះជាអំពើក្បត់!»។ ១៥ លោកបូជាចារ្យយេហូយ៉ាដាបញ្ជាពួកមេទ័ពដែលគ្រប់គ្រងលើពលទ័ពថា៖ «ចូរនាំព្រះនាងចេញទៅក្រៅ! បើនរណាគាំទ្រព្រះនាង ចូរសម្លាប់ដោយមុខដាវទៅ!»។ លោកបូជាចារ្យមានប្រសាសន៍ទៀតថា៖ «មិនត្រូវប្រហារជីវិតព្រះនាងនៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ឡើយ!»។ ១៦ គេចាប់ព្រះនាងនាំទៅវាំងវិញ។ កាលមកដល់ខ្លោងទ្វារសេះ គេប្រហារជីវិតព្រះនាងនៅទីនោះ។
១៧ លោកយេហូយ៉ាដាចងសម្ពន្ធមេត្រីរវាងព្រះអម្ចាស់ ព្រះមហាក្សត្រ និងប្រជារាស្ត្រ ដើម្បីអោយពួកគេធ្វើជាប្រជារាស្ត្ររបស់ព្រះអម្ចាស់។ លោកក៏បានចងសម្ពន្ធមេត្រីរវាងព្រះមហាក្សត្រ និងប្រជារាស្ត្រដែរ។ ១៨ ប្រជាជនទាំងមូលនៅក្នុងស្រុកនាំគ្នាចូលទៅបំផ្លាញវិហាររបស់ព្រះបាល ហើយវាយកំទេចអាសនៈ និងរូបសំណាក ព្រមទាំងសម្លាប់លោកម៉ាត់ថានជាបូជាចារ្យរបស់ព្រះបាលនៅមុខអាសនៈទៀតផង។ លោកយេហូយ៉ាដាបានចាត់ចែងអោយមានអ្នកមើលខុសត្រូវលើព្រះដំណាក់របស់ព្រះអម្ចាស់។
១៩ បន្ទាប់មក លោកនាំពួកមេទ័ព ពួកនាយទាហានហ្លួងដែលជាជនជាតិការី និងពលទាហាន ព្រមទាំងប្រជាជនទាំងមូលនៅក្នុងស្រុក ដង្ហែព្រះមហាក្សត្រពីព្រះដំណាក់របស់ព្រះអម្ចាស់ ចូលវាំងតាមខ្លោងទ្វារនៃពួកអ្នកយាម រួចហើយព្រះបាទយ៉ូអាសឡើងគង់លើបល្ល័ង្ករាជ្យ។ ២០ ប្រជាជនទាំងមូលនៅក្នុងស្រុកនាំគ្នាអបអរសាទរ ហើយទីក្រុងក៏បានសុខសាន្ត។ គេបានប្រហារជីវិតព្រះនាងអថាលានៅក្នុងវាំង។
២១ ព្រះបាទយ៉ូអាសឡើងសោយរាជ្យក្នុងជន្មាយុប្រាំពីរវស្សា