៤៣
ព្រះអម្ចាស់វិលត្រឡប់មកទីសក្ការៈរបស់ព្រះអង្គវិញ
១ បន្ទាប់មក លោកនាំខ្ញុំទៅកាន់ខ្លោងទ្វារខាងកើត។ ២ ពេលនោះ សិរីរុងរឿងរបស់ព្រះនៃជនជាតិអ៊ីស្រាអែលអណ្ដែតមកពីទិសខាងកើត មានសន្ធឹកដូចមហាសាគរ ហើយផែនដីភ្លឺដោយសិរីរុងរឿងរបស់ព្រះអង្គ។ ៣ និមិត្តហេតុអស្ចារ្យដែលខ្ញុំបានឃើញនៅពេលនោះ ក៏ដូចនិមិត្តហេតុអស្ចារ្យដែលខ្ញុំបានឃើញ នៅពេលព្រះអង្គយាងមកកំទេចក្រុងយេរូសាឡឹម។ និមិត្តហេតុអស្ចារ្យទាំងពីរនេះ ក៏ដូចជានិមិត្តហេតុអស្ចារ្យដែលខ្ញុំបានឃើញនៅមាត់ទន្លេកេបារដែរ។ ពេលនោះ ខ្ញុំក្រាបចុះអោនមុខដល់ដី។
៤ សិរីរុងរឿងរបស់ព្រះអម្ចាស់អណ្ដែតចូលមកក្នុងព្រះដំណាក់តាមទ្វារខាងកើត។ ៥ ព្រះវិញ្ញាណក៏លើកខ្ញុំឡើង ហើយនាំខ្ញុំទៅដាក់កណ្ដាលទីលានខាងក្នុង។ សិរីរុងរឿងរបស់ព្រះអម្ចាស់ស្ថិតនៅពេញព្រះដំណាក់។ ៦ ពេលបុរសនោះនៅក្បែរខ្ញុំ ខ្ញុំឮព្រះសូរសៀងចេញពីព្រះដំណាក់មកកាន់ខ្ញុំថា៖ ៧ «កូនមនុស្សអើយ! កន្លែងនេះជាបល្ល័ង្ករបស់យើង និងជាកន្លែងដាក់ជើងរបស់យើងផង។ យើងនឹងស្ថិតនៅកន្លែងនេះជាមួយជនជាតិអ៊ីស្រាអែលរហូតតទៅ។ ពូជពង្សអ៊ីស្រាអែល និងស្ដេចរបស់គេលែងធ្វើអោយនាមយើងទៅជាសៅហ្មងដោយអំពើផិតក្បត់ និងដោយយកសាកសពស្ដេចមកតម្កល់ទុកនៅទីនេះទៀតហើយ។ ៨ ពីមុនពួកគេបានសង់ទ្វាររបស់គេនៅជាប់នឹងទ្វាររបស់យើង ក្របទ្វាររបស់គេនៅជាប់នឹងក្របទ្វាររបស់យើង គឺមានតែជញ្ជាំងមួយគត់ដែលខណ្ឌគេពីយើង។ ពួកគេបានធ្វើអោយនាមរបស់យើងទៅជាសៅហ្មងដោយសារអំពើគួរស្អប់ខ្ពើមដែលពួកគេប្រព្រឹត្ត។ ហេតុនេះហើយបានជាយើងបំផ្លាញពួកគេអោយវិនាសតាមកំហឹងរបស់យើង។ ៩ ឥឡូវនេះ ពួកគេលែងប្រព្រឹត្តអំពើផិតក្បត់ ពួកគេយកសពស្ដេចរបស់ខ្លួនចេញឆ្ងាយពីយើង។ យើងនឹងនៅក្នុងចំណោមពួកគេរហូតតទៅ។
១០ ចំណែកឯអ្នកវិញ កូនមនុស្សអើយ ចូររៀបរាប់អំពីព្រះដំណាក់នេះប្រាប់កូនចៅអ៊ីស្រាអែល ដើម្បីអោយពួកគេពិនិត្យមើលគំរោងរបស់ព្រះដំណាក់ ហើយអោយពួកគេនឹកខ្មាសដោយបានប្រព្រឹត្តខុស។ ១១ ប្រសិនបើពួកគេនឹកខ្មាស ព្រោះតែអំពើអាក្រក់ដែលខ្លួនបានប្រព្រឹត្ត នោះចូរប្រាប់ពួកគេអោយដឹងពីគំរូរបស់ព្រះដំណាក់ ទ្រង់ទ្រាយច្រកចេញចូល របៀបតុបតែង ព្រមទាំងរបៀបចាត់ចែង និងក្បួនតម្រាសព្វបែបយ៉ាង។ ចូរកត់ត្រាទុកដើម្បីអោយពួកគេឃើញ និងធ្វើតាម។ ១២ រីឯក្រឹត្យវិន័យដ៏សំខាន់របស់ព្រះដំណាក់ដែលគេត្រូវគោរពនោះ គឺកំពូលភ្នំ និងបរិវេណជុំវិញ ត្រូវញែកទុកជាទីសក្ការៈបំផុត»។
អំពីអាសនៈ
