១១
ត្រូវមានចិត្តទូលាយ
១ ចូរចំណាយធនធាន ដើម្បីប្រកបរបររកស៊ី ដោយមិនខ្លាចខាត ដ្បិតថ្ងៃក្រោយ អ្នកនឹងបានទទួលផលវិញ។ ២ ចូរបំបែកទ្រព្យសម្បត្តិជាប្រាំពីរ ឬប្រាំបីចំណែក ដ្បិតអ្នកពុំដឹងថា ទុក្ខវេទនានឹងកើតមានលើផែនដីនេះនៅពេលណាឡើយ។ ៣ ពេលណាពពកខ្មួលខ្មាញ់ នោះនឹងមានភ្លៀងធ្លាក់មកលើផែនដីពុំខាន។ រីឯដើមឈើវិញពេលវារលំ ទោះបីរលំនៅទិសខាងត្បូង ឬទិសខាងជើងក្ដី វារលំនៅនឹងកន្លែងជានិច្ច។ ៤ អ្នកដែលសម្លឹងមើលខ្យល់មិនសាបព្រោះទេ ហើយអ្នកដែលតាមមើលពពកក៏មិនច្រូតកាត់ដែរ។ ៥ បើអ្នកមិនដឹងថា ខ្យល់ដង្ហើមមកពីណា ឬមិនដឹងពីរបៀបដែលទារកកកើតក្នុងផ្ទៃម្ដាយទេនោះ អ្នកក៏មិនស្គាល់ស្នាព្រះហស្ដរបស់ព្រះជាម្ចាស់ដែលបានបង្កើតអ្វីៗទាំងអស់មកដែរ។
៦ ត្រូវសាបព្រោះគ្រាប់ពូជរបស់អ្នក តាំងពីព្រលឹម ហើយនៅពេលល្ងាចក៏មិនត្រូវទំនេរដៃដែរ ដ្បិតអ្នកពុំដឹងថា កិច្ចការណាមួយនឹងបង្កើតផល ឬអ្នកទទួលផលប្រយោជន៍ពីកិច្ចការទាំងអស់ឡើយ។ ៧ ពន្លឺរមែងធ្វើអោយចិត្តរីករាយ ហើយឃើញពន្លឺព្រះអាទិត្យជាការល្អប្រពៃបំផុត។ ៨ ប្រសិនបើមនុស្សម្នាក់មានអាយុវែង គាត់ត្រូវតែសប្បាយរីករាយក្នុងឆ្នាំទាំងប៉ុន្មាននៃអាយុជីវិតរបស់ខ្លួន គាត់ក៏ត្រូវនឹកចាំថា ថ្ងៃដែលងងឹតអាប់អួមានចំនួនច្រើនណាស់។ អ្វីៗទាំងអស់ដែលកើតមានសុទ្ធតែឥតបានការ។
ពាក្យទូន្មានយុវជន
៩ យុវជនអើយចូរសប្បាយទាន់ខ្លួនអ្នកនៅក្មេង ចូរអោយចិត្តរបស់អ្នកបានរីករាយក្នុងគ្រាយុវវ័យនេះ ចូរប្រព្រឹត្តតាមចិត្តប៉ងប្រាថ្នា និងតាមការយល់ឃើញរបស់អ្នកទៅ។ ក៏ប៉ុន្តែ តោងដឹងថា ព្រះជាម្ចាស់នឹងវិនិច្ឆ័យគ្រប់កិច្ចការដែលអ្នកធ្វើ។ ១០ ចូរដកទុក្ខកង្វល់ចេញពីចិត្តរបស់អ្នក ហើយដកអ្វីៗដែលនាំអោយរូបកាយអ្នកឈឺចាប់នោះចេញ ដ្បិតយុវវ័យ និងគ្រាពេញវ័យមិននៅស្ថិតស្ថេរយូរឡើយ។