៣
ព្រឹត្តិការណ៍នៅគ្រាចុងក្រោយ
១ អ្នកត្រូវដឹងអោយច្បាស់ថា នៅពេលចុងក្រោយបង្អស់ នឹងមានគ្រាលំបាក ២ មនុស្សម្នានឹងមានចិត្តអាត្មានិយម ស្រឡាញ់ប្រាក់ ក្រអឺតក្រទមអួតខ្លួន ប្រមាថព្រះជាម្ចាស់ មិនស្ដាប់បង្គាប់ឪពុកម្ដាយ រមិលគុណ បំផ្លាញអ្វីៗដែលជាសក្ការៈ ៣ គេជាមនុស្សអត់ចិត្ត គ្មានអធ្យាស្រ័យ និយាយមួលបង្កាច់ មិនចេះទប់ចិត្ត ឃោរឃៅ ស្អប់អំពើល្អ ៤ ជាមនុស្សមានចិត្តក្បត់ ឆាប់ច្រឡោត អួតបំប៉ោង ចូលចិត្តសប្បាយជាជាងស្រឡាញ់ព្រះជាម្ចាស់។ ៥ គេសំដែងអាការៈខាងក្រៅជាអ្នកគោរពប្រណិប័តន៍ព្រះជាម្ចាស់ ប៉ុន្តែ គេបដិសេធមិនទទួលស្គាល់ឫទ្ធានុភាព ដែលបានមកពីការគោរពប្រណិប័តន៍ព្រះអង្គនោះឡើយ។ ចូរចៀសចេញអោយឆ្ងាយ ពីមនុស្សប្រភេទនេះទៅ។ ៦ ក្នុងចំណោមពួកគេ អ្នកខ្លះបានឆ្លៀតចូលផ្ទះនានា ហើយទាក់យកស្ត្រីឆោតៗ ដែលពោរពេញទៅដោយអំពើបាប ជាស្ត្រីបណ្ដោយខ្លួនទៅតាមតណ្ហាគ្រប់យ៉ាងផង។ ៧ ស្ត្រីៗទាំងនោះរៀនមិនចេះចប់ ហើយនៅតែមិនអាចស្គាល់សេចក្ដីពិតដដែល។ ៨ យ៉ាណែស និងយ៉ាមប្រេសបានប្រឆាំងនឹងលោកម៉ូសេយ៉ាងណា អ្នកទាំងនេះក៏ប្រឆាំងនឹងសេចក្ដីពិតយ៉ាងនោះដែរ។ ពួកគេជាមនុស្សមានគំនិតខូច ហើយជំនឿរបស់គេឥតបានការអ្វីទាល់តែសោះ។ ៩ គេពុំអាចទៅមុខទៀតបានឆ្ងាយឡើយ ដ្បិតមនុស្សម្នានឹងឃើញគំនិតលេលារបស់គេ ដូចអ្នកនៅពីសម័យដើមបានឃើញគំនិតលេលារបស់យ៉ាណែស និងយ៉ាមប្រេសដែរ។
ពាក្យរំលឹកដាស់តឿនផ្សេងៗ
១០ ចំពោះអ្នកវិញ អ្នកបានយកចិត្តទុកដាក់ស្ដាប់ខ្ញុំនៅពេលដែលខ្ញុំបង្រៀន អ្នកបានឃើញកិរិយារបស់ខ្ញុំឃើញគំរោងការ ជំនឿ ការអត់ធ្មត់ ការស្រឡាញ់ និងការស៊ូទ្រាំរបស់ខ្ញុំ ១១ អ្នកបានឃើញគេបៀតបៀនខ្ញុំ និងឃើញទុក្ខលំបាកដែលកើតមានដល់ខ្ញុំ នៅក្រុងអន់ទីយ៉ូក ក្រុងអ៊ីកូនាម និងក្រុងលីស្ដ្រា។ ខ្ញុំបានរងទុក្ខវេទនាដោយគេបៀតបៀនយ៉ាងខ្លាំង ក៏ប៉ុន្តែ ព្រះអម្ចាស់បានរំដោះខ្ញុំអោយរួចផុតទាំងអស់។ ១២ អស់អ្នកដែលចង់រស់នៅ ដោយគោរពប្រណិប័តន៍ព្រះជាម្ចាស់ក្នុងព្រះគ្រិស្ដយេស៊ូ មុខជាត្រូវគេបៀតបៀនដូច្នេះឯង។ ១៣ រីឯមនុស្សអាក្រក់ និងអ្នកបោកប្រាស់វិញ គេចេះតែប្រព្រឹត្តអំពើអាក្រក់កាន់តែច្រើនឡើងៗ ទាំងនាំអ្នកផ្សេងអោយវង្វេង ហើយខ្លួនគេផ្ទាល់ក៏វង្វេងដែរ។
១៤ ចំពោះអ្នក ត្រូវកាន់តាមសេចក្ដីដែលអ្នកបានរៀន និងយកធ្វើជាគោលជំនឿ អោយខ្ជាប់ខ្ជួនឡើង! អ្នកដឹងច្បាស់ហើយថា អ្នកបានរៀនសេចក្ដីទាំងនេះពីនរណាមក!។ ១៥ អ្នកស្គាល់ព្រះគម្ពីរតាំងតែពីនៅកុមារម៉្លេះ ហើយព្រះគម្ពីរអាចផ្ដល់អោយអ្នកមានប្រាជ្ញា ដើម្បីនឹងទទួលការសង្គ្រោះ ដោយមានជំនឿលើព្រះគ្រិស្ដយេស៊ូ។ ១៦ គ្រប់អត្ថបទគម្ពីរ សុទ្ធតែព្រះជាម្ចាស់ប្រទានព្រះវិញ្ញាណមកបំភ្លឺអោយតែង និងមានប្រយោជន៍សំរាប់បង្រៀន រកខុសត្រូវ កែតម្រង់ និងអប់រំអោយរស់តាមសេចក្ដីសុចរិត ១៧ ក្នុងគោលបំណងអោយអ្នកបំរើរបស់ព្រះជាម្ចាស់ មានសមត្ថភាព និងប្រុងប្រៀបខ្លួនជាស្រេច ដើម្បីប្រព្រឹត្តអំពើល្អគ្រប់ចំពូក។