៧
លោកដានីយ៉ែលសុបិននិមិត្តឃើញសត្វសាហាវបួន
១ នៅឆ្នាំទីមួយនៃរជ្ជកាលព្រះចៅបេលសាសារ ជាស្ដេចស្រុកបាប៊ីឡូន លោកដានីយ៉ែលបានយល់សុបិននៅពេលសម្រាន្ដ គឺព្រលឹងរបស់លោកនិមិត្តឃើញការអស្ចារ្យដែលលោកលើកយកចំណុចសំខាន់ៗ មកសរសេររៀបរាប់ដូចតទៅ:
២ លោកដានីយ៉ែលមានប្រសាសន៍ថា៖ «ក្នុងសុបិននិមិត្តនៅពេលយប់នោះ ខ្ញុំឃើញខ្យល់ទាំងបួនទិសបក់ពីមេឃមកលើមហាសមុទ្រ។ ៣ ពេលនោះ ស្រាប់តែមានសត្វដ៏ធំសម្បើមបួនក្បាលប្លែកៗពីគ្នា ផុសចេញពីមហាសមុទ្រ។ ៤ សត្វទីមួយមានរូបរាងដូចតោ ហើយមានស្លាបដូចឥន្ទ្រី។ ពេលខ្ញុំកំពុងតែមើលនោះ ខ្ញុំឃើញគេដកស្លាបវា ហើយលើកវាឡើងផុតពីដីអោយឈរជើងពីរដូចមនុស្ស រួចគេអោយវាមានចិត្តដូចមនុស្ស។ ៥ សត្វទីពីរមានរូបរាងដូចខ្លាឃ្មុំ វាឈរលើជើងម្ខាង ព្រមទាំងពាំឆ្អឹងជំនីរបីក្នុងមាត់ផង។ មានគេប្រាប់វាថា “ចូរក្រោកឡើង ហើយត្របាក់ស៊ីសាច់អោយច្រើនទៅ!”។
៦ ខ្ញុំសម្លឹងមើលទៅឃើញសត្វមួយទៀត មានរូបរាងដូចខ្លារខិន នៅលើខ្នងវាមានស្លាបបួន ហើយវាមានក្បាលបួនដែរ វាបានទទួលអំណាចគ្រប់គ្រងលើពិភពលោក។
៧ បន្ទាប់មក ក្នុងសុបិននិមិត្តនៅពេលយប់នោះ ខ្ញុំបានឃើញសត្វទីបួនដែលមានរូបរាងគួរព្រឺស្ញែងខ្លាច។ វាមានកម្លាំងដ៏ខ្លាំងក្លាអស្ចារ្យ ធ្មេញវាជាដែកដ៏ធំៗ វាត្របាក់ស៊ី វាកំទេច ព្រមទាំងជាន់ឈ្លីសំណល់ទាំងអស់ផង។ សត្វនេះមានរូបរាងខុសប្លែកពីសត្វមុនៗ គឺវាមានស្នែងដប់។ ៨ ខ្ញុំសង្កេតមើលស្នែងទាំងនោះ ស្រាប់តែឃើញមានស្នែងមួយទៀតតូចជាងគេ ដុះចេញពីកណ្ដាលចំណោមស្នែងទាំងដប់។ គេដកស្នែងមុនៗបីចេញពីមុខស្នែងតូច។ ស្នែងនេះមានភ្នែកដូចភ្នែកមនុស្ស ហើយមានមាត់ពោលចេញមកនូវពាក្យព្រហើនកោងកាច»។
ព្រះជាម្ចាស់វិនិច្ឆ័យទោស
៩ «ពេលនោះខ្ញុំនៅតែគន់មើលតទៅទៀត ឃើញគេយករាជបល្ល័ង្កជាច្រើនមកតាំង ហើយព្រះជាម្ចាស់នៃពេលវេលាដែលមានព្រះជន្មាយុយឺនយូរ គង់នៅលើបល្ល័ង្កមួយ ទ្រង់មានព្រះភូសាពណ៌សដូចកប្បាស ហើយព្រះកេសារបស់ព្រះអង្គសដូចសំឡី។ បល្ល័ង្ករបស់ព្រះអង្គប្រៀបបាននឹងអណ្ដាតភ្លើង ហើយមានកង់កំពុងឆេះសន្ធោសន្ធៅ។ ១០ មានទន្លេមួយហូរសុទ្ធតែភ្លើងចេញពីមុខបល្ល័ង្ក។ មានមនុស្សរាប់ម៉ឺនរាប់សែននាក់គោរពបំរើព្រះអង្គ និងរាប់លានរាប់កោដិនាក់ទៀតឈរនៅចំពោះព្រះភក្ត្រព្រះអង្គ។ ពេលនោះ ចៅក្រមនាំគ្នាអង្គុយ ហើយគេក៏បើកក្រាំងផ្សេងៗ។
