១៤
ព្រះបាទអម៉ាស៊ីយ៉ាសោយរាជ្យលើស្រុកយូដា
(២របាក្សត្រ ២៥:១-៤, ១១-១២, ១៧-២៨, ២៦:១-២)
១ នៅឆ្នាំទីពីរនៃរជ្ជកាលព្រះបាទយ៉ូអាស ជាបុត្ររបស់ព្រះបាទយ៉ូអាហាស ស្ដេចស្រុកអ៊ីស្រាអែលព្រះបាទអម៉ាស៊ីយ៉ាជាបុត្ររបស់ព្រះបាទយ៉ូអាស ឡើងសោយរាជ្យលើស្រុកយូដា។ ២ ពេលឡើងសោយរាជ្យទ្រង់មានព្រះជន្មម្ភៃប្រាំវស្សា ហើយសោយរាជ្យបានម្ភៃប្រាំបួនឆ្នាំ នៅក្រុងយេរូសាឡឹម។ មាតាមាននាមថាយ៉ូអាដាន ជាអ្នកក្រុងយេរូសាឡឹម។ ៣ ស្ដេចប្រព្រឹត្តអំពើសុចរិត ជាទីគាប់ព្រះហឫទ័យព្រះអម្ចាស់ តែពុំបានដូចព្រះបាទដាវីឌ ជាអយ្យកោឡើយ ស្ដេចបានប្រព្រឹត្តអំពើគ្រប់យ៉ាង ដូចព្រះបាទយ៉ូអាសជាបិតាដែរ។ ៤ ប៉ុន្តែ ស្ដេចមិនបានលុបបំបាត់កន្លែងសក្ការៈតាមទួលខ្ពស់ៗទេ។ ប្រជាជននៅតែថ្វាយយញ្ញបូជា និងដុតគ្រឿងក្រអូបតាមទួលខ្ពស់ៗដដែល។
៥ ក្រោយពីឡើងគ្រងរាជ្យ និងពង្រឹងអំណាចហើយ ទ្រង់ប្រហារជីវិតពួកមេទ័ពដែលបានធ្វើគុតព្រះបាទយ៉ូអាសជាបិតា។ ៦ ប៉ុន្តែ ទ្រង់ពុំបានប្រហារជីវិតកូនចៅរបស់ពួកឃាតកទេ ដោយគោរពតាមព្រះបន្ទូលដែលមានចែងទុក ក្នុងគម្ពីរវិន័យរបស់លោកម៉ូសេ គឺព្រះអម្ចាស់បានបង្គាប់ថា «មិនត្រូវប្រហារជីវិតឪពុក ព្រោះតែទោសរបស់កូន ហើយក៏មិនត្រូវប្រហារជីវិតកូន ព្រោះតែទោសរបស់ឪពុកដែរ គឺត្រូវប្រហារជីវិតមនុស្សម្នាក់ៗ តាមអំពើបាបដែលខ្លួនប្រព្រឹត្ត»។
៧ ព្រះបាទអម៉ាស៊ីយ៉ាបានប្រហារកងទ័ពអេដុមមួយម៉ឺននាក់នៅជ្រលងភ្នំអំបិល ហើយនៅពេលច្បាំងគ្នានោះ ស្ដេចដណ្ដើមយកបានក្រុងសេឡា ដែលស្ដេចដាក់ឈ្មោះថាក្រុងយុគធាល គឺឈ្មោះដែលមានរហូតដល់សព្វថ្ងៃ។ ៨ គ្រានោះព្រះបាទអម៉ាស៊ីយ៉ាចាត់អ្នកនាំសារ អោយទៅទូលព្រះបាទយ៉ូអាស ជាបុត្ររបស់ព្រះបាទយ៉ូអាហាស និងជាចៅរបស់ព្រះបាទយេហ៊ូវថា៖ «ចូរចេញមក យើងប្រយុទ្ធតទល់គ្នា»។ ៩ ព្រះបាទយ៉ូអាសជាស្ដេចស្រុកអ៊ីស្រាអែល ចាត់មនុស្សអោយមកទូលព្រះបាទអម៉ាស៊ីយ៉ា ជាស្ដេចស្រុកយូដាវិញថា៖ «គ្រាមួយនោះ គុម្ពបន្លាដែលដុះនៅភ្នំលីបង់ ចាត់គេអោយទៅប្រាប់ដើមតាត្រៅនៅភ្នំលីបង់ថា “ចូរលើកកូនស្រីរបស់អ្នក អោយមកធ្វើជាប្រពន្ធរបស់កូនប្រុសយើង”។ ប៉ុន្តែ មានសត្វព្រៃដើរកាត់តាមនោះ ហើយជាន់គុម្ពបន្លាខ្ទេចខ្ទីអស់។ ១០ ព្រះករុណាវាយឈ្នះជនជាតិអេដុមមែន ហេតុនេះហើយបានជាព្រះករុណាមានមោទនភាព។ ចូរអបអរសាទរនឹងជ័យជំនះ រួចគង់ក្នុងដំណាក់ទៅ! ហេតុអ្វីបានជាព្រះករុណាចង់ធ្វើសង្គ្រាម ដែលបង្កអោយវេទនាដូច្នេះ? ព្រះករុណា និងប្រជាជនយូដាមុខជាបរាជ័យមិនខាន»។ ១១ ប៉ុន្តែ ព្រះបាទអម៉ាស៊ីយ៉ាពុំព្រមស្ដាប់តាមសេចក្ដីព្រមាននេះទេ។ ពេលនោះ ព្រះបាទយ៉ូអាស ជាស្ដេចស្រុកអ៊ីស្រាអែល ក៏ឡើងមកប្រយុទ្ធតទល់នឹងព្រះបាទអម៉ាស៊ីយ៉ា ជាស្ដេចស្រុកយូដានៅក្រុងបេតសេមែស ជាក្រុងរបស់យូដា។ ១២ កងទ័ពអ៊ីស្រាអែលវាយឈ្នះកងទ័ពយូដា ហើយពលទាហានយូដាបាក់ទ័ព រត់មកកាន់ទីលំនៅរៀងៗខ្លួនវិញ។ ១៣ ព្រះបាទយ៉ូអាស ជាស្ដេចស្រុកអ៊ីស្រាអែល ចាប់ព្រះបាទអម៉ាស៊ីយ៉ា ជាបុត្ររបស់ព្រះបាទយ៉ូអាស និងជាចៅរបស់ព្រះបាទអហាស៊ីយ៉ាធ្វើជាឈ្លើយ នៅបេតសេមែស។ បន្ទាប់មក ព្រះបាទយ៉ូអាសយាងទៅក្រុងយេរូសាឡឹម ហើយវាយបំបែកកំពែងក្រុង ចាប់តាំងពីទ្វារអេប្រាអ៊ីមរហូតដល់ទ្វារនៅជ្រុងកំពែងដែលមានប្រវែងបួនរយហត្ថ។ ១៤ ស្ដេចប្រមូលយកមាសប្រាក់ និងវត្ថុមានតម្លៃទាំងប៉ុន្មាន នៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ និងក្នុងឃ្លាំងព្រះរាជ្យទ្រព្យ ព្រមទាំងនាំចំណាប់ខ្មាំងវិលត្រឡប់ទៅក្រុងសាម៉ារីវិញ។
១៥ រាជកិច្ចផ្សេងទៀតរបស់ព្រះបាទយ៉ូអាស និងអ្វីៗទាំងប៉ុន្មានដែលស្ដេចបានធ្វើ ព្រមទាំងវីរភាពដ៏អង់អាចរបស់ស្ដេច និងសង្គ្រាមជាមួយព្រះបាទអម៉ាស៊ីយ៉ា ស្ដេចស្រុកយូដា សុទ្ធតែមានកត់ត្រាទុកក្នុងសៀវភៅប្រវត្តិសាស្ត្ររបស់ស្ដេចស្រុកអ៊ីស្រាអែល។ ១៦ កាលព្រះបាទយ៉ូអាសសោយទិវង្គត គេបានយកសពទៅបញ្ចុះក្នុងផ្នូរ នៃរាជវង្សរបស់ស្ដេចស្រុកអ៊ីស្រាអែល នៅក្រុងសាម៉ារី ហើយព្រះបាទយេរ៉ូបោម ជាបុត្រក៏ឡើងស្នងរាជ្យ។
១៧ ក្រោយពីព្រះបាទយ៉ូអាស ជាបុត្ររបស់ព្រះបាទយ៉ូអាហាស ស្ដេចស្រុកអ៊ីស្រាអែលសោយទិវង្គត ព្រះបាទអម៉ាស៊ីយ៉ា ជាបុត្ររបស់ព្រះបាទយ៉ូអាស ស្ដេចស្រុកយូដា មានព្រះជន្មគង់នៅបានដប់ប្រាំវស្សាទៀត។ ១៨ រាជកិច្ចផ្សេងៗរបស់ព្រះបាទអម៉ាស៊ីយ៉ា សុទ្ធតែមានកត់ត្រាទុកក្នុងសៀវភៅប្រវត្តិសាស្ត្ររបស់ស្ដេចស្រុកយូដា។ ១៩ នៅក្រុងយេរូសាឡឹម មានមនុស្សឃុបឃិតគ្នាក្បត់ព្រះបាទអម៉ាស៊ីយ៉ា ដូច្នេះ ស្ដេចក៏ភៀសខ្លួនទៅឯក្រុងឡាគីស តែពួកគេចាត់មនុស្សអោយដេញតាមព្រះរាជា រហូតដល់ក្រុងឡាគីសទៀត ហើយធ្វើគុតស្ដេចនៅទីនោះ។ ២០ គេយកសពរបស់ព្រះបាទអម៉ាស៊ីយ៉ា ដាក់លើខ្នងសេះ នាំមកបញ្ចុះនៅក្រុងយេរូសាឡឹម ក្នុងផ្នូរនៃរាជវង្ស នៅបុរីព្រះបាទដាវីឌ។ ២១ ប្រជាជននៅស្រុកយូដាទាំងមូលនាំគ្នាលើកព្រះបាទអសារា ដែលមានព្រះជន្មដប់ប្រាំមួយវស្សាអោយឡើងគ្រងរាជ្យតពីព្រះបាទអម៉ាស៊ីយ៉ាជាបិតា។ ២២ ក្រោយពេលព្រះបាទអម៉ាស៊ីយ៉ាសោយទិវង្គត ព្រះបាទអសារាសង់ក្រុងអេឡាតឡើងវិញ ហើយដាក់អោយនៅក្រោមការគ្រប់គ្រងរបស់ស្រុកយូដា។
ព្រះបាទយេរ៉ូបោមទី២សោយរាជ្យនៅស្រុកអ៊ីស្រាអែល
២៣ នៅឆ្នាំទីដប់ប្រាំ នៃរជ្ជកាលព្រះបាទអម៉ាស៊ីយ៉ា ជាបុត្ររបស់ព្រះបាទយ៉ូអាស ស្ដេចស្រុកយូដា ព្រះបាទយេរ៉ូបោម ជាបុត្ររបស់ព្រះបាទយ៉ូអាស ជាស្ដេចស្រុកអ៊ីស្រាអែលឡើងសោយរាជ្យ នៅក្រុងសាម៉ារី ទ្រង់សោយរាជ្យបានសែសិបមួយឆ្នាំ។ ២៤ ស្ដេចប្រព្រឹត្តអំពើអាក្រក់ មិនគាប់ព្រះហឫទ័យព្រះអម្ចាស់ ដោយពុំបានងាកចេញពីអំពើបាប ដែលព្រះបាទយេរ៉ូបោម ជាកូនរបស់លោកនេបាត នាំប្រជាជនអ៊ីស្រាអែលអោយប្រព្រឹត្តនោះឡើយ។ ២៥ ព្រះបាទយេរ៉ូបោមបានកំណត់ព្រំប្រទល់ទឹកដីរបស់អ៊ីស្រាអែលឡើងវិញ ចាប់តាំងពីច្រកចូលហាម៉ាត់ រហូតដល់សមុទ្រអារ៉ាបា ស្របតាមព្រះបន្ទូលដែលព្រះអម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែលថ្លែងតាមរយៈអ្នកបំរើរបស់ព្រះអង្គ គឺព្យាការីយ៉ូណាស ជាកូនរបស់លោកអមីថាយ ជាអ្នកស្រុកកាថ-ហេភើរ។ ២៦ ព្រះអម្ចាស់ទតឃើញអ៊ីស្រាអែលរងនូវភាពអាម៉ាស់យ៉ាងធ្ងន់ធ្ងរ គឺទាំងអ្នកជា ទាំងអ្នកងារ ហើយគ្មាននរណាម្នាក់សង្គ្រោះពួកគេឡើយ។ ២៧ ព្រះអម្ចាស់ពុំសព្វព្រះហឫទ័យលុបឈ្មោះអ៊ីស្រាអែល អោយបាត់ពីផែនដីទេ។ ដូច្នេះ ព្រះអង្គសង្គ្រោះប្រជាជននេះ តាមរយៈព្រះបាទយេរ៉ូបោម ជាបុត្ររបស់ព្រះបាទយ៉ូអាស។
២៨ រាជកិច្ចផ្សេងទៀតរបស់ព្រះបាទយេរ៉ូបោម និងអ្វីៗទាំងប៉ុន្មានដែលស្ដេចបានធ្វើ ព្រមទាំងវីរភាពដ៏អង់អាចក្នុងការធ្វើសឹកសង្គ្រាម ការវាយដណ្ដើមយកក្រុងដាម៉ាស និងក្រុងហាម៉ាត់ពីកណ្ដាប់ដៃរបស់ជនជាតិយូដា មកដាក់ក្រោមការគ្រប់គ្រងរបស់ស្រុកអ៊ីស្រាអែល សុទ្ធតែមានកត់ត្រាទុកក្នុងសៀវភៅប្រវត្តិសាស្ត្ររបស់ស្ដេចស្រុកអ៊ីស្រាអែល។ ២៩ ព្រះបាទយេរ៉ូបោមសោយទិវង្គត ហើយគេបញ្ចុះសពនៅក្នុងផ្នូររបស់ស្ដេចស្រុកអ៊ីស្រាអែល។ ព្រះបាទសាការី ជាបុត្រឡើងស្នងរាជ្យ។