១៧
លោកហ៊ូសាយជំទាស់នឹងយោបល់របស់លោកអហ៊ីថូផែល
១ បន្ទាប់មក លោកអហ៊ីថូផែល ទូលស្ដេចអាប់សាឡុមថា៖ «សូមអនុញ្ញាតអោយទូលបង្គំជ្រើសរើសទ័ព ចំនួនមួយម៉ឺនពីរពាន់នាក់ ដេញតាមព្រះបាទដាវីឌ យប់នេះតែម្ដងទៅ។ ២ ទូលបង្គំនឹងវាយសំរុក នៅពេលដែលព្រះបាទដាវីឌកំពុងតែនឿយហត់ និងបាក់ទឹកចិត្ត រួចទូលបង្គំនឹងធ្វើអោយស្ដេចភ័យតក់ស្លុត ហើយបណ្ដាជនទាំងប៉ុន្មាន ដែលទៅជាមួយស្ដេចនឹងរត់ចោលស្ដេច។ ទូលបង្គំនឹងធ្វើគុតតែស្ដេចមួយអង្គប៉ុណ្ណោះ។ ៣ បន្ទាប់មក ទូលបង្គំនាំប្រជាជនទាំងអស់មកថ្វាយព្រះករុណាវិញ។ ដូច្នេះ អ្នកដែលព្រះករុណាចង់កំចាត់នោះនឹងត្រូវសុគត ហើយប្រជាជនទាំងមូល នឹងវិលមករស់នៅជាមួយព្រះករុណា ដោយសុខសាន្ត»។ ៤ ស្ដេចអាប់សាឡុម និងព្រឹទ្ធាចារ្យអ៊ីស្រាអែលទាំងអស់យល់ឃើញថា យោបល់នេះហាក់ដូចជាសមរម្យ។
៥ ប៉ុន្តែ ស្ដេចអាប់សាឡុមមានរាជឱង្ការថា៖ «ចូរទៅអញ្ជើញលោកហ៊ូសាយ ជាជនជាតិអើគីមក យើងចង់ស្ដាប់យោបល់របស់គាត់ដែរ»។ ៦ កាលលោកហ៊ូសាយមកដល់ ស្ដេចអាប់សាឡុមរៀបរាប់អំពីយោបល់របស់លោកអហ៊ីថូផែល រួចស្ដេចសួរលោកថា៖ «តើយើងគួរធ្វើតាមយោបល់នេះ ឬមិនធ្វើ? បើលោកមានយោបល់ផ្សេង សូមមានប្រសាសន៍មក!»។ ៧ លោកហ៊ូសាយទូលស្ដេចអាប់សាឡុមថា៖ «លើកនេះ យោបល់របស់លោកអហ៊ីថូផែលមិនល្អទេ។ ៨ ព្រះករុណាជ្រាបច្បាស់ហើយថា បិតារបស់ព្រះករុណា និងបរិវារសុទ្ធតែជាពលទាហានពូកែអង់អាច។ ពួកគេកំពុងតែក្ដៅក្រហាយ ដូចមេខ្លាឃ្មុំដែលបាត់កូននៅទីវាល។ ម្យ៉ាងទៀតបិតារបស់ព្រះករុណាជាអ្នកចំបាំង ពេលយប់ ទ្រង់មិនផ្ទំជាមួយពលទាហានទេ។ ៩ ទ្រង់ពិតជាលាក់ខ្លួននៅក្នុងរូងថ្ម ឬកន្លែងណាផ្សេងមិនខានឡើយ។ ប្រសិនបើមានទាហានស្លាប់នៅក្នុងជួរយើង ចាប់តាំងពីពេលផ្ដើមប្រយុទ្ធ នោះនឹងមានលេចឮដំណឹងថា ទ័ពរបស់ព្រះបាទអាប់សាឡុមទទួលបរាជ័យហើយ។ ១០ ដូច្នេះ ទោះបីទាហានដែលមានចិត្តអង់អាចដូចសិង្ហ ក៏គេបាក់ទឹកចិត្តដែរ ព្រោះប្រជាជនអ៊ីស្រាអែលទាំងអស់ដឹងថា បិតារបស់ព្រះករុណាជាមេទ័ពដ៏ខ្លាំងពូកែ ហើយពលទាហានដែលនៅជាមួយនោះ ក៏សុទ្ធតែជាមនុស្សក្លាហានទៀតផង។ ១១ រីឯទូលបង្គំវិញ ទូលបង្គំសូមថ្វាយយោបល់ដូចតទៅ: សូមព្រះករុណាប្រមូលទាហានអ៊ីស្រាអែលទាំងអស់មក គឺចាប់ពីក្រុងដាន់ រហូតដល់ក្រុងបៀរសេបា អោយបានចំនួនច្រើនដូចគ្រាប់ខ្សាច់ នៅតាមឆ្នេរសមុទ្រ។ បន្ទាប់មក សូមព្រះករុណាផ្ទាល់នាំមុខគេចេញទៅច្បាំង។ ១២ យើងនឹងទៅទាន់ស្ដេចដាវីឌនៅកន្លែងដែលទ្រង់ស្នាក់អាស្រ័យ យើងនឹងសង្គ្រប់លើពួកគេ ដោយមិនអោយគេដឹងខ្លួន គឺយើងនឹងប្រហារពួកគេ ឥតទុកអោយនរណាម្នាក់រត់រួចឡើយ។ ១៣ ប្រសិនបើពួកគេរត់ទៅជ្រកនៅក្រុងណាមួយ ប្រជាជនអ៊ីស្រាអែលទាំងមូលនឹងនាំគ្នាចងខ្សែពួរទាញក្រុងនោះទម្លាក់ទៅក្នុងជ្រោះ ឥតមាននៅសល់ដុំថ្មណាមួយទៀតឡើយ»។ ១៤ ស្ដេចអាប់សាឡុម និងជនជាតិអ៊ីស្រាអែលទាំងមូលពោលថា៖ «យោបល់របស់លោកហ៊ូសាយ ជាជនជាតិអើគី ល្អជាងយោបល់របស់លោកអហ៊ីថូផែល!»។ ព្រះអម្ចាស់បានធ្វើអោយគេបដិសេធយោបល់ដ៏ឆ្លាតវៃរបស់លោកអហ៊ីថូផែល ដើម្បីធ្វើអោយស្ដេចអាប់សាឡុមវិនាស។
ព្រះបាទដាវីឌឆ្លងទន្លេយ័រដាន់
១៥ លោកហ៊ូសាយរៀបរាប់ជូនលោកបូជាចារ្យសាដុក និងលោកបូជាចារ្យអបៀថើ អំពីយោបល់ដែលលោកអហ៊ីថូផែលបានទូលស្ដេចអាប់សាឡុម និងជំរាបពួកព្រឹទ្ធាចារ្យនៃជនជាតិអ៊ីស្រាអែល។ លោកក៏បានរៀបរាប់អំពីយោបល់របស់លោកផ្ទាល់ដែរ។ ១៦ លោកបន្ថែមទៀតថា៖ «ឥឡូវនេះ ចូរប្រញាប់ចាត់អ្នកនាំសារអោយទៅទូលព្រះបាទដាវីឌថា យប់នេះ កុំឈប់នៅវាលរហោស្ថានជិតទន្លេយ័រដាន់ឡើយ គឺត្រូវឆ្លងទៅត្រើយម្ខាង ដើម្បីកុំអោយព្រះរាជា និងបណ្ដាជនទាំងអស់ដែលនៅជាមួយត្រូវវិនាស»។ ១៧ លោកយ៉ូណាថាន និងលោកអហ៊ីម៉ាស់នៅចាំត្រង់អេន-រូកែល ព្រោះលោកទាំងពីរមិនចូលក្នុងក្រុងទេ ក្រែងគេឃើញ។ ពេលនោះ ស្ត្រីបំរើម្នាក់នាំសារទៅជំរាបលោកទាំងពីរ ហើយលោកនាំសារទៅថ្វាយព្រះបាទដាវីឌ។ ១៨ ប៉ុន្តែ មានយុវជនម្នាក់បានឃើញលោកទាំងពីរ ក៏នាំដំណឹងទៅទូលស្ដេចអាប់សាឡុម។ លោកទាំងពីរប្រញាប់ប្រញាល់ចេញទៅ ហើយទៅដល់ផ្ទះអ្នកស្រុកម្នាក់ នៅភូមិបាហ៊ូរីម។ ក្នុងបរិវេណផ្ទះនោះមានអណ្ដូងមួយ ដែលលោកទាំងពីរចុះទៅពួន។ ១៩ ស្ត្រីជាមេផ្ទះយកកន្ទេលមកក្រាលលើគំរបអណ្ដូង ហើយយកស្រូវមកចាក់រាយពីលើ ដើម្បីកុំអោយគេចាប់អារម្មណ៍។ ២០ ពួកអ្នកដែលស្ដេចអាប់សាឡុមចាត់អោយដេញតាម បានមកដល់ផ្ទះស្ត្រីនោះ ហើយសួរថា៖ «តើលោកអហ៊ីម៉ាស់ និងលោកយ៉ូណាថាននៅឯណា?»