១៤
សម្ដេច​អាប់សាឡុម​ត្រឡប់​មក​ក្រុង​យេរូសាឡឹម​វិញ
១ លោក​យ៉ូអាប់​ជា​កូន​របស់​អ្នក​ស្រី​សេរូយ៉ា សង្កេត​ឃើញ​ថា ស្ដេច​មាន​ព្រះហឫទ័យ​នឹក​រលឹក​ ដល់​សម្ដេច​អាប់សាឡុម ២ លោក​ក៏​ចាត់​គេ​អោយ​ទៅ​ឯ​ភូមិ​តេកូអា រក​ស្ត្រី​ម្នាក់​ដែល​ឆ្លាត ហើយ​ប្រាប់​ថា៖ «ចូរ​ធ្វើ​ពុត​ជា​អ្នក​កាន់​ទុក្ខ ដោយ​ស្លៀក​សម្លៀកបំពាក់​កាន់​ទុក្ខ។ កុំ​លាប​ទឹក​អប់ គឺ​ធ្វើ​ដូច​ស្ត្រី​ម្នាក់​ដែល​កាន់​ទុក្ខ​ជា​យូរ​មក​ហើយ។ ៣ បន្ទាប់​មក នាង​ត្រូវ​ចូល​ទៅ​គាល់​ស្ដេច ហើយ​ទូល​តាម​ពាក្យ​ខ្ញុំ​បង្គាប់»។ លោក​យ៉ូអាប់​បាន​ប្រាប់​ពាក្យ​ទាំង​ប៉ុន្មាន ដែល​នាង​ត្រូវ​និយាយ។ ៤ ដូច្នេះ ស្ត្រី​អ្នក​ភូមិ​តេកូអា​នោះ ក៏​ចូល​ទៅ​គាល់​ស្ដេច។ នាង​ក្រាប​ថ្វាយបង្គំ​ស្ដេច ដោយ​អោន​មុខ​ដល់​ដី​ហើយ​ទូល​ថា៖ «បពិត្រ​ព្រះករុណា! សូម​ជួយ​ខ្ញុំ​ម្ចាស់​ផង!»។ ៥ ស្ដេច​មាន​រាជឱង្ការ​សួរ​ថា៖ «តើ​នាង​មាន​ការ​អ្វី?»។ នាង​ទូល​ថា៖ «បពិត្រ​ព្រះករុណា​ខ្ញុំ​ម្ចាស់​ជា​ស្រី​មេម៉ាយ ដែល​ប្ដី​ស្លាប់​ចោល! ៦ ខ្ញុំ​ម្ចាស់​មាន​កូន​ប្រុស​ពីរ​នាក់ ពួក​វា​ឈ្លោះ​ប្រកែក​គ្នា​នៅ​ឯ​ស្រែ ហើយ​ម្នាក់​បាន​វាយ​ម្នាក់​ទៀត​ស្លាប់ ព្រោះ​គ្មាន​នរណា​ឃាត់​គេ​ទាំង​ពីរ​ឡើយ។ ៧ ឥឡូវ​នេះ ញាតិសន្ដាន​របស់​ខ្ញុំ​ម្ចាស់ លើក​គ្នា​ប្រឆាំង​នឹង​ខ្ញុំ​ម្ចាស់។ ពួក​គេ​ពោល​ថា “ចូរ​ប្រគល់​ឃាតក​មក​អោយ​យើង យើង​នឹង​សម្លាប់​វា ដើម្បី​សងសឹក​ជំនួស​បង​ប្អូន​របស់​វា​ដែល​ស្លាប់​នោះ ហើយ​យើង​ក៏​ចង់​បំផ្លាញ​ពូជពង្ស​របស់​វា​ផង​ដែរ”។ ពួក​គេ​ចង់​បំផ្លាញ​ក្ដី​សង្ឃឹម​ដែល​ខ្ញុំ​ម្ចាស់​មាន​សេសសល់ ហើយ​មិន​ចង់​ទុក​អោយ​វង្ស​ត្រកូល​ប្ដី​របស់​ខ្ញុំ​ម្ចាស់ មាន​កូន​ចៅ​បន្ត​ពូជពង្ស​នៅ​លើ​ផែនដី​នេះ​ឡើយ»។ ៨ ស្ដេច​មាន​រាជឱង្ការ​ទៅ​កាន់​ស្ត្រី​នោះ​ថា៖ «ចូរ​វិល​ទៅ​ផ្ទះ​វិញ​ចុះ យើង​នឹង​បង្គាប់​គេ​អោយ​សំរួល​រឿង​នេះ»។ ៩ ស្ត្រី​នោះ​ទូល​ថា៖ «បពិត្រ​ព្រះករុណា​ជា​អម្ចាស់ ទោះ​បី​មាន​ហេតុការណ៍​អ្វី​កើត​ឡើង ក្នុង​រឿង​នេះ​ក៏​ដោយ ខ្ញុំ​ម្ចាស់ និង​ក្រុម​គ្រួសារ​សុខ​ចិត្ត​ទទួល​ខុស​ត្រូវ​ទាំង​ស្រុង មិន​អោយ​កំហុស​នេះ​ធ្លាក់​លើ​ព្រះករុណា ឬ​រាជ​បល្ល័ង្ក​ឡើយ»។ ១០ ស្ដេច​មាន​រាជឱង្ការ​ថា៖ «ប្រសិន​បើ​មាន​នរណា​ម្នាក់​ស្ដី​បន្ទោស​នាង ចូរ​នាំ​គេ​មក​ជួប​យើង គេ​មុខ​ជា​មិន​ហ៊ាន​រក​រឿង​នាង​ទៀត​ទេ»។ ១១ នាង​ទូល​ទៀត​ថា៖ «បពិត្រ​ព្រះករុណា! សូម​មេត្តា​សន្យា​នឹង​ខ្ញុំ​ម្ចាស់ ក្នុង​នាម​ព្រះអម្ចាស់ ជា​ព្រះ​របស់​ព្រះករុណា ដើម្បី​កុំ​អោយ​អ្នក​ដែល​ត្រូវ​សងសឹក​ជំនួស​កូន​ប្រុស​ខ្ញុំ​ម្ចាស់ ដែល​ស្លាប់​ទៅ​ហើយ ហ៊ាន​សម្លាប់​កូន​ប្រុស​ខ្ញុំ​ម្ចាស់​ដែល​នៅ​សល់​នោះ​ថែម​ទៀត​ឡើយ»។ ស្ដេច​មាន​រាជឱង្ការ​ថា៖ «យើង​សូម​ស្បថ​ក្នុង​នាម​ព្រះអម្ចាស់​ដែល​មាន​ព្រះជន្ម​គង់​នៅ​ថា: យើង​មិន​អោយ​សក់​មួយ​សរសៃ​របស់​កូន​ប្រុស​នាង ជ្រុះ​ដល់​ដី​ឡើយ»។
១២ នាង​នោះ​ទូល​ទៀត​ថា៖ «បពិត្រ​ព្រះករុណា សូម​មេត្តា​ប្រោស​អោយ​ខ្ញុំ​ម្ចាស់​ទូល​ថ្វាយ​ថែម​មួយ​ម៉ាត់​ទៀត»។ ស្ដេច​មាន​រាជឱង្ការ​ថា៖ «ចូរ​និយាយ​មក!»។ ១៣ នាង​ទូល​ថា៖ «ហេតុ​អ្វី​បាន​ជា​ព្រះករុណា​ផ្ទាល់ ក៏​មាន​គំនិត​ដូច្នេះ​ដែរ គឺ​ទាស់​នឹង​ផល​ប្រយោជន៍​ប្រជារាស្ត្រ​របស់​ព្រះជាម្ចាស់? រាជឱង្ការ​របស់​ព្រះករុណា​អំបាញ់មិញ​នេះ ពិត​ជា​ដាក់​ទោស​ព្រះករុណា​ដែរ ព្រោះ​ព្រះករុណា​មិន​បាន​ត្រាស់​ហៅ​សម្ដេច​អាប់សាឡុម​ដែល​ស្ដេច​កាត់កាល់​នោះ អោយ​វិល​ត្រឡប់​មក​វិញ​ទេ។ ១៤ មនុស្ស​យើង​តែងតែ​ស្លាប់ ក្នុង​ថ្ងៃ​ណា​មួយ​មិន​ខាន គឺ​យើង​ប្រៀប​ដូច​ជា​ទឹក​ដែល​គេ​ចាក់​លើ​ដី​ហើយ ពុំ​អាច​ប្រមូល​វិញ​បាន​ឡើយ។ ប៉ុន្តែ ព្រះជាម្ចាស់​មិន​នាំ​អ្នក​ដែល​ស្លាប់​ទៅ​ហើយ អោយ​វិល​មក​វិញ​ទេ តែ​ព្រះអង្គ​សព្វ​ព្រះហឫទ័យ​រៀបចំ​គំរោងការ ដើម្បី​អោយ​សម្ដេច​អាប់សាឡុម​ដែល​ត្រូវ​និរទេស​ឆ្ងាយ​ពី​ព្រះអង្គ​នោះ វិល​ត្រឡប់​មក​វិញ។ ១៥ ខ្ញុំ​ម្ចាស់​មក​ទូល​រឿង​នេះ​ថ្វាយ​ព្រះករុណា​ហើយ ព្រោះ​ប្រជារាស្ត្រ​បាន​ធ្វើ​អោយ​ខ្ញុំ​ម្ចាស់​ភ័យ​បារម្ភ។ ខ្ញុំ​ម្ចាស់​នឹក​ថា ប្រសិន​បើ​ខ្ញុំ​ម្ចាស់​មក​ទូល​ព្រះករុណា ប្រហែល​ជា​ស្ដេច​ធ្វើ​តាម​ពាក្យ​របស់​ខ្ញុំ​ម្ចាស់ ដែល​ជា​អ្នក​បំរើ​របស់​ករុណា។ ១៦ ព្រះករុណា​មុខ​ជា​ស្ដាប់​ពាក្យ​ខ្ញុំ​ម្ចាស់ ហើយ​រំដោះ​ខ្ញុំ​ម្ចាស់ និង​កូន ពី​កណ្ដាប់​ដៃ​របស់​អ្នក​ដែល​ចង់​បំផ្លាញ​យើង​អោយ​បាត់​ពី​ទឹក​ដី ជា​កេរមត៌ក​របស់​ព្រះជាម្ចាស់។ ១៧ ខ្ញុំ​ម្ចាស់​នឹក​ថា រាជឱង្ការ​របស់​ព្រះករុណា​ពិត​ជា​ធ្វើ​អោយ​មាន​ភាព​ស្ងប់​ស្ងៀម ដ្បិត​ព្រះករុណា​ប្រៀប​ដូច​ជា​ទេវតា​របស់​ព្រះជាម្ចាស់ ព្រះករុណា​ស្គាល់​ល្អ​ស្គាល់​អាក្រក់។ សូម​ព្រះអម្ចាស់ ជា​ព្រះ​របស់​ព្រះករុណា​គង់​ជា​មួយ​ព្រះករុណា!»។ ១៨ ស្ដេច​មាន​រាជឱង្ការ​ទៅ​កាន់​ស្ត្រី​នោះ​ថា៖ «យើង​សូម​សួរ​នាង​រឿង​មួយ ហើយ​នាង​មិន​ត្រូវ​លាក់លៀម​អ្វី​ឡើយ»។ ស្ត្រី​នោះ​ទូល​វិញ​ថា៖ «បពិត្រ​ព្រះករុណា សូម​មាន​រាជឱង្ការ​មក​ចុះ!»។ ១៩ ស្ដេច​មាន​រាជឱង្ការ​សួរ​ថា៖ «តើ​លោក​យ៉ូអាប់​ឬ​ដែល​បាន​រួម​គំនិត​ជា​មួយ​នាង​ក្នុង​រឿង​នេះ?»