៦
លោកដានីយ៉ែលនៅក្នុងរូងតោ
១ ព្រះចៅដារីយូសសព្វព្រះហឫទ័យតែងតាំងមេទ័ពមួយរយម្ភៃរូប អោយគ្រប់គ្រងលើរាជាណាចក្រទាំងមូល។ ២ ស្ដេចតែងតាំងមហាមន្ត្រីបីរូបអោយធ្វើជាប្រមុខលើមេទ័ពទាំងនោះ។ មេទ័ពទាំងអស់ត្រូវធ្វើរបាយការណ៍ជូនមហាមន្ត្រី ដើម្បីរក្សាផលប្រយោជន៍របស់ស្ដេច។ លោកដានីយ៉ែលជាមហាមន្ត្រីមួយរូបក្នុងចំណោមមហាមន្ត្រីទាំងបី។ ៣ ក្នុងចំណោមមហាមន្ត្រីទាំងបីរូប និងមេទ័ពទាំងអស់ លោកដានីយ៉ែលប្រសើរជាងគេ ព្រោះលោកមានប្រាជ្ញាឈ្លាសវៃបំផុត។ ព្រះរាជាមានបំណងតែងតាំងលោកអោយគ្រប់គ្រងលើរាជាណាចក្រទាំងមូល។
៤ ពេលនោះ មហាមន្ត្រីឯទៀតៗ និងពួកមេទ័ពរិះរកមូលហេតុណាមួយ ដែលជាប់ទាក់ទងនឹងការងារក្នុងរាជាណាចក្រ ដើម្បីចោទប្រកាន់លោកដានីយ៉ែល តែពួកគេពុំអាចរកឃើញមូលហេតុ ឬកំហុសណាមួយបានទេ ដ្បិតលោកដានីយ៉ែលជាមនុស្សស្មោះត្រង់នឹងការងារ មិនដែលធ្វេសប្រហែស ឬមានកំហុសណាមួយឡើយ។ ៥ អ្នកទាំងនោះពិភាក្សាគ្នាថា៖ «យើងពុំអាចរកមូលហេតុ ចាប់កំហុសលោកដានីយ៉ែលបានទេ។ ដូច្នេះ មានតែរិះរកមូលហេតុ ដែលជាប់ទាក់ទងនឹងក្រឹត្យវិន័យរបស់ព្រះគាត់»។
៦ បន្ទាប់មក ពួកមហាមន្ត្រី និងចៅហ្វាយខេត្តបានលើកគ្នាចូលទៅគាល់ព្រះមហាក្សត្រទូលថា៖ «បពិត្រព្រះមហាក្សត្រដារីយូស សូមទ្រង់មានព្រះជន្មគង់នៅរហូតតទៅ! ៧ មហាមន្ត្រីទាំងអស់ក្នុងរាជាណាចក្រ ព្រមទាំងមន្ត្រីរដ្ឋបាល មេទ័ពក្រុមប្រឹក្សាព្រះរាជបល្ល័ង្ក និងចៅហ្វាយខេត្តទាំងប៉ុន្មានបានមូលមតិគ្នា សូមអោយស្ដេចចេញរាជក្រឹត្យមួយ ដើម្បីប្រកាសបំរាមដូចតទៅ: “បពិត្រព្រះរាជាក្នុងអំឡុងពេលសាមសិបថ្ងៃ បើអ្នកណាទូលអង្វរសូមអ្វីពីព្រះណាមួយ ឬពីមនុស្សណាម្នាក់ក្រៅពីព្រះករុណា អ្នកនោះនឹងត្រូវបោះទៅក្នុងរូងតោ”។ ៨ បពិត្រព្រះរាជា ឥឡូវនេះសូមទ្រង់ឡាយព្រះហស្ដលេខាបញ្ជាក់បំរាមនេះ ដើម្បីអោយបានស្របតាមច្បាប់របស់ជនជាតិមេឌី និងជនជាតិពែរ្សដែលឥតផ្លាស់ប្ដូរ ឬប្រែក្រឡាស់បានឡើយ»។
៩ ព្រះចៅដារីយូសក៏ឡាយព្រះហស្ដលេខាលើរាជក្រឹត្យប្រកាសបំរាមនោះ។
