៩
អាយុជីវិតរបស់មនុស្ស
១ ខ្ញុំខិតខំស្វែងយល់អំពីអ្វីៗទាំងអស់ដែលខ្ញុំបានឃើញហើយខ្ញុំយល់ថា ជីវិតរបស់មនុស្សសុចរិត និងមនុស្សមានប្រាជ្ញា ព្រមទាំងកិច្ចការដែលគេធ្វើសុទ្ធតែស្ថិតនៅក្នុងព្រះហស្ដរបស់ព្រះជាម្ចាស់។ មនុស្សពុំអាចដឹងជាមុនថា ខ្លួនមានចិត្តស្រឡាញ់ ឬមានចិត្តស្អប់បានឡើយ។ អ្វីៗទាំងអស់កើតមានចំពោះមនុស្សគ្រប់ៗរូបដូចគ្នា ២ ពួកគេត្រូវរងនូវវាសនាតែមួយទាំងមនុស្សសុចរិត និងមនុស្សទុច្ចរិត ទាំងមនុស្សល្អ និងមនុស្សអាក្រក់ ទាំងមនុស្សបរិសុទ្ធ និងមនុស្សមិនបរិសុទ្ធទាំងអ្នកថ្វាយយញ្ញបូជា និងអ្នកមិនថ្វាយ។ រីឯអ្នកដែលមានចិត្តល្អ និងមនុស្សបាប អ្នកស្បថ និងអ្នកមិនហ៊ានស្បថក៏មិនខុសគ្នាដែរ។
៣ អ្វីៗទាំងអស់ដែលកើតមាននៅលើផែនដី សុទ្ធតែជួបតែនឹងផលអាក្រក់ដូចគ្នា គឺចុងបញ្ចប់របស់មនុស្សទាំងអស់មិនខុសគ្នាទេ។ ចិត្តរបស់មនុស្សមានពេញទៅដោយគំនិតអាក្រក់ ហើយគំនិតលេលាក៏ដក់នៅក្នុងចិត្តរបស់មនុស្សក្នុងមួយជីវិតរបស់គេដែរ។ បន្ទាប់មក ពួកគេនឹងស្គាល់សេចក្ដីស្លាប់។ ៤ ទោះជាយ៉ាងណាក្ដី ដរាបណានៅមានជីវិតនៅតែមានសេចក្ដីសង្ឃឹម ដ្បិតឆ្កែដែលនៅរស់ប្រសើរជាងសិង្ហងាប់។ ៥ អ្នកដែលនៅរស់ដឹងថា ខ្លួនមុខជាត្រូវស្លាប់ តែអ្នកដែលស្លាប់ផុតទៅហើយមិនដឹងអ្វីទាំងអស់ ពួកគេមិនរង់ចាំផលអ្វីបានឡើយ ព្រោះគ្មាននរណានឹកដល់ពួកគេទៀតទេ។ ៦ ការស្រឡាញ់ការស្អប់ និងការច្រណែនរបស់ពួកគេរលាយសូន្យអស់ទៅហើយ ពួកគេក៏ពុំរួមចំណែកនឹងអ្វីៗដែលមនុស្សធ្វើនៅលើផែនដីនេះទៀតដែរ។
៧ ដូច្នេះ ចូរទៅបរិភោគអាហារ ដោយអំណរ ហើយពិសាស្រាទំពាំងបាយជូរដោយចិត្តសប្បាយ ចុះដ្បិតព្រះជាម្ចាស់គាប់ព្រះហឫទ័យនឹងការងារដែលអ្នកធ្វើនោះហើយ។ ៨ ចូរស្លៀកពាក់ស្អាតគ្រប់ពេលវេលា ហើយលាបប្រេងក្រអូបលើក្បាលអ្នកជានិច្ច។ ៩ ចូររួមរស់យ៉ាងសប្បាយនឹងភរិយាដែលអ្នកស្រឡាញ់ជារៀងរាល់ថ្ងៃអស់មួយជីវិត