ការ​ដង្ហែ​ហិប​នៃ​សម្ពន្ធមេត្រី​ចូល​ក្រុង​យេរូសាឡឹម
(១របាក្សត្រ ១៣:៤-១៤)
១ ព្រះបាទ​ដាវីឌ​ប្រមូល​ពល​ទាហាន​ដ៏​ចំណាន​ទាំង​ប៉ុន្មាន​នៃ​កងទ័ព​អ៊ីស្រាអែល ចំនួន​ប្រមាណ​បី​ម៉ឺន​នាក់​សា​ជា​ថ្មី។ ២ ព្រះបាទ​ដាវីឌ និង​ពល​ទាហាន​ដែល​នៅ​ជា​មួយ ក្រោក​ឡើង​ចេញ​ដំណើរ​ទៅ​ដង្ហែ​ហិប​របស់​ព្រះជាម្ចាស់​ពី​ក្រុង​បាលេ ក្នុង​ស្រុក​យូដា។ ហិប​នេះ​ឧទ្ទិស​ដល់​ព្រះនាម​ព្រះអម្ចាស់​នៃ​ពិភព​ទាំង​មូល ដែល​គង់​នៅ​កណ្ដាល​ពួក​ចេរូប៊ីន*។ ៣ គេ​បាន​ដាក់​ហិប​របស់​ព្រះជាម្ចាស់​នៅ​លើ​រទេះ​ថ្មី​មួយ ហើយ​ដឹក​ចេញ​ពី​ផ្ទះ​របស់​លោក​អប៊ីណាដាប់ ដែល​ស្ថិត​នៅ​លើ​ភ្នំ។ លោក​អ៊ូសា និង​លោក​អហ៊ីយ៉ូ ជា​កូន​របស់​លោក​អប៊ីណាដាប់ ជា​អ្នក​បរ​រទេះ​ថ្មី​នោះ។ ៤ គេ​ដឹក​ហិប​ចេញ​ពី​ផ្ទះ​របស់​លោក​អប៊ីណាដាប់ ដែល​ស្ថិត​នៅ​លើ​ភ្នំ​ដង្ហែ​មក ដោយ​មាន​លោក​អហ៊ីយ៉ូ​ដើរ​នៅ​ខាង​មុខ។ ៥ ព្រះបាទ​ដាវីឌ និង​ប្រជាជន​អ៊ីស្រាអែល​ទាំង​មូល សប្បាយ​រីករាយ​យ៉ាង​ខ្លាំង នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះអម្ចាស់ គេ​នាំ​គ្នា​រាំ​តាម​ចង្វាក់​ឧបករណ៍​តន្ត្រី​គ្រប់​ប្រភេទ ដែល​ធ្វើ​អំពី​ឈើ​ខ្លឹម ព្រម​ទាំង​ពិណ ឃឹម ស្គរ ឃ្មោះ និង​ឈិង។
៦ កាល​មក​ដល់​លាន​ស្រូវ​របស់​លោក​ណាកុន លោក​អ៊ូសា​លើក​ដៃ​ទៅ​ទប់​ហិប​របស់​ព្រះជាម្ចាស់ ព្រោះ​គោ​បាន​ធ្វើ​អោយ​ហិប​នោះ​ផ្អៀង​ចង់​ធ្លាក់។ ៧ ពេល​នោះ ព្រះអម្ចាស់​ទ្រង់​ព្រះពិរោធ​នឹង​លោក​អ៊ូសា ហើយ​ព្រះអង្គ​ប្រហារ​លោក​អោយ​ស្លាប់​នៅ​នឹង​កន្លែង ព្រោះ​តែ​ខ្វះ​ការ​គោរព​។ លោក​អ៊ូសា​បាត់​បង់​ជីវិត​នៅ​ក្បែរ​ហិប​របស់​ព្រះជាម្ចាស់។
