១៣
ព្រះបាទ​យ៉ូអាហាស​សោយរាជ្យ​លើ​ស្រុក​អ៊ីស្រាអែល
១ នៅ​ឆ្នាំ​ទី​ម្ភៃ​បី​នៃ​រជ្ជកាល​ព្រះបាទ​យ៉ូអាស ជា​បុត្រ​របស់​ព្រះបាទ​អហាស៊ីយ៉ា ស្ដេច​ស្រុក​យូដា ព្រះបាទ​យ៉ូអាហាស​ជា​បុត្រ​របស់​ព្រះបាទ​យេហ៊ូវ បាន​ឡើង​សោយរាជ្យ​លើ​ស្រុក​អ៊ីស្រាអែល​នៅ​ក្រុង​សាម៉ារី​ទ្រង់​សោយរាជ្យ​បាន​ដប់​ប្រាំពីរ​ឆ្នាំ។ ២ ស្ដេច​ប្រព្រឹត្ត​អំពើ​អាក្រក់ មិន​គាប់​ព្រះហឫទ័យ​ព្រះអម្ចាស់ គឺ​ទ្រង់​ប្រព្រឹត្ត​អំពើ​បាប​ដូច​ព្រះបាទ​យេរ៉ូបោម ជា​កូន​របស់​លោក​នេបាត ដែល​នាំ​ប្រជាជន​អ៊ីស្រាអែល​អោយ​ប្រព្រឹត្ត​អំពើ​បាប​ដែរ ស្ដេច​មិន​ងាក​ចេញ​ពី​ផ្លូវ​នោះ​ទេ។ ៣ ព្រះអម្ចាស់​ទ្រង់​ព្រះពិរោធ​ទាស់​នឹង​ជន​ជាតិ​អ៊ីស្រាអែល ហើយ​ប្រគល់​ពួក​គេ​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ព្រះបាទ​ហាសែល ជា​ស្ដេច​ស្រុក​ស៊ីរី និង​ព្រះបាទ​បេនហាដាដ ជា​បុត្រ​របស់​ព្រះបាទ​ហាសែល​ក្នុង​អំឡុង​ពេល​ដ៏​យូរ។ ៤ ប៉ុន្តែ ព្រះបាទ​យ៉ូអាហាស​ទូលអង្វរ​ព្រះអម្ចាស់ ព្រះអម្ចាស់​ទ្រង់​ព្រះសណ្ដាប់​ពាក្យ​ទូលអង្វរ​នេះ ដ្បិត​ព្រះអង្គ​ទត​ឃើញ​ស្ដេច​ស្រុក​ស៊ីរី​ជិះជាន់​សង្កត់សង្កិន​ប្រជាជន​អ៊ីស្រាអែល ៥ ព្រះអម្ចាស់​ប្រោស​ប្រទាន​អោយ​មាន​អ្នក​ដឹក​នាំ​មួយ​រូប មក​សង្គ្រោះ​ជន​ជាតិ​អ៊ីស្រាអែល​ពី​កណ្ដាប់​ដៃ​របស់​ជន​ជាតិ​ស៊ីរី និង​អោយ​ពួក​គេ​រស់​នៅ​ដោយ​សុខសាន្ត​ក្នុង​ស្រុក​របស់​ខ្លួន​ដូច​កាល​ពី​មុន។ ៦ ប៉ុន្តែ ពួក​គេ​ពុំ​បាន​ងាក​ចេញ​ពី​អំពើ​បាប ដែល​រាជវង្ស​របស់​ព្រះបាទ​យេរ៉ូបោម​នាំ​ប្រជាជន​អ៊ីស្រាអែល​អោយ​ប្រព្រឹត្ត​នោះ​ឡើយ។ ពួក​គេ​នៅ​តែ​ប្រព្រឹត្ត​អំពើ​បាប​នោះ​ត​ទៅ​ទៀត គឺ​សូម្បី​តែ​បង្គោល​របស់​ព្រះ​អាសេរ៉ា ក៏​មាន​នៅ​ក្នុង​ក្រុង​សាម៉ារី​ដែរ។ ៧ កងទ័ព​របស់​ព្រះបាទ​យ៉ូអាហាស