៧
ព្រះបាទដាវីឌមានបំណងសង់ព្រះវិហារ
(១របាក្សត្រ ១៧:១-១៥)
១ ពេលព្រះបាទដាវីឌមានវាំងគង់នៅស្រួលបួល ហើយបន្ទាប់ពីព្រះអម្ចាស់ប្រោសប្រទានអោយស្ដេចបានសុខក្សេមក្សាន្ត រួចផុតពីខ្មាំងសត្រូវគ្រប់ទិសទី ២ ស្ដេចក៏មានរាជឱង្ការទៅកាន់ព្យាការីណាថានថា៖ «សូមលោកគិតមើល ខ្ញុំរស់នៅក្នុងដំណាក់ធ្វើអំពីឈើដ៏មានតម្លៃ រីឯហិបនៃព្រះជាម្ចាស់ស្ថិតនៅក្នុងព្រះពន្លាធ្វើអំពីក្រណាត់សំពត់!»។ ៣ ព្យាការីណាថានទូលស្ដេចវិញថា៖ «ការអ្វីដែលព្រះករុណាសព្វព្រះហឫទ័យធ្វើ សូមធ្វើចុះ ដ្បិតព្រះអម្ចាស់គង់នៅជាមួយព្រះករុណាហើយ»។
៤ ប៉ុន្តែ នៅយប់នោះ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកណាថានថា៖ ៥ «ចូរទៅប្រាប់ដាវីឌ ជាអ្នកបំរើរបស់យើងថា ព្រះអម្ចាស់មានព្រះបន្ទូលដូចតទៅ: “មិនមែនអ្នកទេដែលត្រូវសង់ដំណាក់អោយយើងនៅ”។ ៦ តាំងពីថ្ងៃដែលយើងបាននាំជនជាតិអ៊ីស្រាអែលចាកចេញពីស្រុកអេស៊ីប រហូតមកដល់ថ្ងៃនេះ យើងមិនដែលនៅក្នុងដំណាក់ទេ។ ផ្ទុយទៅវិញ យើងធ្វើដំណើរពីកន្លែងមួយទៅកន្លែងមួយ ដោយស្នាក់នៅតែក្នុងជំរំ និងព្រះពន្លា។ ៧ គ្រប់ទីកន្លែងដែលយើងធ្វើដំណើរជាមួយជនជាតិអ៊ីស្រាអែលទាំងមូល យើងមិនដែលបង្គាប់មេដឹកនាំកុលសម្ព័ន្ធអ៊ីស្រាអែលណាម្នាក់ អោយសង់ដំណាក់ពីឈើដ៏មានតម្លៃ សំរាប់យើងទេ។ ៨ ហេតុនេះត្រូវប្រាប់ដាវីឌ ជាអ្នកបំរើរបស់យើងថា ព្រះអម្ចាស់នៃពិភពទាំងមូល ទ្រង់មានព្រះបន្ទូលដូចតទៅ: “កាលអ្នកនៅជាគង្វាលចៀមនៅឡើយ យើងបានយកអ្នកចេញពីវាលស្មៅមក ដើម្បីអោយអ្នកធ្វើជាមេដឹកនាំជនជាតិអ៊ីស្រាអែល ជាប្រជារាស្ត្ររបស់យើង។ ៩ យើងស្ថិតនៅជាមួយអ្នក គ្រប់ទីកន្លែងដែលអ្នកទៅ យើងបានកំចាត់ខ្មាំងសត្រូវទាំងប៉ុន្មានរបស់អ្នកចេញពីមុខអ្នក។ យើងបានធ្វើអោយអ្នកមានកេរ្តិ៍ឈ្មោះល្បីល្បាញ ដូចអ្នកធំទាំងឡាយនៅលើផែនដី។ ១០ យើងប្រគល់ស្រុកមួយអោយអ៊ីស្រាអែល ជាប្រជារាស្ត្ររបស់យើង យើងបានអោយគេតាំងទីលំនៅជាប់លាប់រហូត ឥតមាននរណាមករំខានសោះឡើយ។ គ្មានជាតិសាសន៍ដ៏ទុច្ចរិតណាជិះជាន់ពួកគេ ដូចកាលពីមុន ១១ ឬដូចនៅគ្រាដែលយើងបានតែងតាំងពួកចៅហ្វាយ អោយគ្រប់គ្រងលើអ៊ីស្រាអែល