៨ ព្រះបាទ​ដាវីឌ​រំជួល​ព្រះហឫទ័យ​​យ៉ាង​ខ្លាំង ដោយ​ឃើញ​ព្រះអម្ចាស់​វាយ​ប្រហារ​លោក​អ៊ូសា​អោយ​ស្លាប់​មួយ​រំពេច​ដូច្នេះ។ ហេតុ​នេះ​បាន​ជា​គេ​ហៅ​កន្លែង​នោះ​ថា «ពេរេស-អ៊ូសា» រហូត​ដល់​សព្វ​ថ្ងៃ។ ៩ នៅ​ថ្ងៃ​នោះ ព្រះបាទ​ដាវីឌ​ភ័យ​ខ្លាច​ព្រះអម្ចាស់ ហើយ​មាន​រាជឱង្ការ​ថា៖ «យើង​មិន​ហ៊ាន​យក​ហិប​នៃ​ព្រះអម្ចាស់​ចូល​ទៅ​ក្នុង​ដំណាក់​របស់​យើង​ទេ!»។ ១០ ដូច្នេះ ស្ដេច​មិន​ចង់​យក​ហិប​របស់​ព្រះអម្ចាស់ ចូល​ទៅ​ក្នុង​ដំណាក់ នៅ​បុរី​របស់​ព្រះបាទ​ដាវីឌ តែ​ទ្រង់​បាន​អោយ​គេ​នាំ​យក​ហិប​នោះ​ទៅ​ទុក នៅ​ផ្ទះ​លោក​អូបេដអេដុម ជា​អ្នក​ស្រុក​កាថ។ ១១ ហិប​របស់​ព្រះអម្ចាស់​ស្ថិត​នៅ​ផ្ទះ​របស់​លោក​អូបេដអេដុម ជា​អ្នក​ស្រុក​កាថ​ចំនួន​បី​ខែ។ ព្រះអម្ចាស់​ប្រទាន​ពរ​ដល់​លោក​អូបេដអេដុម និង​ក្រុម​គ្រួសារ​របស់​គាត់​ទាំង​មូល។
ហិប​នៃ​សម្ពន្ធមេត្រី​មក​ដល់​ក្រុង​យេរូសាឡឹម
១២ មាន​គេ​ទូល​ព្រះបាទ​ដាវីឌ​ថា៖ «ព្រះអម្ចាស់​ប្រទាន​ពរ​ដល់​ក្រុម​គ្រួសារ​លោក​អូបេដអេដុម ព្រម​ទាំង​អ្វីៗ​ដែល​គាត់​មាន ដោយសារ​តែ​ហិប​របស់​ព្រះជាម្ចាស់»។ ពេល​នោះ ព្រះបាទ​ដាវីឌ​ក៏​យាង​ទៅ​ផ្ទះ​លោក​អូបេដអេដុម ដើម្បី​នាំ​យក​ហិប​ចូល​មក​បុរី​របស់​ព្រះបាទ​ដាវីឌ ដោយ​មាន​ក្បួន​ដង្ហែ​យ៉ាង​សប្បាយ​រីករាយ​ផង។ ១៣ នៅ​ពេល​ពួក​អ្នក​សែង​ហិប​របស់​ព្រះអម្ចាស់ ដើរ​បាន​ប្រាំ​មួយ​ជំហាន ព្រះបាទ​ដាវីឌ​យក​គោ​ឈ្មោល​មួយ និង​កូន​គោ​ធាត់​មួយ​មក​ថ្វាយ​ជា​យញ្ញបូជា។ ១៤ ព្រះបាទ​ដាវីឌ​រាំ លោត​កព្ឆោង​ថ្វាយ​ព្រះអម្ចាស់ យ៉ាង​អស់​ពី​កម្លាំង​កាយ ដោយ​ស្លៀក​តែ​អេផូដ* ធ្វើ​ពី​ក្រណាត់​ទេសឯក​ប៉ុណ្ណោះ។ ១៥ ព្រះបាទ​ដាវីឌ និង​ប្រជាជន​អ៊ីស្រាអែល​ទាំង​មូល​ដង្ហែ​ហិប​របស់​ព្រះអម្ចាស់ ឡើង​មក​ក្រុង​យេរូសាឡឹម ពួក​គេ​ស្រែក​ជយឃោស និង​ផ្លុំ​ត្រែ​យ៉ាង​រំពង។