មាន​នៅ​សល់​ត្រឹម​តែ​ទ័ព​សេះ​ហាសិប​នាក់ រទេះ​ចំបាំង​ដប់ និង​កងពល​ថ្មើរ​ជើង​មួយ​ម៉ឺន​នាក់​ប៉ុណ្ណោះ ដ្បិត​ស្ដេច​ស្រុក​ស៊ីរី​បាន​បំផ្លាញ​ស្ទើរ​តែ​ទាំង​អស់ ទុក​ទ័ព​អោយ​នៅ​សេសសល់​បន្តិចបន្តួច ប្រៀប​ដូច​ជា​ធូលី​ដែល​គេ​ដើរ​ជាន់។ ៨ រាជ​កិច្ច​ផ្សេង​ទៀត​របស់​ព្រះបាទ​យ៉ូអាហាស និង​អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​ស្ដេច​បាន​ធ្វើ ព្រម​ទាំង​វីរភាព​ដ៏​អង់អាច​របស់​ស្ដេច សុទ្ធ​តែ​មាន​កត់ត្រា​ទុក​ក្នុង​សៀវភៅ​ប្រវត្តិ​សាស្ត្រ​របស់​ស្ដេច​ស្រុក​អ៊ីស្រាអែល។ ៩ កាល​ស្ដេច​សោយទិវង្គត គេ​យក​សព​ទៅ​បញ្ចុះ​នៅ​ក្រុង​សាម៉ារី ហើយ​ព្រះបាទ​យ៉ូអាស ជា​បុត្រ​ឡើង​ស្នង​រាជ្យ។
ព្រះបាទ​យ៉ូអាស​សោយរាជ្យ​លើ​ស្រុក​អ៊ីស្រាអែល
១០ នៅ​ឆ្នាំ​ទី​សាមសិប​ប្រាំពីរ នៃ​រជ្ជកាល​ព្រះបាទ​យ៉ូអាស ជា​ស្ដេច​ស្រុក​យូដា ព្រះបាទ​យ៉ូអាស​ជា​បុត្រ​របស់​ព្រះបាទ​យ៉ូអាហាស​បាន​ឡើង​សោយរាជ្យ​លើ​ស្រុក​អ៊ីស្រាអែល នៅ​ក្រុង​សាម៉ារី ទ្រង់​សោយរាជ្យ​បាន​ដប់​ប្រាំ​មួយ​ឆ្នាំ។ ១១ ស្ដេច​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់ មិន​គាប់​ព្រះហឫទ័យ​ព្រះអម្ចាស់ ដោយ​ពុំ​បាន​ងាក​ចេញ​ពី​អំពើ​បាប​ដែល​ព្រះបាទ​យេរ៉ូបោម ជា​កូន​របស់​លោក​នេបាត​នាំ​ប្រជាជន​អ៊ីស្រាអែល​អោយ​ប្រព្រឹត្ត​នោះ​ទេ គឺ​ស្ដេច​ប្រព្រឹត្ត​តាម​ផ្លូវ​អាក្រក់​ដូច​គេ​ដែរ។ ១២ រីឯ​រាជ​កិច្ច​ផ្សេង​ទៀត​របស់​ព្រះបាទ​យ៉ូអាស និង​អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​ទ្រង់​បាន​ធ្វើ ព្រម​ទាំង​វីរភាព​ដ៏​អង់អាច​របស់​ស្ដេច និង​សង្គ្រាម​ជា​មួយ​ព្រះបាទ​អម៉ាស៊ីយ៉ា ជា​ស្ដេច​ស្រុក​យូដា​សុទ្ធ​តែ​មាន​កត់ត្រា​ទុក​ក្នុង​សៀវភៅ​ប្រវត្តិសាស្ត្រ​របស់​ស្ដេច​ស្រុក​អ៊ីស្រាអែល។ ១៣ កាល​ព្រះបាទ​យ៉ូអាស​សោយ​ទិវង្គត គេ​យក​សព​ទៅ​បញ្ចុះ​ក្នុង​ផ្នូរ​នៃ​រាជវង្ស​របស់​ស្ដេច​ស្រុក​អ៊ីស្រាអែល​នៅ​ក្រុង​សាម៉ារី ហើយ​ព្រះបាទ​យេរ៉ូបោម​ឡើង​ស្នង​រាជ្យ។