១០ កាលលោកដានីយ៉ែលបានជ្រាបអំពីរាជក្រឹត្យនេះ លោកក៏ឡើងទៅលើបន្ទប់មួយក្នុងផ្ទះរបស់លោកដែលមានបង្អួចចំហ បែរទៅរកក្រុងយេរូសាឡឹម។ លោកលុតជង្គង់អធិស្ឋាន និងសរសើរព្រះរបស់លោកដូចសព្វដង គឺក្នុងមួយថ្ងៃបីដង។
១១ ពេលនោះ ពួកនាម៉ឺនមន្ត្រីក៏លើកគ្នាចូលមក ឃើញលោកដានីយ៉ែលកំពុងតែទូលអង្វរព្រះរបស់លោក។ ១២ ពួកគេនាំគ្នាចូលទៅគាល់ស្ដេច ទូលអំពីរាជបំរាមនោះថា៖ «បពិត្រព្រះរាជា! តើទ្រង់បានឡាយព្រះហស្ដលេខាលើបំរាមថា ក្នុងរយៈពេលសាមសិបថ្ងៃ បើអ្នកណាទូលអង្វរព្រះ ឬមនុស្សក្រៅពីព្រះករុណាអ្នកនោះនឹងត្រូវបោះទៅក្នុងរូងតោមែនឬ?»។ ព្រះមហាក្សត្រឆ្លើយថា៖ «ត្រូវហើយ! យើងបានសំរេចដូច្នេះមែន គឺស្របតាមច្បាប់របស់ជនជាតិមេឌី និងពែរ្ស ដែលមិនអាចប្រែក្រឡាស់បានឡើយ»។
១៣ ពួកគេក៏ទូលព្រះរាជាថា៖ «បពិត្រព្រះរាជា លោកដានីយ៉ែលជាអ្នកដែលគេជន្លៀសមកពីស្រុកយូដាពុំបានអើពើនឹងព្រះករុណា ហើយក៏មិនគោរពតាមបំរាមដែលទ្រង់បានឡាយព្រះហស្ដដែរ! គឺលោកនៅតែអធិស្ឋានមួយថ្ងៃបីដង»។
១៤ កាលស្ដេចព្រះសណ្ដាប់ដូច្នេះហើយ ទ្រង់ព្រួយព្រះហឫទ័យជាខ្លាំង។ ព្រះរាជាចង់ដោះលែងលោកដានីយ៉ែលណាស់ គឺតាំងពីពេលនោះរហូតដល់ល្ងាច ទ្រង់រិះរកមធ្យោបាយដោះលែងលោកដានីយ៉ែល។ ១៥ ប៉ុន្តែ នាម៉ឺនមន្ត្រីទាំងនោះ លើកគ្នាមកទូលស្ដេចថា៖ «បពិត្រព្រះរាជា! សូមទ្រង់ជ្រាបថា តាមច្បាប់របស់ជនជាតិមេឌី និងជនជាតិពែរ្ស រាជបំរាម និងរាជក្រឹត្យទាំងប៉ុន្មានដែលមានឡាយព្រះហស្ដលេខារបស់ព្រះមហាក្សត្រមិនអាចប្រែប្រួលបានជាដាច់ខាត!»។ ១៦ ព្រះមហាក្សត្របញ្ជាអោយគេនាំលោកដានីយ៉ែល ទៅបោះនៅក្នុងរូងតោ ទាំងមានរាជឱង្ការទៅលោកថា៖ «ព្រះរបស់លោកនឹងសង្គ្រោះជីវិតលោកជាមិនខាន ព្រោះលោកបានគោរពបំរើព្រះអង្គដោយចិត្តព្យាយាម»។ ១៧ គេយកផ្ទាំងថ្មមួយផ្ទាំងមកសន្ធប់មាត់រូង ហើយព្រះមហាក្សត្រប្រថាប់ត្រាព្រះទំរង់លើថ្មនោះ ពួកមន្ត្រីរបស់ស្ដេចក៏បោះត្រាចិញ្ចៀនរបស់គេលើថ្មនោះដែរ។ ដូច្នេះ គ្មាននរណាអាចសង្គ្រោះលោកដានីយ៉ែលបានឡើយ។
១៨ បន្ទាប់មក ព្រះមហាក្សត្រយាងចូលរាជវាំងវិញ ទ្រង់យាងចូលក្រឡាបន្ទំ ដោយមិនព្រមសោយអ្វីឡើយ ហើយក៏មិនអនុញ្ញាតអោយពួកស្នំចូលមកជិតដែរ។ យប់នោះទ្រង់ផ្ទំមិនលក់ទាល់តែសោះ។
