១៦
ព្រះបាទដាវីឌ និងស៊ីបា
១ ព្រះបាទដាវីឌយាងផុតពីកំពូលភ្នំបន្តិច ស្រាប់តែស៊ីបា ជាអ្នកបំរើរបស់លោកមេភីបូសែត ក៏មកជួបថ្វាយបង្គំស្ដេច គាត់នាំយកសត្វលាពីរក្បាល ដែលមានដឹកនំបុ័ងចំនួនពីររយដុំ ទំពាំងបាយជូរក្រៀមចំនួនមួយរយកញ្ចប់ ផ្លែឈើស្រស់ចំនួនមួយរយផ្លែ ព្រមទាំងស្រាទំពាំងបាយជូរមួយថង់ស្បែកផង។ ២ ព្រះរាជាសួរស៊ីបាថា៖ «តើអ្នកយករបស់ទាំងនេះមកធ្វើអ្វី?»។ ស៊ីបាទូលថា៖ «បពិត្រព្រះករុណា សត្វលាទាំងពីរនេះ ជាជំនិះសំរាប់ព្រះរាជវង្ស នំបុ័ង និងផ្លែឈើ ជាអាហាររបស់ពលទាហាន ហើយស្រានេះ ទុកសំរាប់អ្នកដែលអស់កម្លាំងនៅវាលរហោស្ថាន»។ ៣ ព្រះរាជាសួរថា៖ «តើកូនរបស់ម្ចាស់អ្នកនៅឯណា?»។ ស៊ីបាទូលថា៖ «លោកនៅឯក្រុងយេរូសាឡឹម ដ្បិតលោកគិតថា ថ្ងៃនេះជនជាតិអ៊ីស្រាអែលនឹងប្រគល់រាជ្យរបស់ជីតាលោក មកអោយលោកវិញ»។ ៤ ស្ដេចមានរាជឱង្ការថា៖ «អ្វីៗទាំងប៉ុន្មានដែលជាកម្មសិទ្ធិរបស់លោកមេភីបូសែត យើងប្រគល់អោយអ្នកទាំងអស់»។ ស៊ីបាក្រាបថ្វាយបង្គំស្ដេច ហើយទូលថា៖ «បពិត្រព្រះករុណាជាអម្ចាស់ សូមទ្រង់ប្រណីសន្ដោសទូលបង្គំរហូតតទៅ!»។
លោកស៊ីម៉ាយជេរប្រទេចផ្ដាសាព្រះបាទដាវីឌ
៥ ពេលព្រះបាទដាវីឌយាងទៅដល់ភូមិបាហ៊ូរីម មានបុរសម្នាក់ឈ្មោះស៊ីម៉ាយ ជាកូនរបស់លោកកេរ៉ា ក្នុងអំបូររបស់ស្ដេចសូល បានចេញពីភូមិ ហើយជេរប្រទេចផ្ដាសាព្រះបាទដាវីឌ។ ៦ គាត់ចោលដុំថ្មទៅលើព្រះបាទដាវីឌ និងនាម៉ឺនមន្ត្រីរបស់ស្ដេច ទោះបីមានបណ្ដាជន និងពលទាហាន នៅអមសងខាងស្ដេចក៏ដោយ។ ៧ គាត់ជេរប្រទេចផ្ដាសាស្ដេចថា៖ «ចេញទៅ! ចេញទៅ! អាឃាតក! អាចោលម្សៀត! ៨ ព្រះអម្ចាស់ដាក់ទោសឯង ដើម្បីសងសឹកជំនួសរាជវង្សរបស់ព្រះបាទសូល ដែលឯងបានដណ្ដើមរាជ្យ។ ហេតុនេះហើយបានជាព្រះអម្ចាស់ដករាជ្យពីឯង ប្រគល់ទៅអោយសម្ដេចអាប់សាឡុមជាកូនវិញ។ ឥឡូវនេះ ឯងត្រូវរងទុក្ខវេទនា ដ្បិតឯងជាឃាតក»។ ៩ លោកអប៊ីសាយ ជាកូនរបស់អ្នកស្រីសេរូយ៉ា ទូលស្ដេចថា៖ «បពិត្រព្រះករុណា ម្ដេចក៏ទុកអោយអាឆ្កែងាប់នេះ ជេរប្រទេចផ្ដាសាព្រះករុណាជាអម្ចាស់ដូច្នេះ? ទូលបង្គំសូមទៅកាត់កវា»។ ១០ ស្ដេចមានរាជឱង្ការថា៖ «លោកអប៊ីសាយ និងលោកយ៉ូអាប់ ជាកូនរបស់អ្នកស្រីសេរូយ៉ាអើយ ចូរកុំលូកដៃក្នុងរឿងនេះអី! ប្រសិនបើព្រះអម្ចាស់បង្គាប់អោយគាត់ដាក់បណ្ដាសាយើងដូច្នេះ មិនត្រូវអោយនរណាម្នាក់ស្ដីបន្ទោសគាត់ឡើយ!»។ ១១ ព្រះបាទដាវីឌមានរាជឱង្ការទៅកាន់លោកអប៊ីសាយ និងមន្ត្រីទាំងអស់ថា៖ «សូម្បីតែបុត្របង្កើត ដែលជាសាច់ឈាមរបស់យើង ក៏វារកសម្លាប់យើងទៅហើយ ប្រសិនបើព្រះអម្ចាស់បង្គាប់ដូច្នេះ ទុកអោយអ្នកស្រុកបេនយ៉ាមីនម្នាក់នេះ ជេរប្រទេចផ្ដាសាយើងទៅ! ១២ ប្រហែលជាព្រះអម្ចាស់ទតឃើញទុក្ខវេទនារបស់យើង ហើយធ្វើអោយពាក្យបណ្ដាសានៅថ្ងៃនេះ ក្លាយទៅជាពាក្យជូនពរទៅវិញ»។