១១ ខ្ញុំក្រឡេកមើលទៅ ខ្ញុំបានឮស្នែងតូចនោះ ពោលពាក្យយ៉ាងព្រហើនកោងកាច។ ពេលខ្ញុំកំពុងតែសម្លឹងមើល ស្រាប់តែសត្វទីបួននោះត្រូវគេសម្លាប់ ហើយគេយកខ្មោចទៅដុតចោលក្នុងភ្លើង។ ១២ រីឯសត្វឯទៀតៗ ក៏បាត់បង់អំណាចគ្រប់គ្រង តែពួកវាបានទទួលការអនុញ្ញាតអោយរស់តទៅមុខទៀតរហូតដល់ពេលកំណត់។
១៣ ក្នុងសុបិននិមិត្តនៅពេលយប់នោះ ខ្ញុំឃើញមានម្នាក់ដូចបុត្រមនុស្ស* មកជាមួយពពកនៅលើផ្ទៃមេឃ លោកចូលទៅជិតព្រះជាម្ចាស់នៃពេលវេលា ដែលមានព្រះជន្មាយុយឺនយូរ ហើយគេក៏នាំលោកទៅគាល់ព្រះអង្គ។ ១៤ លោកបានទទួលអំណាចគ្រប់គ្រងព្រះកិត្តិនាម ព្រមទាំងរាជសម្បត្តិផង។ ប្រជាជនទាំងអស់ ប្រជាជាតិទាំងអស់ និងមនុស្សគ្រប់ភាសានាំគ្នាគោរពបំរើលោក អំណាចគ្រប់គ្រងរបស់លោកនៅស្ថិតស្ថេរអស់កល្បជានិច្ចឥតសាបសូន្យឡើយ។ រាជសម្បត្តិរបស់លោកមិនត្រូវរលាយដែរ។»
ការកាត់ស្រាយសុបិននិមិត្តអំពីសត្វសាហាវទាំងបួន
១៥ ពេលនោះ ខ្ញុំដានីយ៉ែលតប់ប្រមល់ក្នុងចិត្តជាខ្លាំង ដ្បិតនិមិត្តហេតុដ៏អស្ចារ្យដែលខ្ញុំបានឃើញក្នុងសុបិននេះ ធ្វើអោយខ្ញុំតក់ស្លុតណាស់។ ១៦ ខ្ញុំក៏ខិតទៅជិតបុរសម្នាក់ក្នុងចំណោមអស់អ្នកដែលឈរនៅក្បែរបល្ល័ង្ក ហើយសួរគាត់អោយពន្យល់អត្ថន័យពិតប្រាកដនៃហេតុការណ៍ទាំងនោះ។ គាត់ក៏កាត់ស្រាយអត្ថន័យនៃហេតុការណ៍ទាំងអស់ ដែលខ្ញុំបានឃើញនោះដូចតទៅ: ១៧ សត្វធំសម្បើមទាំងបួននោះ គឺព្រះមហាក្សត្របួនអង្គ ដែលនឹងឡើងគ្រងរាជ្យលើផែនដីនេះ។ ១៨ បន្ទាប់មក ប្រជាជនដ៏វិសុទ្ធនៃព្រះដ៏ខ្ពង់ខ្ពស់បំផុតនឹងទទួលរាជសម្បត្តិនោះ ហើយពួកគេគ្រងព្រះរាជ្យដ៏ស្ថិតនៅអស់កល្បជានិច្ច ជាអង្វែងតរៀងទៅ។ ១៩ ក្រោយមកខ្ញុំក៏សួរចង់ដឹងអោយច្បាស់អំពីសត្វទីបួន ដែលខុសប្លែកពីសត្វឯទៀតៗ គឺមានរូបរាងគួរស្ញែងខ្លាច មានធ្មេញដែក មានក្រចកលង្ហិន ហើយត្របាក់ស៊ីកំទេច ព្រមទាំងជាន់ឈ្លីសំណល់ទាំងអស់។ ២០ ខ្ញុំក៏ចង់ដឹងអំពីស្នែងទាំងដប់នៅលើក្បាលសត្វនោះ និងអំពីស្នែងមួយទៀតដែលដុះឡើងធ្វើអោយជ្រុះស្នែងបី។ ស្នែងក្រោយនេះមានភ្នែក និងមានមាត់ពោលពាក្យព្រហើនកោងកាច ហើយឃើញហាក់ដូចជាធំជាងស្នែងឯទៀតៗ។