១៩ ព្រះរាជាក្រោកឡើងតាំងពីព្រលឹមស្រាងៗ ហើយប្រញាប់ប្រញាល់យាងឆ្ពោះទៅរូងតោ។ ២០ ទ្រង់ចូលទៅជិតរូង ទាំងស្រែកហៅលោកដានីយ៉ែល ដោយបន្លឺព្រះសូរសៀងយ៉ាងក្ដុកក្ដួលថា៖ «លោកដានីយ៉ែលជាអ្នកបំរើរបស់ព្រះដ៏មានព្រះជន្មគង់នៅអើយ តើព្រះរបស់លោកដែលលោកគោរពបំរើដោយចិត្តព្យាយាមនោះ បានរំដោះលោកអោយរួចពីតោឬទេ?»។ ២១ លោកដានីយ៉ែលទូលទៅស្ដេចវិញថា៖ «បពិត្រព្រះរាជា សូមទ្រង់មានព្រះជន្មគង់នៅរហូតតទៅ! ២២ ព្រះរបស់ទូលបង្គំចាត់ទេវតារបស់ព្រះអង្គមកបិទមាត់តោ ដូច្នេះ វាមិនបានធ្វើបាបទូលបង្គំឡើយ ដ្បិតព្រះជាម្ចាស់ជ្រាបថា ទូលបង្គំគ្មានទោសពៃរ៍អ្វី នៅចំពោះព្រះភក្ត្រព្រះអង្គទេ ហើយទូលបង្គំក៏ពុំបានប្រព្រឹត្តអ្វីខុសចំពោះព្រះករុណាដែរ»។ ២៣ ពេលនោះ ព្រះមហាក្សត្រមានព្រះហឫទ័យរីករាយក្រៃលែង ទ្រង់បញ្ជាអោយគេយកលោកដានីយ៉ែលចេញពីរូងមកវិញ គេក៏យកលោកចេញមកឃើញថា លោកគ្មានរបួសអ្វីសោះ ដ្បិតលោកមានជំនឿលើព្រះរបស់លោក។ ២៤ បន្ទាប់មក ព្រះមហាក្សត្របញ្ជាអោយគេនាំពួកនាម៉ឺនមន្ត្រី ដែលបានចោទប្រកាន់លោកដានីយ៉ែលយកទៅបោះនៅក្នុងរូងតោទាំងប្រពន្ធ ទាំងកូន។ មុនពេលអ្នកទាំងនោះធ្លាក់ទៅដល់បាតរូង តោបានលោតមកត្របាក់ស៊ីពួកគេខ្ទេចខ្ទីអស់។
២៥ ព្រះបាទដារីយូសចេញរាជសារមួយប្រកាសប្រាប់ប្រជាជន ប្រជាជាតិ និងមនុស្សគ្រប់ភាសាដែលរស់នៅលើផែនដីទាំងមូលថា៖
«សូមអោយអ្នករាល់គ្នាបានប្រកបដោយសេចក្ដីសុខយ៉ាងបរិបូណ៌! ២៦ យើងសុំចេញបញ្ជាដូចតទៅ គឺមនុស្សទាំងឡាយដែលរស់នៅទួទាំងរាជាណាចក្ររបស់យើង ត្រូវតែគោរពកោតខ្លាចព្រះរបស់លោកដានីយ៉ែល
ដ្បិតព្រះអង្គជាព្រះដែលមានព្រះជន្មគង់នៅ
ហើយព្រះអង្គនៅស្ថិតស្ថេរអស់កល្បជានិច្ច។
ព្រះរាជ្យរបស់ព្រះអង្គមិនសាបសូន្យឡើយ
ព្រះអង្គគ្រងរាជ្យរហូតតរៀងទៅ។
២៧ ព្រះអង្គសង្គ្រោះ និងរំដោះមនុស្សលោក
ព្រះអង្គសំដែងទីសំគាល់ និងឫទ្ធិបាដិហារិយ៍
នៅលើមេឃ និងនៅលើផែនដី
គឺព្រះអង្គនេះហើយដែលបានសង្គ្រោះ
លោកដានីយ៉ែលអោយរួចពីក្រញាំតោ»។
២៨ លោកដានីយ៉ែលបានចំរុងចំរើនរុងរឿងឡើង ក្នុងរជ្ជកាលព្រះចៅដារីយូស និងក្នុងរជ្ជកាលព្រះចៅស៊ីរូស ជាជនជាតិពែរ្ស។