ជីវិត​រស់​នៅ​ក្នុង​ពន្លឺ
១ សូម​បង​ប្អូន​យក​តំរាប់​តាម​ព្រះជាម្ចាស់​ចុះ ព្រោះ​បង​ប្អូន​ជា​បុត្រធីតា​ដ៏​ជា​ទី​ស្រឡាញ់​របស់​ព្រះអង្គ។ ២ ចូរ​រស់​នៅ​ដោយ​មាន​ចិត្ត​ស្រឡាញ់ ដូច​ព្រះគ្រិស្ដ​បាន​ស្រឡាញ់​យើង ហើយ​បាន​បូជា​ព្រះជន្ម​សំរាប់​យើង ទុក​ជា​តង្វាយ​ថ្វាយ​ព្រះជាម្ចាស់ និង​ទុក​ជា​យញ្ញបូជា​ដែល​គាប់​ព្រះហឫទ័យ​ព្រះអង្គ​។
៣ ដោយ​បង​ប្អូន​ជា​ប្រជាជន​ដ៏វិសុទ្ធ*​មិន​ត្រូវ​អោយ​មាន​ឮ​និយាយ​អំពី​ការ​ប្រាសចាក​សីលធម៌​អបាយមុខ​គ្រប់​យ៉ាង ឬ​ការ​លោភលន់​ក្នុង​ចំណោម​បង​ប្អូន​សោះ​ឡើយ ៤ ហើយ​ក៏​មិន​ត្រូវ​ពោល​ពាក្យ​ទ្រគោះ​បោះបោក ពាក្យ​ឡេះឡោះ ឬ​ពាក្យ​អាសអាភាស​ដែរ ព្រោះ​ពាក្យ​ទាំង​នេះ​មិន​សមរម្យ​ទេ ផ្ទុយ​ទៅ​វិញ ត្រូវ​ពោល​ពាក្យ​អរ​ព្រះគុណ​ព្រះជាម្ចាស់។ ៥ ចូរ​ដឹង​អោយ​ច្បាស់​ថា អ្នក​ប្រាសចាក​សីលធម៌ អ្នក​ប្រព្រឹត្ត​អំពើ​អបាយមុខ និង​អ្នក​លោភលន់​ដែល​យក​ទ្រព្យ​សម្បត្តិ​ធ្វើ​ជា​ព្រះ មិន​អាច​ទទួល​មត៌ក​ក្នុង​ព្រះរាជ្យ*​របស់​ព្រះគ្រិស្ដ និង​របស់​ព្រះជាម្ចាស់​បាន​ជា​ដាច់​ខាត។ ៦ សូម​កុំ​អោយ​នរណា​ម្នាក់​បោកបញ្ឆោត​បង​ប្អូន ដោយ​ពាក្យ​សំដី​ឥត​ខ្លឹមសារ​សោះ​ឡើយ ព្រោះ​អំពើ​ទាំង​នេះ​ហើយ​ដែល​នាំ​អោយ​ព្រះជាម្ចាស់​ព្រះពិរោធ​នឹង​ពួក​អ្នក​ប្រឆាំង​ព្រះអង្គ។ ៧ ដូច្នេះ សូម​កុំ​សេពគប់​ជា​មួយ​ពួក​គេ​ជា​ដាច់​ខាត។
៨ កាល​ពី​ដើម បង​ប្អូន​ងងឹត​មែន ប៉ុន្តែ ឥឡូវ​នេះ​បង​ប្អូន​ជា​ពន្លឺ ដោយ​បាន​រួម​ជា​មួយ​ព្រះអម្ចាស់ ដូច្នេះ ចូរ​រស់​នៅ​អោយ​សម​ជា​មនុស្ស​ដែល​មាន​ពន្លឺ​ក្នុង​ខ្លួន​ទៅ។ ៩ ផល​នៃ​ពន្លឺ​នោះ គឺ​សេចក្ដី​សប្បុរស សេចក្ដី​សុចរិត និង​សេចក្ដី​ពិត​គ្រប់​បែប​យ៉ាង។ ១០ ត្រូវ​រិះគិត​មើល​អោយ​ដឹង​ថា ការ​ណា​គាប់​ព្រះហឫទ័យ​ព្រះអម្ចាស់ ១១ ហើយ​មិន​ត្រូវ​ចូល​រួម​ក្នុង​ការ​ប្រព្រឹត្ត​អំពើ​ឥត​ផល​ប្រយោជន៍ ដែល​មក​ពី​សេចក្ដី​ងងឹត​នោះ​ឡើយ សូវ​បើក​មុខ​អំពើ​ទាំង​នោះ​អោយ​គេ​ឃើញ។ ១២ ចំពោះ​អំពើ​ណា​ដែល​គេ​ប្រព្រឹត្ត​ដោយ​លួច​លាក់ សូម្បី​តែ​យក​មក​និយាយ​ក៏​គួរ​អោយ​ខ្មាស​ណាស់​ទៅ​ហើយ។ ១៣ ក៏​ប៉ុន្តែ កាល​ណា​អំពើ​ទាំង​នោះ​បាន​បើក​មុខ​ហើយ វា​នឹង​លេច​ចេញ​មក​អោយ​គេ​ឃើញ​ច្បាស់​នៅ​ក្រោម​ពន្លឺ ១៤ ដ្បិត​អំពើ​ណា​ដែល​លេច​មក​អោយ​គេ​ឃើញ​ហើយ​នោះ​បាន​ប្រែ​ទៅ​ជា​ពន្លឺ។ ហេតុ​នេះ​ហើយ​បាន​ជា​មាន​ថ្លែង​ទុក​មក​ថាៈ «អ្នក​ដេក​លក់​អើយ ចូរ​ភ្ញាក់​ឡើង ចូរ​ក្រោក​ឡើង​ចេញ​ពី​ចំណោម​មនុស្ស​ស្លាប់ ព្រះគ្រិស្ដ​នឹង​ភ្លឺ​ចាំង​មក​លើ​អ្នក»។
១៥ ដូច្នេះ ចូរ​ប្រុង​ប្រយ័ត្ន​អំពី​របៀប​ដែល​បង​ប្អូន​រស់​នៅ​អោយ​មែន​ទែន មិន​ត្រូវ​កាន់​មារយាទ​ដូច​មនុស្ស​ឥត​ប្រាជ្ញា​ឡើយ គឺ​ត្រូវ​កាន់​មារយាទ​ដូច​មនុស្ស​មាន​ប្រាជ្ញា​វិញ។ ១៦ ត្រូវ​ចេះ​ប្រើប្រាស់​ពេល​វេលា ដ្បិត​សម័យ​នេះ​អាក្រក់​ណាស់។ ១៧ ហេតុ​នេះ​មិន​ត្រូវ​ធ្វើ​ជា​មនុស្ស​ឥត​គំនិត​ឡើយ តែ​ត្រូវ​រិះគិត អោយ​យល់​ព្រះហឫទ័យ​របស់​ព្រះអម្ចាស់។ ១៨ កុំ​ស្រវឹង​ស្រា​ព្រោះ​ស្រា​បណ្ដាល​អោយ​ថោកទាប ផ្ទុយ​ទៅ​វិញ ត្រូវ​អោយ​បាន​ពោរពេញ​ដោយ​ព្រះវិញ្ញាណ។ ១៩ ចូរ​និយាយ​គ្នា​ទៅ​វិញ​ទៅ​មក​ដោយ​ប្រើ​ទំនុកតម្កើង បទ​សរសើរ​ព្រះជាម្ចាស់ និង​បទ​ចំរៀង​មក​ពី​ព្រះវិញ្ញាណ។ ចូរ​ច្រៀង និង​លើកតម្កើង​ព្រះអម្ចាស់​អោយ​អស់​ពី​ចិត្ត។ ២០ ត្រូវ​អរ​ព្រះគុណ​ព្រះជាម្ចាស់ ជា​ព្រះបិតា​គ្រប់​ពេល​វេលា និង​គ្រប់​កិច្ចការ​ក្នុង​ព្រះនាម​ព្រះយេស៊ូ​គ្រិស្ដ ជា​ព្រះអម្ចាស់​នៃ​យើង។
ទំនាក់ទំនង​រវាង​ស្វាមី​ភរិយា
២១ បង​ប្អូន​ដែល​កោត​ខ្លាច​ព្រះគ្រិស្ដ ត្រូវ​គោរព​ចុះ​ចូល​គ្នា​ទៅ​វិញ​ទៅ​មក។