១៣ ទំហំរបស់អាសនៈគិតជាហត្ថ ហើយខ្នាតមួយហត្ថនេះវែងជាងខ្នាតមួយហត្ថធម្មតាមួយទះ។ ចង្អូរនៅជុំវិញអាសនៈមានជំរៅមួយហត្ថ ទទឹងមួយហត្ថ រីឯគែមព័ទ្ធជុំវិញមានកំរាស់មួយតឹក។ ១៤ ពីចង្អូរដែលនៅផ្ទាល់នឹងដី ឡើងទៅដល់គន្លាក់ខាងក្រោម មានកំពស់ពីរហត្ថ ទទឹងមួយហត្ថ។ ពីគន្លាក់តូចរហូតដល់គន្លាក់ធំ មានកំពស់បួនហត្ថ ទទឹងមួយហត្ថ។ ១៥ នៅផ្នែកខាងលើជាកន្លែងដុតយញ្ញបូជា មានកំពស់បួនហត្ថ ហើយមានស្នែងបួនឡើងទៅលើ។ ១៦ កន្លែងដុតនេះមានបណ្ដោយដប់ពីរហត្ថ ទទឹងដប់ពីរហត្ថ គឺមានរាងបួនជ្រុងស្មើ។ ១៧ រីឯផ្នែកកណ្ដាលមានបណ្ដោយដប់បួនហត្ថ និងទទឹងដប់បួនហត្ថ គែមដែលព័ទ្ធជុំវិញ មានកំរាស់កន្លះហត្ថ ចង្អូរទាំងបួនជ្រុងមានកំពស់មួយហត្ថ។ ជណ្ដើររបស់អាសនៈបែរទៅរកទិសខាងកើត។
១៨ ព្រះជាអម្ចាស់មានព្រះបន្ទូលមកខ្ញុំថា៖ «កូនមនុស្សអើយ ចូរកត់ត្រាទុកនូវក្បួនតម្រាដែលត្រូវអនុវត្ត នៅថ្ងៃគេកសាងអាសនៈសំរាប់ធ្វើយញ្ញបូជា និងពិធីច្រួចឈាម។ ១៩ ចូរប្រគល់គោបាមួយអោយពួកបូជាចារ្យលេវី ជាកូនចៅរបស់លោកសាដុក ដែលមានមុខងារចូលមកបំរើយើង ដើម្បីអោយគេធ្វើយញ្ញបូជារំដោះបាប -នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់។ ២០ ចូរយកឈាមទៅលាបលើស្នែងទាំងបួននៃអាសនៈ និងលាបផ្នែកកណ្ដាលទាំងបួនជ្រុង ព្រមទាំងលាបគែមដែលនៅជុំវិញ។ ធ្វើដូច្នេះមានន័យថា អ្នកធ្វើអោយអាសនៈបានបរិសុទ្ធ និងសក្ការៈ។ ២១ បន្ទាប់មក ចូរយកគោបាសំរាប់ធ្វើយញ្ញបូជា ទៅអោយគេដុតនៅកន្លែងបម្រុងទុក ខាងក្រៅទីសក្ការៈនៃព្រះដំណាក់។ ២២ នៅថ្ងៃទីពីរ អ្នកត្រូវយកពពែឈ្មោលដ៏ល្អឥតខ្ចោះមួយ មកថ្វាយជាតង្វាយរំដោះបាប ដើម្បីដកបាបចេញពីអាសនៈ ដូចបានថ្វាយគោបាដើម្បីដកបាបដែរ។ ២៣ កាលអ្នកធ្វើពិធីយញ្ញបូជារំដោះបាបរួចហើយ ចូរនាំគោស្ទាវឈ្មោលមួយ និងចៀមឈ្មោលមួយដ៏ល្អឥតខ្ចោះពីហ្វូងសត្វ ២៤ យកមកថ្វាយព្រះអម្ចាស់ ពួកបូជាចារ្យត្រូវបាចអំបិលលើសត្វទាំងពីរ ហើយថ្វាយជាតង្វាយដុតទាំងមូលដល់ព្រះអម្ចាស់។ ២៥ ក្នុងអំឡុងពេលប្រាំពីរថ្ងៃ អ្នកត្រូវយកពពែឈ្មោលមួយ គោស្ទាវឈ្មោលមួយ និងចៀមឈ្មោលមួយមកថ្វាយរៀងរាល់ថ្ងៃ ជាតង្វាយរំដោះបាបសត្វទាំងនោះត្រូវតែល្អឥតខ្ចោះ។ ២៦ ក្នុងអំឡុងពេលប្រាំពីរថ្ងៃ ត្រូវធ្វើពិធីជំរះអាសនៈអោយបានបរិសុទ្ធ និងសក្ការៈ។ ២៧ លុះថ្ងៃកំណត់នោះបានចប់សព្វគ្រប់ហើយ ចាប់ពីថ្ងៃទីប្រាំបីតទៅ ពួកបូជាចារ្យត្រូវថ្វាយតង្វាយដុតទាំងមូល និងយញ្ញបូជាមេត្រីភាពនៅលើអាសនៈ។ ធ្វើដូច្នេះទើបយើងគាប់ចិត្តនឹងអ្នករាល់គ្នា» - នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់។