៣
អ្វីៗទាំងអស់សុទ្ធតែមានពេលកំណត់
១ អ្វីៗដែលមាននៅផែនដី កើតឡើងតាមពេលកំណត់របស់វា។
២ មានពេលកើត មានពេលស្លាប់
មានពេលដាំ មានពេលដក។
៣ មានពេលសម្លាប់ មានពេលព្យាបាលរបួស
មានពេលផ្ដួលរំលំ មានពេលសង់។
៤ មានពេលយំ មានពេលសើច
មានពេលសោយសោក មានពេលរាំសប្បាយ។
៥ មានពេលគ្រវែងដុំថ្ម មានពេលរើសដុំថ្ម
មានពេលឱបថើប មានពេលមិនព្រមឱបថើប។
៦ មានពេលស្វែងរក មានពេលបាត់បង់
មានពេលថែទាំ មានពេលបោះចោល។
៧ មានពេលហែក មានពេលដេរភ្ជិតឡើងវិញ
មានពេលនៅស្ងៀម មានពេលនិយាយ។
៨ មានពេលស្រឡាញ់ មានពេលស្អប់
មានពេលធ្វើសង្គ្រាម មានពេលសន្តិភាព។
៩ តើអ្នកដែលខំប្រឹងប្រែងធ្វើការយ៉ាងលំបាកបានទទួលផលអ្វីខ្លះ? ១០ ខ្ញុំសង្កេតឃើញថា ព្រះជាម្ចាស់បានប្រគល់ការងារយ៉ាងនឿយហត់អោយមនុស្សលោកធ្វើ។ ១១ អ្វីៗដែលព្រះអង្គធ្វើសុទ្ធតែល្អស្អាតតាមពេលរបស់វា។ ទោះបីមនុស្សពុំអាចយល់ពីស្នាព្រះហស្ដដែលព្រះជាម្ចាស់បានធ្វើចាប់ពីដើម រហូតដល់ចុងបញ្ចប់ក្ដី ក៏ព្រះអង្គប្រទានអោយគេចេះគិតអំពីពេលវេលាដែលនៅស្ថិតស្ថេរអស់កល្បជានិច្ចដែរ។ ១២ ខ្ញុំយល់ឃើញថា គ្មានការអ្វីប្រសើរសំរាប់មនុស្សក្រៅពីការសប្បាយ និងមានសេចក្ដីសុខក្នុងពេលដែលខ្លួននៅមានជីវិតនោះឡើយ។ ១៣ ការស៊ីផឹក និងការមានអំណរសប្បាយចំពោះកិច្ចការដែលខ្លួនបានធ្វើនោះ គឺជាអំណោយទានដែលព្រះជាម្ចាស់អោយមនុស្សគ្រប់ៗរូប។
១៤ ខ្ញុំយល់ឃើញថា អ្វីៗដែលព្រះជាម្ចាស់ធ្វើ រមែងនៅស្ថិតស្ថេររហូត ហើយមិនត្រូវការបន្ថែម ឬបន្ថយទេ។ ព្រះអង្គធ្វើដូច្នេះ ដើម្បីអោយយើងគោរពកោតខ្លាចព្រះអង្គ។ ១៥ អ្វីៗដែលមាននៅបច្ចុប្បន្នកាលនេះពីអតីតកាលក៏ធ្លាប់មានដែរ ហើយអ្វីៗដែលនឹងកើតមាននៅអនាគតកាលសុទ្ធតែមានរួចស្រេចមកហើយ។ អ្វីៗដែលកន្លងហួសទៅហើយព្រះជាម្ចាស់ធ្វើអោយកើតមានសាជាថ្មី។
ចុងបញ្ចប់ គឺសេចក្ដីស្លាប់
១៦ នៅលើផែនដីនេះ ខ្ញុំក៏បានឃើញហេតុការណ៍មួយទៀត គឺកន្លែងដែលត្រូវមានយុត្តិធម៌ បែរជាមានអំពើអាក្រក់ ហើយកន្លែងដែលត្រូវមានអំពើសុចរិតក៏មានអំពើអាក្រក់ដែរ។ ១៧ ខ្ញុំបានរិះគិតក្នុងចិត្តថា: ព្រះជាម្ចាស់នឹងវិនិច្ឆ័យមនុស្សសុចរិត ព្រមទាំងមនុស្សអាក្រក់ ដ្បិតមានពេលកំណត់សំរាប់អ្វីៗទាំងអស់ ហើយក៏មានពេលវិនិច្ឆ័យគ្រប់អំពើដែលមនុស្សប្រព្រឹត្តដែរ។
១៨ ខ្ញុំរិះគិតអំពីមនុស្សលោក គឺព្រះជាម្ចាស់នឹងល្បងលពួកគេ ដើម្បីអោយពួកគេយល់ដោយខ្លួនឯងថា ពួកគេមិនខុសពីសត្វឡើយ ១៩ ដ្បិតចុងបញ្ចប់របស់មនុស្ស និងចុងបញ្ចប់របស់សត្វមិនខុសគ្នាទេ។ ទាំងមនុស្ស ទាំងសត្វមានដង្ហើមដូចគ្នា ហើយគេក៏ស្លាប់ដូចគ្នាដែរ។ មនុស្សលោកគ្មានអ្វីប្រសើរជាងសត្វទេ ដ្បិតអ្វីៗទាំងអស់សុទ្ធតែឥតបានការ។ ២០ សត្វលោកទាំងអស់បោះជំហានទៅរកទិសដៅតែមួយ។ សត្វលោកទាំងអស់កើតមកពីធូលីដី ហើយត្រឡប់ទៅជាធូលីដីវិញ។ ២១ តើនរណាអាចអះអាងថា វិញ្ញាណក្ខ័ន្ធរបស់មនុស្សឡើងទៅលើមេឃ ហើយវិញ្ញាណរបស់សត្វចុះទៅក្រោមដី? ២២ ដូច្នេះ ខ្ញុំយល់ឃើញថា គ្មានអ្វីប្រសើរសំរាប់មនុស្ស ក្រៅពីសប្បាយរីករាយ ចំពោះកិច្ចការដែលខ្លួនធ្វើនោះទេ ព្រោះជារង្វាន់មួយសំរាប់គេ។ គ្មាននរណាម្នាក់អាចនាំគេអោយមកមើលហេតុការណ៍ដែលនឹងកើតមាន ក្រោយពេលដែលខ្លួនស្លាប់ផុតទៅហើយនោះឡើយ។