។ នាង​ទូល​ថា៖ «បពិត្រ​ព្រះករុណា​ខ្ញុំ​ម្ចាស់​សូម​ស្បថ​ថា នេះ​ពិត​ដូច​ព្រះករុណា​មាន​រាជឱង្ការ​មែន! គឺ​លោក​យ៉ូអាប់ ជា​អ្នក​បំរើ​របស់​ព្រះករុណា​បាន​បង្គាប់​អោយ​ខ្ញុំ​ម្ចាស់​និយាយ​ពាក្យ​ទាំង​អស់​នេះ។ ២០ លោក​ធ្វើ​ដូច្នេះ ដើម្បី​សំរួល​សភាព​ការណ៍។ ប៉ុន្តែ ព្រះករុណា​ជ្រាប​អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​កើត​មាន​នៅ​លើ​ផែនដី ដ្បិត​ទ្រង់​មាន​ប្រាជ្ញា​ដូច​ទេវតា​របស់​ព្រះជាម្ចាស់​ដែរ»។
២១ ស្ដេច​មាន​រាជឱង្ការ ទៅ​លោក​យ៉ូអាប់​ថា៖ «យើង​យល់​ព្រម តាម​សំណូម​ពរ​របស់​លោក​ហើយ ចូរ​ទៅ​នាំ​អាប់សាឡុម​មក​វិញ​ចុះ»។ ២២ លោក​យ៉ូអាប់​ក្រាប​ថ្វាយបង្គំ​ស្ដេច​អោន​មុខ​ដល់​ដី ហើយ​អរ​ព្រះគុណ​ថា៖ «បពិត្រ​ព្រះករុណា​ជា​អម្ចាស់​ថ្ងៃ​នេះ ទូលបង្គំ​ដឹង​ថា ព្រះករុណា​នៅ​តែ​ប្រណី​សន្ដោស​ទូលបង្គំ ព្រោះ​ស្ដេច​បាន​យល់​ព្រម​តាម​សំណូម​ពរ​របស់​ទូលបង្គំ»។ ២៣ លោក​យ៉ូអាប់​ក្រោក​ឡើង ចេញ​ដំណើរ​ទៅ​ស្រុក​កេស៊ួរី ហើយ​នាំ​សម្ដេច​អាប់សាឡុម វិល​មក​ក្រុង​យេរូសាឡឹម​វិញ។ ២៤ ស្ដេច​មាន​រាជឱង្ការ​ថា៖ «ចូរ​អោយ​គេ​ទៅ​ដំណាក់​របស់​គេ​ចុះ កុំ​អោយ​គេ​មក​ជួប​មុខ​យើង​ឡើយ!»។ ដូច្នេះ សម្ដេច​អាប់សាឡុម​ក៏​យាង​ទៅ​ដំណាក់​របស់​ខ្លួន​វិញ ដោយ​ឥត​បាន​ឃើញ​ព្រះភក្ត្រ​ស្ដេច​ទេ។
ព្រះបាទ​ដាវីឌ​លើកលែង​ទោស​សម្ដេច​អាប់សាឡុម
២៥ នៅ​ក្នុង​ស្រុក​អ៊ីស្រាអែល​ទាំង​មូល គ្មាន​នរណា​ម្នាក់​មាន​រូប​សម្បត្តិ​ល្អ​ស្អាត គួរ​ជា​ទី​គយគន់​ដូច​សម្ដេច​អាប់សាឡុម​ទេ តាំង​ពី​ក្បាល​រហូត​ដល់​ចុង​ជើង ឥត​មាន​ទាស់​ត្រង់​ណា​ឡើយ។ ២៦ រៀង​រាល់​ឆ្នាំ សម្ដេច​អាប់សាឡុម​តែងតែ​កាត់​សក់ នៅ​ពេល​ចុង​ឆ្នាំ ព្រោះ​សក់​នោះ​ធ្ងន់​ពេក។ គេ​ថ្លឹង​សក់​នោះ​ឃើញ​មាន​ទម្ងន់​ជាង​ពីរ​គីឡូ​ក្រាម តាម​របៀប​ថ្លឹង​របស់​ស្ដេច។ ២៧ សម្ដេច​អាប់សាឡុម​មាន​បុត្រា​បី​អង្គ និង​បុត្រី​មួយ​អង្គ។ បុត្រី​នោះ​មាន​នាម តាម៉ារ ដែល​មាន​រូប​ឆោម​ស្រស់​ស្អាត​ណាស់។
