៤
ការជិះជាន់សង្កត់សង្កិន និងបញ្ហាផ្សេងៗក្នុងជីវិត
១ មួយវិញទៀត ខ្ញុំបានឃើញការសង្កត់សង្កិនគ្រប់យ៉ាង ដែលមនុស្សប្រព្រឹត្តចំពោះគ្នាទៅវិញទៅមកនៅលើផែនដីនេះ។ ខ្ញុំឃើញទឹកភ្នែករបស់មនុស្សដែលត្រូវគេសង្កត់សង្កិន តែគ្មាននរណាម្នាក់សំរាលទុក្ខពួកគេទេ ដ្បិតអំណាចស្ថិតនៅក្នុងកណ្ដាប់ដៃរបស់អ្នកសង្កត់សង្កិន ដូច្នេះ គ្មាននរណាម្នាក់សំរាលទុក្ខពួកគេឡើយ។ ២ ខ្ញុំយល់ថាអ្នកដែលស្លាប់ទៅហើយ មានសុភមង្គលជាងអ្នកដែលនៅរស់។ ៣ ក៏ប៉ុន្តែ អ្នកដែលមិនទាន់កើត ហើយមិនបានឃើញអំពើអាក្រក់ទាំងប៉ុន្មានដែលមនុស្សប្រព្រឹត្តនៅលើផែនដី ប្រសើរជាងមនុស្សដែលស្លាប់ និងមនុស្សដែលនៅរស់ទៅទៀត។
៤ ខ្ញុំយល់ឃើញថាការនឿយហត់ដែលមនុស្សខំប្រឹងប្រែងធ្វើរហូតដល់មានជោគជ័យនោះ គឺមកពីការច្រណែនគ្នាប៉ុណ្ណោះ។ ត្រង់នេះក៏នៅតែឥតបានការ ដូចដេញចាប់ខ្យល់។
៥ មនុស្សលេលាគិតតែពីឱបដៃ ហើយស៊ីសាច់ខ្លួនឯង។ ៦ បានសំរាកតែបន្តិច នោះប្រសើរជាងខំប្រឹងប្រែងធ្វើការច្រើន ដូចជាដេញចាប់ខ្យល់។ ៧ ខ្ញុំបានឃើញការម្យ៉ាងទៀត នៅលើផែនដីនេះដែលឥតបានការ ៨ គឺមនុស្សរស់នៅកណ្ដោចកណ្ដែងតែម្នាក់ឯង គ្មានកូន គ្មានបងប្អូន តែអ្នកនោះធ្វើការមិនចេះឈប់ចង់បានទ្រព្យមិនចេះស្កប់ចិត្ត។ តើខ្ញុំខំប្រឹងធ្វើការសំរាប់នរណាបានជាបង្អត់ខ្លួនឯងមិនអោយមានសុភមង្គលដូច្នេះ? ត្រង់នេះទៀតក៏សុទ្ធតែឥតបានការ ហើយជាការខ្វល់ខ្វាយឥតអំពើ។
៩ មនុស្សពីរនាក់ប្រសើរជាងមនុស្សតែម្នាក់ ដ្បិតកិច្ចការដែលអ្នកទាំងពីរធ្វើរួមគ្នា រមែងបានទទួលផលច្រើនជាង។ ១០ ប្រសិនបើម្នាក់ដួលម្នាក់ទៀតជួយលើក។ រីឯមនុស្សដែលនៅតែម្នាក់ឯង មុខជាវេទនាពុំខាន ព្រោះពេលគេដួលគ្មាននរណាជួយលើកទេ! ១១ មួយវិញទៀត បើមនុស្សពីរនាក់ដេកជាមួយគ្នា នោះគេបានកក់ក្ដៅ។ ចំណែកឯមនុស្សដែលនៅតែម្នាក់ឯងវិញ ធ្វើម្ដេចអោយកក់ក្ដៅកើត? ១២ មនុស្សម្នាក់អាចវាយមនុស្សម្នាក់ទៀតឈ្នះ តែបើមានពីរនាក់ព្រួតគ្នា អ្នកនោះពុំអាចឈ្នះបានឡើយ។ ពួរដែលវេញដោយខ្សែបីសសៃ មិនងាយដាច់ទេ។
១៣ ក្មេងប្រុសម្នាក់ក្រីក្រតែមានប្រាជ្ញា នោះប្រសើរជាងស្ដេចមួយអង្គដែលមានវ័យចាស់ជរា ហើយល្ងីល្ងើ មិនព្រមទទួលយោបល់ពីអ្នកដទៃ។ ១៤ ក្មេងប្រុសនោះអាចចេញពីទីឃុំឃាំងឡើងគ្រងរាជ្យបាន ទោះបីគេកើតមកជាអ្នកក្រក្នុងនគររបស់ខ្លួនក្ដី។ ១៥ ខ្ញុំឃើញមនុស្សទាំងអស់ដែលមានជីវិត និងមានចលនានៅលើផែនដី លើកគ្នាទៅហែហមក្មេងប្រុស ដែលឡើងគ្រងរាជ្យជំនួសស្ដេចចាស់។ ១៦ ក្មេងប្រុសនោះនឹងធ្វើជាមគ្គទេសក៍លើប្រជាជនដែលច្រើនឥតគណនា។ ប៉ុន្តែ មនុស្សនៅជំនាន់ក្រោយៗមិនចាប់អារម្មណ៍នឹងស្ដេចនោះទេ។ ត្រង់នេះទៀតក៏ឥតបានការ ដូចដេញចាប់ខ្យល់។