ជាប្រជារាស្ត្ររបស់យើងឡើយ។ យើងអោយអ្នកបានសុខក្សេមក្សាន្ត រួចផុតពីខ្មាំងសត្រូវទាំងអស់ ព្រមទាំងអោយអ្នកមានសន្តតិវង្សមួយផង។ ១២ ពេលណាអ្នកលាចាកលោកនេះ ទៅជួបជុំនឹងបុព្វបុរសរបស់អ្នក យើងនឹងអោយពូជពង្សរបស់អ្នកផ្ទាល់ ឡើងស្នងរាជ្យ ហើយយើងនឹងពង្រឹងរាជ្យរបស់គេផង។ ១៣ គឺបុត្រនោះហើយ ដែលនឹងសង់ដំណាក់មួយ សំរាប់នាមយើង យើងនឹងពង្រឹងរាជបល្ល័ង្ករបស់គេ អោយនៅស្ថិតស្ថេររហូតតទៅ។ ១៤ យើងនឹងធ្វើជាឪពុករបស់គេ ហើយគេក៏ជាកូនរបស់យើងដែរ។ ប្រសិនបើគេប្រព្រឹត្តអ្វីខុស យើងនឹងវាយប្រដៅគេ ដូចមនុស្សលោកវាយប្រដៅកូនរបស់ខ្លួន។ ១៥ ប៉ុន្តែ យើងនឹងមិនដកសេចក្ដីសប្បុរសចេញពីគេ ដូចយើងបានដកពីសូល ដែលយើងបោះបង់ចោល ហើយតែងតាំងអ្នកជំនួសនោះទេ។
១៦ ពូជពង្ស និងរាជសម្បត្តិរបស់អ្នក នឹងនៅស្ថិតស្ថេររហូតតទៅ ហើយរាជបល្ល័ង្ករបស់អ្នកក៏នឹងរឹងមាំរហូតតទៅដែរ”»។
១៧ លោកណាថានទូលថ្វាយព្រះបាទដាវីឌនូវសេចក្ដីទាំងប៉ុន្មាន ដែលព្រះជាម្ចាស់មានព្រះបន្ទូលប្រាប់លោកក្នុងសុបិននិមិត្តនោះ។
ការអធិស្ឋានរបស់ព្រះបាទដាវីឌ
(១របាក្សត្រ ១៧:១៦-២៧)
១៨ ព្រះបាទដាវីឌក៏យាងទៅគាល់ព្រះអម្ចាស់ ហើយទូលថា៖ «បពិត្រព្រះជាអម្ចាស់ តើទូលបង្គំ និងអំបូររបស់ទូលបង្គំជាអ្វី បានជាព្រះអង្គប្រោសប្រទានអោយទូលបង្គំទទួលឋានៈខ្ពង់ខ្ពស់បែបនេះ? ១៩ ប៉ុន្តែ ព្រះជាអម្ចាស់អើយ ព្រះអង្គយល់ឃើញថា នេះគឺជាការតិចតួចទេ បានជាព្រះអង្គសន្យាដល់កូនចៅទូលបង្គំ ដែលនៅជំនាន់ក្រោយៗទៀតដែរ។ របៀបដែលព្រះអង្គប្រព្រឹត្ត មនុស្សលោកគិតពុំដល់ទេ! ២០ ឱព្រះជាអម្ចាស់អើយ តើទូលបង្គំមានអ្វីទូលថ្វាយព្រះអង្គទៀត បើទ្រង់ជ្រាបអំពីទូលបង្គំ ជាអ្នកបំរើរបស់ព្រះអង្គ យ៉ាងច្បាស់ហើយនោះ? ២១ ព្រះអង្គបានសំដែងស្នាព្រះហស្ដដ៏ឧត្ដុង្គឧត្ដមទាំងនេះ អោយទូលបង្គំជាអ្នកបំរើរបស់ព្រះអង្គឃើញ ស្របតាមព្រះបន្ទូលសន្យា និងព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ។ ២២ ឱព្រះអម្ចាស់ជាព្រះនៃទូលបង្គំអើយ ព្រះអង្គពិតជាព្រះដ៏ឧត្ដមបំផុត! គ្មានព្រះណាប្រៀបផ្ទឹមស្មើនឹងព្រះអង្គបានទេ។ តាមដែលយើងខ្ញុំធ្លាប់បានឮគេតំណាលប្រាប់ ក្រៅពីព្រះអង្គ ក៏គ្មានព្រះឯណាទៀតដែរ។ ២៣ នៅលើផែនដីនេះ គ្មានប្រជាជាតិណាមួយ ដូចប្រជាជាតិអ៊ីស្រាអែលទេ គឺព្រះអង្គបានទៅរំដោះពួកគេ មកធ្វើជាប្រជារាស្ត្ររបស់ព្រះអង្គផ្ទាល់ ព្រមទាំងប្រទានអោយពួកគេមានកេរ្តិ៍ឈ្មោះទៀតផង។ ព្រះអង្គបានសំដែងការអស្ចារ្យដ៏ធំៗគួរស្ញែងខ្លាច នៅក្នុងស្រុករបស់ព្រះអង្គ អោយប្រជារាស្ត្ររបស់ព្រះអង្គឃើញ គឺប្រជារាស្ត្រដែលព្រះអង្គបានលោះពីកណ្ដាប់ដៃរបស់ប្រជាជាតិ និងព្រះរបស់ស្រុកអេស៊ីប ដើម្បីអោយគេធ្វើជាប្រជារាស្ត្ររបស់ព្រះអង្គ។ ២៤ ព្រះអម្ចាស់អើយ! ព្រះអង្គបានពង្រឹងជនជាតិអ៊ីស្រាអែល ដើម្បីអោយពួកគេធ្វើជាប្រជារាស្ត្ររបស់ព្រះអង្គរហូតតទៅ ហើយព្រះអង្គក៏បានទៅជាព្រះរបស់ពួកគេដែរ។ ២៥ បពិត្រព្រះជាអម្ចាស់ ឥឡូវនេះ សូមអោយព្រះបន្ទូលដែលព្រះអង្គសន្យាចំពោះទូលបង្គំ និងកូនចៅរបស់ទូលបង្គំ នៅស្ថិតស្ថេររហូតតទៅ ហើយសូមទ្រង់សំរេចតាមព្រះបន្ទូលនេះផង។ ២៦ សូមអោយព្រះនាមរបស់ព្រះអង្គបានឧត្ដុង្គឧត្ដមជានិច្ច ហើយសូមអោយគេនៅតែពោលថា “ព្រះអម្ចាស់នៃពិភពទាំងមូល ជាព្រះរបស់ជនជាតិអ៊ីស្រាអែល”។ សូមប្រោសប្រទានអោយពូជពង្សរបស់ដាវីឌ ជាអ្នកបំរើរបស់ព្រះអង្គ បានស្ថិតស្ថេរនៅចំពោះព្រះភក្ត្ររបស់ព្រះអង្គ រហូតតទៅផង។ ២៧ បពិត្រព្រះអម្ចាស់នៃពិភពទាំងមូល ជាព្រះនៃជនជាតិអ៊ីស្រាអែល! ព្រះអង្គបានប្រោសអោយទូលបង្គំដឹង អំពីគំរោងការដែលព្រះអង្គសព្វព្រះហឫទ័យ នឹងតែងតាំងពូជពង្សរបស់ទូលបង្គំ អោយឡើងស្នងរាជ្យបន្តពីទូលបង្គំ។ ហេតុនេះហើយបានជាទូលបង្គំមានចិត្តក្លាហាន ទូលពាក្យអធិស្ឋាននេះថ្វាយព្រះអង្គ។ ២៨ បពិត្រព្រះជាអម្ចាស់! មានតែព្រះអង្គទេជាព្រះជាម្ចាស់ សេចក្ដីទាំងប៉ុន្មានដែលព្រះអង្គមានព្រះបន្ទូលសុទ្ធតែពិត ឥឡូវនេះ ព្រះអង្គមានព្រះបន្ទូលសន្យាប្រទានសុភមង្គលមកទូលបង្គំ។ ២៩ ឥឡូវនេះ សូមព្រះអង្គប្រទានពរដល់ពូជពង្សរបស់ទូលបង្គំ ដើម្បីអោយគេបានស្ថិតស្ថេរនៅចំពោះព្រះភក្ត្ររបស់ព្រះអង្គតរៀងទៅ។ ព្រះជាអម្ចាស់អើយ! សូមប្រទានពរដល់ពូជពង្សរបស់ទូលបង្គំ ស្របតាមព្រះបន្ទូលរបស់ព្រះអង្គផង នោះពួកគេនឹងទទួលព្រះពរអស់កល្បជានិច្ច»។