ព្យាការី​អេលីសេ​ទទួល​មរណភាព
១៤ នៅ​គ្រា​នោះ លោក​អេលីសេ​មាន​ជំងឺ​ជា​ទម្ងន់​ហៀប​នឹង​ស្លាប់។ ព្រះបាទ​យ៉ូអាស​ជា​ស្ដេច​ស្រុក​អ៊ីស្រាអែល​យាង​មក​សួរ​សុខ​ទុក្ខ​លោក ស្ដេច​យំ​សំរក់​ទឹក​ភ្នែក​លើ​មុខ​លោក ហើយ​មាន​រាជឱង្ការ​ថា៖ «លោក​ឪពុក! លោក​ឪពុក​អើយ លោក​ប្រៀប​ដូច​ជា​រទេះ​ចំបាំង និង​ទ័ព​សេះ​របស់​អ៊ីស្រាអែល!»។ ១៥ លោក​អេលីសេ​ទូល​ព្រះរាជា​ថា៖ «សូម​ព្រះករុណា​យក​ធ្នូ និង​ព្រួញ​មក!»។ ស្ដេច​ក៏​យក​ធ្នូ និង​ព្រួញ​មក​កាន់។ ១៦ ព្យាការី​ទូល​ព្រះរាជា​ថា៖ «សូម​ព្រះករុណា​លើក​ធ្នូ​ឡើង​យឹត​ទៅ!»។ ព្រះរាជា​ក៏​លើក​ធ្នូ​ឡើង ហើយ​យឹត។ លោក​អេលីសេ​ដាក់​ដៃ​លើ​ព្រះហស្ដ​ស្ដេច ១៧ រួច​ទូល​ថា៖ «សូម​ព្រះករុណា​បើក​បង្អួច​ដែល​បែរ​ទៅ​ទិស​ខាង​កើត!»។ ព្រះបាទ​យ៉ូអាស​ក៏​បើក​បង្អួច​នោះ។ លោក​អេលីសេ​ទូល​ថា៖ «សូម​បាញ់​ទៅ!» ស្ដេច​ក៏​បាញ់។ លោក​អេលីសេ​ទូល​ថា៖ «នេះ​ជា​ព្រួញ​ជ័យជំនះ​មក​ពី​ព្រះអម្ចាស់ គឺ​ព្រួញ​ជ័យជំនះ​លើ​ជន​ជាតិ​ស៊ីរី។ ព្រះករុណា​នឹង​ប្រហារ​កងទ័ព​ស៊ីរី​នៅ​ក្រុង​អាផែក រហូត​ដល់​ពួក​គេ​វិនាស​សូន្យ»។ ១៨ លោក​អេលីសេ​ទូល​ព្រះរាជា​ទៀត​ថា៖ «សូម​យក​ព្រួញ​ទាំង​នោះ​មក!»។ ស្ដេច​ក៏​យក​ព្រួញ​ទាំង​នោះ​មក​កាន់។ ព្យាការី​ទូល​ថា៖ «សូម​វាយ​លើ​ដី!» ស្ដេច​វាយ​លើ​ដី​បី​ដង​ហើយ​ឈប់។ ១៩ អ្នក​ជំនិត​របស់​ព្រះជាម្ចាស់​ក្រេវក្រោធ​នឹង​ព្រះរាជា ហើយ​ទូល​ថា៖ «គួរ​តែ​វាយ​អោយ​បាន​ប្រាំ ឬ​ប្រាំ​មួយ​ដង នោះ​ព្រះករុណា​ពិត​ជា​ច្បាំង​ឈ្នះ​ជន​ជាតិ​ស៊ីរី រហូត​ដល់​បំផ្លាញ​ពួក​គេ​អោយ​វិនាស​សូន្យ។ ប៉ុន្តែ ឥឡូវ​នេះ ព្រះករុណា​វាយ​ពួក​គេ​ឈ្នះ បាន​ត្រឹម​តែ​បី​ដង​ប៉ុណ្ណោះ»។
