៥
ព្រះបាទដាវីឌគ្រងរាជ្យលើអ៊ីស្រាអែលទាំងមូល
(១របាក្សត្រ ១១:១-៣)
១ កុលសម្ព័ន្ធទាំងអស់នៃជនជាតិអ៊ីស្រាអែល នាំគ្នាមកគាល់ព្រះបាទដាវីឌ នៅក្រុងហេប្រូន ហើយទូលថា៖ «ទូលបង្គំទាំងអស់គ្នា ក៏ជាសាច់សាលោហិតរបស់ព្រះករុណាដែរ។ ២ កាលពីមុន នៅគ្រាដែលព្រះបាទសូលគ្រងរាជ្យលើពួកទូលបង្គំ ព្រះករុណាធ្លាប់ដឹកនាំកងទ័ពអ៊ីស្រាអែលចេញទៅធ្វើសឹក ហើយព្រះអម្ចាស់មានព្រះបន្ទូលមកកាន់ព្រះករុណាថា “អ្នកនឹងគ្រប់គ្រងលើជនជាតិអ៊ីស្រាអែល ជាប្រជារាស្ត្ររបស់យើង អ្នកនឹងដឹកនាំពួកគេ”»។ ៣ ដូច្នេះ ព្រឹទ្ធាចារ្យទាំងអស់របស់ជនជាតិអ៊ីស្រាអែល ចូលមកគាល់ព្រះរាជានៅក្រុងហេប្រូន។ ព្រះបាទដាវីឌបានចងសម្ពន្ធមេត្រីជាមួយព្រឹទ្ធាចារ្យទាំងនោះ ចំពោះព្រះភក្ត្រព្រះអម្ចាស់នៅក្រុងហេប្រូន រួចហើយពួកគេចាក់ប្រេងអភិសេកព្រះបាទដាវីឌ ជាស្ដេចរបស់ជនជាតិអ៊ីស្រាអែល។ ៤ នៅពេលឡើងគ្រងរាជ្យ ព្រះបាទដាវីឌមានព្រះជន្មាយុសាមសិបវស្សា ហើយសោយរាជ្យបានសែសិបឆ្នាំ។ ៥ នៅក្រុងហេប្រូន ទ្រង់សោយរាជ្យលើស្រុកយូដាបានប្រាំពីរឆ្នាំកន្លះ បន្ទាប់មក នៅក្រុងយេរូសាឡឹម ទ្រង់សោយរាជ្យបានសាមសិបបីឆ្នាំ លើស្រុកយូដា និងស្រុកអ៊ីស្រាអែលទាំងមូល។
ព្រះបាទដាវីឌលើករាជធានីមកនៅក្រុងយេរូសាឡឹម
(១របាក្សត្រ ១១:៤-៩, ១៤:១-២)
៦ ព្រះបាទដាវីឌ ព្រមទាំងកងទ័ពនាំគ្នាចេញទៅវាយយកក្រុងយេរូសាឡឹម។ ជនជាតិយេប៊ូសដែលរស់នៅតំបន់នោះ និយាយប្រមាថព្រះបាទដាវីឌថា៖ «អ្នកឯងចូលក្នុងទីក្រុងរបស់យើងមិនបានទេ ទោះបីមនុស្សខ្វាក់ ឬមនុស្សខ្វិន ក៏អាចរុញច្រានអ្នកអោយថយក្រោយវិញបានដែរ»។ គេពោលដូច្នេះ មកពីគេគិតថា ព្រះបាទដាវីឌមិនអាចដណ្ដើមយកទីក្រុងបានឡើយ។ ៧ ព្រះបាទដាវីឌវាយយកបានបន្ទាយនៅភ្នំស៊ីយ៉ូន ដែលក្រោយមកហៅថា “បុរីព្រះបាទដាវីឌ”។ ៨ នៅថ្ងៃនោះ ព្រះបាទដាវីឌមានរាជឱង្ការថា៖ «ប្រសិនបើអ្នកណាម្នាក់ចង់វាយពួកយេប៊ូស ត្រូវឡើងតាមប្រឡាយទឹក នោះនឹងទៅដល់ពួកខ្វិន និងពួកខ្វាក់ ដែលដាវីឌស្អប់នោះមិនខាន!»។ ហេតុនេះហើយបានជាមានពាក្យថា៖ «អ្នកខ្វាក់ អ្នកខ្វិន គ្មានសិទ្ធិចូលក្នុងព្រះដំណាក់ទេ!»។ ៩ ព្រះបាទដាវីឌគង់នៅក្នុងបន្ទាយ ដែលស្ដេចហៅថា «បុរីព្រះបាទដាវីឌ»។ បន្ទាប់មក ស្ដេចពង្រីកទីក្រុងចាប់តាំងពីមីឡូ រហូតដល់ដំណាក់របស់ស្ដេច។ ១០ ព្រះបាទដាវីឌមានអំណាចកាន់តែខ្លាំងឡើងៗ ដ្បិតព្រះអម្ចាស់ ជាព្រះនៃពិភពទាំងមូល គង់នៅជាមួយ។
