១០
ផលវិបាកនៃអំពើលេលា
១ រុយងាប់ធ្វើអោយខូចប្រេងក្រអូបរបស់អ្នកធ្វើទឹកអប់យ៉ាងណា អំពើលេលាតែបន្តិចក៏អាចបង្ខូចប្រាជ្ញា និងកិត្តិយសយ៉ាងនោះដែរ។ ២ ចិត្តរបស់មនុស្សមានប្រាជ្ញាលំអៀងទៅរកអ្វីៗដែលត្រឹមត្រូវ រីឯចិត្តរបស់មនុស្សល្ងីល្ងើវិញ លំអៀងទៅរកអ្វីៗដែលខុសឆ្គង។ ៣ ពេលមនុស្សល្ងីល្ងើដើរតាមផ្លូវ ការវង្វេងស្មារតីរបស់គាត់ បង្ហាញអោយមនុស្សម្នាទាំងអស់ឃើញថា គាត់ពិតជាល្ងីល្ងើមែន។ ៤ ប្រសិនបើចៅហ្វាយនាយរបស់អ្នកខឹងនឹងអ្នកកុំបោះបង់ចោលមុខងាររបស់អ្នកឡើយ ដ្បិតការចេះទប់ចិត្ត អាចចៀសវាងកំហុសដ៏ធ្ងន់។
៥ ខ្ញុំឃើញការអាក្រក់មួយទៀតនៅលើផែនដី គឺមេដឹកនាំក៏អាចភ្លាត់ដែរ។ ៦ ជួនកាលមនុស្សល្ងីល្ងើទទួលតំណែងដ៏ខ្ពង់ខ្ពស់ ហើយអ្នកមានទទួលតំណែងតូចតាច។ ៧ ខ្ញុំធ្លាប់ឃើញទាសករជិះសេះ តែមន្ត្រីខ្ពង់ខ្ពស់បែរជាដើរជើងទទេដូចទាសករទៅវិញ។
៨ អ្នកជីករណ្ដៅរមែងធ្លាក់ទៅក្នុងរណ្ដៅនោះ រីឯអ្នកដែលទំលុះជញ្ជាំងរមែងត្រូវពស់ចឹក។ ៩ អ្នកគាស់ថ្មរមែងត្រូវរបួស ហើយអ្នកពុសអុសក៏ប្រឈមមុខនឹងគ្រោះថ្នាក់ដែរ។
១០ ប្រសិនបើមិនសំលៀងពូថៅដែលមានមុខរឹលទេ នោះត្រូវប្រើកម្លាំងជាច្រើន។ រីឯប្រាជ្ញាវិញតែងតែនាំអោយសំរេចជោគជ័យ។
១១ ប្រសិនបើគ្រូអាលម្ពាយបណ្ដោយអោយពស់ចឹក តើការសូត្ររបៀនដាក់ពស់នោះមានប្រយោជន៍អ្វី?។
១២ ពាក្យសំដីរបស់អ្នកប្រាជ្ញ រមែងធ្វើអោយអ្នកដទៃពេញចិត្ត តែពាក្យសំដីរបស់មនុស្សល្ងីល្ងើរមែងបណ្ដាលអោយខ្លួនវិនាស។ ១៣ មុនដំបូងពាក្យសំដីរបស់គេគ្រាន់តែល្ងីល្ងើប៉ុណ្ណោះ លុះដល់ទីបំផុតក៏ក្លាយទៅជាការលេលាដ៏អាស្រូវ។ ១៤ មនុស្សល្ងីល្ងើរមែងនិយាយមិនចេះចប់មិនចេះហើយ។ មនុស្សមិនអាចស្គាល់ពីអ្វីៗដែលនឹងកើតមានទេ ហើយក៏គ្មាននរណាប្រាប់អោយគេដឹងអំពីហេតុការណ៍ដែលកើតមានក្រោយពេលគេស្លាប់ដែរ។ ១៥ កិច្ចការរបស់មនុស្សល្ងីល្ងើបណ្ដាលអោយខ្លួនហត់នឿយ សូម្បីតែផ្លូវចូលទៅកាន់ទីក្រុង ក៏គេរកមិនឃើញដែរ។
១៦ ស្រុកណាមានកូនក្មេងសោយរាជ្យ ហើយមានពួកមន្ត្រីគិតតែពីស៊ីផឹកតាំងពីព្រលឹមស្រុកនោះមុខជាវេទនាពុំខាន! ១៧ រីឯស្រុកដែលមានអ្នកត្រកូលខ្ពស់សោយរាជ្យ ហើយមានមន្ត្រីបរិភោគតាមពេលកំណត់ គឺបរិភោគអោយមានកម្លាំង មិនមែនអោយស្រវឹងទេនោះ ស្រុកនោះពិតជាមានសុភមង្គលពុំខាន។
១៨ មនុស្សខ្ជិលច្រអូសមុខជាត្រូវដំបូលផ្ទះបាក់សង្កត់លើ ហើយមនុស្សខ្ជីខ្ជាក៏ត្រូវភ្លៀងលិចផ្ទះដែរ។
១៩ គេតែងតែបរិភោគដើម្បីលំហែកាយ រីឯស្រារមែងធ្វើអោយជីវិតបានសប្បាយ ហើយប្រាក់ធ្វើអោយបំណងទាំងអស់បានសំរេច។
២០ កុំដាក់បណ្ដាសាស្ដេចអោយសោះ សូម្បីតែក្នុងចិត្តក៏កុំដាក់បណ្ដាសាដែរ។ កុំដាក់បណ្ដាសាអ្នកមានអោយសោះ សូម្បីតែក្នុងបន្ទប់ដេកក៏កុំដាក់បណ្ដាសាដែរ ដ្បិតបក្សាបក្សីដែលហើរនៅលើមេឃនឹងនាំយកពាក្យសំដីរបស់អ្នកទៅថ្លែងប្រាប់គេជាមិនខាន។