១៥
សម្ដេច​អាប់សាឡុម​ប៉ុនប៉ង​ដណ្ដើម​រាជ្យ
១ ក្រោយ​មក​ទៀត សម្ដេច​អាប់សាឡុម​រក​បាន​រទេះ​មួយ ព្រម​ទាំង​សេះ ហើយ​ចាត់​ចែង​មនុស្ស​ចំនួន​ហាសិប​នាក់​រត់​ពី​មុខ​ផង។ ២ សម្ដេច​តែងតែ​តើន​ឡើង​ពី​ព្រលឹម យាង​ទៅ​ឈរ​នៅ​តាម​ផ្លូវ​ចូល​ទ្វារ​ក្រុង។ រៀង​រាល់​ពេល​ដែល​មាន​នរណា​ម្នាក់​ចូល​ទៅ​គាល់​ស្ដេច សូម​ស្ដេច​រក​យុត្តិធម៌​អោយ សម្ដេច​អាប់សាឡុម​តែង​ហៅ​គេ​មក​សួរ​ថា «អ្នក​មក​ពី​ស្រុក​ណា?»។ ពេល​គេ​ឆ្លើយ​ថា «ទូលបង្គំ​មក​ពី​កុលសម្ព័ន្ធ​មួយ​នៃ​ជន​ជាតិ​អ៊ីស្រាអែល»។ ៣ សម្ដេច​អាប់សាឡុម​តែងតែ​ពោល​ថា៖ «មើល៍! សំណុំ​រឿង​របស់​អ្នក​ត្រឹម​ត្រូវ​ហើយ ប៉ុន្តែ នៅ​ក្នុង​ដំណាក់​ស្ដេច គ្មាន​នរណា​ម្នាក់​អើពើ​នឹង​អ្នក​ទេ»។ ៤ សម្ដេច​អាប់សាឡុម​ពោល​ទៀត​ថា៖ «ប្រសិន​បើ​ខ្ញុំ​ជា​អ្នក​គ្រប់គ្រង​លើ​ស្រុក​នេះ អស់​អ្នក​ដែល​មាន​រឿង ហើយ​រត់​មក​រក​ខ្ញុំ​អោយ​ជំនុំ​ជំរះ​ក្ដី នោះ​ខ្ញុំ​នឹង​រក​យុត្តិធម៌​អោយ»។ ៥ ម្យ៉ាង​ទៀត ប្រសិន​បើ​មាន​នរណា​ម្នាក់​មក​ក្រាប​ថ្វាយបង្គំ នោះ​សម្ដេច​អាប់សាឡុម​តែងតែ​ចាប់​ដៃ​គាត់​លើក​ឡើង ហើយ​ឱប​ផង។ ៦ សម្ដេច​អាប់សាឡុម​តែង​ប្រព្រឹត្ត​បែប​នេះ ចំពោះ​ជន​ជាតិ​អ៊ីស្រាអែល​ទាំង​អស់ ដែល​មក​រក​ព្រះរាជា​ជំនុំ​ជំរះ​ក្ដី។ សម្ដេច​អាប់សាឡុម​ទាក់ទាញ​ចិត្ត​ប្រជាជន​អ៊ីស្រាអែល​តាម​របៀប​នេះ​ឯង។
៧ បួន​ឆ្នាំ​ក្រោយ​មក សម្ដេច​អាប់សាឡុម​ទូល​ស្ដេច​ថា៖ «សូម​បិតា​អនុញ្ញាត​អោយ​ទូលបង្គំ​ទៅ​ក្រុង​ហេប្រូន ដើម្បី​លា​បំណន់​ដែល​ទូលបង្គំ​បាន​បន់​ព្រះអម្ចាស់​ផង។ ៨ កាល​ទូលបង្គំ​ស្នាក់​នៅ​ក្រុង​កេស៊ួរី ក្នុង​ស្រុក​ស៊ីរី ទូលបង្គំ​បាន​បន់​ព្រះអម្ចាស់​ថា ប្រសិន​បើ​ព្រះអង្គ​ប្រោសប្រណី​អោយ​ទូលបង្គំ​វិល​ត្រឡប់​មក​ក្រុង​យេរូសាឡឹម​វិញ ទូលបង្គំ​នឹង​ថ្វាយ​យញ្ញបូជា​ចំពោះ​ព្រះអម្ចាស់»។ ៩ ស្ដេច​មាន​រាជឱង្ការ​ថា៖ «ចូរ​ទៅ​ដោយ​សុខសាន្ត​ចុះ!»។ ដូច្នេះ សម្ដេច​អាប់សាឡុម​ក៏​ទៅ​ក្រុង​ហេប្រូន។
១០ នៅ​ទី​នោះ សម្ដេច​ចាត់​បក្ស​ពួក​យ៉ាង​សម្ងាត់ អោយ​ទៅ​គ្រប់​កុលសម្ព័ន្ធ​អ៊ីស្រាអែល​ប្រាប់​ថា៖ «កាល​ណា​អ្នក​រាល់​គ្នា​ឮ​សំឡេង​ត្រែ​បន្លឺ​ឡើង ត្រូវ​នាំ​គ្នា​ប្រកាស​ថា “សម្ដេច​អាប់សាឡុម​ឡើង​សោយ​រាជ្យ​នៅ​ក្រុង​ហេប្រូន!”»។ ១១ សម្ដេច​អាប់សាឡុម​អញ្ជើញ​មនុស្ស​ពីរ​រយ​នាក់ ពី​ក្រុង​យេរូសាឡឹម អោយ​ទៅ​ជា​មួយ​សម្ដេច ប៉ុន្តែ អ្នក​ទាំង​នោះ​នាំ​គ្នា​ទៅ​ដោយ​សុទ្ធ​ចិត្ត ពុំ​បាន​ដឹង​រឿង​ហេតុ​អ្វី​សោះ។ ១២ កាល​សម្ដេច​អាប់សាឡុម​កំពុង​តែ​ថ្វាយ​យញ្ញបូជា សម្ដេច​បាន​ចាត់​គេ​អោយ​ទៅ​តាម​រក​លោក​អហ៊ីថូផែល ជា​អ្នក​ស្រុក​គីឡោ។ ដូច្នេះ ចំនួន​មនុស្ស​ដែល​ចូល​រួម​បះបោរ​ជា​មួយ​សម្ដេច​អាប់សាឡុម បាន​កើន​ច្រើន​ឡើង ហើយ​មាន​កម្លាំង​រឹត​តែ​ខ្លាំង​ឡើង​ដែរ។
ព្រះបាទ​ដាវីឌ​ភៀស​ខ្លួន​ចេញ​ពី​ក្រុង​យេរូសាឡឹម
១៣ ពេល​នោះ មាន​គេ​នាំ​ដំណឹង​មក​ទូល​ព្រះបាទ​ដាវីឌ​ថា៖ «ជន​ជាតិ​អ៊ីស្រាអែល​នាំ​គ្នា​ចូល​ដៃ​ជា​មួយ​សម្ដេច​អាប់សាឡុម​ហើយ!»។ ១៤ ព្រះបាទ​ដាវីឌ​ក៏​មាន​រាជឱង្ការ​ទៅ​កាន់​មន្ត្រី​ទាំង​អស់ នៅ​ក្រុង​យេរូសាឡឹម​ថា៖ «ចូរ​នាំ​គ្នា​រត់​ចេញ​ទៅ ដ្បិត​យើង​មិន​អាច​គេច​ផុត​ពី​កណ្ដាប់​ដៃ​របស់​អាប់សាឡុម​បាន​ទេ។ ចូរ​ប្រញាប់ប្រញាល់​រត់​ភៀស​ខ្លួន​ចេញ​ទៅ ក្រែង​លោ​អាប់សាឡុម​មក​ទាន់ ហើយ​ប្រហារ​យើង និង​អ្នក​ក្រុង​នេះ​ដោយ​មុខ​ដាវ»។ ១៥ ពួក​មន្ត្រី​ទូល​ថា៖ «បពិត្រ​ព្រះករុណា​ទ្រង់​សំរេច​យ៉ាង​ណា ទូលបង្គំ​ទាំង​អស់​គ្នា​នឹង​ធ្វើ​តាម»។ ១៦ ពេល​នោះ ព្រះបាទ​ដាវីឌ​ចាក​ចេញ​ពី​ទីក្រុង ជា​មួយ​រាជវង្សានុវង្ស ដោយ​ថ្មើរ​ជើង។ ស្ដេច​បាន​ទុក​ស្រី​ស្នំ​ដប់​នាក់​តែ​ប៉ុណ្ណោះ អោយ​នៅ​ចាំ​ដំណាក់។ ១៧ ពេល​ស្ដេច និង​បណ្ដាជន​ទាំង​ប៉ុន្មាន​ចាក​ចេញ​ពី​ទីក្រុង​ហើយ ក៏​ទៅ​ឈប់​នៅ​ត្រង់​ផ្ទះ​មួយ ដែល​នៅ​ចុង​គេ​បំផុត។ ១៨ ពួក​រាជ​បំរើ​ទាំង​អស់​នាំ​គ្នា​ដើរ​នៅ​មុខ​ស្ដេច គឺ​ពួក​កេរេធីម ពួក​ពេលេធីម និង​ពួក​កាថ ទាំង​ប្រាំ​មួយ​រយ​នាក់ ដែល​មក​ពី​ក្រុង​កាថ​តាម​បំរើ​ស្ដេច។ ១៩ ស្ដេច​មាន​រាជឱង្ការ​ទៅ​កាន់​លោក​អ៊ីតតាយ ជា​ជន​ជាតិ​កាថ​ថា៖ «ហេតុ​អ្វី​បាន​ជា​លោក​មក​តាម​យើង? ចូរ​ត្រឡប់​ទៅ​ទីក្រុង​វិញ ហើយ​នៅ​ជា​មួយ​ស្ដេច​ថ្មី​ចុះ! ដ្បិត​លោក​ជា​ជន​បរទេស ដែល​គេ​និរទេស​ពី​ស្រុក​របស់​ខ្លួន​មក។ ២០ លោក​ទើប​នឹង​មក​ស្នាក់​អាស្រ័យ​ក្នុង​ស្រុក​របស់​យើង​ពុំ​ទាន់​បាន​ប៉ុន្មាន​ផង ថ្ងៃ​នេះ តើ​គួរ​អោយ​យើង​នាំ​លោក​ទៅ​ជា​មួយ​ដែរ​ឬ? ដ្បិត​យើង​ក៏​ពុំ​ដឹង​ថា យើង​ត្រូវ​ទៅ​ទី​ណា​ផង​នោះ! ចូរ​នាំ​បង​ប្អូន​របស់​លោក​វិល​ត្រឡប់​ទៅ​ទីក្រុង​វិញ​ចុះ។ សូម​ព្រះអម្ចាស់​ប្រព្រឹត្ត​ចំពោះ​លោក ដោយ​ព្រះហឫទ័យ​សប្បុរស និង​ស្មោះ​ត្រង់»។ ២១ ប៉ុន្តែ លោក​អ៊ីតតាយ​ទូល​ព្រះរាជា​វិញ​ថា៖ «បពិត្រ​ព្រះករុណា ទូលបង្គំ​សូម​ស្បថ​ក្នុង​នាម​ព្រះអម្ចាស់​ដែល​មាន​ព្រះជន្ម​គង់​នៅ និង​ក្នុង​នាម​ព្រះករុណា​ផ្ទាល់​ថា ព្រះករុណា​យាង​ទៅ​ទី​ណា ទូលបង្គំ​សុខ​ចិត្ត​ទៅ​ទី​នោះ ហើយ​រួម​ស្លាប់​រស់​ជា​មួយ​ព្រះករុណា​ដែរ»។ ២២ ព្រះបាទ​ដាវីឌ​តប​ថា៖ «ល្អ​ហើយ! ចូរ​ធ្វើ​ដំណើរ​ទៅ​មុខ​ចុះ!»។ ដូច្នេះ លោក​អ៊ីតតាយ​ធ្វើ​ដំណើរ​ទៅ​មុខ​ទៀត​ជា​មួយ​ពល​ទាហាន និង​ក្រុម​គ្រួសារ​របស់​គេ។