១១ ព្រះបាទហ៊ីរ៉ាម ជាស្ដេចនៅក្រុងទីរ៉ុស ចាត់អ្នកនាំសារអោយចូលមកគាល់ព្រះបាទដាវីឌ ដោយនាំឈើតាត្រៅ ជាងសំណង់ ជាងដាប់ថ្មមកជាមួយផង ដើម្បីសង់ដំណាក់មួយថ្វាយព្រះបាទដាវីឌ។ ១២ ព្រះបាទដាវីឌឈ្វេងយល់ថា ព្រះអម្ចាស់តែងតាំងស្ដេចអោយគ្រងរាជ្យលើស្រុកអ៊ីស្រាអែល ហើយព្រះអង្គក៏ប្រោសប្រទានអោយរាជសម្បត្តិរបស់ស្ដេចបានចំរុងចំរើនឡើង ព្រោះតែអ៊ីស្រាអែល ជាប្រជារាស្ត្ររបស់ព្រះអង្គដែរ។
បុត្ររបស់ព្រះបាទដាវីឌ ប្រសូតនៅក្រុងយេរូសាឡឹម
(១របាក្សត្រ ៣:៥-៩, ១៤:៣-៧)
១៣ ក្រោយបានចាកចេញពីក្រុងហេប្រូន មកគង់នៅក្រុងយេរូសាឡឹម ព្រះបាទដាវីឌមានស្នំឯក និងមហេសីផ្សេងៗទៀត ដែលប្រសូតបានបុត្រាបុត្រីជាច្រើនថ្វាយស្ដេច។ ១៤ នេះជាបញ្ជីរាយនាមបុត្ររបស់ស្ដេច ដែលប្រសូតនៅក្រុងយេរូសាឡឹម គឺសាំមួរ សូបាប់ ណាថាន សាឡូម៉ូន ១៥ យីបហារ អេលីសួ នេផេក យ៉ាភា ១៦ អេលីសាម៉ា អេលាដា និងអេលីផាលេត។
ជ័យជំនះរបស់ព្រះបាទដាវីឌលើជនជាតិភីលីស្ទីន
(១របាក្សត្រ ១៤:៨-១៦)
១៧ កាលជនជាតិភីលីស្ទីនឮថា ជនជាតិអ៊ីស្រាអែលបានអភិសេកព្រះបាទដាវីឌជាស្ដេច នោះពួកគេលើកទ័ពទាំងអស់មកតាមចាប់ព្រះបាទដាវីឌ។ ព្រះបាទដាវីឌជ្រាបដំណឹងនេះ ស្ដេចយាងទៅជ្រកក្នុងជំរកមួយ។ ១៨ ជនជាតិភីលីស្ទីនមកដល់ ហើយបោះទ័ពក្នុងជ្រលងភ្នំរេផែម។ ១៩ ព្រះបាទដាវីឌទូលសួរព្រះអម្ចាស់ថា៖ «តើទូលបង្គំត្រូវចេញទៅច្បាំងនឹងជនជាតិភីលីស្ទីនឬទេ? តើព្រះអង្គប្រ គល់ពួកគេ មកក្នុងកណ្ដាប់ដៃរបស់ទូលបង្គំដែរឬ?»។ ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «ទៅចុះ យើងនឹងប្រគល់ពួកគេមកក្នុងកណ្ដាប់ដៃរបស់អ្នកជាមិនខាន!»។ ២០ ព្រះបាទដាវីឌក៏យាងទៅដល់បាល-ពេរ៉ាស៊ីម ហើយវាយឈ្នះពួកភីលីស្ទីននៅទីនោះ។ បន្ទាប់មក ស្ដេចមានរាជឱង្ការថា៖ «ព្រះអម្ចាស់បានធ្វើអោយខ្មាំងសត្រូវបាក់ទ័ពនៅចំពោះមុខខ្ញុំ ដូចទឹកបាក់ទំនប់»។ ហេតុនេះហើយបានជាគេហៅកន្លែងនោះថា បាល-ពេរ៉ាស៊ីម។ ២១ ពេលបាក់ទ័ពរត់ទៅ កងទ័ពភីលីស្ទីនបានបោះបង់ចោលរូបព្រះរបស់គេ នៅនឹងកន្លែង។ ព្រះបាទដាវីឌ និងពលទាហានបានប្រមូលយករូបព្រះទាំងនោះ។
២២ ជនជាតិភីលីស្ទីននាំគ្នាមកបោះទ័ព នៅក្នុងជ្រលងភ្នំរេផែមសាជាថ្មី។ ២៣ ព្រះបាទដាវីឌទូលសួរព្រះអម្ចាស់ ហើយព្រះអង្គមានព្រះបន្ទូលមកស្ដេចវិញថា៖ «កុំវាយគេចំពីមុខឡើយ! ចូរដើរវាងទៅពីក្រោយ ហើយវាយពួកគេពីម្ដុំដើមមននោះមកវិញ។ ២៤ កាលណាអ្នកឮសន្ធឹកជើងនៅលើចុងមន ចូរប្រញាប់ប្រញាល់ចេញទៅដ្បិត គឺពេលនោះហើយ ដែលយើងជាព្រះអម្ចាស់នាំមុខអ្នកវាយលុកទីតាំងទ័ពភីលីស្ទីន»។
២៥ ព្រះបាទដាវីឌធ្វើតាមបញ្ជារបស់ព្រះអម្ចាស់ ទ្រង់វាយឈ្នះពួកភីលីស្ទីន ហើយដេញតាមពួកគេចាប់តាំងពីក្រុងកេបា រហូតដល់ក្រុងកេស៊ើរ។