២៨ សម្ដេច​អាប់សាឡុម​គង់​នៅ​ក្រុង​យេរូសាឡឹម​បាន​ពីរ​ឆ្នាំ ដោយ​ឥត​បាន​ឃើញ​ព្រះភក្ត្រ​ព្រះរាជា​ទេ។ ២៩ ថ្ងៃ​មួយ សម្ដេច​បាន​ចាត់​គេ​អោយ​ទៅ​អញ្ជើញ​លោក​យ៉ូអាប់​មក ដើម្បី​នាំ​សម្ដេច​ចូល​ទៅ​គាល់​ព្រះរាជា ប៉ុន្តែ លោក​យ៉ូអាប់​មិន​ព្រម​មក​ទេ។ សម្ដេច​អាប់សាឡុម​ចាត់​គេ​អោយ​ទៅ​ជា​លើក​ទី​ពីរ តែ​លោក​យ៉ូអាប់​នៅ​តែ​មិន​ព្រម​ដដែល។ ៣០ ហេតុ​នេះ សម្ដេច​អាប់សាឡុម​បង្គាប់​ពួក​អ្នក​បំរើ​ថា៖ «មើល៍! ស្រែ​លោក​យ៉ូអាប់​នៅ​ជាប់​នឹង​ស្រែ​យើង ចូរ​ដុត​ចោល​ទៅ!»។ អ្នក​បំរើ​នាំ​គ្នា​ដុត​ស្រែ​របស់​លោក​យ៉ូអាប់។ ៣១ ដូច្នេះ លោក​យ៉ូអាប់​ក៏​អញ្ជើញ​ទៅ​ដំណាក់​របស់​សម្ដេច​អាប់សាឡុម ហើយ​សួរ​ថា៖ «ហេតុ​អ្វី​បាន​ជា​ពួក​អ្នក​បំរើ​របស់​សម្ដេច ដុត​ស្រែ​របស់​ទូលបង្គំ​ចោល?»។ ៣២ សម្ដេច​អាប់សាឡុម​ឆ្លើយ​ថា៖ «ពីព្រោះ​ខ្ញុំ​សូម​អោយ​លោក​មក​ទី​នេះ តែ​លោក​បដិសេធ។ ខ្ញុំ​ចង់​អោយ​លោក​ចូល​ទៅ​គាល់​ស្ដេច ហើយ​ទូល​ថា ហេតុ​អ្វី​បាន​ជា​ទ្រង់​ហៅ​ខ្ញុំ​អោយ​វិល​មក​ពី​ស្រុក​កេស៊ួរី? ប្រសិន​បើ​ខ្ញុំ​នៅ​ទី​នោះ គឺ​ប្រសើរ​ជាង! ឥឡូវ​នេះ ខ្ញុំ​ចង់​ចូល​ទៅ​គាល់​ស្ដេច​ណាស់ ប្រសិន​បើ​ខ្ញុំ​មាន​កំហុស​អ្វី សូម​ទ្រង់​សម្លាប់​ខ្ញុំ​ចុះ!»។ ៣៣ លោក​យ៉ូអាប់​នាំ​ពាក្យ​របស់​សម្ដេច​អាប់សាឡុម​ទៅ​ទូល​ព្រះរាជា។ ព្រះរាជា​ត្រាស់​ហៅ​សម្ដេច​អាប់សាឡុម សម្ដេច​ក៏​ចូល​ទៅ​គាល់​ព្រះរាជា ហើយ​ក្រាប​ថ្វាយបង្គំ​អោន​មុខ​ដល់​ដី រួច​ព្រះរាជា​ក៏​ឱប​សម្ដេច​អាប់សាឡុម។