១៦ ពេល​ហិប​របស់​ព្រះអម្ចាស់​ចូល​មក​ដល់​បុរី​ព្រះបាទ​ដាវីឌ ព្រះនាង​មិកាល់​ជា​បុត្រី​ព្រះបាទ​សូល អើត​តាម​បង្អួច ឃើញ​ព្រះបាទ​ដាវីឌ​រាំ​លោត​កព្ឆោង នៅ​ចំពោះ​ព្រះភក្ត្រ​របស់​ព្រះអម្ចាស់ ព្រះនាង​ក៏​មាន​ចិត្ត​មើលងាយ​ព្រះបាទ​ដាវីឌ។ ១៧ កាល​ដង្ហែ​ហិប​របស់​ព្រះអម្ចាស់​ទៅ​ដល់​ហើយ គេ​តម្កល់​នៅ​ក្នុង​ព្រះពន្លា​ដែល​ព្រះបាទ​ដាវីឌ​បាន​បម្រុង​ទុក។ ព្រះបាទ​ដាវីឌ​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល និង​យញ្ញបូជា​មេត្រីភាព។ ១៨ លុះ​បាន​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល និង​យញ្ញបូជា​មេត្រីភាព​រួច​ហើយ ព្រះបាទ​ដាវីឌ​ក៏​ប្រទាន​ពរ​ដល់​ប្រជាជន​ក្នុង​នាម​ព្រះអម្ចាស់​នៃ​ពិភព​ទាំង​មូល។ ១៩ ព្រះបាទ​ដាវីឌ​ប្រទាន​ម្ហូប​អាហារ ដល់​ប្រជាជន​អ៊ីស្រាអែល​ទាំង​អស់​ទាំង​ប្រុស ទាំង​ស្រី គឺ​ម្នាក់ៗ​ទទួល​បាន​នំបុ័ង​មួយ​ដុំ នំ​ដំណាប់​លម៉ើ​មួយ​ដុំ និង​នំ​ទំពាំងបាយជូរ​មួយ​ដុំ។ បន្ទាប់​មក ប្រជាជន​ទាំង​អស់​នាំ​គ្នា​វិល​ត្រឡប់​ទៅ​ផ្ទះ​រៀងៗ​ខ្លួន​វិញ។ ២០ ព្រះបាទ​ដាវីឌ​វិល​ទៅ​ដំណាក់​វិញ ដើម្បី​ប្រទាន​ពរ​ដល់​ព្រះរាជវង្ស។ ព្រះនាង​មិកាល់​ជា​បុត្រី​របស់​ព្រះបាទ​សូល ចេញ​មក​ទទួល​ស្ដេច​ទាំង​ពោល​ថា៖ «ថ្ងៃ​នេះ ស្ដេច​របស់​ជន​ជាតិ​អ៊ីស្រាអែល​រុងរឿង​ណាស់! ព្រោះ​ស្ដេច​បង្ហាញ​ខ្លួន​ទទេ​នៅ​មុខ​រាជ​បំរើ​ទាំង​ប្រុស​ទាំង​ស្រី ដូច​មនុស្ស​វិកលចរិត!»។ ២១ ព្រះបាទ​ដាវីឌ​មាន​រាជឱង្ការ​តប​ទៅ​ព្រះនាង​មិកាល់​ថា៖ «យើង​ធ្វើ​ដូច្នេះ ដើម្បី​ថ្វាយ​កិត្តិយស​ដល់​ព្រះអម្ចាស់! ព្រះអង្គ​បាន​ជ្រើស​រើស​យើង​អោយ​ដឹក​នាំ​ជន​ជាតិ​អ៊ីស្រាអែល ជា​ប្រជារាស្ត្រ​របស់​ព្រះអង្គ ជំនួស​បិតា​របស់​នាង និង​រាជវង្ស។ យើង​សំដែង​សេចក្ដី​សប្បាយ​នេះ ដើម្បី​ថ្វាយ​កិត្តិយស​ដល់​ព្រះអម្ចាស់! ២២ យើង​ចង់​ដាក់​ខ្លួន​អោយ​រឹត​តែ​ថោក​ជាង​នេះ​ទៅ​ទៀត។ ទោះ​បី​ទាស់​ភ្នែក​នាង​ក៏​ដោយ យ៉ាង​ហោច​ណាស់​ក៏​មាន​ពួក​ស្រី​បំរើ​ដែល​នាង​ពោល​នោះ​លើក​តម្កើង​យើង​ដែរ!»។ ២៣ ព្រះនាង​មិកាល់​ជា​បុត្រី​របស់​ព្រះបាទ​សូល​គ្មាន​បុត្រ​ឡើយ រហូត​ដល់​ស្លាប់។