២១ ខ្ញុំបានឃើញស្នែងនេះកំពុងតែច្បាំងនឹងប្រជាជនដ៏វិសុទ្ធ ហើយមានប្រៀបលើពួកគេ ២២ រហូតដល់ពេលព្រះជាម្ចាស់នៃពេលវេលា ដែលមានព្រះជន្មាយុយឺនយូរយាងមក ដើម្បីរកយុត្តិធម៌អោយប្រជារាស្ត្រដ៏វិសុទ្ធរបស់ព្រះដ៏ខ្ពង់ខ្ពស់បំផុត។ ពេលនោះ ជាពេលកំណត់ដែលប្រជាជនដ៏វិសុទ្ធត្រូវទទួលរាជសម្បត្តិ។
២៣ បុរសនោះប្រាប់ខ្ញុំថា សត្វទីបួន គឺរាជាណាចក្រទីបួនដែលនឹងកើតឡើងនៅលើផែនដី។ រាជាណាចក្រនោះ ប្លែកពីរាជាណាចក្រឯទៀតៗ គឺរាជាណាចក្រនោះនឹងត្របាក់លេប ជាន់ឈ្លី និងកិនកំទេចរាជាណាចក្រឯទៀតៗ។ ២៤ រីឯស្នែងទាំងដប់ គឺស្ដេចដប់អង្គដែលនឹងឡើងគ្រងរាជ្យ ក្នុងរាជាណាចក្រនោះ។ បន្ទាប់មក មានស្ដេចមួយអង្គ ដែលប្លែកពីស្ដេចមុនៗឡើងគ្រងរាជ្យក្រោយគេបង្អស់ ហើយទម្លាក់ស្ដេចបីអង្គទៀតចោល។ ២៥ ស្ដេចអង្គនេះនឹងមានរាជឱង្ការប្រឆាំងព្រះដ៏ខ្ពង់ខ្ពស់បំផុត ស្ដេចនឹងជិះជាន់សង្កត់សង្កិនប្រជារាស្ត្រដ៏វិសុទ្ធរបស់ព្រះដ៏ខ្ពង់ខ្ពស់បំផុត ហើយមានបំណងនឹងផ្លាស់ប្ដូរពេលកំណត់ធ្វើពិធីបុណ្យ និងផ្លាស់ប្ដូរក្រឹត្យវិន័យទៀតផង។ ទ្រង់នឹងធ្វើបាបប្រជាជនដ៏វិសុទ្ធអស់រយៈពេលមួយវស្សា ពីរវស្សា និងពាក់កណ្ដាលវស្សា។ ២៦ បន្ទាប់មក ពេលវិនិច្ឆ័យទោសក៏មកដល់ គេនឹងដកអំណាចគ្រប់គ្រងចេញពីស្ដេចនោះ ហើយរាជ្យនេះនឹងត្រូវគេបំផ្លាញអោយវិនាសសូន្យរហូតតទៅ។ ២៧ ប្រជាជនដ៏វិសុទ្ធនៃព្រះដ៏ខ្ពង់ខ្ពស់បំផុតនឹងទទួលរាជ្យ អំណាចគ្រប់គ្រង និងទ្រព្យសម្បត្តិនៃរាជាណាចក្រទាំងប៉ុន្មាននៅលើផែនដីទាំងមូល។ រាជ្យរបស់គេជារាជ្យដែលនៅស្ថិតស្ថេរអស់កល្បជានិច្ច មេគ្រប់គ្រងទាំងប៉ុន្មាននឹងនាំគ្នាបំរើ ហើយស្ដាប់បង្គាប់ប្រជាជនដ៏វិសុទ្ធនោះ។
២៨ «សេចក្ដីនេះចប់តែប៉ុណ្ណេះ។ ខ្ញុំ ដានីយ៉ែលភ័យតក់ស្លុតជាខ្លាំង ហេតុការណ៍ដែលខ្ញុំបានដឹងនៅក្នុងចិត្ត បានធ្វើអោយខ្ញុំស្លេកស្លាំង តែខ្ញុំរក្សាពាក្យពេចន៍ទាំងនេះទុកនៅក្នុងចិត្ត»។