៦
ទំនាក់ទំនងរវាងឪពុកម្ដាយ និងកូន
១ កុមារាកុមារីអើយ ចូរស្ដាប់បង្គាប់មាតាបិតា ដោយយល់ដល់ព្រះអម្ចាស់ ធ្វើដូច្នេះទើបត្រឹមត្រូវ។ ២ «ចូរគោរពមាតាបិតា (នេះជាបទបញ្ជាទីមួយ ដែលមានទាំងព្រះបន្ទូលសន្យាជាប់មកជាមួយផង) ៣ ដើម្បីអោយបានសេចក្ដីសុខ និងមានអាយុវែងនៅលើផែនដីនេះ»។
៤ រីឯបងប្អូនដែលជាឪពុកវិញ កុំធ្វើអោយកូនរបស់ខ្លួនមួម៉ៅនោះឡើយ តែត្រូវអប់រំវាដោយពាក្យប្រៀនប្រដៅ និងដំបូន្មានស្របតាមព្រះអម្ចាស់។
ទំនាក់ទំនងរវាងទាសករ និងម្ចាស់
៥ បងប្អូនជាខ្ញុំបំរើអើយ ចូរស្ដាប់បង្គាប់ម្ចាស់របស់ខ្លួនក្នុងលោកនេះ ដោយគោរពកោតខ្លាចញាប់ញ័រ និងដោយចិត្តស្មោះសរដូចស្ដាប់បង្គាប់ព្រះគ្រិស្ដដែរ ៦ មិនត្រូវធ្វើដូច្នេះ ដើម្បីគ្រាន់តែអោយម្ចាស់ទាំងនោះឃើញថា បងប្អូនចង់ផ្គាប់ចិត្តមនុស្សឡើយ គឺត្រូវធ្វើដូចជាខ្ញុំបំរើព្រះគ្រិស្ដ ដែលយកចិត្តទុកដាក់ ធ្វើតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់។ ៧ ត្រូវបំរើម្ចាស់ដោយស្ម័គ្រចិត្ត ដូចបំរើព្រះអម្ចាស់ ពុំមែនបំរើមនុស្សទេ ៨ ដោយដឹងថាមនុស្សម្នាក់ៗ ទោះជាអ្នកងារ ឬអ្នកជាក្ដីនឹងទទួលរង្វាន់ពីព្រះអម្ចាស់ តាមអំពើល្អដែលខ្លួនបានប្រព្រឹត្ត។
៩ រីឯបងប្អូនដែលជាម្ចាស់វិញ ចូរប្រព្រឹត្តចំពោះអ្នកបំរើរបស់បងប្អូនបែបនោះដែរ គឺមិនត្រូវគំរាមកំហែងគេឡើយ។ តោងដឹងថា ទាំងពួកគេ ទាំងបងប្អូនមានម្ចាស់តែមួយនៅស្ថានបរមសុខ* ហើយព្រះអង្គមិនរើសមុខនរណាសោះឡើយ។
គ្រឿងសស្រ្ដាវុធរបស់អ្នកជឿ
១០ មួយវិញទៀត ចូរទាញយកកម្លាំង ដោយរួមជាមួយព្រះអម្ចាស់ និងដោយសារព្រះចេស្ដាដ៏ខ្លាំងក្លារបស់ព្រះអង្គ។ ១១ ចូរបងប្អូនប្រដាប់ខ្លួនដោយគ្រឿងសស្រ្ដាវុធទាំងប៉ុន្មានរបស់ព្រះជាម្ចាស់ ដើម្បីអាចតតាំងនឹងកលល្បិចរបស់មារ* ១២ ដ្បិតយើងមិនមែនតយុទ្ធទល់នឹងមនុស្សទេ គឺតយុទ្ធទល់នឹងវត្ថុស័ក្ដិសិទ្ធិ ទល់នឹងអ្វីៗដែលមានអំណាច ទល់នឹងមេត្រួតត្រាក្នុងលោកីយ៍ដ៏ងងឹតនេះ ហើយតយុទ្ធទល់នឹងឥទ្ធិពលអរូបដ៏អាក្រក់ទាំងឡាយដែលនៅស្ថានលើដែរ។ ១៣ ហេតុនេះ ចូរបងប្អូនប្រើគ្រឿងសស្រ្ដាវុធទាំងប៉ុន្មានរបស់ព្រះជាម្ចាស់ទៅ ដើម្បីអោយបងប្អូនអាចតទល់នៅថ្ងៃអពមង្គល ហើយមានជំហររឹងប៉ឹងដដែល ដោយបានប្រើគ្រប់មធ្យោបាយ។ ១៤ ដូច្នេះ ចូរមានជំហររឹងប៉ឹងឡើង ចូរយកសេចក្ដីពិតមកក្រវាត់ចង្កេះ យកសេចក្ដីសុចរិតធ្វើជាអាវក្រោះ ១៥ យកចិត្តប្រុងប្រៀបផ្សាយដំណឹងល្អ អំពីសេចក្ដីសុខសាន្ត មកពាក់ជាស្បែកជើង។ ១៦ ជាពិសេស ចូរយកជំនឿធ្វើជាខែលដើម្បីអោយបងប្អូនអាចពន្លត់ព្រួញភ្លើងទាំងប៉ុន្មានរបស់មារ*កំណាច។ ១៧ ចូរទទួលការសង្គ្រោះយកមកធ្វើជាមួកដែក និងយកព្រះបន្ទូលរបស់ព្រះជាម្ចាស់មកធ្វើជាដាវរបស់ព្រះវិញ្ញាណ។ ១៨ ចូរអធិស្ឋាន*គ្រប់ពេលវេលា តាមការណែនាំរបស់ព្រះវិញ្ញាណ ដោយប្រើទាំងពាក្យអធិស្ឋាន ទាំងពាក្យអង្វរគ្រប់យ៉ាង ហើយប្រុងស្មារតីទូលអង្វរព្រះជាម្ចាស់ ដោយចិត្តព្យាយាមបំផុតសំរាប់ប្រជាជនដ៏វិសុទ្ធ*ទាំងអស់។ ១៩ ចូរអង្វរព្រះអង្គសំរាប់ខ្ញុំផង សូមព្រះអង្គប្រទានអោយខ្ញុំរកបានពាក្យត្រឹមត្រូវ នៅពេលណាខ្ញុំហាមាត់និយាយ សូមប្រទានអោយខ្ញុំមានចិត្តអង់អាច នាំគេអោយស្គាល់គំរោងការដ៏លាក់កំបាំងនៃដំណឹងល្អ* ២០ ទោះបីខ្ញុំជាប់ឃុំឃាំងក៏ដោយ ក៏ខ្ញុំនៅតែជាទូតនៃដំណឹងល្អនេះដែរ ដូច្នេះ សូមទូលអង្វរព្រះអង្គអោយខ្ញុំមានចិត្តអង់អាច និយាយតាមដែលខ្ញុំត្រូវនិយាយ។
អវសានកថា
២១ លោកទីឃីកុស ជាបងប្អូនដ៏ជាទីស្រឡាញ់របស់យើង និងជាអ្នកបំរើដ៏ស្មោះត្រង់របស់ព្រះអម្ចាស់ នឹងជំរាបបងប្អូនអំពីសុខទុក្ខរបស់ខ្ញុំ និងអំពីកិច្ចការដែលខ្ញុំធ្វើនោះដែរ។ ២២ ខ្ញុំចាត់គាត់មករកបងប្អូន ក្នុងគោលបំណងអោយបងប្អូនបានដឹងដំណឹងពីយើង និងអោយគាត់លើកទឹកចិត្តបងប្អូនទៀតផង។
២៣ សូមព្រះជាម្ចាស់ជាព្រះបិតា និងព្រះយេស៊ូគ្រិស្ដជាព្រះអម្ចាស់ ប្រទានសេចក្ដីសុខសាន្ត និងសេចក្ដីស្រឡាញ់ ព្រមទាំងជំនឿមកបងប្អូន។ ២៤ សូមព្រះគុណរបស់ព្រះជាម្ចាស់ស្ថិតនៅជាមួយអស់អ្នកដែលស្រឡាញ់ព្រះអម្ចាស់យេស៊ូគ្រិស្ដនៃយើង ដោយឥតមានចិត្តប្រែប្រួលឡើយ។