២
ទាហានដ៏ស្មោះត្រង់របស់ព្រះគ្រិស្ដ
១ ដូច្នេះ កូនអើយ ចូរមានកម្លាំងឡើង ដោយពឹងផ្អែកលើព្រះគុណដែលយើងមានដោយរួមជាមួយព្រះគ្រិស្ដយេស៊ូ។ ២ សេចក្ដីទាំងអស់ដែលអ្នកបានឮពីខ្ញុំនៅមុខសាក្សីជាច្រើននាក់ ត្រូវប្រគល់អោយបងប្អូនណាដែលស្មោះត្រង់ និងមានសមត្ថភាពអាចបង្រៀនបន្តទៅអ្នកផ្សេងទៀតចុះ។ ៣ ចូររួមរងទុក្ខលំបាក ក្នុងឋានៈជាទាហានដ៏ល្អរបស់ព្រះគ្រិស្ដយេស៊ូ។ ៤ ពេលទាហានចេញទៅច្បាំង គេមិនគិតពីបញ្ហាក្នុងជីវិតសាមញ្ញនេះទេ គឺគេគិតតែធ្វើយ៉ាងណា អោយអ្នកដែលកេណ្ឌខ្លួនពេញចិត្ត។ ៥ រីឯកីឡាករវិញ គេអាចទទួលភួងជ័យបាន លុះត្រាតែគេប្រកួតត្រឹមត្រូវតាមក្បួន។ ៦ កសិករដែលបានធ្វើការយ៉ាងនឿយហត់ ត្រូវតែទទួលភោគផលមុនគេ។ ៧ ចូរពិចារណាអោយយល់សេចក្ដីដែលខ្ញុំនិយាយនេះ ដ្បិតព្រះអម្ចាស់នឹងប្រទានអោយអ្នកមានប្រាជ្ញា អាចយល់បានទាំងអស់។
៨ ចូរនឹកដល់ព្រះយេស៊ូគ្រិស្ដ ដែលមានព្រះជន្មរស់ឡើងវិញ ព្រះអង្គជាប់ព្រះញាតិវង្សនឹងព្រះបាទដាវីឌ ស្របតាមដំណឹងល្អដែលខ្ញុំប្រកាស។ ៩ ខ្ញុំរងទុក្ខលំបាកព្រោះតែដំណឹងល្អនេះ រហូតដល់ត្រូវគេចាប់ចង ដូចជាបានប្រព្រឹត្តអំពើអាក្រក់។ រីឯព្រះបន្ទូលរបស់ព្រះជាម្ចាស់វិញ គេពុំអាចចាប់ចងបានឡើយ។ ១០ ហេតុនេះហើយបានជាខ្ញុំសុខចិត្តស៊ូទ្រាំគ្រប់យ៉ាង ដោយយល់ដល់អ្នកដែលព្រះជាម្ចាស់បានជ្រើសរើស ដើម្បីអោយពួកគេទទួលការសង្គ្រោះ ដោយរួមក្នុងអង្គព្រះគ្រិស្ដយេស៊ូ ព្រមទាំងទទួលសិរីរុងរឿងដ៏នៅស្ថិតស្ថេរអស់កល្បជានិច្ចនោះដែរ។
១១ ពាក្យនេះគួរអោយជឿ គឺថាៈ
ប្រសិនបើយើងរួមស្លាប់ជាមួយព្រះអង្គ
យើងក៏នឹងមានជីវិតរស់
រួមជាមួយព្រះអង្គដែរ។
១២ ប្រសិនបើយើងស៊ូទ្រាំ
យើងនឹងបានគ្រងរាជ្យជាមួយព្រះអង្គ។
ប្រសិនបើយើងបដិសេធមិនទទួលស្គាល់ព្រះអង្គ
ព្រះអង្គក៏នឹងបដិសេធមិនទទួលស្គាល់
យើងវិញដែរ។
១៣ ប្រសិនបើយើងមិនស្មោះត្រង់
ព្រះអង្គនៅតែស្មោះត្រង់ដដែល
ដ្បិតព្រះអង្គពុំអាចបដិសេធព្រះអង្គផ្ទាល់
បានឡើយ។
អ្នកបំរើដែលមានចិត្តស្មោះត្រង់
១៤ អ្នកត្រូវរំលឹកដាស់តឿនបងប្អូន ទាំងបញ្ជាក់យ៉ាងម៉ឺងម៉ាត់ នៅចំពោះព្រះភក្ត្រព្រះជាម្ចាស់អោយគេចៀសវាងឈ្លោះប្រកែកគ្នា អំពីពាក្យពេចន៍ព្រោះគ្មានផលប្រយោជន៍អ្វីឡើយ គឺនាំតែកើតអន្តរាយដល់អ្នកស្ដាប់ប៉ុណ្ណោះ។ ១៥ ចូរខំប្រឹងធ្វើយ៉ាងណា អោយបានគាប់ព្រះហឫទ័យព្រះជាម្ចាស់ និងចូលជិតព្រះអង្គក្នុងឋានៈជាកម្មករ ដែលគ្មានអ្វីនាំអោយអៀនខ្មាស ព្រោះខ្លួនបានចែកផ្សាយព្រះបន្ទូលនៃសេចក្ដីពិត យ៉ាងត្រឹមត្រូវ។ ១៦ ត្រូវចៀសវាងពាក្យព្រោកប្រាជ្ញដែលគ្មានន័យ គ្មានខ្លឹមសារ ដ្បិតពួកអ្នកចូលចិត្តពាក្យព្រោកប្រាជ្ញបែបនេះ តែងតែឃ្លាតចេញពីព្រះជាម្ចាស់កាន់តែឆ្ងាយទៅៗ។ ១៧ ពាក្យសំដីរបស់ពួកគេ ប្រៀបបីដូចជាដំបៅ ស៊ីរូងកាន់តែជ្រៅទៅៗ ក្នុងចំណោមអ្នកទាំងនោះមានហ៊ីមេណាស និងភីលេត។ ១៨ អ្នកទាំងពីរបានឃ្លាតឆ្ងាយពីសេចក្ដីពិត ដោយពោលថា មនុស្សស្លាប់បានរស់ឡើងវិញរួចហើយ គេក៏បានបង្វែរបងប្អូនខ្លះអោយលះបង់ជំនឿ។ ១៩ ក៏ប៉ុន្តែ ទោះជាយ៉ាងណាក៏ដោយ គ្រឹះដ៏មាំដែលព្រះជាម្ចាស់បានចាក់នោះនៅតែស្ថិតស្ថេររឹងប៉ឹងដដែល ហើយនៅលើគ្រឹះនោះមានចារឹកពាក្យជាសញ្ញាសំគាល់ថាៈ
«ព្រះអម្ចាស់ស្គាល់កូនចៅរបស់ព្រះអង្គ»
ហើយ «អ្នកណាប្រកាសថាខ្លួនគោរពព្រះនាមព្រះអម្ចាស់
អ្នកនោះត្រូវតែងាកចេញអោយផុតពីអំពើទុច្ចរិត»។
២០ នៅក្នុងផ្ទះមួយដ៏ធំ មិនមែនមានតែគ្រឿងប្រដាប់ធ្វើពីមាស ឬពីប្រាក់ប៉ុណ្ណោះទេ គឺមានគ្រឿងប្រដាប់ធ្វើពីឈើ និងធ្វើពីដីដែរ មួយផ្នែកសំរាប់ប្រើប្រាស់ក្នុងឱកាសពិសេស មួយផ្នែកទៀតសំរាប់ប្រើប្រាស់ជាធម្មតា។ ២១ ដូច្នេះ ប្រសិនបើអ្នកណាម្នាក់ជំរះខ្លួនបានបរិសុទ្ធ ផុតពីអំពើអាក្រក់ទាំងនេះហើយ ព្រះជាម្ចាស់នឹងប្រើអ្នកនោះទុកដូចជាឧបករណ៍វិសេស វិសុទ្ធ*មានប្រយោជន៍ដល់ម្ចាស់ និងប្រើប្រាស់សំរាប់ធ្វើអំពើល្អគ្រប់យ៉ាង។
២២ ចូរគេចចេញអោយផុតពីតណ្ហានៃយុវវ័យ ហើយខំប្រឹងស្វែងរកសេចក្ដីសុចរិត ជំនឿ សេចក្ដីស្រឡាញ់ សេចក្ដីសុខសាន្ត ជាមួយអស់អ្នកដែលគោរពព្រះអម្ចាស់ដោយចិត្តបរិសុទ្ធ* នោះវិញ។ ២៣ ចូរចៀសវាងការជជែកវែកញែកដ៏ល្ងីល្ងើផ្ដេសផ្ដាស ត្រូវដឹងថា ការជជែកវែកញែកបែបនេះ បង្កអោយតែមានជម្លោះប៉ុណ្ណោះ ២៤ រីឯអ្នកបំរើរបស់ព្រះអម្ចាស់ មិនត្រូវអោយមានការឈ្លោះប្រកែកគ្នាឡើយ ផ្ទុយទៅវិញ ត្រូវរួសរាយចំពោះមនុស្សទួទៅ ត្រូវចេះបង្រៀន និងអធ្យាស្រ័យដល់គេ ២៥ ត្រូវមានចិត្តស្លូតបូត ប្រដៅពួកអ្នកប្រឆាំង ក្រែងលោព្រះជាម្ចាស់នឹងប្រោសប្រទានអោយគេកែប្រែចិត្តគំនិត ដើម្បីអោយគេបានស្គាល់សេចក្ដីពិតយ៉ាងច្បាស់ ២៦ ព្រមទាំងភ្ញាក់ស្មារតីឡើងវិញ ហើយដោះខ្លួនរួចពីអន្ទាក់របស់មារ* ដែលបានចាប់ចងគេ បង្ខំអោយធ្វើតាមបំណងរបស់វា។