គឺជីវិតឥតបានការដែលព្រះជាម្ចាស់ប្រទានអោយនៅលើផែនដី។ នេះហើយចំណែកដែលអ្នកទទួលនៅក្នុងជីវិតក្នុងការងារដែលអ្នកធ្វើនៅក្រោមកំដៅថ្ងៃ។ ១០ ការអ្វីដែលអ្នកអាចធ្វើចូរធ្វើអោយអស់ពីកម្លាំងកាយទៅ ដ្បិតនៅស្ថានមនុស្សស្លាប់ដែលអ្នកនឹងទៅនៅគ្មានសកម្មភាពការវិនិច្ឆ័យ ការចេះដឹង និងប្រាជ្ញាទៀតឡើយ។
១១ នៅលើផែនដីនេះខ្ញុំក៏បានឃើញថា អ្នកពូកែរត់មិនដែលរត់ឈ្នះគេរហូតទេ ហើយអ្នកពូកែច្បាំងក៏មិនដែលច្បាំងឈ្នះរហូតដែរ។ រីឯអ្នកមានប្រាជ្ញាក៏មិនដែលរកបានអាហាររហូត អ្នកឈ្លាសវៃ ក៏មិនដែលរកទ្រព្យបានរហូត ហើយអ្នកចេះដឹងក៏មិនដែលមានគេគោរពរហូតដែរ។ ពេលខ្លះអ្នកទាំងនោះមានជោគជ័យ ពេលខ្លះទៀតបរាជ័យ។ ១២ មនុស្សលោកពុំអាចដឹងជាមុនថា ថ្ងៃអន្សារបស់ខ្លួនកើតមាននៅពេលណាឡើយ។ ត្រីជាប់សំណាញ់ដ៏អប្រិយ ឬសត្វស្លាបជាប់អន្ទាក់យ៉ាងណា មនុស្សលោកក៏ធ្លាក់ទៅទុក្ខវេទនាដ៏អប្រិយយ៉ាងនោះដែរ។
ប្រាជ្ញារបស់ជនក្រីក្រ
១៣ នៅលើផែនដីនេះ ខ្ញុំបានសង្កេតឃើញប្រាជ្ញាមួយទៀត ដែលខ្ញុំយល់ឃើញថាមានតម្លៃណាស់។ ១៤ ក្នុងទីក្រុងតូចមួយមានមនុស្សរស់នៅតែបន្តិចបន្តួចប៉ុណ្ណោះ។ ស្ដេចដ៏ខ្លាំងពូកែមួយអង្គបានលើកទ័ពមកវាយយកក្រុងនោះ ទាំងសង់គ្រឿងសស្រ្ដាវុធយ៉ាងសំបើមឡោមព័ទ្ធទីក្រុង។ ១៥ នៅក្រុងនោះមានបុរសម្នាក់ជាជនក្រីក្រតែមានប្រាជ្ញា គាត់បានសង្គ្រោះទីក្រុងអោយរួចពីកណ្ដាប់ដៃខ្មាំងដោយសារប្រាជ្ញារបស់ខ្លួន។ ប៉ុន្តែ គ្មាននរណាម្នាក់នឹកនាដល់បុរសក្រីក្រនោះទេ។
១៦ ខ្ញុំយល់ថាប្រាជ្ញាប្រសើរជាងចិត្តក្លាហានអង់អាច។ ប៉ុន្តែ ប្រាជ្ញារបស់ជនក្រីក្រតែងតែត្រូវគេមើលងាយ ហើយពាក្យសំដីរបស់ជនក្រីក្រក៏គ្មាននរណាស្ដាប់ដែរ។ ១៧ ស្ដាប់ពាក្យសំដីដែលអ្នកប្រាជ្ញនិយាយដោយស្ងាត់ៗ ប្រសើរជាងស្ដាប់សំរែករបស់អ្នកដែលបញ្ជាមនុស្សល្ងីល្ងើ។ ១៨ ប្រាជ្ញាប្រសើរជាងគ្រឿងសស្រ្ដាវុធ ប៉ុន្តែ មនុស្សបាបតែម្នាក់ អាចរំលាយការល្អជាច្រើន។