២៣ ពេល​ក្បួន​ដង្ហែ​ស្ដេច​ចេញ​ដំណើរ ប្រជាជន​ទាំង​មូល​នាំ​គ្នា​ទ្រហោ​យំ​យ៉ាង​ខ្លាំង។ ស្ដេច​យាង​កាត់​ជ្រោះ​កេដ្រូន ប្រជាជន​ទាំង​មូល​ក៏​ឆ្លង​តាម​ត្រង់​ផ្លូវ​ឆ្ពោះ​ទៅ​វាល​រហោស្ថាន។ ២៤ លោក​បូជាចារ្យ​សាដុក​ក៏​នៅ​ទី​នោះ ដោយ​មាន​ពួក​លេវី​ដែល​សែង​ហិប​នៃ​សម្ពន្ធមេត្រី*​របស់​ព្រះជាម្ចាស់​នៅ​ជា​មួយ​ដែរ។ ពួក​គេ​ដាក់​ហិប​របស់​ព្រះជាម្ចាស់​ចុះ លោក​បូជាចារ្យ​អបៀថើរ​ក៏​ឡើង​ពី​ជ្រោះ​មក​ដែរ ហើយ​រង់ចាំ​នៅ​ទី​នោះ រហូត​ដល់​ប្រជាជន​ចេញ​ផុត​ពី​ទីក្រុង​ទាំង​អស់​គ្នា។ ២៥ ព្រះបាទ​ដាវីឌ​មាន​រាជឱង្ការ​ទៅ​កាន់​លោក​បូជាចារ្យ​សាដុក​ថា៖ «ចូរ​នាំ​ហិប​ព្រះជាម្ចាស់​ទៅ​ទីក្រុង​វិញ​ចុះ។ បើ​ព្រះអម្ចាស់​សព្វ​ព្រះហឫទ័យ​នឹង​យើង ព្រះអង្គ​ប្រាកដ​ជា​នាំ​យើង​មក​វិញ ហើយ​យើង​នឹង​ឃើញ​ហិប​នេះ នៅ​ក្នុង​ព្រះដំណាក់​របស់​ព្រះអង្គ​សា​ជា​ថ្មី។ ២៦ ផ្ទុយ​ទៅ​វិញ ប្រសិន​បើ​ព្រះអង្គ​មិន​គាប់​ព្រះហឫទ័យ​នឹង​យើង​ទៀត​ទេ សូម​ព្រះអង្គ​សំរេច​តាម​ព្រះហឫទ័យ​របស់​ព្រះអង្គ​ចុះ»។ ២៧ ស្ដេច​មាន​រាជឱង្ការ​ទៅ​កាន់​លោក​បូជាចារ្យ​សាដុក​ទៀត​ថា៖ «ចូរ​ត្រឡប់​ទៅ​ទីក្រុង​វិញ ដោយ​សុខសាន្ត ជា​មួយ​អហ៊ីម៉ាស ជា​កូន​របស់​លោក ព្រម​ទាំង​យ៉ូណាថាន ជា​កូន​របស់​លោក​អបៀថើរ​ចុះ។ ២៨ ចំណែក​ឯ​យើង​វិញ យើង​ទៅ​រង់ចាំ​នៅ​តំបន់​វាល​រហោស្ថាន រហូត​ដល់​ពេល​យើង​ទទួល​ដំណឹង​ពី​អស់​លោក»។ ២៩ ដូច្នេះ លោក​សាដុក និង​លោក​អបៀថើរ ក៏​សែង​ហិប​របស់​ព្រះជាម្ចាស់​ចូល​ទៅ​ក្នុង​ក្រុង​យេរូសាឡឹម​វិញ ហើយ​ស្នាក់​នៅ​ទី​នោះ។
ព្រះបាទ​ដាវីឌ​ចាត់​លោក​ហ៊ូសាយ​ទៅ​ស៊ើបការណ៍​ពី​ស្ដេច​អាប់សាឡុម
៣០ ព្រះបាទ​ដាវីឌ​យាង​ឡើង​ភ្នំ​ដើម​អូលីវ ដោយ​ទ្រង់​ព្រះកន្សែង​ផង ស្ដេច​ទទូរ​ព្រះសិរសា ហើយ​យាង​ព្រះបាទា​ទទេ។ រីឯ​បណ្ដាជន​ទាំង​អស់​ដែល​ឡើង​ទៅ​ជា​មួយ​ស្ដេច ក៏​ទទូរ​ក្បាល ហើយ​ឡើង​ទៅ​ទាំង​យំ​ដែរ។ ៣១ មាន​គេ​ទូល​ព្រះបាទ​ដាវីឌ​ថា លោក​អហ៊ីថូផែល​ស្ថិត​ក្នុង​ចំណោម​ពួក​ក្បត់​ជា​មួយ​សម្ដេច​អាប់សាឡុម​ដែរ។ ព្រះបាទ​ដាវីឌ មាន​រាជឱង្ការ​ថា៖ «ឱ​ព្រះអម្ចាស់​អើយ! សូម​ធ្វើ​អោយ​យោបល់​ទាំង​ប៉ុន្មាន​របស់​អហ៊ីថូផែល​ប្រែ​ជា​ឥត​បាន​ការ»។ ៣២ ពេល​ព្រះបាទ​ដាវីឌ​ឡើង​ទៅ​ដល់​កំពូល​ភ្នំ ជា​កន្លែង​ដែល​គេ​ថ្វាយបង្គំ​ព្រះជាម្ចាស់ ស្រាប់​តែ​លោក​ហ៊ូសាយ ជា​ជន​ជាតិ​អើគី មក​ជួប​ស្ដេច ដោយ​មាន​អាវ​រហែក និង​ដី​នៅ​លើ​ក្បាល​ផង។ ៣៣ ព្រះបាទ​ដាវីឌ​មាន​រាជឱង្ការ​ទៅ​កាន់​លោក​ថា៖ «កុំ​មក​ជា​មួយ​យើង​អី! ក្រែង​លោក​ទៅ​ជា​បន្ទុក​មួយ​សំរាប់​យើង ៣៤ ចូរ​វិល​ត្រឡប់​ទៅ​ទីក្រុង​វិញ​ចុះ ហើយ​ប្រាប់​អាប់សាឡុម​ថា “បពិត្រ​ព្រះករុណា ទូលបង្គំ​ស្ម័គ្រ​ចិត្ត​បំរើ​ទ្រង់​ហើយ។ កាល​ពី​មុន​ទូលបង្គំ​បាន​បំរើ​បិតា​របស់​ព្រះករុណា​ឥឡូវ​នេះ ទូលបង្គំ​ត្រូវ​តែ​បំរើ​ព្រះករុណា​ដែរ”។ ធ្វើ​ដូច្នេះ លោក​អាច​ជួយ​យើង​ដោយ​ធ្វើ​ជា​ឧបសគ្គ ជំទាស់​នឹង​យោបល់​របស់​អហ៊ីថូផែល។ ៣៥ ម្យ៉ាង​ទៀត លោក​បូជាចារ្យ​សាដុក និង​អបៀថើរ​ក៏​ចាំ​ជួយ​លោក​ដែរ។ អ្វីៗ​ដែល​លោក​ឮ​ពី​ដំណាក់​ស្ដេច ចូរ​ប្រាប់​លោក​បូជាចារ្យ​សាដុក និង​អបៀថើរ​អោយ​ដឹង​ផង។ ៣៦ រីឯ​អហ៊ីម៉ាស់ ជា​កូន​របស់​លោក​សាដុក និង​យ៉ូណាថាន ជា​កូន​របស់​លោក​អបៀថើរ ក៏​នៅ​ជា​មួយ​ឪពុក​របស់​គេ​រៀងៗ​ខ្លួន​ដែរ។ ចូរ​ចាត់​អ្នក​ទាំង​ពីរ​អោយ​នាំ​ដំណឹង​ដែល​លោក​ដឹង មក​ប្រាប់​យើង​ផង»។ ៣៧ លោក​ហ៊ូសាយ ជា​មន្ត្រី​ជំនិត​របស់​ព្រះបាទ​ដាវីឌ បាន​វិល​ចូល​ទៅ​ក្រុង​វិញ ចំ​ពេល​ដែល​សម្ដេច​អាប់សាឡុម​យាង​ចូល​ទីក្រុង​ដែរ។