២២ បង​ប្អូន​ជា​ស្ត្រី​ដែល​មាន​ស្វាមី ត្រូវ​គោរព​ចុះ​ចូល​នឹង​ស្វាមី​រៀងៗ​ខ្លួន ដូច​ជា​គោរព​ចុះ​ចូល​នឹង​ព្រះអម្ចាស់​ដែរ ២៣ ដ្បិត​ស្វាមី​នាំ​មុខ​ភរិយា ដូច​ព្រះគ្រិស្ដ​នាំ​មុខ​ក្រុមជំនុំ* ហើយ​ជា​ព្រះសង្គ្រោះ​របស់​ក្រុមជំនុំ​ដែល​ជា​ព្រះកាយ​ព្រះអង្គ។ ២៤ ហេតុ​នេះ ក្រុមជំនុំ​គោរព​ចុះ​ចូល​នឹង​ព្រះគ្រិស្ដ​យ៉ាង​ណា ភរិយា​ក៏​ត្រូវ​គោរព​ចុះ​ចូល​នឹង​ស្វាមី​រៀងៗ​ខ្លួន ក្នុង​គ្រប់​កិច្ចការ​ទាំង​អស់​យ៉ាង​នោះ​ដែរ។
២៥ ចំពោះ​បង​ប្អូន​ដែល​មាន​ប្រពន្ធ​វិញ ចូរ​ស្រឡាញ់​ភរិយា ដូច​ព្រះគ្រិស្ដ​បាន​ស្រឡាញ់​ក្រុមជំនុំ​ដែរ ព្រះអង្គ​បូជា​ព្រះជន្ម​របស់​ព្រះអង្គ​ផ្ទាល់ សំរាប់​ក្រុមជំនុំ ២៦ ដើម្បី​ប្រោស​អោយ​ក្រុមជំនុំ​បាន​ទៅ​ជា​វិសុទ្ធ ទាំង​ជំរះ​អោយ​បាន​ស្អាត​បរិសុទ្ធ ដោយ​លាង​ក្នុង​ទឹក និង​ដោយសារ​ព្រះបន្ទូល។ ២៧ ព្រះអង្គ​សព្វ​ព្រះហឫទ័យ​នាំ​ក្រុមជំនុំ​នេះ​មក​ថ្វាយ​ព្រះអង្គ​ផ្ទាល់ ជា​ក្រុមជំនុំ​ដ៏​រុងរឿង ឥត​ស្លាកស្នាម ឥត​ជ្រីវជ្រួញ និង​ឥត​ខ្ចោះ​ត្រង់​ណា​ឡើយ គឺ​អោយ​បាន​ទៅ​ជា​វិសុទ្ធ* ឥត​សៅហ្មង។ ២៨ ដូច្នេះ ស្វាមី​ត្រូវ​ស្រឡាញ់​ភរិយា អោយ​បាន​ដូច​ស្រឡាញ់​រូប​កាយ​របស់​ខ្លួន​ដែរ។ អ្នក​ណា​ស្រឡាញ់​ភរិយា អ្នក​នោះ​ស្រឡាញ់​ខ្លួន​ឯង។ ២៩ ពុំ​ដែល​មាន​នរណា​ម្នាក់​ស្អប់​រូប​កាយ​របស់​ខ្លួន​ឡើយ ផ្ទុយ​ទៅ​វិញ គេ​តែង​ចិញ្ចឹម​បី​បាច់​ថែរក្សា​រូប​កាយ​នោះ ដូច​ព្រះគ្រិស្ដ​ចិញ្ចឹម​បី​បាច់​ថែរក្សា​ក្រុមជំនុំ ៣០ ព្រោះ​យើង​ទាំង​អស់​គ្នា​ជា​សរីរាង្គ​នៃ​ព្រះកាយ​របស់​ព្រះអង្គ។ ៣១ ហេតុ​នេះ​ហើយ​បាន​ជា​បុរស​ត្រូវ​ចាក​ចេញ​ពី​ឪពុក​ម្ដាយ ទៅ​រួម​រស់​ជា​មួយ​ភរិយា​របស់​ខ្លួន ហើយ​អ្នក​ទាំង​ពីរ​នឹង​បាន​ទៅ​ជា​រូប​កាយ​តែ​មួយ​។ ៣២ គំរោងការ​ដ៏​លាក់​កំបាំង​នេះ​មាន​អត្ថន័យ​ជ្រៅ​ណាស់ ខ្ញុំ​និយាយ​សេចក្ដី​នេះ សំដៅ​លើ​ព្រះគ្រិស្ដ និង​ក្រុមជំនុំ​តែ​ប៉ុណ្ណោះ។ ៣៣ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ បង​ប្អូន​ម្នាក់ៗ​ត្រូវ​ស្រឡាញ់​ភរិយា​រៀងៗ​ខ្លួន ដូច​ស្រឡាញ់​ខ្លួន​ឯង ហើយ​ភរិយា​ក៏​ត្រូវ​គោរព​ស្វាមី​របស់​ខ្លួន​ដែរ។