២០ បន្ទាប់​មក លោក​អេលីសេ​ទទួល​មរណភាព ហើយ​គេ​ក៏​យក​សព​លោក​ទៅ​បញ្ចុះ។
ជា​រៀង​រាល់​ឆ្នាំ ទាហាន​ជន​ជាតិ​ម៉ូអាប់​តែងតែ​ចូល​មក​ទន្ទ្រាន​ក្នុង​ស្រុក។ ២១ ថ្ងៃ​មួយ អ្នក​ស្រុក​បាន​យក​សព​មនុស្ស​ម្នាក់​ទៅ​បញ្ចុះ ស្រាប់​តែ​ជួប​ប្រទះ​នឹង​ទាហាន​ជន​ជាតិ​ម៉ូអាប់ ពួក​គេ​ក៏​បោះ​សព​នោះ​ក្នុង​ផ្នូរ​របស់​ព្យាការី។ ពេល​សព​នោះ​ធ្លាក់​ទៅ​ប៉ះ​លើ​ធាតុ​របស់​លោក​អេលីសេ គេ​ក៏​រស់​ឡើង​វិញ ហើយ​ក្រោក​ឈរ។
២២ ក្នុង​រជ្ជកាល​ព្រះបាទ​យ៉ូអាហាស ព្រះបាទ​ហាសែល ជា​ស្ដេច​ស្រុក​ស៊ីរី តែងតែ​ជិះជាន់​សង្កត់សង្កិន​ជន​ជាតិ​អ៊ីស្រាអែល​ជានិច្ច។ ២៣ ប៉ុន្តែ ព្រះអម្ចាស់​ប្រណី​សន្ដោស​ដល់​កូន​ចៅ​អ៊ីស្រាអែល ព្រះអង្គ​អាណិត​អាសូរ និង​សំដែង​ព្រះហឫទ័យ​មេត្តា​ករុណា​ចំពោះ​ពួក​គេ​ដោយ​យល់​ដល់​សម្ពន្ធមេត្រី ដែល​ព្រះអង្គ​បាន​ចង​ជា​មួយ​លោក​អប្រាហាំ លោក​អ៊ីសាក និង​លោក​យ៉ាកុប។ ព្រះអង្គ​មិន​សព្វ​ព្រះហឫទ័យ​បំផ្លាញ​ពួក​គេ​ទេ ហើយ​រហូត​ដល់​ពេល​នេះ ព្រះអង្គ​ក៏​មិន​បោះបង់​ចោល​ពួក​គេ​អោយ​ទៅ​ឆ្ងាយ​ពី​ព្រះអង្គ​ដែរ។
២៤ ព្រះបាទ​ហាសែល​ជា​ស្ដេច​ស្រុក​ស៊ីរី​សោយ​ទិវង្គត ហើយ​ព្រះបាទ​បេនហាដាដ​ជា​បុត្រ​ឡើង​ស្នង​រាជ្យ។ ២៥ ព្រះបាទ​យ៉ូអាស​ជា​បុត្រ​របស់​ព្រះបាទ​យ៉ូអាហាស បាន​ដណ្ដើម​ក្រុង​ទាំង​ប៉ុន្មាន​របស់​អ៊ីស្រាអែល ពី​ព្រះបាទ​បេនហាដាដ ជា​បុត្រ​របស់​ព្រះបាទ​ហាសែល​យក​មក​វិញ គឺ​ក្រុង​ទាំង​ប៉ុន្មាន ដែល​ព្រះបាទ​ហាសែល​បាន​វាយ​ដណ្ដើម​យក​ពី​ព្រះបាទ​យ៉ូអាហាស ជា​បិតា​ក្នុង​ពេល​ធ្វើ​សង្គ្រាម។ ព្រះបាទ​យ៉ូអាស​វាយ​ព្រះបាទ​បេនហាដាដ​បី​លើក រួច​ដណ្ដើម​យក​ទីក្រុង​ទាំង​ប៉ុន្មាន​របស់​អ៊ីស្រាអែល​មក​វិញ។