។ គាត់ឆ្លើយថា៖ «ពួកលោកឆ្លងផុតទៅហើយ»។ ពួកគេរុករកតែពុំបានប្រទះឃើញលោកទាំងពីរទេ ដូច្នេះ ពួកគេត្រឡប់ទៅក្រុងយេរូសាឡឹមវិញ។ ២១ កាលអ្នកទាំងនោះចេញផុតទៅ លោកអហ៊ីម៉ាស់ និងលោកយ៉ូណាថានឡើងពីអណ្ដូង ហើយនាំគ្នាទៅទូលព្រះបាទដាវីឌ អំពីយោបល់របស់លោកអហ៊ីថូផែល ហើយពោលថា៖ «សូមព្រះករុណាឆ្លងទន្លេយ័រដាន់នេះភ្លាមទៅ»។ ២២ ព្រះបាទដាវីឌ និងបណ្ដាជនទាំងអស់ដែលនៅជាមួយ នាំគ្នាឆ្លងទន្លេយ័រដាន់។ លុះព្រលឹមស្រាងៗ ពួកគេឆ្លងទន្លេយ័រដាន់ ទាំងអស់គ្នាគ្មានសល់នរណាម្នាក់ឡើយ។
២៣ ចំណែកឯលោកអហ៊ីថូផែលវិញ ដោយឃើញថា គេមិនធ្វើតាមយោបល់របស់គាត់ គាត់ក៏ចងកែបលា ហើយឡើងជិះត្រឡប់ទៅស្រុកភូមិរបស់គាត់។ គាត់ផ្ដែផ្ដាំគ្រួសារ ហើយចងកសម្លាប់ខ្លួនទៅ។ គេបានបញ្ចុះសពគាត់ក្នុងផ្នូរឪពុករបស់គាត់។
ព្រះបាទដាវីឌនៅក្រុងម៉ាហាណែម
២៤ ក្នុងពេលដែលស្ដេចអាប់សាឡុមកំពុងតែឆ្លងទន្លេយ័រដាន់ជាមួយកងទ័ពអ៊ីស្រាអែលទាំងមូល ព្រះបាទដាវីឌបានយាងដល់ក្រុងម៉ាហាណែម។ ២៥ ស្ដេចអាប់សាឡុមបានតែងតាំងលោកអម៉ាសា ជាមេបញ្ជាការកងទ័ព ជំនួសលោកយ៉ូអាប់។ លោកអម៉ាសាត្រូវជាកូនរបស់ជនជាតិអ៊ីស្រាអែលម្នាក់ ឈ្មោះលោកយីតរ៉ាដែលយកនាងអប៊ីកែល ជាកូនស្រីរបស់លោកណាហាស និងជាប្អូនស្រីរបស់អ្នកស្រីសេរូយ៉ា ដែលជាម្ដាយរបស់លោកយ៉ូអាប់។ ២៦ ស្ដេចអាប់សាឡុម និងពួកអ៊ីស្រាអែលបានបោះទ័ពនៅស្រុកកាឡាដ។
២៧ កាលព្រះបាទដាវីឌយាងដល់ក្រុងម៉ាហាណែម ស្ដេចជួបនឹងលោកសូប៊ី ជាកូនរបស់លោកណាហាស នៅក្រុងរ៉ាបា ជារាជធានីរបស់ជនជាតិអាំម៉ូន និងលោកម៉ាកៀរ ជាកូនរបស់លោកអាំមាលនៅឡូដេបា និងលោកបាស៊ីឡាយ អ្នកភូមិរ៉ូគីលីម ក្នុងស្រុកកាឡាដ។ ២៨ ពួកគេនាំយកភួយ មុង កន្ទេល ចាន ឆ្នាំង ព្រមទាំងស្បៀងអាហារ គឺមានអង្ករ ពោតម្សៅ លាជ ពពាយ សណ្ដែក ២៩ ទឹកឃ្មុំ ទឹកដោះគោ ចៀម និងប្រូម៉ាស់ មកថ្វាយព្រះបាទដាវីឌ និងបណ្ដាជនដែលនៅជាមួយ ដោយពួកគេគិតថា បណ្ដាជននឿយហត់ ស្រេកឃ្លាន នៅពេលដើរកាត់វាលរហោស្ថាន។