១៣ ព្រះបាទដាវីឌ និងពលទាហានបន្តដំណើរទៅមុខ ហើយលោកស៊ីម៉ាយដើរតាមចង្កេះភ្នំម្ខាងទៀត នៅមិនឆ្ងាយប៉ុន្មានពីព្រះបាទដាវីឌ។ គាត់ដើរបណ្ដើរជេរប្រទេចផ្ដាសាបណ្ដើរ ព្រមទាំងយកដុំថ្មគប់ និងបាចដីមកលើស្ដេចផង។ ១៤ ស្ដេច និងបណ្ដាជនទាំងមូល ដែលរួមដំណើរជាមួយ ក៏ទៅដល់ទន្លេយ័រដាន់ពួកគេអស់កម្លាំង ហើយឈប់សំរាកនៅទីនោះ។
លោកហ៊ូសាយចូលគាល់ស្ដេចអាប់សាឡុម
១៥ ស្ដេចអាប់សាឡុម និងប្រជាជនអ៊ីស្រាអែលទាំងមូល ចូលដល់ក្រុងយេរូសាឡឹម។ លោកអហ៊ីថូផែលក៏នៅជាមួយស្ដេចអាប់សាឡុមដែរ។ ១៦ លោកហ៊ូសាយ ជាជនជាតិអើគី ដែលជាមន្ត្រីជំនិតរបស់ព្រះបាទដាវីឌ ចូលទៅគាល់ស្ដេចអាប់សាឡុម ពោលថា៖ «ជយោព្រះរាជា! ជយោព្រះរាជា!»។ ១៧ ស្ដេចអាប់សាឡុមមានរាជឱង្ការទៅកាន់លោកថា៖ «ចិត្តស្មោះត្រង់ចំពោះបិតាខ្ញុំ ដែលជាមិត្តសម្លាញ់របស់លោកនោះនៅឯណា? ហេតុអ្វីបានជាលោកមិនទៅតាមបិតាខ្ញុំ?»។ ១៨ លោកហ៊ូសាយទូលថា៖ «ទេ! បើព្រះអម្ចាស់ និងប្រជាជនអ៊ីស្រាអែល ព្រមទាំងកងទ័ពទាំងមូលជ្រើសរើសស្ដេចណា ទូលបង្គំនៅជាមួយស្ដេចនោះហើយ។ ១៩ ម្យ៉ាងទៀត ទូលបង្គំត្រូវបំរើអ្នកណា? ព្រះករុណាជាបុត្ររបស់មិត្តសម្លាញ់ទូលបង្គំ ដូច្នេះ ទូលបង្គំនឹងបំរើព្រះករុណា ដូចទូលបង្គំបានបំរើបិតារបស់ព្រះករុណាដែរ»។
ស្ដេចអាប់សាឡុម និងពួកស្រីស្នំរបស់ព្រះបាទដាវីឌ
២០ ស្ដេចអាប់សាឡុមមានរាជឱង្ការទៅកាន់លោកអហ៊ីថូផែលថា៖ «ចូរអស់លោកពិភាក្សាគ្នា អំពីកិច្ចការដែលពួកយើងត្រូវធ្វើនោះទៅ»។ ២១ លោកអហ៊ីថូផែលទូលស្ដេចអាប់សាឡុមថា៖ «សូមយាងទៅរួមដំណេកជាមួយពួកស្រីស្នំ ដែលបិតារបស់ព្រះករុណាទុកអោយនៅចាំដំណាក់នោះចុះ។ ធ្វើដូច្នេះ ប្រជាជនអ៊ីស្រាអែលទាំងមូលនឹងដឹងថា ព្រះករុណាតាំងខ្លួនជាសត្រូវនឹងបិតា ហើយបក្សពួករបស់ព្រះករុណាក៏នឹងមានកម្លាំងចិត្តឡើងដែរ»។ ២២ គេបានដំឡើងពន្លាមួយថ្វាយស្ដេចអាប់សាឡុម តាមថែវនៅជាន់ខាងលើដំណាក់ ហើយស្ដេចអាប់សាឡុមក៏ចូលទៅរួមដំណេកជាមួយស្រីស្នំរបស់បិតា អោយប្រជាជនអ៊ីស្រាអែលទាំងមូលឃើញ។
២៣ នៅគ្រានោះ យោបល់របស់លោកអហ៊ីថូផែលមានឥទ្ធិពលដូចព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែរ។ ព្រះបាទដាវីឌ និងស្ដេចអាប់សាឡុមតែងតែធ្វើតាមយោបល់ទាំងប៉ុន្មានរបស់លោក។